Learning Platform Close
181

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

153

វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​កម្មវិធី​ QGIS​ ឆ្នាំ​២០២៣

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ ត្រូវ​បាន​ប្រកាស​នៅ​លើ​វេទិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដើម្បី​អំពាវនាវ​ឱ្យ​សិក្ខាកាម​ចូលរួម​សិក្ខាសាលា​នេះ​ ដែល​ប្រព្រឹត្តិ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៣​ នៅ​រាជធានី​ភ្នំពេញ​។​ ការ​ផ្សព្វផ្សាយ​នេះ​បាន​ទៅ​ដល់​មនុស្ស​ជាង​ ៣២.០០០​នាក់​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​មាន​មនុស្ស​ចំនួន​ ៣៨២​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ដោយសារ​តែ​ថវិកា​មាន​កំណត់​ និង​ធានា​គុណភាព​នៃ​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​បាន​ជ្រើសរើស​សិក្ខាកាមចំនួន​ ២១​នាក់​ ដោយ​ផ្អែក​លើ​ការងារ​ ចំណេះដឹង​ ចំណាប់អារម្មណ៍​ និង​តម្រូវការ​ប្រើប្រាស់​របស់​ពួក​គេ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អ្នកចូលរួម​សរុប​ ២១​នាក់​ (​ស្រី​ ៥​នាក់​)​ ដែលមានចំណេះ​ដឹង​ និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា​ រួម​មាន​មន្ត្រី​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​ វិស័យ​ឯកជន​ និង​និស្សិត​សាកលវិទ្យាល័យ​។​ ពួក​គេ​ភាគច្រើន​កំពុងធ្វើការ​ជាមួយ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​មានឱកាស​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្មវិធី​ QGIS​ នា​ពេល​អនាគត​។​ ​អ្នកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​មាន​មតិ​បើក​កម្មវិធី​ និង​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​ចូលរួម​។ អ្នកស្រីបានលើកទឹកចិត្ត​ឱ្យ​ពួក​គេ​យកចិត្តទុកដាក់​លើ​វគ្គ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​ អ្នកស្រី​ក៏​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​សិក្ខាកាម​ទាំង​ ២១​នាក់​ ត្រូវ​បាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​ ៣៨០​នាក់​ផង​ដែរ​។​ ​សិក្ខាកាម​តម្រូវឱ្យធ្វើ​តេស្ត​មុន​ចាប់ផ្តើម​មេរៀន​ ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​ និង​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​។​ លទ្ធផល​បាន​បង្ហាញ​ថា​មាន​តែ​ ៣៥​ភាគរយ​ នៃ​សំណួរ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​ទាំងអស់​មាន​ពេលវេលា​សម្រាក​បន្តិច​ មុន​ពេល​ចាប់ផ្តើម​មេរៀន​ស្នូល​។​ លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​/​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ និង​លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​សិក្ខាកាម​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ឧបករណ៍​ QGIS​ រួម​ទាំង​មុខងារ​នីមួយៗ​របស់​វា​ ចំណេះដឹង​ទូទៅ​អំពី​ផែនទី​ និង​មេរៀន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ​សិក្ខាកាមមានការ​សាទរ​ និង​មានការ​ឆ្លើយ​តប​សំណួ​រផ្សេងៗយ៉ាងសកម្ម​អំពី​មេរៀន​ផង​ដែរ​។​ បន្ទាប់​ពី​បង្ហាញ​មេរៀន​ សិក្ខាកាម​ទាំងអស់​ត្រូវ​ធ្វើការ​អនុវត្ត​ជាក់ស្តែង​ ក្រោយ​ពី​បាន​សិក្សា​ពី​គោល​គំនិត​ ទ្រឹស្តី​ និង​ឧបករណ៍​នីមួយៗ​រួច​មក​។​ ពួក​គេ​ភាគច្រើន​អាច​ចាប់​មេរៀន​ និង​ធ្វើ​តាម​លំ​ហាត់​ និង​ការ​អនុវត្ត​បាន​ទាំងអស់​ដោយ​រលូន​។​ ​សិក្ខាកាម​ភាគច្រើន​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ទាន់​ពេលវេលា​ ហើយ​មិន​មាន​នរណា​ម្នាក់​អវត្តមាន​ក្នុងអំឡុងពេល​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃ​នោះ​ទេ​។​ សកម្មភាព​កំសាន្ត​មួយ​ចំនួន​ក៏​ត្រូវ​បាន​រួម​បញ្ចូល​ផង​ដែរ​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ដាស់​ស្មារតី​អ្នកចូលរួម​។​ នៅ​វគ្គ​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​៣​ សិក្ខាកាម​ទាំងអស់តម្រូវឱ្យ​ធ្វើតេស្ត​ក្រោយ​បញ្ចប់​មេរៀន​ ហើយ​លទ្ធផល​គឺ​ល្អ​ជាង​មុន​ច្រើន​ដោយ​សំណួរ​ ៥៩​ភាគរយ​ ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ ​ដើម្បី​លើកទឹកចិត្ត​ និង​ទទួលស្គាល់​ពី​សមត្ថភាព​របស់​សិក្ខាកាម​ទាំងអស់​ ក្រុមការងារ​បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ពេញលេញ​។​

162

វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​របស់​ពួក​គេ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ ពី​សុវត្ថិភាព​អ៊ីនធឺណិត​ ក៏​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ រួម​ទាំង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។​ យើង​ក៏​បាន​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ទិន្នន័យ​ និង​គណនី​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១២​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​។​ ជាដំបូង​សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ បន្ទាប់​មក​ លោក​ ង៉ែត​ ម៉ូ​សេ​ អ្នក​បណ្តុះបណ្តាល​ និង​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ បាន​ស្នើ​ឱ្យ​សិក្ខាកាម​គ្រប់​រូប​ណែនាំ​ឈ្មោះ​ តួនាទី​ ស្ថាប័ន​ និង​ការ​រំពឹង​ទុក​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ស្វែង​យល់​ពី​សាវតា​ និង​តម្រូវការ​របស់​ពួក​គេ​។​ ​ លោក​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ “​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​”​ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពាក្យ​សម្ងាត់​ ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ​ និង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​។​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​។​ បន្ទាប់​មក​លោក​បាន​បន្ត​ទៅ​មេរៀន​មួយទៀត​ស្តី​ពី​ “​ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​”​ ដោយ​លោក​បាន​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ និង​របៀប​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព​ និង​បណ្តាញ​ឯកជន​និម្មិត​លើ​អ៊ី​ន​ធឺ​ណិ​ត​។​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​សិក្ខាកាម​ទាំងអស់​។​ វាគ្មិន​បាន​បង្ហាញ​ពី​វិធី​ការពារ​ទូរស័ព្ទ​ដៃ​ និង​អ៊ី​ម៉ែ​ល​យ៉ាង​ក្បោះក្បាយ​។​ បន្ទាប់​មក​ វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ចប់​ដោយ​ការ​សង្ខេប​មេរៀន​ និង​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ការ​យល់​ដឹង​របស់​សិក្ខាកាម​នីមួយៗ​។​ ​ការ​វាយតម្លៃ​ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​មតិ​កែ​លម្អ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ផង​ដែរ​។​ សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​របស់​យើង​គឺ​ សេង​ សុខ​ជាតិ​ សមាជិក​នៃ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ មាន​ចំណាប់អារម្មណ៍​ “​ខ្ញុំ​គិត​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឱ្យ​យើង​ចេះ​ការពារ​ឯកជន​ភាព​របស់​យើង​ពី​ជនខិលខូច​តាម​អន​ឡាញ​បាន​។​ អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​ អ៊ី​ន​ធឺ​ណែ​ត​ ឬ​កម្មវិធី​អន​ឡាញ​ផ្សេងៗ​ទៀត​ គួរតែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​គ្នា​។​” ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សន្តិសុខ​សាយ​ប័​របា​ន​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​