Learning Platform Close

រឿងរ៉ាវជោគជ័យ

200

យុវជន​ជនជាតិ​ដើម​ភាគតិច​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ខ្លួនឯង​

ការ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ និង​សិក្សា​អំពី​បញ្ហា​ជួយ​បង្កើន​ទំនុកចិត្ត​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​។​ “​ដោយសារ​ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ឥឡូវនេះ​ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការ​បង្ហាញខ្លួន​ខ្ញុំ​ និង​សហគមន៍​របស់ខ្ញុំ​។​” លោក ម៉ុង​ សា​មុត​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្រៅ​ ​អាយុ​ ២២​ឆ្នាំ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​សៀង​សាយ​ ឃុំ​តា​វែង​ក្រោម​ ស្រុក​តា​វែង​ ខេត្តរតនគិរី​។​ វា​គឺជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​។​ ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​តិចតួច​ក្នុង​ការ​សិក្សា​បាន​ជ្រៅជ្រះ​។​ គាត់​ធ្លាប់​ជា​កសិករ​វ័យក្មេង​ម្នាក់​ដែល​មិន​មាន​ទំនុកចិត្ត​ ហើយ​ក៏​រវល់​ជាមួយនឹង​ការងារ​របស់​គាត់​ ដែល​ធ្វើ​ឱ្យ​គាត់​មិន​បានដឹង​ពី​ស្ថានភាព​នៅ​ក្រៅ​សហគមន៍​ច្រើន​នោះ​ឡើយ​។​ ទោះ​យ៉ាងណា​ បញ្ហា​ដីធ្លី​ និង​ព្រៃឈើ​បាន​កើតឡើង​ក្នុង​សហគមន៍​របស់​គាត់​។​ គាត់​មាន​បំណង​ស្វែងរក​ជំនួយ​ ព្រមទាំង​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​ទាំងនេះ​ជាមួយ​អ្នក​ដទៃ​ ដើម្បី​ទទួល​បានការ​អន្តរាគមន៍​ការពារ​។​ លោក ម៉ុង សាមុត (អាវពណ៌ក្រហម) កំពុងចូលរួមប្រជុំដើម្បីកំណត់ប្រធានបទស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងដីធ្លី ដែលរៀបចំឡើងដោយក្រុមការងារ CIPL នៅកន្លែងប្រជុំក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ រហូត​ដល់​គាត់​ស្គាល់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ គាត់​មានឱកាស​បាន​រៀន​ និង​ចូលរួម​ក្នុង​សកម្មភាព​ ព្រមទាំង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ ដូច​ជា​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ គាត់​បាន​រៀន​ពី​របៀប​កំណត់​បញ្ហា​ កែសម្រួល​វី​ដេ​អូ​ និង​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ធនធានធម្មជាតិ​ ដីធ្លី​ និង​ព្រៃឈើ​។​ ទោះបីជា​ចំណេះដឹង​របស់​គាត់​មិន​អាច​ប្រៀបធៀប​ទៅ​នឹង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ក៏​ដោយ​ គាត់​នៅ​តែ​មិន​លះបង់​ ហើយ​តែងតែ​យកចិត្តទុកដាក់​លើ​មេរៀន​ និង​ការ​ពិភាក្សា​។​ ចំណង​ដែល​ចង់​បង្ហាញ​ពី​កង្វល់​ និង​បញ្ហា​ប្រឈម​របស់​សហគមន៍​ធ្វើ​ឱ្យ​គាត់​មិន​ដែល​បោះបង់​ចោល​ឡើយ​។​ គាត់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​គាត់​ ខណៈ​ពេល​ដែល​ប្រមូល​ព័ត៌មាន​ពី​អ្នក​ដ៏​ទៃ​ ដើម្បី​ចែករំលែក​ជាមួយ​សហគមន៍​របស់​គាត់​។​ គាត់​នឹង​ព្យាយាម​បើក​បង្ហាញ​ពី​វប្បធម៌​ ជីវភាព​រស់នៅ​ និង​បញ្ហា​សហគមន៍​របស់​គាត់​តាម​រយៈ​អ្វី​ដែល​គាត់​បាន​រៀន​ ប្រសិនបើ​គាត់​មានឱកាស​។​

190

បង្កើន​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រាយការណ៍​ព័ត៌មាន​

ការ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​រាយការណ៍​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​ “​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​របស់ខ្ញុំ​ និង​ចែករំលែក​ជាមួយ​អ្នក​ដទៃ​អំពី​សហគមន៍​របស់​យើង​ និង​អ្វី​ដែល​យើង​កំពុង​រស់នៅ​ជាមួយ​។​” លោក​ ឡាវ​ ប៊ុ​ន​ឌី​ញ​ ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​។​ លោក​មានស្រុក​កំណើត​នៅ​ភូមិ​ប៉ក់ធំ​ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ហើយ​គាត់​រស់នៅ​ទីនោះ​អស់​រយៈពេល​ ២៧​ឆ្នាំ​មក​ហើយ​។​ លោក​មិនសូវ​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​សរសេរ​រឿង​ ក៏​ដូច​ជា​រូបថត​ និង​ការ​ថត​វី​ដេ​អូ​នោះ​ទេ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​តែងតែ​ចង់​ចែករំលែក​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​នាម​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​ ជីវភាព​រស់នៅ​ និង​វប្បធម៌​ ក៏​ដូច​ជា​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​លោក​ជាមួយ​មនុស្ស​ផ្សេង​ទៀត​តាម​រយៈ​បណ្តាញ​សង្គម​។​ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL​ ។ លោក​មានឱកាស​រៀន​អ្វី​ដែលលោកចូល​ចិត្ត​ និង​រង់ចាំ​ នៅ​ពេល​ដែល​លោកបានដឹង​ពី​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រាយការណ៍​ព័ត៌មាន​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ (CIPL) ដែល​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​ODC)​។​ លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​បំណង​កសាង​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​ អំពី​របៀប​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ការ​រាយការណ៍​អំពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ និង​ការ​ប្រើប្រាស់​រូបថត​ជា​យន្តការ​ផ្អែក​លើ​ភស្តុ​តាង​ នៅ​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ខេត្តរតនគិរី​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ទាមទារ​ឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​ និង​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ជំនាញ​របស់​លោក​។​ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ចែករំលែក​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​របស់​លោក​បាន​បំផុសគំនិត​ឱ្យ​លោក​តស៊ូ​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ​។​ បច្ចុប្បន្ន​លោក​អាច​សរសេរ​រឿង​ និង​កែសម្រួល​វី​ដេ​អូ​ ដើម្បី​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​។​ លោក​មាន​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​រៀបចំ​ដែល​ផ្តល់​ឱកាស​ឱ្យ​លោក​រៀន​អ្វី​ដែល​លោក​តែងតែ​ប្រាថ្នា​។​ លោក​បាន​បង្ហោះ​វី​ដេ​អូ​ផ្ទាល់ខ្លួន​របស់​លោក​ \"​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បរិស្ថាន​ ថត​វី​ដេ​អូ​ កាត់ត​វី​ដេ​អូ​ ពី​អង្គការ​ CIPL​ ខ្ញុំ​បាន​អនុវត្ត​បាន​ខ្លះៗ​ហើយ​”​ ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​ព្រៃឈើ​ បរិស្ថាន​ និង​ជីវភាព​រស់នៅ​របស់​សហគមន៍​របស់​គាត់​នៅ​លើ​បណ្តាញ​សង្គម​។​

191

ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ដោយ​អ្នកចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​

​ទិន្នន័យ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​គ្រប់​ស្ថាប័ន​ និង​អ្នក​សារព័ត៌មាន​។​ ការ​ស្វែងរក​តម្លៃ​នៅ​ក្នុង​ទិន្នន័យ​ និង​ការ​ទំនាក់ទំនង​តម្លៃ​នោះ​ទៅ​កាន់​ទស្សនិកជន​គោលដៅ​របស់​អ្នក​ត្រូវការ​ពេលវេលា​។​ ការ​បង្ហាញ​តារាង​ដោយ​សាមញ្ញ​ជាមួយ​តួរលេខ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទិន្នន័យ​នោះទេ​។​ ​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​បង្ហាញ​ក្នុង​ទម្រង់​ជា​សាច់​រឿង​ បុគ្គល​ម្នាក់ៗ​ទំនងជា​ពេញចិត្ត​ចំពោះ​សារៈសំខាន់​របស់​វា​ ហើយ​មានការ​ឆ្លើយ​តប​ទៅ​តាម​នោះ​ដែរ​។​ អ្វី​ដែល​ល្អ​នោះ​គឺថា​មនុស្ស​ចូល​ចិត្ត​អាន​រឿង​។​ ការ​និទានរឿង​គឺជា​ឧបករណ៍​ដ៏​ល្អ​សម្រាប់​ការ​អប់រំ​ ពន្យល់​ និង​មាន​ឥទ្ធិពល​លើ​ទស្សនិកជន​ ឬ​សកម្មភាព​ដែល​មាន​គោលបំណង​ជាក់លាក់​។​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ \"​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​\"​ ដើម្បី​ឱ្យ​អ្នកចូលរួម​ទទួល​បាន​នូវ​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ជា​មូលដ្ឋាន​ និង​ជំនាញ​និទានរឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​។​ សិក្ខាកាម​បាន​សិក្សា​អំពី​គោលការណ៍​នៃ​ទិន្នន័យ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ការ​ផលិត​ទស្សនី​យ​កម្ម​ទិន្នន័យ​ និង​ការ​និទានរឿង​ខ្លី​។​ ទោះបីជា​យើង​មាន​ពេល​ខ្លី​ក៏​ដោយ​ សិក្ខាកាម​របស់​យើង​អាច​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ ហើយ​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​ដែល​អាច​បង្ហាញ​ពី​ទិន្នន័យ​បាន​។​ ចំណាំ​៖​ សាច់​រឿង​ដែល​បាន​បង្ហាញ​នេះ​ មិន​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ជាក់លាក់​នោះ​ទេ​។​ សាច់​រឿង​ទាំងនេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​លំ​ហាត់​អនុវត្ត​របស់​សិក្ខាកាម​តែ​ប៉ុណ្ណោះ​។​ សាច់រឿងទី១៖ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ សិក្ខាកាម​បាន​បង្កើត​សាច់​រឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ​ដែល​មានឈ្មោះ​ថា​ \"​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគច្រើន​របស់​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​\"​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​មិន​បង្ហាញ​ពី​ចំនួន​ក្រុមហ៊ុន​ជាក់លាក់​ទេ​ នេះ​បង្ហាញ​ថា​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ផែនការ​ និង​មិន​ទាន់​ដំណើរការ​នៅឡើយ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចាត់វិធានការ​បន្ថែម​ទៀត​ និង​បំពេញ​គម្រោង​ទាំងនោះ​ជាមួយនឹង​ដើមទុន​វិនិយោគ​ខ្ពស់​ដែល​អាច​ធ្វើ​តាម​តំបន់​។​ យោងតាមទិន្នន័យ តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​គឺស្ថិតនៅ​ រាជធានីភ្នំពេញ​ កណ្តាល​ ព្រះ​សីហ​នុ​ ស្វាយ​រៀង​ និង​កោះកុង​។​ សាច់រឿងទី២​៖ ​ទំនប់​វារី​អគ្គិសនី​នៅ​ដង​ទន្លេ​មេគង្គ​ និង​ការ​ប្រើ​ប្រាស់​ថាម​ពល​ក្នុង​តំបន់​ សេរីនៃទស្សនី​យ​កម្ម​ទិន្នន័យ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​ \"​ចំនួន​នៅ​ពីក្រោយ​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​\"​។​ កម្ពុជា​ ថៃ​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​សុទ្ធតែ​មាន​គោលបំណង​ដូច​គ្នា​ គឺ​ពួក​គេ​ចង់​សាងសង់​ទំនប់​វា​រី​អគ្គិសនី​។​ នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ថាមពល​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​មានការ​កើនឡើង​ ដំណោះស្រាយ​មួយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​គឺ​ ការ​កសាង​ទំនប់​វា​រី​អគ្គី​ស​នី​នៅ​ក្នុង​តំបន់​មេគង្គ​។​ វៀតណាម​គឺជា​ប្រទេស​នាំមុខ​គេ​លើ​ការ​ប្រើប្រាស់​ថាមពល​ ជាមួយនឹង​ចំនួន​កើន​ឡើងជា​លំដាប់​រហូត​ដល់​ឆ្នាំ​២០២០​។​ រឿង​មួយ​ដែល​ជាក់លាក់​នោះ​គឺ​ ការ​ប្រើប្រាស់​អគ្គិសនី​កំពុង​កើនឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ហើយ​មិន​មាន​សញ្ញា​នៃ​ការ​ថមថយ​ឡើយ​។​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយ​ចំនួន​ត្រូវ​បាន​គេ​គ្រោងទុក​នៅ​ទូ​ទាំង​ប្រទេស​មេគង្គ​ទាំង​៥។​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ មាន​គម្រោង​ថាមពលវារីអគ្គីសនី​ច្រើន​ជាងគេ​ ដែល​មាន​សមត្ថភាព​សរុប​រហូតដល់ ៦១.៤១២,១​ មេ​ហ្គា​វ៉ា​ត់​។​ គម្រោង​ភាគច្រើន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែនការ​ ទោះបីជា​ប្រទេស​វៀតណាម​មាន​អត្រា​ប្រតិបត្តិការ​គម្រោង​វា​រី​អគ្គិសនី​ខ្ពស់​បំផុត​ក៏​ដោយ​។​ អនាគត​នៃ​ថាមពល​កកើត​ឡើង​វិញ​គឺ​ភ្លឺស្វាង​ ប៉ុន្តែ​អ្នកខ្លះ​ប្រកែក​ថា​វា​ចំណាយពេល​យូរ​ពេក​ហើយ​។​ សាច់រឿងទី៣​​៖ ​ទីតាំង​ស្ថានីយ​​​វារី​អគ្គិសនី​ដ៏មាន​សក្តានុពល​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ សិក្ខាកាម​របស់​យើង​ក៏​បាន​ប្រើប្រាស់​ទិន្នន័យ​ទំនប់​វា​រី​អគ្គិសនី​ពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដើម្បី​បង្ហាញ​ថា​ខេត្ត​ណា​ដែល​មាន​វា​រី​អគ្គិសនី​ច្រើន​ជាងគេ​។​ លទ្ធផល​បង្ហាញ​ថា​ទំនប់​វា​រី​អគ្គី​ស​នី​ភាគច្រើន​ស្ថិត​នៅ​ភាគ​ឦសាន​របស់​ប្រទេស​កម្ពុជា​ ជា​ពិសេស​ក្នុង​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ និង​រតនគិរី​។​ កោះកុងក៏ជាខេត្តដែលមានទំនប់វារីអគ្គិសនីច្រើនដែរ។ សាច់រឿងទី៤​​​៖ ​​ការ​បាត់​ព្រៃ​ឈើ​នៅ​កម្ពុជា​រយៈ​ពេល​ ២០ឆ្នាំ​ចុង​ក្រោយ​ យុវជន​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្តរតនគិរី​បង្កើត​ទស្សនី​យ​កម្ម​សាច់​រឿង​ខ្លី​មួយ​មាន​ចំណងជើង​ថា​ «​តើ​ព្រៃឈើ​នៅ​កម្ពុជា​ពិតជា​បាត់បង់​មែន​ទេ​?»​ ផ្អែក​លើ​ទិន្នន័យ​ឃ្លាំមើល​ព្រៃឈើ​សកល​។​ ទិន្នន័យ​ស្តី​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​បង្ហាញ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០១០​ ប៉ុន្តែ​មានការ​ថយ​ចុះ​បន្តិច​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០២១​។​ សាច់រឿងទី៥​៖ ​​​និន្នាការ​នៃ​ការ​នេសាទ​នៅតាម​តំបន់​ក្នុង​ប្រទេស​កម្ពុជា​​ចន្លោះ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៩​ នៅ​ក្នុង​ការ​បង្ហាញ​សាច់​រឿង​ខ្លីដោយប្រើទស្សនីយកម្មទិន្នន័យ​ \"​សកម្មភាព​នេសាទ​តាម​តំបន់​\"​ បង្ហាញ​ពី​តំបន់​នេសាទ​នៅ​ប្រទេស​កម្ពុជា​រួម​មាន​ តំបន់​វាលទំនាប​ តំបន់​ទន្លេសាប​ តំបន់​ខ្ពង់រាប​/​ភ្នំ​ និង​តំបន់ឆ្នេរ​។​ ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​២០​ ដែល​មាន​សហគមន៍​នេសាទ​។​ បើ​ប្រៀបធៀប​នឹង​ខេត្ត​ចំនួន​ ១៩​ ផ្សេង​ទៀត​ ខេត្តកោះកុង​មាន​សហគមន៍​នេសាទ​ច្រើន​ជាងគេ​ បន្ទាប់​មក​គឺ​ខេត្តពោធិ៍សាត់​ និង​ខេត្តព្រៃវែង​។​ សហគមន៍​នេសាទ​នៅ​ខេត្តស្វាយរៀង​មាន​តិច​ជាងគេ​។