Learning Platform Close

វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​

​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​

​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​

លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​

​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​

ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​

របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

រឿងរ៉ាវផ្សេងទៀត

2227

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ "​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ "​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

1265

កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦ ​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា

ខេ​ម​បូ​ចា​ សហការ​ជាមួយ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​មក​ពី​សាក​វិទ្យាល័យ​នានា​ និង​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៩​នាក់​។​ ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ ហួរ​ អ៊ិ​ច​ អ្នកជំនាញ​គ្រប់​គ្រង់​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ ចំណេះដឹង​ និង​ជំនាញ​លើ​ប្រធានបទ​នេះ​។​​សកម្មភាព​នេះ​គាំទ្រ​មូលនិធិ​ដោយ​ USAID​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។

1771

កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។