ប្លក់
វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីសន្តិសុខសាយប័រសម្រាប់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល ពីសុវត្ថិភាពអ៊ីនធឺណិត ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ យើងក៏បានផ្តល់ឱ្យសិក្ខាកាមនូវជំនាញសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ (ស្រី ១២នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត។ ជាដំបូងសិក្ខាកាមទាំងអស់តម្រូវឱ្យធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាស់ស្ទង់សមត្ថភាព។ បន្ទាប់មក លោក ង៉ែត ម៉ូសេ អ្នកបណ្តុះបណ្តាល និងអ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត បានស្នើឱ្យសិក្ខាកាមគ្រប់រូបណែនាំឈ្មោះ តួនាទី ស្ថាប័ន និងការរំពឹងទុកចំពោះវគ្គបណ្តុះបណ្តាល ដើម្បីស្វែងយល់ពីសាវតា និងតម្រូវការរបស់ពួកគេ។ លោកបានចាប់ផ្តើមមេរៀនស្តីពី “ការគ្រប់គ្រងពាក្យសម្ងាត់” ដោយបង្ហាញពីទិដ្ឋភាពទូទៅនៃពាក្យសម្ងាត់ ការបង្កើតពាក្យសម្ងាត់រឹងមាំ និងការគ្រប់គ្រងពាក្យសម្ងាត់។ សំណួរជាច្រើនត្រូវបានពិភាក្សាជុំវិញប្រធានបទជាមួយនឹងឧទាហរណ៍ជាក់ស្តែង។ បន្ទាប់មកលោកបានបន្តទៅមេរៀនមួយទៀតស្តីពី “ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព” ដោយលោកបានបង្ហាញពីប្រភេទនៃការគំរាមកំហែង និងរបៀបធ្វើការរុករកលើអ៊ីនធឺណិតដោយសុវត្ថិភាព និងបណ្តាញឯកជននិម្មិតលើអ៊ីនធឺណិត។ សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ក៏មានសារៈសំខាន់ផងដែរសម្រាប់សិក្ខាកាមទាំងអស់។ វាគ្មិនបានបង្ហាញពីវិធីការពារទូរស័ព្ទដៃ និងអ៊ីម៉ែលយ៉ាងក្បោះក្បាយ។ បន្ទាប់មក វគ្គបណ្តុះបណ្តាលនេះបញ្ចប់ដោយការសង្ខេបមេរៀន និងការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃការយល់ដឹងរបស់សិក្ខាកាមនីមួយៗ។ ការវាយតម្លៃពីវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ដើម្បីប្រមូលមតិកែលម្អបន្ថែមលើការបណ្តុះបណ្តាលនាពេលអនាគតផងដែរ។ សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមរបស់យើងគឺ សេង សុខជាតិ សមាជិកនៃក្រុមក្តីស្រលាញ់គឺចម្រុះ មានចំណាប់អារម្មណ៍ “ខ្ញុំគិតថាវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យយើងចេះការពារឯកជនភាពរបស់យើងពីជនខិលខូចតាមអនឡាញបាន។ អ្នកដែលកំពុងតែប្រើប្រាស់បណ្តាញសង្គម អ៊ីនធឺណែត ឬកម្មវិធីអនឡាញផ្សេងៗទៀត គួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះទាំងអស់គ្នា។” វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័របានធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
វេទិកាថ្នាក់ជាតិស្តីពីឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី “ឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន” កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមចំនួន ៤៣នាក់ (ស្រី ១៣នាក់) ក្នុងនោះរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អ្នកសារព័ត៌មាន និងជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ពោធិ៍សាត់ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ កម្មវិធីនេះរៀបចំឡើងក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល និងក្រោមការគាំទ្រពីមូលនិធិហេនរេចបូលក្នុងគម្រោងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់អភិបាលកិច្ចបរិស្ថានកាន់តែមានតម្លាភាព និងឆ្លើយតបនៅកម្ពុជា។ វេទិកាថ្នាក់ជាតិនេះមានគោលបំណងដូចជា៖១. ផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធដើម្បីបង្ហាញពីកង្វល់របស់ពួកគេទាក់ទងនឹងបទបញ្ញប្បត្តិព្រៃឈើ និងដីធ្លីដែលមានស្រាប់ និងកំពុងធ្វើវិសោធនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។២. កំណត់យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ធាតុចូលទៅក្នុងសេចក្តីព្រាងច្បាប់៣. ពិភាក្សាអំពីអន្តរកម្មរវាងសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធលើដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាពិសេសការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណៈជនឱ្យកាន់តែទូលំទូលាយ។ អ្នករៀបចំកម្មវិធីបានអញ្ជើញលោក អឿ អ៊ីល នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ និងលោកស្រី យ៉ា យាន់នី តំណាងជនជាតិដើមភាគតិចកម្ពុជាមកពីខេត្តមណ្ឌលគិរីធ្វើជាវាគ្មិននៅក្នុងកម្មវិធី។ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) គឺជាអ្នកសម្របសម្រួលនៃកិច្ចពិភាក្សាលើប្រធានបទ \"បទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លី\"។ ការពិភាក្សាបានចាប់ផ្តើមដោយការណែនាំពីវាគ្មិនក៏ដូចជាការងាររបស់គាត់ផងដែរ។ មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍បានចែករំលែកនូវការស្រាវជ្រាវពីការរចូលរួមជាសាធារណៈនៅក្នុងការកំណត់ព្រំប្រទល់ដែនជម្រកសត្វព្រៃព្រះរកា និងស្រុកឆែប ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានមានគោលការណ៍ណែនាំច្បាស់លាស់ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងដំណើរការនេះ។ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនលើកសម្រាប់រយៈពេលពីរឆ្នាំដើម្បីធ្វើផែនទីតំបន់នេះ។ នេះគឺជាផែនទីដំបូងដែលពាក់ព័ន្ធមនុស្សជាច្រើន ដូច្នេះមិនមានការព្រួយបារម្ភដែលលើកឡើងដោយសហគមន៍មូលដ្ឋានក្នុងអំឡុងពេលដំណើរការធ្វើផែនទីនោះទេ។ ការព្រួយបារម្ភបន្ទាប់ពីនោះ គឺនៅពេលដែលផែនទីត្រូវបានចេញផ្សាយ តើនរណានឹងទទួលខុសត្រូវក្នុងការបោះបង្គោលព្រំប្រទល់? សារពើភ័ណ្ឌដីធ្លីក៏មានសារៈសំខាន់ដែរក្នុងការកំណត់ដីដែលជនជាតិដើមភាគតិចនីមួយៗកាន់កាប់នៅក្នុងប័ណ្ណកម្មសិទ្ធិដីសមូហភាព។ សំណួរត្រូវបានលើកឡើងជុំវិញភាពខុសគ្នានៃរយៈពេលនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច និងប័ណ្ណកម្មសិទ្ធិឯកជន ក៏ដូចជាការប្រើប្រាស់ពាក្យនៅក្នុងច្បាប់ផងដែរ។ តំណាងមកពីអង្គការជនជាតិដើមភាគតិចកម្ពុជា បានចែករំលែកពីក្តីបារម្ភចំពោះសហគមន៍ជនជាតិដើមភាគតិចមិនអាចធ្វើកសិកម្មពនេចរ ឬកសិកម្មប្រពៃណីបាន លុះត្រាតែដីទាំងនោះត្រូវបានចុះបញ្ជី។ នេះជាចំណុចសំខាន់ប្រសិនបើសហគមន៍ដាំដំណាំ ឬស្រូវលើដីទាំងនោះ។ តំណាងក្រសួងអភិវឌ្ឍន៍ជនបទបានឆ្លើយតបថា “ប្រសិនបើសហគមន៍ត្រូវបានទទួលស្គាល់ដោយក្រសួងថាជាក្រុមជនជាតិដើមភាគតិច មិនគួរណាមានបញ្ហាក្នុងការប្រើប្រាស់ដីនោះទេ”។ អ្នកតំណាងមកពីអង្គការជនជាតិដើមភាគតិចកម្ពុជាបានបន្តលើកឡើងពីការព្រួយបារម្ភអំពីការមិនដាក់បញ្ចូលពាក្យ \"ជនជាតិដើមភាគតិច\" នៅក្នុងសេចក្តីព្រាងច្បាប់។ ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណរបស់ពួកគេ (ដែលខុសពីប្រជាជនផ្សេងទៀត) ទាំងនៅក្នុងច្បាប់បច្ចុប្បន្ន និងនាពេលខាងមុខ។ ទាក់ទងនឹងធាតុចូល យើងចង់ឃើញជំពូកដាច់ដោយឡែកមួយនិយាយអំពីជនជាតិដើមភាគតិចនៅក្នុងច្បាប់ភូមិបាល។ ការពិភាក្សារវាងអង្គការសង្គមស៊ីវិល និងជនជាតិដើមភាគតិចគួរតែធ្វើឡើងមុននឹងមានកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីចែករំលែកកង្វល់របស់ពួកគេនៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ការពិភាក្សាជុំវិញហេតុផលនៃការពិនិត្យ ឬវិសោធនកម្មច្បាប់គួរតែត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយ។ រដ្ឋាភិបាលគួរតែបើកកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា។ អ្នកតំណាងមកពីបណ្តាញការពារទន្លេបីបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនរាប់បញ្ចូលពាក្យ “FPIC” ដែលមានន័យថាការយល់ព្រមដែលបានទទួលព័ត៌មានជាមុន និងសេរី។ ច្បាប់នេះលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជនយ៉ាងពេញលេញលើគ្រប់វិស័យ។ ការចូលរួមយ៉ាងពេញលេញមាននិយមន័យខុសគ្នាពី FPIC ដែលពិចារណាលើការទទួលបានព័ត៌មាន ការចូលរួម និងការសម្រេចចិត្ត។ អ្នកចូលរួមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងការធ្វើការរួមគ្នាក្នុងចំណោមអង្គការសង្គមស៊ីវិល គឺមានសារៈសំខាន់ណាស់។ តាមរយៈការធ្វើដូច្នេះយើងអាចអនុវត្ត និងសម្របសម្រួលយន្តការ និងធាតុចូលប្រកបដោយប្រសិទ្ធភាព។ វេទិកាទទួលបានសំណួរគួរឱ្យចាប់អារម្មណ៍មួយពីក្រុមហ៊ុនឯកជនទាក់ទងនឹងនិន្នាការសេដ្ឋកិច្ច ជីវភាពរស់នៅ និងសម្ភារៈប្រើប្រាស់របស់ជនជាតិដើមភាគតិច។ សំណួរនេះបានទាញចំណាប់អារម្មណ៍ជាច្រើនពីជនជាតិដើមភាគតិចនៅក្នុងបន្ទប់ប្រជុំ ក្នុងការចែករំលែកពីបច្ចុប្បន្នភាពរបស់ពួកគេ។ ពួកគេបាននិយាយថា “អ្នកខ្លះទទួលបានផ្ទះធំ និងសម្ភារៈទំនើប ប៉ុន្តែពួកគេត្រូវសងប្រាក់កម្ចីជារៀងរាល់ខែ។ ប្រជាពលរដ្ឋខ្លះក្រីក្រ ហើយសូម្បីតែដីតូចសម្រាប់ដាំដំណាំក៏ពួកគេមិនមានដែរ។ អ្វីដែលយើងមានឥឡូវនេះមិនអាចប្រៀបធៀបនឹងអ្វីដែលយើងបានបាត់បង់នោះទេ។ ទោះបីជាយើងត្រូវសម្របខ្លួនទៅនឹងយុគសម័យថ្មីក៏ដោយ ក៏យើងមិនចង់បាត់បង់អ្វីដែលយើងធ្លាប់មានដែរ ជាពិសេសវប្បធម៌របស់យើង។” សរុបមកយើងបានពិភាក្សាអំពីធាតុចូលដែលឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗមួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលក្នុងការប្រមូលផ្តុំធាតុចូល និងការផ្តល់ជូនទៅអ្នករៀបចំគោលនយោបាយ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធ ដែលជាករណីសិក្សានៅខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ និងការប្រើប្រាស់ពាក្យពេជន៍នៅក្នុងច្បាប់ផងដែរ។ កិច្ចពិភាក្សាលើប្រធានបទ “ដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការចូលរួមជាសាធារណៈ” មានការអញ្ជើញចូលរួមពីលោក ហម គីមគង់ នាយកក្រុមហ៊ុន អ៊ី&អេ ខនសាល់ធេន លោកស្រី ទេព ទឹម តំណាងស្ត្រីជនជាតិដើមភាគតិចមកពីខេត្តព្រះវិហារ លោក លាង ប៊ុនលាភ នាយកប្រតិបត្តិនៃបណ្តាញការពារទន្លេបី។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោក លន់ ពេជ្រដារ៉ា នាយកប្រតិបត្តិអង្គការភូមិខ្ញុំ។ អ្នកស្រី ទេព ទឹម ដែលរស់នៅឃុំប្រម៉ោយ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានប្រសាសន៍ថា អ្នកស្រីមិនបានទទួលការអញ្ជើញឱ្យចូលរួមជាសាធារណៈនៅក្នុងដំណើរការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក៏ដូចជាមិនបានទទួលដំណឹងអំពីគម្រោងអភិវឌ្ឍន៍ជាមុននោះទេ។ កន្លងមក គេគ្រាន់តែអញ្ជើញក្រុមប្រឹក្សាឃុំសង្កាត់មកប្រជុំតែប៉ុណ្ណោះ។ អ្នកតំណាងមកពីបណ្តាញការពារទន្លេបី បាននិយាយថា ការចូលរួមជាសាធារណៈ ពេលខ្លះអាចផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការប្រមូលផ្តុំមនុស្សដែលយល់ព្រម និងគាំទ្រលើគម្រោង។ ច្បាប់ ឬបទប្បញ្ញត្តិស្តីពីការចូលរួមជាសាធារណៈមានសារៈសំខាន់ណាស់ ហើយគួរតែបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាគួរត្រូវបានអញ្ជើញឱ្យចូលរួមតាំងពីការចាប់ផ្តើមគម្រោង។ “នៅពេលយើងពិភាក្សាអំពីច្បាប់ភូមិបាល ក៏គួរសំដៅដល់ប្រជាជនកម្ពុជាផងដែរ។ ហេតុអ្វីបានជាកិច្ចពិភាក្សានៅព្រឹកនេះផ្តោតតែលើជនជាតិដើមភាគតិច?” សំណួរពីអ្នកចូលរួមរបស់យើង។ ពិតមែនហើយ កិច្ចការនេះគួរតែសំដៅលើមនុស្សគ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងផ្តោតសំខាន់ ចំពោះជនជាតិដើមភាគតិច ព្រោះពួកគាត់ជាក្រុមដែលងាយរងគ្រោះជាងគេក្នុងចំណោមក្រុមដទៃទៀត។ ពួកគាត់រស់នៅក្នុងព្រៃ ហើយមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីដូចប្រជាជនទូទៅនោះទេ។ នៅពេលមានគម្រោងអភិវឌ្ឍន៍ គេតែងសម្លឹងមើលតំបន់ព្រៃដែលមិនសូវមានមនុស្សរស់នៅច្រើន។ ក្នុងករណីប្រទេសកម្ពុជា គម្រោងមួយចំនួនទើបតែធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បន្ទាប់ពីគម្រោង បានប្រតិបត្តិការអស់រយៈពេលជាយូរមកហើយ។ អ្នកចូលរួមឆ្ងល់ថា អ្វីជាចំណុចនៅពីក្រោយរឿងទាំងនោះ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគ្រាន់តែជាឧបករណ៍មួយសម្រាប់វាយតម្លៃផលប៉ះពាល់តែប៉ុណ្ណោះ មិនមែនជាច្បាប់នោះទេ។ ការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមានបីប្រភេទរួមមាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមុន កំឡុងពេល និងក្រោយការអនុវត្តគម្រោង។ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងតាំងពីយូរណាស់មកហើយ ដែលពេលនោះមិនមានតម្រូវឱ្យធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយសារតែការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនទាន់មាននៅឡើយនៅពេលនោះ។ អាស្រ័យហេតុនេះបានជាក្រសួងបរិស្ថានពិនិត្យ និងស្នើឱ្យពួកគេធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ គម្រោងអភិវឌ្ឍន៍ថ្មីនាពេលបច្ចុប្បន្នត្រូវតែធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មុននឹងអនុវត្តគម្រោងដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួង។ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺពិបាកក្នុងការស្វែងរក និងទទួលបានណាស់។ តើយើងអាចទទួលបានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងដូចម្តេច? ជាទូទៅ នៅពេលដែលរបាយការណ៍ត្រូវបានអនុម័ត ក្រុមហ៊ុនទីប្រឹក្សា ម្ចាស់គម្រោង និងក្រសួងបរិស្ថាន ត្រូវបោះត្រាលើទំព័រនីមួយៗនៃរបាយការណ៍។ កាលពីមុន ក្រុមហ៊ុនទីប្រឹក្សាត្រូវតែរៀបចំរបាយការណ៍ចំនួន ១២ច្បាប់ ប៉ុន្តែបច្ចុប្បន្ននេះតម្រូវឱ្យរៀបចំតែ ៦ច្បាប់ប៉ុណ្ណោះ ដែលក្នុងនោះត្រូវរក្សាទុកដោយក្រុមហ៊ុនទីប្រឹក្សា (១ច្បាប់) ម្ចាស់គម្រោង (១ច្បាប់) ចំណែកឯរបាយការណ៍នៅសល់នឹងរក្សាទុកដោយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ក្រុមហ៊ុនទីប្រឹក្សាត្រូវរក្សាទុករបាយការណ៍នៅកន្លែងដែលមានសុវត្ថិភាពរយៈពេល ៣ ឬ ៥ឆ្នាំដោយផ្អែកលើកិច្ចព្រមព្រៀង ហើយពួកគេមិនអាចចែករំលែករបាយការណ៍ដោយគ្មានការអនុញ្ញាតពីម្ចាស់គម្រោងនោះទេ។ របាយការណ៍អាចស្នើសុំជាផ្លូវការពីក្រសួងបរិស្ថាន។ វាគ្មិនរបស់យើងក៏បានស្នើឱ្យសហគមន៍ និងអង្គការសង្គមស៊ីវិលរក្សាទុកនូវឯកសារពាក់ព័ន្ធទាំងអស់ដែលគេបានផ្តល់ឱ្យក្នុងអំឡុងពេលប្រជុំជាសាធារណៈ។ កិច្ចពិភាក្សា និងខ្លឹមសារនៃឯកសារដែលបានផ្តល់ជូននឹងមិនខុសគ្នាច្រើនពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលបានអនុម័តនោះទេ។ លើសពីនេះទៅទៀត ភាគីពាក់ព័ន្ធគួរតែផ្តោតលើវគ្គបណ្តុះបណ្តាលការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់សហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគេអាចយល់អំពីដំណើរការ ក៏ដូចជាខ្លឹមសារនៃរបាយការណ៍ផងដែរ។
អូឌីស៊ីដាក់ឱ្យដំណើរការវិបផតថលចែករំលែកចំណេះដឹងថ្មីមួយដែលមានឈ្មោះថា “Learning Platform”
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលឈ្មោះថា Learning Platform នៅសណ្ឋាគារ Poulo Wai Hotel & Apartment រាជធានីភ្នំពេញ ដោយមានការចូលរួមពីមនុស្សចំនួន ៤៣នាក់ (ស្រី ១៨នាក់) មកពីអង្គការក្នុងស្រុក ជាតិ និងអន្តរជាតិ ចំនួន ២៣ រួមទាំងសមាជិកក្រុមចង្កោមអង្គការ និងមិនមែនសមាជិក។ អង្គការទាំងនោះមាន NEP, CHRAC, TI, UNDP, BS, CIPL, CIPO, CIYA, Epic Art, WCV, IRAM, 3SPN, HA, FLO, CEDT, ODC, FHI, USAID, KAWSANG, SVC, ADHOC, LAC និង CENTRAL។ ក្នុងនោះ អ្នកចូលរួមចំនួន ១២នាក់មកពីខេត្តរតនគិរី ក្រចេះ បាត់ដំបង សៀមរាប និងកំពត។ គេហទំព័រ Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) តាមរយៈអង្គការអេហ្វ អេច អាយ ៣៦០ (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។ តាមរយៈមាតិកាអន្តរកម្ម និងងាយស្រួលប្រើ វិបផតថលថ្មីនេះនឹងផ្សព្វផ្សាយទិន្នន័យ និងព័ត៌មានកាន់តែទូលំទូលាយដល់បណ្តាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលចាប់អារម្មណ៍នឹងគម្រោងនេះ អាចចូលទៅប្រើប្រាស់ជាសាធារណៈនិងឥតគិតថ្លៃដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ មាតិកានៅលើ Learning Platform ត្រូវបានធ្វើចំណាត់ថ្នាក់តាមវិស័យដែលសមាជិកចង្កោមអង្គការសង្គមស៊ីវិលបានកំពុងអនុវត្ត រួមមាន៖ នវានុវត្តន៍សង្គមឌីជីថល ការអប់រំ បរិស្ថាននិងធនធានធម្មជាតិ ជនជាតិដើមភាគតិច យេនឌ័រនិងបរិយាបន្នសង្គម សារព័ត៌មាន សង្គមស៊ីវិល ធនធានច្បាប់ និងសម្ភារៈបណ្តុះបណ្តាល។ ឥឡូវនេះគេហទំព័រនេះអាចចូលប្រើជាសាធារណៈសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណៈជន។ អ្នកប្រើប្រាស់អាចចូលប្រើវេទិកានេះតាមរយៈអាសយដ្ឋានគេហទំព័រ (https://learn.opendevelopmentcambodia.net/) ឬចូលទៅកាន់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដោយផ្ទាល់ ហើយស្វែងរកវេទិកាសិក្សានេះនៅលើរបារម៉ឺនុយជាទំព័ររង។ ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍ Learning Platform។ តាមរយៈសិក្ខាសាលានេះ យើងមានបំណងណែនាំជាផ្លូវការនូវវេទិកានេះ និងប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីកែលម្អរូបរាង មុខងារ និងបទពិសោធន៍អ្នកប្រើប្រាស់។ យើងក៏អំពាវនាវឱ្យបង្កើនកិច្ចសហការលើទិន្នន័យ និងការចែករំលែកធនធាន ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃវេទិកា។ អ្នកចូលរួមភាគច្រើនបានបង្ហាញពីគំនិតវិជ្ជមានរបស់ពួកគេអំពី Learning Platform។ ពួកគេបាននិយាយថាវា គឺជាវេទិកាប្រកបដោយភាពច្នៃប្រឌិតមួយដែលពួកគេកំពុងស្វែងរក និងជាកន្លែងដែលពួកគេអាចផ្សព្វផ្សាយអំពីគម្រោង និងរឿងរាវជោគជ័យរបស់អង្គការទៅកាន់ទស្សនិកជន និងម្ចាស់ជំនួយកាន់តែទូលំទូលាយ។ ពួកគេក៏រៀនពីបទពិសោធន៍របស់អង្គការផ្សេងទៀតក្នុងការអនុវត្តគម្រោងផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ យើងក៏ទទួលបានសំណួរពីអ្នកចូលរួមទាក់ទងនឹងការគ្រប់គ្រងមាតិកា និងរបៀបនៃការចូលរួមចំណែកទិន្នន័យផងដែរ។ សរុបសេចក្តី សិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ Learning Platform បានទទួលការយកចិត្តទុកដាក់ជាវិជ្ជមានពីអង្គការសមាជិកនៃក្រុម ក៏ដូចជាដៃគូគម្រោងដែលមិនមែនជាសមាជិកគម្រោងCSS។ តាមរយៈការពិភាក្សាអន្តរកម្ម និងមតិស្ថាបនា យើងទទួលបានធាតុចូលសំខាន់ៗមួយចំនួនសម្រាប់ក្រុមរបស់យើងអនុវត្តន៍សកម្មភាពបន្ត។
កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច” ជាមួយអង្គការដៃគូររួមមាន អង្គការអភិរក្សភាសាជនជាតិដើមភាគតិច អង្គការភូមិខ្ញុំ អង្គការដើម្បីជីវភាព និងព្រៃឈើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការសុខភាពគ្រួសារអន្តរជាតិ ដើម្បីកំណត់បញ្ហាប្រឈម សកម្មភាព ក៏ដូចជាពិភាក្សាអំពីតួនាទីរបស់ក្រុមប្រឹក្សា និងការដាក់បញ្ចូលសមាជិកថ្មី។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” នៅថ្ងៃទី២០-២១ និង ២៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមសរុបចំនួន ២៤នាក់ រួមមានអ្នកសារព័ត៌មាន ពលរដ្ឋអ្នកសារព័ត៌មាន យុវជនជនជាតិដើមភាគតិចដែលធ្វើការលើសារព័ត៌មាន និស្សិតផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។ ជនពិការ និងអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរផ្នែក។ ដំណាក់កាលដំបូងគឺការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេលពីរថ្ងៃ ដែលរួមបញ្ចូលមេរៀន និងលំហាត់។ ដំណាក់កាលទីពីរគឺជាវគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលមួយថ្ងៃ ដែលផ្តោតលើការរំលឹកមេរៀនឡើងវិញ និងលំហាត់បញ្ចប់វគ្គ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។ ថ្ងៃទី១៖ ការសិក្សាស្វែងយល់អំពីទិន្នន័យ មុនចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល តំណាងអង្គការអូឌីស៊ីបានធ្វើសុន្ទរកថាស្វាគមន៍អំពីគម្រោង និងការណែនាំដើម្បីជួយអ្នកចូលរួមឱ្យស្គាល់គ្នាទៅវិញទៅមក។ បន្ទាប់ពីនោះ អ្នកចូលរួមបានធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេ មុនពេលកម្មវិធីចាប់ផ្តើម។ លោក វង្ស ពិសិដ្ឋ ដែលជាគ្រូបង្គោលបានចាប់ផ្តើមមេរៀនស្តីពីការយល់ដឹងអំពីទិន្នន័យ ដើម្បីផ្តល់នូវការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ ប្រភេទផ្សេងគ្នានៃទិន្នន័យ និងព័ត៌មាន និងតម្លាភាពនៃទិន្នន័យបើកទូលាយ។ បន្ទាប់ពីអ្នកគ្រប់គ្នាយល់ច្បាស់អំពីទិន្នន័យ លោកក៏បានបង្ហាញពីរបៀបស្វែងរកទិន្នន័យដោយប្រើប្រាស់ឃ្លាំងទិន្នន័យ (Data Portal) និង Google advanced search។ បន្ទាប់មក អ្នកចូលរួមត្រូវធ្វើលំហាត់ដើម្បីស្វែងរកទិន្នន័យតាមតម្រូវការរបស់ពួកគេជាទម្រង់ PDF ក៏ដូចជាទិន្នន័យធនធានធម្មជាតិផ្សេងទៀតនៅលើឃ្លាំងទិន្នន័យរបស់អង្គការអូឌីស៊ី។ លោក បាន ច័ន្ទផល្លា ដែលលោកគ្រូបង្គោលម្នាក់ទៀត បានបង្ហាញនូវមេរៀនបន្ទាប់ស្តីពីស្តង់ដារទិន្នន័យ ដែលសង្កត់ធ្ងន់លើស្តង់ដារទិន្នន័យ និងរបៀបរៀបចំទិន្នន័យសម្រាប់ធ្វើទស្សនីយកម្មទិន្នន័យ។ លោកគ្រូបានណែនាំពីការបង្កើត spreadsheet ថ្មី ការបន្ថែមសន្លឹក ការបង្កើតច្បាប់ចម្លង ជួរឈរ និងជួរដេកថ្មី ការបញ្ចូលគំនូសតាង តម្រង់ និងការបង្កើតតារាង pivot នៅលើ Google Sheets ក៏ដូចជាការដាក់បញ្ជូលនូវឯកសារក្នុងទម្រង់ CSV ទៅក្នុង spreadsheet និង Microsoft Excel ។ គ្រូបណ្តុះបណ្តាលក៏បានបង្ហាញពីការសម្អាតទិន្នន័យដែលជាផ្នែកសំខាន់នៃការវិភាគទិន្នន័យ។ មេរៀននេះពន្យល់ពីមូលហេតុដែលយើងត្រូវការសម្អាតទិន្នន័យ ហើយណែនាំដល់សិក្ខាកាមក្នុងការប្រើវិធីសាស្ត្រសម្អាតទិន្នន័យ ដើម្បីធ្វើឱ្យវាអាចយល់បានដោយមានការណែនាំផ្នែកបច្ចេកទេសដូចជា កាត់ដកឃ្លា ដកស្ទួន ធ្វើទ្រង់ទ្រាយអត្ថបទ បំបែកជួរឈរ សុពលភាពទិន្នន័យ និងការស្វែងរក និងការជំនួស។ ថ្ងៃទី២៖ ការធ្វើទស្សនីយកម្មទិន្នន័យ នៅថ្ងៃទីពីរនៃការបណ្តុះបណ្តាល លោកគ្រូបង្គោលបានចំណាយពេលពីរបីនាទីដើម្បីរំលឹកមេរៀនថ្ងៃមុន មុនពេលបន្តជាមួយនឹងរបៀបវារៈរបស់ លោក សំអាន ម៉ារឌី ស្តីពីគោលការណ៍នៃទស្សនីយកម្មទិន្នន័យ។ លោកនឹងណែនាំថាតើអ្វីដែលជំរុញយើងឱ្យបង្កើតទស្សនីយកម្ម អ្វីដែលជាទស្សនីយកម្ម របៀបបង្ហាញសាច់រឿងដោយប្រើប្រាស់ទិន្នន័យ របៀបជ្រើសរើសក្រាហ្វនិងប្រភេទគំរូសតាងឱ្យបានត្រឹមត្រូវ។ បន្ទាប់មក លោក វង្ស ពិសិដ្ឋ បានបង្ហាញនូវកម្មវិធី Flourish ដល់សិក្ខាកាមទាំងអស់។ បន្ទាប់ពីនោះ សិក្ខាកាមធ្វើការលើលំហាត់អនុវត្តជាក្រុម ដើម្បីបង្កើតតារាង និងក្រាហ្វដោយប្រើប្រាស់ Flourish ។ អ្នកគ្រប់គ្នាបានធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាលនៅថ្ងៃទីពីរ ហើយទន្ទឹងរង់ចាំវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅថ្ងៃទីបី។ ថ្ងៃទី៣៖ ការអនុវត្តដោយផ្ទាល់ របៀបវារៈសម្រាប់ថ្ងៃចុងក្រោយនៃការបណ្តុះបណ្តាល គ្របដណ្តប់លើការរំលឹកមេរៀន។ គ្រប់គ្នាបានចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងបន្តមេរៀនស្តីពីការធ្វើទស្សនីយកម្មទិន្នន័យដោយប្រើប្រាស់ Flourish ។ អ្នកចូលរួមបានចាប់ផ្តើមរៀនពីរបៀបបង្កើតគំនូសតាងផែនទីចេញពីទិន្នន័យភូមិសាស្ត្រ និងរបៀបបញ្ចូលទស្សនីយកម្មទិន្នន័យទាំងនោះទៅក្នុងសាច់រឿង។ បន្ទាប់មក អ្នកចូលរួមមានឱកាសក្នុងការអនុវត្តដោយផ្ទាល់ និងបំពេញលំហាត់ដោយបង្កើតការនិទានរឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ។ ជាចុងក្រោយ អ្នកចូលរួមទាំងអស់ធ្វើការវាយតម្លៃវគ្គបណ្តុះបណ្តាលមុននឹងសុន្ទរកថាបិទកម្មវិធី និងផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល។
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២
កិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅការិយាល័យអង្គការសុខភាពអន្តរជាតិដែលមានអ្នកចូលរួមប្រមាណ ២៥នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវអ្នកចូលរួមដែលមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ អង្គការសង្គមស៊ីវិល អង្គការសហគមន៍មូលដ្ឋាន ក្រុមប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតំណាងជនជាតិដើមភាគតិចដែលមកពីខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួន ៣ គឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ចាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការចូលរួមពីចង្កោមអង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធដើម្បីកសាងបណ្តាញ រៀនសូត្រពីគ្នា គូសផែនទីយុទ្ធសាស្ត្រសំខាន់ៗ និងបោះជំហានលើសកម្មភាពបន្ថែមទៀតលើការតស៊ូមតិស្តីពីការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំលើកនេះ យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជាដែលជាប្រធានបទដ៏មានសារៈសំខាន់ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ដៃគូរពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងដូចជា៖ បង្កើតបរិយាកាសសម្រាប់បណ្តាញដើម្បីរៀនសូត្រ និងចែករំលែក បង្ហាញបច្ចុប្បន្នភាពការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច លើកទឹកចិត្តចង្កោមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមសហការជាមួយគ្នា។ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃបានចែករំលែកព័ត៌មានថ្មីៗស្តីពី ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច។ បច្ចុប្បន្ននេះ សហគមន៍ជនជាតិដើមភាគតិចចំនួន ១៥២ បានចុះបញ្ជីជានីតិបុគ្គលជាមួយក្រសួងមហាផ្ទៃ ខណៈដែលសហគមន៍ចំនួន ៩៤ បានស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពជនជាតិដើមភាគតិចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយឡែក សហគមន៍ប្រមាណ ២៦ បានផ្អាកក្នុងការចុះបញ្ជីដីសមូហភាពដោយសារបញ្ហាប្រឈម និងឧបសគ្គផ្សេងៗ។ ជនជាតិដើមភាគតិចមួយចំនួនប្រហែលជាចង់បានកម្មសិទ្ធិដីឯកជនដែលអាចលក់ ឬប្រើប្រាស់ដើម្បីទទួលកម្ចីពីមីក្រូហិរញ្ញវត្ថុបាន។ ក្នុងករណីខ្លះទៀត ដីដែលបានស្នើសុំត្រួតស៊ីគ្នាជាមួយតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បច្ចុប្បន្ន សហគមន៍ជនជាតិដើមភាគតិចចំនួន ៣៨ ក្នុងខេត្តចំនួនបួនបានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចដែលស្មើនឹងផ្ទៃដីសរុបប្រមាណ ៣៩.៣៤២ហិកតា ដែលស្ថិតនៅខេត្តស្ទឹងត្រែងចំនួន ២ សហគមន៍ ខេត្តក្រចេះចំនួន ៤ សហគមន៍ ខេត្តមណ្ឌលគិរីចំនួន ៧ សហគមន៍ និងខេត្តរតនគិរីចំនួន ២៥ សហគមន៍។ សហគមន៍ចំនួនពីរទៀតត្រូវបានគេរំពឹងថានឹងទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពនៅខែមករាឆ្នាំ២០២៣ នេះ។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចផងដែរ។ អ្នកចូលរួមទាំងអស់មានឱកាសសួរនាំក្រសួង និងសុំយោបល់ដើម្បីដោះស្រាយបញ្ហាដីសហគមន៍របស់ខ្លួន។ ដំណើរការនៃការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ប័ណ្ណកម្មសិទ្ធិជួនកាលមិនអាចចេញបានទេ ហើយត្រូវផ្អាកដោយសារបញ្ហាប្រឈមជាច្រើន។ សហគមន៍តែងតែជួបការលំបាកក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពបើសិនជាគ្មានការគាំទ្រពីអង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាននោះទេ ព្រោះកម្រិតនៃចំណេះដឹងរបស់ពួកគាត់អំពីភាសាខ្មែរ ច្បាប់ និងនីតិវិធីនៃការចុះបញ្ជីនៅមានកម្រិតនៅឡើយ។ ក្នុងករណីខ្លះ ជនជាតិដើមភាគតិចមិនបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនោះទេ។ សមាជិកសហគមន៍មួយចំនួនអាចមើលឃើញអត្ថប្រយោជន៍ផ្ទាល់ខ្លួនហើយចង់ដកខ្លួនចេញពីប័ណ្ណកម្មសិទ្ធដីសមូហភាព។ វាមានន័យថាពួកគេចង់បានប័ណ្ណកម្មសិទ្ធិដីឯកជនរបស់ខ្លួន។ ពេលខ្លះអាជ្ញាធរមូលដ្ឋានមិនមានការជំរុញ និងសហការជាមួយសហគមន៍ជនជាតិដើមភាគតិចទាក់ទងនឹងនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិដី ទោះបីជាក្រសួងកំពុងព្យាយាមពន្លឿនការចុះបញ្ជីដីសមូហភាពក៏ដោយ។ ក្នុងករណីជាច្រើន សហគមន៍បដិសេធមិនទទួលយកដីដែលរដ្ឋាភិបាលមានឆន្ទៈផ្តល់ឱ្យនោះឡើយ។ បន្ទាប់ពីកិច្ចពិភាក្សាដែលមានការចូលរួម សហគមន៍ជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឱ្យចងក្រងឯកសារអំពីបញ្ហាទាក់ទងនឹងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចហើយរាយការណ៍ជូនក្រុមការងារចំពោះកិច្ច។ អង្គការអូឌីស៊ីនឹងបន្តធ្វើជាអ្នករៀបចំកិច្ចប្រជុំចង្កោមអង្គការសង្គមស៊ីវិលប្រចាំត្រីមាសជាមួយសមាជិក និងចង្កោមអង្គការសង្គមស៊ីវិល ដើម្បីចែករំលែកមេរៀន ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។