Learning Platform Close

Learning Platform អនុញ្ញាតឱ្យអ្នករៀនសូត្រ​​ និងចែករំលែក​​​ចំណេះដឹង​គ្នា​ទៅវិញ​ទៅមក​

Learning Platform ​មាន​គោលបំណង​ក្លាយជា​វិ​ប​ផត​ថ​ល​ចែករំលែក​ចំណេះដឹង​មួយ​កន្លែង​ដោយ​ឥត​គិតថ្លៃ​ ប្រមូលផ្តុំ​ការ​អនុវត្ត​ល្អ​បំផុត​ និង​ការ​រៀនសូត្រ​នានា​នៃ​សមាជិក​ចង្កោម​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។​ វិ​ប​ផត​ថ​ល​នឹង​ផ្សព្វផ្សាយ​ទិន្នន័យ​ និង​ព័ត៌មាន​តាម​រយៈ​ខ្លឹមសារ​អន្តរ​កម្ម​ និង​ងាយស្រួល​ប្រើ​ កាន់តែ​ទូលំទូលាយ​ដល់​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​នឹង​គម្រោង​នេះ​ អាច​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ​និង​ឥត​គិតថ្លៃ​ដោយ​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​។​ ខ្លឹមសារ​នៅលើ Learning Platform ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​តាម​វិស័យ​ដែល​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​អនុវត្ត​ រួម​មាន​៖​ នវានុវត្តន៍សង្គមឌីជីថល ការ​អប់រំ​ បរិស្ថាន​និង​ធនធានធម្មជាតិ ជនជាតិដើមភាគតិច​ យេ​ន​ឌ័​រនិងបរិយាបន្នសង្គម​ សារព័ត៌មាន​ សង្គមស៊ីវិល ​ធនធាន​ច្បាប់​ និងសម្ភារៈបណ្តុះបណ្តាល។​

ធនធានសិក្សា
Learning Platform អនុញ្ញាតឱ្យអ្នករៀនសូត្រ​​ និងចែករំលែក​​​ចំណេះដឹង​គ្នា​ទៅវិញ​ទៅមក​

ពង្រឹង​សមត្ថភាពឌីជីថល

ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស

អាចរៀនបានពីគ្រប់ទីកន្លែង

អំពីយើង

ជាគេហទំព័របណ្ដុះបណ្ដាលប្រកបដោយចីរភាពមួយសម្រាប់គ្រប់គ្នា

Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID Cambodia) តាម​រយៈ​អង្គការ​​អេហ្វ​ អេច​ អាយ​ 360​ (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។​

​ដើម្បី​ធានា​បាន​នូវ​ដំណើរការ​រយៈពេល​វែង​នៃ​គេហទំព័រ​ និង​និរន្តរភាព​នៃ​ការ​ចែករំលែក​ធនធាន​ចំណេះដឹង​ សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យធ្វើ​ជា​ម្ចាស់​នៃ​គេហទំព័រ​តាម​រយៈ​ការ​ប្រើប្រាស់​គណនី​របស់​ខ្លួន​ដើម្បី​ចូល​ទៅ​ធ្វើការ​បង្ហោះ​មាតិកា​នៅ​លើ​វេបសាយ​ដោយ​ផ្ទាល់​។​ អូ​ឌី​ស៊ី​ក៏​នឹង​ផ្តល់​បន្ថែម​នូវ​ជំនាញ​ឌី​ជី​ថ​ល​ដែល​ទាក់ទង​នឹង​ការ​កសាង​សមត្ថភាព​ និង​ការ​បង្រៀន​ពី​របៀប​ដើម្បី​បង្ហោះ​មាតិកា​ដល់​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​។​ មុខងារ​បច្ចេកទេស​ទាំងមូល​នៃ​គេហទំព័រ​នឹង​ត្រូវ​បាន​ថែ​ទាំង​យ៉ាង​យកចិត្តទុកដាក់​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​

ស្វែងយល់បន្ថែម

ប្លក់

សូមអានប្លក់ថ្មីៗដែលបានធ្វើបច្ចុប្បន្នភាពជាប្រចាំ

690

លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​លើ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​ភូមិ​ខ្ញុំ​ បាន​រៀបចំ​សិក្ខា​សាល​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្រោម​គម្រោង​ “​ការ​លើកកម្ពស់​អភិបាលកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ​តាម​រយៈ​វិធីសាស្ត្រ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​”​ នៅ​ខេត្តមណ្ឌលគិរី​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជំរុញ​ការ​សម្រេចចិត្ត​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ៦០​ នាក់​ រួម​មាន​តំណាង​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន​ រដ្ឋបាល​ខេត្តមណ្ឌលគិរី​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ អាជ្ញាធរ​មូលដ្ឋាន​ និង​សមាជិក​សហគមន៍​។​ ទោះបីជា​មានការ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​ដោយ​ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​សហគមន៍​នៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។​ សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ លោក​ ធី​ ទ្រី​ បាន​បើក​កម្មវិធី​ដោយ​លើក​ឡើង​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​សិក្ខាសាលា​នេះ​ជាមួយនឹង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ដែល​កំណត់​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។​ លោក​បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិភាក្សា​ សួរ​សំណួរ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​បង្ហាញ​ក្តី​បារម្ភ​។​ លោក​ក៏​បាន​ណែនាំ​ផង​ដែរ​អំពី​ព័ត៌មាន​ទិន្នន័យ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា​ នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​រំពឹង​ថា​នឹង​បង្កើន​ការ​ចូល​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​។​ ​សុន្ទរកថា​បើក​ដោយ​លោក​ ងិ​ន​ សុ​វិមាន​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ ​លោក​ ងិ​ន​ សុ​វិមាន​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​អ្នកចូលរួម​ និង​អ្នក​រៀបចំ​ ជា​ពិសេស​បាន​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​អូ​ឌី​ស៊ី​ និង​អង្គការ​ភូមិ​ខ្ញុំ​ ដែល​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ឡើង​។​ លោក​បាន​លើក​ឡើង​ពី​សមិទ្ធិ​ផល​នៃ​ការ​អភិវឌ្ឍ​របស់​ខេត្តមណ្ឌលគិរី​ លើ​វិស័យ​អប់រំ​ សុខាភិបាល​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​កសិកម្ម​ ដោយ​យកចិត្តទុកដាក់​លើ​កត្តាចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ លោក​ សុ​វិមាន​ បាន​សង្កត់ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខេត្តមណ្ឌលគិរី​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​។​ ​បទ​បង្ហាញ​លម្អិត​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ ដោយ​លោក​ ជា​ ឡេ​ង​ លោក​ ជា​ ឡេ​ង​ អនុប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​។​ លោក​បាន​សម្របសម្រួល​កិច្ច​ពិភាក្សា​ ដែល​លើកទឹកចិត្ត​អ្នកចូលរួម​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ និង​បញ្ហា​ប្រឈម​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ កិច្ច​ពិភាក្សា​បាន​បង្ហាញ​ពី​កម្រិត​នៃ​ការ​យល់​ដឹង​ផ្សេងៗ​គ្នា​របស់​អ្នកចូលរួម​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​មួយ​ចំនួន​ទទួល​បាន​ព័ត៌មាន​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ខណៈ​អ្នកចូលរួម​មួយ​ចំនួន​ទៀត​មិន​បាន​ទទួល​ព័ត៌មាន​។​ កិច្ច​ពិភាក្សា​នេះ​បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ និង​ការ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជា​ពិសេស​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​។​ ​វគ្គ​សំណួរ​ និង​ចម្លើយ​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​គម្រោង​ និង​ហេតុ​ប៉ះពាល់​របស់​គម្រោង​ទាំងនោះ​លើ​សហគមន៍​មូលដ្ឋាន​។​ លោក​ ជា​ ឡេ​ង​ បាន​បញ្ជាក់​ថា​ សហគមន៍​មាន​សិទ្ធិ​លើក​ឡើង​ពី​កិច្ច​បារម្ភ​ និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​យល់​ច្រ​លំ​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​ការ​ពន្យារពេល​នៃ​ការ​អភិវឌ្ឍ​ ដោយ​ពន្យល់​ពី​គោលបំណង​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នៃ​គម្រោង​អភិវឌ្ឍន៍​។​ បញ្ហា​ប្រឈមសំខាន់ៗ​ និង​ការ​ចូលរួម​របស់​សហគមន៍​ អ្នកចូលរួម​បាន​លើក​ពី​តម្រូវការ​សម្រាប់​ការ​ទទួល​បានការ​ទំនាក់ទំនង​ច្បាស់លាស់​ និង​ទាន់​ពេលវេលា​អំពី​គម្រោង​អភិវឌ្ឍន៍​។​ ពួក​គាត់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​ រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​មិន​ពេញលេញ​ ការ​លំបាក​ក្នុង​ការ​ចរចា​សំណង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ និង​ឧបសគ្គ​ភាសា​។​ ពួក​គាត់​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​អ៊ីនធឺណិត​ ធានា​ថា​ព័ត៌មាន​មាន​ជា​ភាសា​ក្នុងស្រុក​ ផ្តល់​ការ​ជូនដំណឹង​ដល់​កិច្ចប្រជុំ​ទាន់​ពេលវេលា​ និង​ស្នើ​សុំ​ឯកសារ​បន្ថែម​ទៀត​ពី​ម្ចាស់​គម្រោង​។​ ការ​ដោះស្រាយ​ឧបសគ្គ​ទាំងនេះ​អាច​ពង្រីក​លំហូរ​ព័ត៌មាន​ និង​ការ​ចូលរួម​របស់​សហគមន៍​ និង​ជួយ​សម្រួល​ដល់​ការ​សម្រេចចិត្ត​ និង​កាត់​បន្ថយ​ជម្លោះ​កាន់តែ​ប្រសើរ​ឡើង​។​ ​បទ​បង្ហាញ​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​លោក​ បាន​ ច័ន្ទ​ផល្លា​ លោក​ បាន​ ច័ន្ទ​ផល្លា​ បាន​លើក​ឡើង​ពី​តួនាទី​របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​លើកកម្ពស់​តម្លាភាព​ និង​ពង្រីក​វិសាលភាព​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តាម​រយៈ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​បរទេសនៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ទំព័រ​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​អំពី​គម្រោង​វិនិយោគ​បរទេស​ និង​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដែល​អាច​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​ ​សុន្ទរកថា​បិទ​ដោយ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភូមិ​ខ្ញុំ​ ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ បាន​បិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ដោយ​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ និង​ដៃគូ​ទាំងអស់​។​ លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ចែករំលែក​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ និង​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ និង​ការ​គាំទ្រ​សម្រាប់​សហគមន៍​មូលដ្ឋាន​។​ លោក​ ដា​រ៉ា​ បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ និង​ជំរុញ​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​។​

301

ការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​ដើម្បី​ការ​ការពារ​សិទ្ធិ​ដីធ្លី​

រដ្ឋាភិបាល​កម្ពុជា​បាន​តាក់តែង​ច្បាប់​ភូមិបាល​ថ្មី​ទាំងស្រុង​ (​សេចក្តីព្រាងច្បាប់​)​ ជាង​២០​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ពី​សង្គម​ស៊ី​វិល​ សហគមន៍​មូលដ្ឋាន​ និង​ជនជាតិ​ដើម​ភាគតិច​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ស្វែងរក​ឱកាស​ជា​ផ្លូវការ​ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​ ហើយ​បាន​ផ្តល់​នូវ​ធាតុ​ចូល​ស្ថាបនា​ដោយ​ផ្អែក​លើ​កិច្ច​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២៤​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​មួយ​ដែល​មាន​ចំនួន​ ៧​មាតិកា​ ១៣​ជំពូក​ និង​សរុប​ ១៩៩​មាត្រា​។​ អូ​ឌី​ស៊ី​ បាន​ដាក់​លិខិតផ្លូវការ​មួយ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ស្នើ​សុំ​ឱកាស​ដើម្បី​ពិនិត្យ​ និង​ផ្តល់​ធាតុ​ចូល​ស្ថាបនា​លើ​សេចក្តីព្រាងច្បាប់​នេះ​។​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​សំណើ​ និងផ្តល់សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អូ​ឌី​ស៊ី​ ដោយ​ផ្តល់​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​ ​កិច្ច​សន្ទនា​ដែល​លើក​ឡើង​ពី​បញ្ហា​សំខាន់ៗ​ ដូច​ជា​តម្រូវការ​ការពារ​សិទ្ធិ​សមូហភាព​ ជា​ពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​សន្ទនា​ចំនួន​ពីរ​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​ ដោយ​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៣-១៤​ ខែកុម្ភៈ​ នៅ​ខេត្តសៀមរាប​ និង​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​។​ កិច្ច​សន្ទនា​ទាំង​ពីរ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ គម្រោង​ ALIGN​ និង​ អង្គការ​ LANDESA​។​ ក្នុង​កិច្ច​សន្ទនា​លើក​ទី​មួយ​ អ្នកជំនាញ​ច្បាប់​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​វិភាគ​លើ​មាត្រា​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដល់​អ្នកចូលរួម​។​ បន្ទាប់​មក​ អ្នកចូលរួម​បាន​ពិភាក្សា​ និង​ផ្តល់​ធាតុ​ចូល​ កង្វល់​ និង​អនុសាសន៍​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ​។​ ​តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​សន្ទនា​នេះ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយបារម្ភ​អំពី​ពេលវេលា​កំណត់​ដែល​បាន​ផ្តល់​សម្រាប់​ធ្វើការ​ស្វែង​យល់​អំពី​វិសោធនកម្ម​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ ផ្សព្វផ្សាយដល់​សហគមន៍​របស់​ពួក​គាត់​ និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​សហគមន៍​មក​វិញ​។​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ យល់​ថា​កិច្ច​សន្ទនា​នេះ​គឺជា​កិច្ច​ប្រជុំ​ផ្តល់​ព័ត៌មាន​ជា​ជាង​ការ​ប្រឹក្សា​យោបល់​។​ ​ជា​លទ្ធផល​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ផ្តល់​ធាតុ​ចូល​របស់​ពួក​គាត់​លើ​សេចក្តីព្រាងច្បាប់​នេះ​បាន​ទេ​ និង​បាន​ស្នើ​សុំ​ពន្យារពេល​សម្រាប់​ដំណើរការ​ពិគ្រោះ​យោបល់​។​ អូ​ឌី​ស៊ី​ និង​ដៃគូ​យល់​ពី​ការ​ឆ្លើយ​តប​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយសារ​ការ​កំណត់​ពេលវេលា​សម្រាប់​ការ​បញ្ចូល​ធាតុចូលក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​ផង​ដែរ​។​ ​កិច្ច​សន្ទនា​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​បង្រួបបង្រួម​ធាតុ​ចូល​ និង​អនុសាសន៍​ ដែល​បាន​មក​ពី​កិច្ច​សន្ទនា​លើក​ទី​១​ នៅ​ខេត្តសៀមរាប​។​ បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ​ អូ​ឌី​ស៊ី​ និង​ដៃគូ​បាន​រៀបចំ​ និង​បញ្ជូន​ធាតុ​ចូល​ និង​អនុសាសន៍​រួម​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ឯកសារ​នេះ​មាននៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​អាច​ចូល​ប្រើ​បានជា​សាធារណៈ​។​ ឯកសារ​នេះ​បង្ហាញ​ពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​តម្រូវការ​បញ្ជាក់​ការ​ធានា​ការពារ​កម្មសិទ្ធិ​សមូហភាព​ សិទ្ធិ​ប្រើប្រាស់​ សិទ្ធិ​ទទួល​បាន​ផល​នៃ​ដី​ និង​សិទ្ធិ​ទាក់ទង​នឹង​ដីធ្លី​ និង​អចលនវត្ថុ​ផ្សេង​ទៀត​របស់​ជនជាតិ​ដើម​ភាគតិច​ និង​វត្ត​ពុទ្ធសាសនា​។​ ឯកសារ​ធាតុ​ចូល​ក៏​បាន​ស្នើ​សុំ​ឱ្យ​មានការ​ពិចារណា​បន្ថែម​ទៀត​ចំពោះ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ការពារ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​មូលដ្ឋាន​។​ ​នៅ​ដើមខែ​មីនា​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ទ្បើ​ង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៅក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធាតុ​ចូល​ជាង​ ១៥​ ពី​អូ​ឌី​ស៊ី​ ត្រូវ​បាន​ដាក់​បញ្ចូល​ រួម​មាន​មតិយោបល់​ទាក់ទង​នឹង​ការ​ចាត់​ថ្នាក់​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​ ពេលវេលា​សម្រាប់​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សហគមន៍​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ ការ​លើកកម្ពស់​សមធម៌​ក្នុង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ ការ​បញ្ជាក់​អំពី​រយៈពេល​នៃ​បណ្តឹងតវ៉ា​ ដំណើរការ​ដាក់​ពាក្យបណ្តឹង​ និង​ព័ត៌មាន​លម្អិត​អំពី​សទ្ទានុក្រម​។​ ​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​ចែករំលែក​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ពេលវេលា​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​ ចន្លោះ​ពេល​សម្រាប់​ការ​បកប្រែ​សេចក្តីព្រាងច្បាប់​នេះ​ទៅ​ជា​ភាសា​អង់គ្លេស​ និង​ការ​ចែករំលែក​សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​របស់​យើង​ ក៏​ដូច​ជា​ការ​ធ្វើ​កិច្ច​សន្ទនា​ផង​ដែរ​ មាន​ន័យ​ថា​ឯកសារ​ធាតុ​ចូល​មិន​បាន​គ្របដណ្តប់​លើ​ចំណុច​សំខាន់ៗ​ទាំងអស់​ឱ្យ​បាន​ហ្មត់ចត់​ តាម​ដែល​អាច​ធ្វើ​បាន​ ប្រសិនបើ​មាន​ពេលវេលា​បន្ថែម​ទៀត​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​លើក​ដំបូង​។​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​ អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ និង​កិច្ចប្រជុំ​បន្ថែម​ និង​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​។​ ​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​សិទ្ធិ​របស់​ស្ដ្រី​ក្នុង​ភាព​ជា​ម្ចាស់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​នានា​ដែល​ក្រុមការងារ​បាន​ទទួល​កន្លង​មក​។​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​សិក្ខាសាលា​មួយ​ផ្សេង​ទៀត​ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​។​ បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​គាំទ្រ​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​អង្គការ​ភូមិ​ខ្ញុំ​ ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដោយ​ផ្តោត​លើ​ដំណើរការ​ និង​បញ្ហា​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​ ​យោង​តាម​មន្ត្រី​ក្រសួង​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នឹង​បន្ត​ពិនិត្យ​ និង​បញ្ចូល​ធាតុ​ចូល​តាម​ភាព​សម​ស្រប​ ហើយនឹង​ចែករំលែក​សេចក្តីព្រាងច្បាប់​ដែល​បាន​កែសម្រួល​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ដោយ​ផ្អែក​លើ​ការ​ណែនាំ​នេះ​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​បន្ត​ពិនិត្យ​ និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​វិសោធនកម្ម​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ និង​បាន​បញ្ជូន​ធាតុ​ចូល​លើក​ទី​ពីរ​ ទៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​បាន​កែសម្រួល​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០២៤​។​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​របស់​យើង​នៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចែករំលែក​ជាមួយ​អូ​ឌី​ស៊ី​ នូវ​កំណែ​ចុង​ក្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ​។​ អូ​ឌី​ស៊ី​បាន​សង្កេត​ឃើញ​ថា​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ពុំ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ចុង​ក្រោយបង្អស់​នោះ​ទេ​។​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​មាន​បំណង​ទទួល​បាន​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការពិគ្រោះ​យោបល់​ប្រកបដោយ​ភាព​ស្ថាបនា​ និង​ភាព​ម៉ត់ចត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​របស់​យើង​ទៅ​តាម​ចំណុច​នីមួយៗ​។​ ​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​ឱ្យ​មាន​កំណែទម្រង់​ច្បាប់​ភូមិបាល​ប្រកបដោយ​បរិ​យា​បន្ន​ ដែល​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គម្រោង​ ALIGN​ និង​អង្គការ​ LANDESA​ បាន​អនុញ្ញាត​ឱ្យ​អូ​ឌី​ស៊ី​ចូលរួម​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​លើ​ដំណើរការ​វិសោធនកម្ម​ច្បាប់​ភូមិបាល​នៅ​ប្រទេស​កម្ពុជា​ ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​គោលការណ៍​នៃ​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្នុង​អភិបាលកិច្ច​ដីធ្លី​។​ តាម​រយៈ​ការ​បង្រួបបង្រួម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ អូ​ឌី​ស៊ី​ព្យាយាម​លើកកម្ពស់​តម្លាភាព​ និង​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​ដីធ្លី​នៅ​កម្ពុជា​។​ ធាតុ​ចូល​ដែល​បាន​ផ្តល់​ដោយ​អូ​ឌី​ស៊ី​តម្លើង​សំឡេង​របស់​សហគមន៍​មូលដ្ឋាន​ទៅ​កាន់​រដ្ឋាភិបាល​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​លើកកម្ពស់​ចីរភាព​ និង​បរិ​យា​បន្ន​ក្នុង​សិទ្ធិ​ដីធ្លី​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​ ​ទោះបីជា​ធាតុ​ចូល​ និង​អនុសាសន៍​ទាំង​អស់ពី​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​មិន​ត្រូវ​បាន​រួម​ប​ញ្ជូ​ល​ដោយ​រដ្ឋាភិបាល​ក្តី​ កិច្ចសហការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ពិភាក្សា​សំខាន់ៗ​ ជា​ពិសេស​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ក្នុង​ចំណោម​ក្រុម​ភាគតិច​ដូច​ជា​ ជនជាតិ​ដើម​ភាគតិច​ ស្ត្រី​មេម៉ាយ​ និង​បុគ្គល​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ បន្ត​ទៅ​មុខ​ អូ​ឌី​ស៊ី​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ពិភាក្សា​និង​ពន្យល់​អំពី​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ និង​ផ្តល់​ធាតុ​ចូល​ដែល​ច្បាស់លាស់​ និង​ពេញលេញ​បន្ថែម​ទៀត​ទៅ​លើ​សេចក្តីព្រាងច្បាប់​ដើម្បី​ធានា​ថា​ច្បាប់​ថ្មី​នេះ​ជម្រុញឱ្យមាន​បរិ​យា​បន្ន​ សមធម៌​ និង​ប្រសិទ្ធភាព​ដោយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​អ​ចេតនា​លើ​ក្រុម​ដែល​ងាយ​រង​គ្រោះ​ ដូច​ជា​ប្តី​ប្រពន្ធ​ដែល​លែងលះ​ ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​របស់​ពួក​គាត់​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​ម្ចាស់​ដី​ដែល​មិន​បាន​ចុះបញ្ជី​ និង​ការ​ជៀសវាង​ពី​បទ​ប្បញ្ញត្តិ​ ឬ​រដ្ឋបាល​នៃ​ការ​កាន់កាប់​ដីធ្លី​ និង​សិទ្ធិ​អចលនវត្ថុ​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

142

ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​ក្នុង​ការ​កាន់កាប់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​៖​ ការ​យល់​ដឹង​ពី​កិច្ច​ពិភាក្សា​ចែករំលែក​ចំណេះដឹង​

​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ សហការ​ជាមួយ​អង្គការ​យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​គ្រួសារ​អន្តរជាតិ​-​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ Advancing​ Land-based​ Investment​ Governance​ (ALIGN)​ និង​ Landesa​ បាន​រៀបចំ​កិច្ច​ពិភាក្សា​សំខាន់​មួយ​លើ​ ”​សិទ្ធិ​របស់​ស្ដ្រី​ក្នុង​ភាព​ជា​ម្ចាស់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​”​ នៅ​ការិយាល័យ​មូលនិធិ​ហេ​ន​រេច​បូល​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​មាន​អ្នកចូលរួម​ពី​បណ្តាល​អង្គការ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​ចំនួន​ ២២​នាក់​ (​ស្ដ្រី​១៥​នាក់​)​។​ “​ហេតុ​អ្វី​បានជា​កិច្ច​ពិភាក្សា​នេះ​មាន​សារៈសំខាន់​?”​ កិច្ច​ពិភាក្សា​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា​អំពី​ការ​ចូលរួម​របស់​ស្ត្រី​ និង​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ មួយ​ខែ​ចុង​ក្រោយ​នេះ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ អង្គការ​អូ​ឌី​ស៊ី​បាន​ទទួល​លិខិត​សំខាន់​មួយ​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​ភូមិបាល​។​ ហេតុនេះ​ ទើប​មាន​កិច្ច​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ដើម្បី​ពិនិត្យ​ និង​ប្រមូល​ធាតុ​ចូល​សម្រាប់​សេចក្តីព្រាងច្បាប់​។​ គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ​ មិនមែន​សម្រាប់​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដីព្រាងច្បាប់​ភូមិបាល​នោះ​ទេ​ ប៉ុន្ដែ​ជា​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ និង​ចំណេះដឹង​អំពី​បញ្ហា​ដែល​ស្ដ្រី​ប្រឈម​នៅ​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​។​ ​អង្គការ​អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​សុន្ទរកថា​គន្លឹះ​ដែល​សង្កត់ធ្ងន់​ពី​ការ​បេ្ដ​ជ្ញា​ចិត្ត​ចំពោះ​សមភាព​យេ​ន​ឌ័​រ​ក្នុង​ភាព​ជា​ម្ចាស់​ដី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ អូ​ឌី​ស៊ី​បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ និង​គូសបញ្ជាក់​អំពី​ចំណុច​សំខាន់​នៃ​កិច្ច​ពិភាក្សា​បើក​ទូលាយ​មួយ​នេះ​។​ គោលបំណង​នៃ​កិច្ច​ពិភាក្សា​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​អ្នកចូលរួម​ទាំងអស់​បញ្ចេញ​មតិយោបល់​ដោយ​សេរី​ ដែល​នឹង​កត់ត្រា​ទុកជា​លទ្ធផល​សម្រាប់​របាយការណ៍​។​ ​កិច្ច​ពិភាក្សា​បាន​ស្វែង​យល់​ពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​ទាក់ទង​នឹង​សិទ្ធិ​ស្ដ្រី​ក្នុង​ការ​កាន់កាប់​ដីធ្លី​។​ រដ្ឋធម្មនុញ្ញ​កម្ពុជា​ មាត្រា​ ៣១​ និង​ ៤៥​ បញ្ជាក់​យ៉ាង​ច្បាស់​ពី​សិទ្ធិ​ស្ត្រី​ និង​ហាមប្រាម​ការ​រើសអើង​ចំពោះ​ស្ត្រី​គ្រប់​រូប​។​ ប្រទេស​កម្ពុជា​មានការ​ប្តេជ្ញា​ចំពោះ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដូច​ជា​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ស្ដ្រី​ ដែល​ពង្រឹង​សិទ្ធិ​របស់​ស្រី្ត​។​ ក្របខ័ណ្ឌ​សកល​ដូច​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ការ​ផ្ដួចផ្ដើម​ក្នុង​តំបន់​ដូច​ជា​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេ​ន​ឌ័​រ​អាស៊ាន​ សុទ្ធសឹងតែ​ជំរុញ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​ក្នុង​កម្មសិទ្ធិ​ដីធ្លី​។​ ការ​យល់​ឃើញ​របស់​អ្នកចូលរួម​ គឺជា​ចំណុច​សំខាន់​របស់​កម្មវិធី​នេះ​។​ ក្នុង​នោះ​អ្នកចូលរួម​ម្នាក់​គឺ​បាន​បញ្ចេញមតិ​មួយ​ថា​ ក្របខ័ណ្ឌ​ច្បាប់​មិន​ទាន់​បាន​ឆ្លុះ​បញ្ចាំង​អំពី​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ជា​ពិសេស​គឺ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​មរតក​ និង​ទ្រព្យសម្បត្តិ​ពី​ដៃគូរ​ភេទ​ដូច​គ្នា​។​ គម្លាត​នេះ​គូសបញ្ជាក់​ពី​សារៈសំខាន់​កំណែទម្រង់​ច្បាប់​ ដោយ​ទទួលស្គាល់​ពី​ភាព​ខុស​គ្នា​នៃ​រចនាសម្ព័ន្ធ​របស់​គ្រួសារ​ផ្សេងៗ​គ្នា​ និង​ធានា​បាន​នូវ​សិទ្ធិ​អចលនទ្រព្យ​ប្រកបដោយ​សមធម៌​ ។​ ​បញ្ហា​សំខាន់​មួយទៀត​ដែល​បាន​លើក​ឡើង​ គឺ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ស​ន្និ​សញ្ញា​ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុង​បរិយាកាស​ផ្លូវច្បាប់​ដ៏​ស្មុគស្មាញ​របស់​កម្ពុជា​។​ ទោះបីជា​បាន​អនុម័ត​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ជា​ច្រើន​ក៏​ដោយ​ ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ អ្នកចូលរួម​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​បញ្ចូល​បទ​ប្បញ្ញត្តិ​អន្តរជាតិ​ទាំងនេះ​ទៅ​ក្នុង​ច្បាប់​ជាតិ​ជា​ធរមាន​ ដើម្បី​ដោះស្រាយ​បញ្ហា​យេ​ន​ឌ័​រ​ និង​សិទ្ធិ​ដីធ្លី​ប្រកបដោយ​ប្រសិទ្ធភាព​។​ បញ្ហា​ប្រឈម​ជាក់ស្តែង​សម្រាប់​ស្ត្រី​ក្នុង​កម្មសិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ត្រូវ​បាន​គូសបញ្ជាក់​ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​របស់​អ្នកចូលរួម​ដែល​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ជា​ពិសេស​ស្ត្រី​តែ​ម្តង​។​ ឧទាហរណ៍​មួយ​នៃ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ គឺ​នៅ​ពេល​ដែល​ពួក​គេ​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​របស់​ពួក​គេ​ ជា​រឿយៗ​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​រារាំង​ពី​សមាជិក​សហគមន៍​ជា​បុរស​។​ នេះ​បង្ហាញ​ពី​តម្រូវការ​សម្រាប់​យន្តការ​គាំទ្រ​គោលដៅ​ និង​គំនិត​ផ្តួចផ្តើម​កសាង​សមត្ថភាព​ ដើម្បី​ផ្តល់​អំណាច​ដល់​អ្នកដឹកនាំ​ជា​ស្ត្រី​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ អ្នកចូលរួម​ផ្សេង​ទៀត​បាន​ពណ៌នា​ថា​ បំណងប្រាថ្នា​របស់​ស្ត្រី​សម្រាប់​កម្មសិទ្ធិ​ដីធ្លី​ជា​រឿយៗ​ត្រូវ​បាន​ជំរុញ​ដោយ​តួនាទី​របស់​ពួក​គេ​ជា​អ្នក​ថែទាំ​ចម្បង​ និង​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ចំពោះ​ភាព​រុងរឿង​ក្នុង​គ្រួសារ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ បទដ្ឋាន​វប្បធម៌​ និង​តួនាទី​ប្រពៃណី​នៅ​តែ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ស្ត្រី​នៅ​ក្នុង​អភិបាលកិច្ច​ដីធ្លី​។​ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​កំណត់​ថា​ជា​ឧបករណ៍​ដ៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​។​ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ផ្តល់​នូវ​វិធីសាស្ត្រ​មិន​ប្រឆាំង​ និង​ការ​ចំណាយ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ ដែល​មាន​ប្រយោជន៍​ជា​ពិសេស​ចំពោះ​សហគមន៍​ដែល​នៅ​ខ្វះខាត​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ តំណាង​ស្ត្រី​នៅ​ក្នុង​យន្តការ​ទាំងនេះ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ ដែល​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការ​អនុវត្ត​ប្រកបដោយ​បរិ​យា​បន្ន​បន្ថែម​ទៀត​។​ ​កិច្ច​ពិភាក្សា​ចែករំលែក​ចំណេះដឹង​ស្តី​ពី​សិទ្ធិ​ស្ត្រី​ក្នុង​ការ​កាន់កាប់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ និង​ការ​សហការ​គ្នា​។​ កម្មវិធី​នេះ​នាំ​យក​នូវ​សំឡេង​ចម្រុះ​រួម​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ជា​មូលដ្ឋាន​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​អនាគត​ ដើម្បី​បង្កើត​អនាគត​ប្រកបដោយ​សមធម៌​ និង​និរន្តរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ ជា​ពិសេស​ស្ត្រី​។​ យើង​ត្រូវ​បន្ត​ជំរុញ​កិច្ច​ពិភាក្សា​រួម​ ជំរុញ​កំណែទម្រង់​ច្បាប់​ និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​កសាង​សមត្ថភាព​តាម​គោលដៅ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ កម្ពុជា​អាច​ចាត់វិធានការ​សំខាន់ៗ​ឆ្ពោះទៅ​រក​ការ​ទទួលស្គាល់​ ការ​គោរព​ និង​ការពារ​សិទ្ធិ​ស្ត្រី​ក្នុង​កម្មសិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​

ព្រឹត្តិការណ៍ចុងក្រោយ

សូមតាមដាននូវរាល់ព្រឹត្តិការណ៍ថ្មីៗចុងក្រោយអំពីពួកយើងនៅទីនេះ

វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន 

វេទិកាស្ដីពីភាពធន់នៃសន្ដិសុខសាយប័រ ត្រូវបានរៀបចំក្នុងគោលបំណងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា ដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបានបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។   កាលបរិច្ឆទ៖ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ (១២:៣០នាទី-១៧:០០នាទីរសៀល)  ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)  តំណចុះឈ្មោះ https://form.gov.kh/671875afe5f8d80012a4c08d សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេលេក្រាម) 

កម្មវិធី RightsCon 25

សម្រាប់កម្មវិធីលើកទី ១៣ របស់ខ្លួន Access Now នឹងរៀបចំកម្មវិធី RightsCon ២៥ នៅទីក្រុងតៃប៉ិ តៃវ៉ាន់ និងតាមអ៊ីនធឺណិតចាប់ពីថ្ងៃច័ន្ទ ទី ២៤ ខែកុម្ភៈ ដល់ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ដែលជាការកត់សម្គាល់កិច្ចប្រជុំកំពូលលើកដំបូងរបស់យើងនៅអាស៊ីបូព៌ា និងការវិលត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញបន្ទាប់ពីមួយទសវត្សរ៍។ ជារៀងរាល់ឆ្នាំ RightsCon កោះប្រជុំអ្នកដឹកនាំធុរកិច្ច អ្នកបង្កើតគោលនយោបាយ ទីប្រឹក្សាទូទៅ តំណាងរដ្ឋាភិបាល អ្នកបច្ចេកទេស អ្នកសិក្សា អ្នកសារព័ត៌មាន និងអ្នកតស៊ូមតិសិទ្ធិមនុស្សមកពីជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាសម្ពាធនៅចំនុចប្រសព្វនៃសិទ្ធិមនុស្ស និងបច្ចេកវិទ្យា។ ក្នុងការចូលរួមការជជែក សិក្ខាសាលា តុមូលជាយុទ្ធសាស្ត្រ កិច្ចប្រជុំឯកជន និងកន្លែងតាំងពិពណ៌ដ៏រស់រវើក RightsCon គឺជាកន្លែងដែលចលនាសកលមករួមគ្នាដើម្បីបង្កើតយុទ្ធសាស្រ្ត និងជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកពិភពឌីជីថលដែលកាន់តែសេរី បើកចំហ និងតភ្ជាប់។

កម្ពុជា អាយស៊ីធីខែម ២០២៤

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួនកំពុងរៀបចំកម្មវិធី​កម្ពុជា អាយស៊ីធីខែម ២០២៤ ចំនួន ៣ ថ្ថៃ ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងក្លាយជា កម្ពុជា អាយស៊ីធីខែម លើកទីបីដែលនឹងប្រារព្ធឡើង។ ខែមដែលកើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលធ្វើឡើងនៅខេត្តសៀមរាប ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងឆ្នាំ ២០១៨ បន្ទាប់មកខែមទីពីរនៅឆ្នាំ ២០២២។ កម្ពុជា អាយស៊ីធីខែម ២០២៤ គឺជាព្រឹត្តិការណ៍អន្តរកម្មមួយដែលមានវគ្គចែករំលែក ការពិភាក្សាជាក្រុម និងសកម្មភាពដែលដឹកនាំដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្នែក ICT សន្តិសុខតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត (AI) សារព័ត៌មាន និងសិទ្ធិឌីជីថល។ ខែមនេះនឹងប្រមូលផ្តុំអ្នកចូលរួមមកពីវិស័យចម្រុះ ប៉ុន្តែមានទំនាក់ទំនងគ្នាទៅវិញទៅមក រួមមានប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមតស៊ូមតិសិទ្ធិឌីជីថល អ្នកជំនាញផ្នែកច្បាប់ បណ្ឌិតសភា វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេនឹងមានឱកាសចូលរួមក្នុងការចែករំលែកចំណេះដឹងស៊ីជម្រៅដោយអ្នកជំនាញ ទទួលបានបទពិសោធន៍ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវិតពិត និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចូលរួមផ្សេងទៀត។ វាគ្មិន និងអ្នកសម្របសម្រួលនឹងមកពីប្រទេសកម្ពុជា ប្រទេសមេគង្គ និងតំបន់ផ្សេងៗទៀត។ ពួកគេ​នឹង​នាំមក​នូវ​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​ការពិភាក្សា។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ នឹង​នាំ​អ្នក​ចូល​រួម​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប ដែល​ជា​កន្លែងនៃ​បេតិកភណ្ឌ​ពិភពលោក​អង្គរ។

ដៃគូរបស់យើង

យូអេសអេអាយឌី
International Center For Not-For-Profit Law
សុខភាពគ្រួសារអន្តរជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ