Learning Platform Close

ប្លក់

ប្លក់

93

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។

79

កិច្ច​ពិភាក្សា​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​តំបន់​ទន្លេមេគង្គ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ “​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​”​ នៅ​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ នៅ​ Borneo​ Convention​ Centre​ Kuching​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​ពិភាក្សា​របស់​យើង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ដោយ​បង្ហាញ​ពី​កិច្ចការ​ដែល​អង្គការ​អូ​ឌី​ស៊ី​កំពុង​តែ​ធ្វើ​។​ កិច្ច​ពិភាក្សា​នេះ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​វឌ្ឍនភាព​ និង​កា​រវិ​វត្ត​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ឱកាស​ដើម្បី​សិក្សា​រៀនសូត្រ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។​ សំណួរ​សំខាន់ៗ​ចំនួន​បី​ត្រូវ​បាន​ពិភាក្សា​ ដែល​សំណួរ​គឺ​ទាក់ទង​នឹង​ក្រប​ខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ គម្លាត​នៃ​ការ​ស្រាវជ្រាវ​ និង​អាទិភាព​សម្រាប់​ជំរុញ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ការ​ចែករំលែក​ចំណេះដឹង​និង​ឱកាស​ និង​បញ្ហា​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​។​ ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​លើ​បរិស្ថាន​នៅ​មាន​កម្រិត​ ការ​បង្កើត​និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ចាំបាច់​ណាស់​សម្រាប់​គម្រោង​វិនិយោគ​សំខាន់ៗ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​លើ​គម្រោង​ផង​ដែរ​។​ ការ​អភិវឌ្ឍ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​លំហូរ​វិនិយោគ​។​ ក្រៅពី​ការ​រួមចំណែក​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ហេតុ​ប៉ះពាល់​បរិស្ថាន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ​ទាំង​កម្រិត​តូច​ និង​កម្រិត​ធំ​។​ កម្រិត​តូច​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ការ​ទាក់ទាញ​នៃ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ និង​តម្លៃ​បរិស្ថាន​ ចំណែកឯ​កម្រិត​ធំ​ផ្តោត​លើ​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​អំពី​ថា​ តើ​ការ​វិនិយោគ​បរទេស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រទេស​ដែរ​ឬទេ​។​ ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ (២០១៦-២០២៣)​ អនុក្រឹត្យ​លេខ​៧២​ ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ គឺជា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ ប្រទេស​កម្ពុជា​។​ ក្រម​នេះ​អាច​ធ្វើ​ឱ្យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្លាយជា​តម្រូវការ​សម្រាប់​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​។​ ដំណើរការ​នៃ​ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​តែ​គិតគូរ​ជា​ពិសេស​ និង​ផ្តល់​ឱកាស​សម្រាប់​ជន​ងាយ​រង​គ្រោះ​ ក្រុម​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​ចូលរួម​។​ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ក៏​ដូច​ជា​សាធារណជន​ទូទៅ​ផង​ដែរ​។​ ទោះបីជា​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដោយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​ជា​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ក៏​ដោយ​ ក៏​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទើបតែ​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០១០​ ជាមួយនឹង​ការ​បោះពុម្ព​របាយការណ៍​ជាក់លាក់​នៃ​វិស័យ​មួយ​ចំនួន​ ដូច​ជា​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​ ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជលផល​នៅ​កម្ពុជា​ឆ្នាំ​២០១០-២០២៤​ ក៏​ត្រូវ​បាន​បោះពុម្ព​ផង​ដែរ​ ដែល​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ ចាប់ផ្ដើម​ដោយ​ការ​ផ្តោត​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ បច្ចុប្បន្ន​ អង្គការ​អូ​ឌី​ស៊ី​កំពុង​គាំទ្រ​ដល់​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ក្នុង​ការ​បង្កើត​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ នាយកដ្ឋាន​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​គោលការណ៍​ណែនាំ​បច្ចេកទេស​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​លើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​។​ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​ គោលការណ៍​ណែនាំ​ទាំងនេះ​នឹង​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។​ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ធានា​ថា​ធនធានធម្មជាតិ​របស់​យើង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​ អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​ផែនការ​គ្រប់គ្រង​ និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នឹង​មាន​និរន្តរភាព​ ប្រសិនបើ​មានការ​ដឹកនាំ​មាន​លក្ខណៈ​ជា​ក្រសួង​-​ស្ថាប័ន​។​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​មានបទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយសារ​តែ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិនមែន​ជា​រឿង​ដូច​គ្នា​នោះ​ទេ​ ហើយ​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នីមួយៗ​ក៏​មាន​លក្ខណៈ​ប្លែក​ពី​គេ​ផង​ដែរ​។​ កម្ពុជា​គួរតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​នេះ​ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ ស្រប​ពេល​ដែល​វា​អាច​ផ្តល់​ឱកាស​ និង​តម្លៃ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។​ យើង​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​បរិស្ថាន​ និង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​លទ្ធផល​នៃ​គោលការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ក្នុងអំឡុងពេល​ពិភាក្សា​ អ្នកចូលរួម​ក៏​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​ផង​ដែរ​។​

117

វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​របស់​ពួក​គេ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ ពី​សុវត្ថិភាព​អ៊ីនធឺណិត​ ក៏​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ រួម​ទាំង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។​ យើង​ក៏​បាន​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ទិន្នន័យ​ និង​គណនី​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១២​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​។​ ជាដំបូង​សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ បន្ទាប់​មក​ លោក​ ង៉ែត​ ម៉ូ​សេ​ អ្នក​បណ្តុះបណ្តាល​ និង​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ បាន​ស្នើ​ឱ្យ​សិក្ខាកាម​គ្រប់​រូប​ណែនាំ​ឈ្មោះ​ តួនាទី​ ស្ថាប័ន​ និង​ការ​រំពឹង​ទុក​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ស្វែង​យល់​ពី​សាវតា​ និង​តម្រូវការ​របស់​ពួក​គេ​។​ ​ លោក​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ “​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​”​ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពាក្យ​សម្ងាត់​ ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ​ និង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​។​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​។​ បន្ទាប់​មក​លោក​បាន​បន្ត​ទៅ​មេរៀន​មួយទៀត​ស្តី​ពី​ “​ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​”​ ដោយ​លោក​បាន​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ និង​របៀប​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព​ និង​បណ្តាញ​ឯកជន​និម្មិត​លើ​អ៊ី​ន​ធឺ​ណិ​ត​។​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​សិក្ខាកាម​ទាំងអស់​។​ វាគ្មិន​បាន​បង្ហាញ​ពី​វិធី​ការពារ​ទូរស័ព្ទ​ដៃ​ និង​អ៊ី​ម៉ែ​ល​យ៉ាង​ក្បោះក្បាយ​។​ បន្ទាប់​មក​ វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ចប់​ដោយ​ការ​សង្ខេប​មេរៀន​ និង​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ការ​យល់​ដឹង​របស់​សិក្ខាកាម​នីមួយៗ​។​ ​ការ​វាយតម្លៃ​ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​មតិ​កែ​លម្អ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ផង​ដែរ​។​ សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​របស់​យើង​គឺ​ សេង​ សុខ​ជាតិ​ សមាជិក​នៃ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ មាន​ចំណាប់អារម្មណ៍​ “​ខ្ញុំ​គិត​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឱ្យ​យើង​ចេះ​ការពារ​ឯកជន​ភាព​របស់​យើង​ពី​ជនខិលខូច​តាម​អន​ឡាញ​បាន​។​ អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​ អ៊ី​ន​ធឺ​ណែ​ត​ ឬ​កម្មវិធី​អន​ឡាញ​ផ្សេងៗ​ទៀត​ គួរតែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​គ្នា​។​” ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សន្តិសុខ​សាយ​ប័​របា​ន​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

81

វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​ឥទ្ធិពល​នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​ទៅ​លើ​សហគមន៍​មូលដ្ឋាន​ និង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​ “​ឥទ្ធិពល​នៃ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​ទៅ​លើ​សហគមន៍​មូលដ្ឋាន​ និង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​”​ កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣​ ដោយ​មាន​អ្នកចូលរួម​ចំនួន​ ៤៣​នាក់​ (​ស្រី​ ១៣​នាក់​)​ ក្នុង​នោះ​រួម​មាន​ តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​ អង្គការ​សង្គម​ស៊ី​វិល​ ក្រុមហ៊ុន​ទីប្រឹក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ អ្នក​សារព័ត៌មាន​ និង​ជនជាតិ​ដើម​ភាគតិច​ដែល​មក​ពី​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ ពោធិ៍សាត់​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​ខេត្តកំពង់ធំ​។​ កម្មវិធី​នេះ​រៀបចំ​ឡើង​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ និង​ក្រោម​ការ​គាំទ្រ​ពី​មូលនិធិ​ហេ​ន​រេច​បូល​ក្នុង​គម្រោងការ​លើកកម្ពស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​កាន់តែ​មាន​តម្លាភាព​ និង​ឆ្លើយ​តប​នៅ​កម្ពុជា​។​ ​វេទិកា​ថ្នាក់​ជាតិ​នេះ​មាន​គោលបំណង​ដូច​ជា​៖១.​ ផ្តល់​ឱកាស​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ពី​កង្វល់​របស់​ពួក​គេ​ទាក់ទង​នឹង​បទ​ប​ញ្ញ​ប្ប​ត្តិ​ព្រៃឈើ​ និង​ដីធ្លី​ដែល​មាន​ស្រាប់​ និង​កំពុង​ធ្វើ​វិសោធនកម្ម​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​។​២.​ កំណត់​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​៣.​ ពិភាក្សា​អំពី​អន្តរ​កម្ម​រវាង​សេចក្តីព្រាងច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​លើ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជា​ពិសេស​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ និង​សាធារណៈជន​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ អ្នក​រៀបចំ​កម្មវិធី​បាន​អញ្ជើញលោក​ អឿ​ អ៊ី​ល​ នាយក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​សំរាប់​ការ​វិភាគ​បញ្ហា​អភិវឌ្ឍន៍​ និង​លោកស្រី​ យ៉ា​ យាន់​នី​ តំណាង​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​មក​ពី​ខេត្តមណ្ឌលគិរី​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​កម្មវិធី​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​អ្នកសម្របសម្រួល​នៃ​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ \"​បទ​ប្បញ្ញត្តិ​ស្តី​ពី​ព្រៃឈើ​ និង​ដីធ្លី​\"​។​ ការ​ពិភាក្សា​បាន​ចាប់ផ្តើម​ដោយ​ការ​ណែនាំ​ពី​វាគ្មិន​ក៏​ដូច​ជា​ការងារ​របស់​គាត់​ផង​ដែរ​។​ មជ្ឈមណ្ឌល​សំរាប់​ការ​វិភាគ​បញ្ហា​អភិវឌ្ឍន៍​បាន​ចែករំលែក​នូវ​ការ​ស្រាវជ្រាវ​ពី​ការ​រ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ការ​កំណត់​ព្រំប្រទល់​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ និង​ស្រុក​ឆែប​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ​។​ ក្រសួងបរិស្ថាន​មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ និង​ចូលរួម​ជាមួយ​សហគមន៍​មូលដ្ឋាន​ក្នុង​ដំណើរការ​នេះ​។​ ក្រសួងបរិស្ថាន​បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ និង​ថ្នាក់​តំបន់​ជា​ច្រើន​លើក​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​ធ្វើ​ផែនទី​តំបន់​នេះ​។​ នេះ​គឺជា​ផែនទី​ដំបូង​ដែល​ពាក់ព័ន្ធ​មនុស្ស​ជា​ច្រើន​ ដូច្នេះ​មិន​មានការ​ព្រួយបារម្ភ​ដែល​លើក​ឡើង​ដោយ​សហគមន៍​មូលដ្ឋាន​ក្នុងអំឡុងពេល​ដំណើរការ​ធ្វើ​ផែនទី​នោះ​ទេ​។​ ការ​ព្រួយបារម្ភ​បន្ទាប់​ពី​នោះ​ គឺ​នៅ​ពេល​ដែល​ផែនទី​ត្រូវ​បាន​ចេញផ្សាយ​ តើ​នរណា​នឹង​ទទួលខុសត្រូវ​ក្នុង​ការ​បោះបង្គោល​ព្រំប្រទល់​?​ សារពើ​ភ័​ណ្ឌ​ដីធ្លី​ក៏​មាន​សារៈសំខាន់​ដែរ​ក្នុង​ការ​កំណត់​ដី​ដែល​ជនជាតិ​ដើម​ភាគតិច​នីមួយៗ​កាន់កាប់​នៅ​ក្នុង​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។​ ​សំណួរ​ត្រូវ​បាន​លើក​ឡើង​ជុំវិញ​ភាព​ខុស​គ្នា​នៃ​រយៈពេល​នៃ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ និង​ប័ណ្ណ​កម្មសិទ្ធិឯកជន​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ពាក្យ​នៅ​ក្នុង​ច្បាប់​ផង​ដែរ​។​ តំណាង​មក​ពី​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចែករំលែក​ពី​ក្តី​បារម្ភ​ចំពោះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ធ្វើ​កសិកម្ម​ពនេចរ​ ឬ​កសិកម្ម​ប្រពៃណី​បាន​ លុះត្រាតែ​ដី​ទាំងនោះ​ត្រូវ​បាន​ចុះបញ្ជី​។​ នេះ​ជា​ចំណុច​សំខាន់​ប្រសិនបើ​សហគមន៍​ដាំ​ដំណាំ​ ឬ​ស្រូវ​លើ​ដី​ទាំងនោះ​។​ តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឆ្លើយ​តប​ថា​ “​ប្រសិនបើ​សហគមន៍​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ថា​ជា​ក្រុម​ជនជាតិ​ដើម​ភាគតិច​ មិន​គួរ​ណា​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ដី​នោះ​ទេ​”​។​ អ្នកតំណាង​មក​ពី​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​បន្ត​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​មិន​ដាក់​បញ្ចូល​ពាក្យ​ \"​ជនជាតិ​ដើម​ភាគតិច​\"​ នៅ​ក្នុង​សេចក្តីព្រាងច្បាប់​។​ ជនជាតិ​ដើម​ភាគតិច​ចង់​រក្សា​អត្តសញ្ញាណ​របស់​ពួក​គេ​ (​ដែល​ខុស​ពី​ប្រជាជន​ផ្សេង​ទៀត​)​ ទាំង​នៅ​ក្នុង​ច្បាប់​បច្ចុប្បន្ន​ និង​នា​ពេល​ខាង​មុខ​។​ ទាក់ទង​នឹង​ធាតុ​ចូល​ យើង​ចង់​ឃើញ​ជំពូក​ដាច់​ដោយឡែក​មួយ​និយាយ​អំពី​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ច្បាប់​ភូមិបាល​។​ ការ​ពិភាក្សា​រវាង​អង្គការ​សង្គម​ស៊ី​វិល​ និង​ជនជាតិ​ដើម​ភាគតិច​គួរតែ​ធ្វើ​ឡើង​មុន​នឹង​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​ ដើម្បី​ចែករំលែក​កង្វល់​របស់​ពួក​គេ​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​។​ ការ​ពិភាក្សា​ជុំវិញ​ហេតុផល​នៃ​ការ​ពិនិត្យ​ ឬ​វិសោធនកម្ម​ច្បាប់​គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​។​ រដ្ឋាភិបាល​គួរតែ​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​។​ ​អ្នកតំណាង​មក​ពី​បណ្តាញ​ការពារ​ទន្លេ​បី​បាន​បញ្ជាក់​ថា​សេចក្តីព្រាងច្បាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិន​រាប់​បញ្ចូល​ពាក្យ​ “FPIC”​ ដែល​មាន​ន័យ​ថា​ការ​យល់ព្រម​ដែល​បាន​ទទួល​ព័ត៌មាន​ជា​មុន​ និង​សេរី​។​ ច្បាប់​នេះ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​យ៉ាង​ពេញលេញ​លើ​គ្រប់​វិស័យ​។​ ការ​ចូលរួម​យ៉ាង​ពេញលេញ​មាន​និយម​ន័យ​ខុស​គ្នា​ពី​ FPIC​ ដែល​ពិចារណា​លើ​ការ​ទទួល​បាន​ព័ត៌មាន​ ការ​ចូលរួម​ និង​ការ​សម្រេចចិត្ត​។​ អ្នកចូលរួម​បាន​គូសបញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​ធ្វើការ​រួម​គ្នា​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ គឺ​មាន​សារៈសំខាន់​ណាស់​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​យើង​អាច​អនុវត្ត​ និង​សម្របសម្រួល​យន្តការ​ និង​ធាតុ​ចូល​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​វេទិកា​ទទួល​បាន​សំណួរ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ពី​ក្រុមហ៊ុន​ឯកជន​ទាក់ទង​នឹង​និន្នាការ​សេដ្ឋកិច្ច​ ជីវភាព​រស់នៅ​ និង​សម្ភារៈ​ប្រើប្រាស់​របស់​ជនជាតិ​ដើម​ភាគតិច​។​ សំណួរ​នេះ​បាន​ទាញ​ចំណាប់អារម្មណ៍​ជា​ច្រើន​ពី​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​បន្ទប់​ប្រជុំ​ ក្នុង​ការ​ចែករំលែក​ពី​បច្ចុប្បន្នភាព​របស់​ពួក​គេ​។​ ពួក​គេ​បាន​និយាយ​ថា​ “​អ្នកខ្លះ​ទទួល​បាន​ផ្ទះ​ធំ​ និង​សម្ភារៈ​ទំនើប​ ប៉ុន្តែ​ពួក​គេ​ត្រូវ​សង​ប្រាក់​កម្ចី​ជា​រៀង​រាល់​ខែ​។​ ប្រជាពលរដ្ឋ​ខ្លះ​ក្រីក្រ​ ហើយ​សូ​ម្បី​តែ​ដី​តូច​សម្រាប់​ដាំ​ដំណាំ​ក៏​ពួក​គេ​មិន​មាន​ដែរ​។​ អ្វី​ដែល​យើង​មាន​ឥឡូវនេះ​មិន​អាច​ប្រៀបធៀប​នឹង​អ្វី​ដែល​យើង​បាន​បាត់បង់​នោះ​ទេ​។​ ទោះបីជា​យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​យុគសម័យ​ថ្មី​ក៏​ដោយ​ ក៏​យើង​មិន​ចង់​បាត់បង់​អ្វី​ដែល​យើង​ធ្លាប់​មាន​ដែរ​ ជា​ពិសេស​វប្បធម៌​របស់​យើង​។​” ​សរុប​មក​យើង​បាន​ពិភាក្សា​អំពី​ធាតុ​ចូល​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ប្រមូលផ្តុំ​ធាតុ​ចូល​ និង​ការ​ផ្តល់​ជូន​ទៅ​អ្នក​រៀបចំ​គោលនយោបាយ​ ព្រមទាំង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ដែល​ជា​ករណី​សិក្សា​នៅ​ខេត្តមណ្ឌលគិរី​ រតនគិរី​ និង​ព្រះ​វិហារ​ និង​ការ​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​នៅ​ក្នុង​ច្បាប់​ផង​ដែរ​។​ ​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ “​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ចូលរួម​ជា​សាធារណៈ​”​ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ហម​ គី​ម​គង់​ នាយក​ក្រុមហ៊ុន​ អ៊ី​&​អេ​ ខន​សាល់​ធេ​ន​ លោកស្រី​ ទេព​ ទឹម​ តំណាង​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​មក​ពី​ខេត្តព្រះវិហារ​ លោក​ លាង​ ប៊ុ​ន​លាភ​ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ការពារ​ទន្លេ​បី​។​ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​សម្របសម្រួល​ដោយ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​ភូមិ​ខ្ញុំ​។​ ​អ្នកស្រី​ ទេព​ ទឹម​ ដែល​រស់នៅ​ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​មិន​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក៏​ដូច​ជា​មិន​បាន​ទទួល​ដំណឹង​អំពី​គម្រោង​អភិវឌ្ឍន៍​ជា​មុន​នោះ​ទេ​។​ កន្លង​មក​ គេ​គ្រាន់តែ​អញ្ជើញ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មក​ប្រជុំ​តែ​ប៉ុណ្ណោះ​។​ អ្នកតំណាង​មក​ពី​បណ្តាញ​ការពារ​ទន្លេ​បី​ បាន​និយាយ​ថា​ ការ​ចូលរួម​ជា​សាធារណៈ​ ពេល​ខ្លះ​អាច​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​ដែល​យល់ព្រម​ និង​គាំទ្រ​លើ​គម្រោង​។​ ច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ចូលរួម​ជា​សាធារណៈ​មាន​សារៈសំខាន់​ណាស់​ ហើយ​គួរតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ្នក​ណា​គួរ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​តាំងពី​ការ​ចាប់ផ្តើម​គម្រោង​។​ “​នៅ​ពេល​យើង​ពិភាក្សា​អំពី​ច្បាប់​ភូមិបាល​ ក៏​គួរ​សំដៅ​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​ ហេតុ​អ្វី​បានជា​កិច្ច​ពិភាក្សា​នៅ​ព្រឹក​នេះ​ផ្តោត​តែ​លើ​ជនជាតិ​ដើម​ភាគតិច​?”​ សំណួរ​ពី​អ្នកចូលរួម​របស់​យើង​។​ ​ពិតមែន​ហើយ​ កិច្ចការ​នេះ​គួរតែ​សំដៅលើ​មនុស្ស​គ្រប់​គ្នា​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ យើង​ផ្តោត​សំខាន់​ ចំពោះ​ជនជាតិ​ដើម​ភាគតិច​ ព្រោះ​ពួក​គាត់​ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​ជាងគេ​ក្នុង​ចំណោម​ក្រុម​ដទៃ​ទៀត​។​ ពួក​គាត់​រស់នៅ​ក្នុង​ព្រៃ​ ហើយ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដូច​ប្រជាជន​ទូទៅ​នោះ​ទេ​។​ នៅ​ពេល​មាន​គម្រោង​អភិវឌ្ឍន៍​ គេ​តែង​សម្លឹង​មើល​តំបន់​ព្រៃ​ដែល​មិនសូវ​មាន​មនុស្ស​រស់នៅ​ច្រើន​។​ ​ក្នុង​ករណី​ប្រទេស​កម្ពុជា​ គម្រោង​មួយ​ចំនួន​ទើបតែ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បន្ទាប់​ពី​គម្រោង​ បាន​ប្រតិបត្តិការ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ អ្នកចូលរួម​ឆ្ងល់​ថា​ អ្វី​ជា​ចំណុច​នៅ​ពីក្រោយ​រឿង​ទាំងនោះ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​គ្រាន់តែ​ជា​ឧបករណ៍​មួយ​សម្រាប់​វាយតម្លៃ​ផល​ប៉ះពាល់​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ច្បាប់​នោះ​ទេ​។​ ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មាន​បី​ប្រភេទ​រួម​មាន​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មុន​ កំឡុង​ពេល​ និង​ក្រោយ​ការ​អនុវត្ត​គម្រោង​។​ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​យូរណាស់​មក​ហើយ​ ដែល​ពេល​នោះ​មិន​មាន​តម្រូវ​ឱ្យធ្វើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិន​ទាន់​មាននៅ​ឡើយ​នៅ​ពេល​នោះ​។​ អាស្រ័យ​ហេតុនេះ​បានជា​ក្រសួងបរិស្ថាន​ពិនិត្យ​ និង​ស្នើ​ឱ្យ​ពួក​គេ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ គម្រោង​អភិវឌ្ឍន៍​ថ្មី​នា​ពេល​បច្ចុប្បន្ន​ត្រូវ​តែ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មុន​នឹង​អនុវត្ត​គម្រោង​ដោយ​ផ្អែក​លើ​គោលការណ៍​ណែនាំ​របស់​ក្រសួង​។​ ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គឺ​ពិបាក​ក្នុង​ការ​ស្វែងរក​ និង​ទទួល​បាន​ណាស់​។​ តើ​យើង​អាច​ទទួល​បាន​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​យ៉ាងដូចម្តេច​?​ ជា​ទូទៅ​ នៅ​ពេល​ដែល​របាយការណ៍​ត្រូវ​បាន​អនុម័ត​ ក្រុមហ៊ុន​ទីប្រឹក្សា​ ម្ចាស់​គម្រោង​ និង​ក្រសួងបរិស្ថាន​ ត្រូវ​បោះត្រា​លើ​ទំព័រ​នីមួយៗ​នៃ​របាយការណ៍​។​ កាលពីមុន​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​តែ​រៀបចំ​របាយការណ៍​ចំនួន​ ១២​ច្បាប់​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​តម្រូវ​ឱ្យ​រៀបចំ​តែ​ ៦​ច្បាប់​ប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ត្រូវ​រក្សា​ទុក​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ (១​ច្បាប់​)​ ម្ចាស់​គម្រោង​ (១​ច្បាប់​)​ ចំណែកឯ​របាយការណ៍​នៅ​សល់​នឹង​រក្សា​ទុក​ដោយ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​រក្សា​ទុក​របាយការណ៍​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​រយៈពេល​ ៣​ ឬ​ ៥​ឆ្នាំ​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ ហើយ​ពួក​គេ​មិន​អាច​ចែករំលែក​របាយការណ៍​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​គម្រោង​នោះ​ទេ​។​ របាយការណ៍​អាច​ស្នើ​សុំ​ជា​ផ្លូវការ​ពី​ក្រសួងបរិស្ថាន​។​ វាគ្មិន​របស់​យើង​ក៏​បាន​ស្នើ​ឱ្យ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​រក្សា​ទុក​នូវ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​គេ​បាន​ផ្តល់​ឱ្យ​ក្នុងអំឡុងពេល​ប្រជុំ​ជា​សាធារណៈ​។​ កិច្ច​ពិភាក្សា​ និង​ខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​ផ្តល់​ជូន​នឹង​មិន​ខុស​គ្នា​ច្រើន​ពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​បាន​អនុម័ត​នោះ​ទេ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ភាគី​ពាក់ព័ន្ធ​គួរតែ​ផ្តោត​លើ​វគ្គ​បណ្តុះបណ្តាល​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​សហគមន៍​មូលដ្ឋាន​ ដើម្បី​ឱ្យ​ពួក​គេ​អាច​យល់​អំពី​ដំណើរការ​ ក៏​ដូច​ជា​ខ្លឹមសារ​នៃ​របាយការណ៍​ផង​ដែរ​។​

81

អូ​ឌី​ស៊ី​​ដាក់​ឱ្យ​ដំណើរកា​រវិ​ប​ផត​ថ​ល​ចែករំលែក​ចំណេះដឹង​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “Learning​ Platform”

​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ ដែល​ឈ្មោះ​ថា​ Learning​ Platform​ នៅ​សណ្ឋាគារ​ Poulo​ Wai​ Hotel​ &​ Apartment​ រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​មនុស្ស​ចំនួន​ ៤៣​នាក់​ (​ស្រី​ ១៨​នាក់​)​ មក​ពី​អង្គការ​ក្នុងស្រុក​ ជាតិ​ និង​អន្តរជាតិ​ ចំនួន​ ២៣​ រួម​ទាំង​សមាជិក​ក្រុម​ចង្កោម​អង្គការ​ និង​មិនមែន​សមាជិក​។​ អង្គការ​ទាំងនោះ​មាន​ NEP,​ CHRAC,​ TI,​ UNDP,​ BS,​ CIPL,​ CIPO,​ CIYA,​ Epic​ Art,​ WCV,​ IRAM,​ 3SPN,​ HA,​ FLO,​ CEDT,​ ODC,​ FHI,​ USAID,​ KAWSANG,​ SVC,​ ADHOC,​ LAC​ និង​ CENTRAL​។​ ក្នុង​នោះ​ អ្នកចូលរួម​ចំនួន​ ១២​នាក់​មក​ពី​ខេត្តរតនគិរី​ ក្រចេះ​ បាត់ដំបង​ សៀមរាប​ និង​កំពត​។​ ​គេហទំព័រ​ Learning​ Platform​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​ Cambodia)​ តាម​រយៈ​អង្គការ​អេ​ហ្វ​ អេ​ច​ អាយ​ ៣៦០​ (FHI​ 360)​ និង​ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​មិន​រក​ប្រាក់​កម្រៃ​ (ICNL)​ សម្រាប់​គម្រោង​គាំទ្រ​អង្ក​ការ​សង្គម​ស៊ី​វិល​ (CSS)​។​ តាម​រយៈ​មាតិកា​អន្តរ​កម្ម​ និង​ងាយស្រួល​ប្រើ​ វិ​ប​ផត​ថ​ល​ថ្មី​នេះ​នឹង​ផ្សព្វផ្សាយ​ទិន្នន័យ​ និង​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ដល់​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​នឹង​គម្រោង​នេះ​ អាច​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ​និង​ឥត​គិតថ្លៃ​ដោយ​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​។​ ​មាតិកា​នៅ​លើ​ Learning​ Platform​ ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​តាម​វិស័យ​ដែល​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​កំពុង​អនុវត្ត​ រួម​មាន​៖​ នវានុវត្តន៍​សង្គម​ឌី​ជី​ថ​ល​ ការ​អប់រំ​ បរិស្ថាន​និង​ធនធានធម្មជាតិ​ ជនជាតិ​ដើម​ភាគតិច​ យេ​ន​ឌ័​រ​និង​បរិ​យា​បន្ន​សង្គម​ សារព័ត៌មាន​ សង្គម​ស៊ី​វិល​ ធនធាន​ច្បាប់​ និង​សម្ភារៈ​បណ្តុះបណ្តាល​។​ ឥឡូវនេះ​គេហទំព័រ​នេះ​អាច​ចូល​ប្រើ​ជា​សាធារណៈ​សម្រាប់​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​សាធារណៈជន​។​ អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើ​វេទិកា​នេះ​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​ (https://learn.opendevelopmentcambodia.net/)​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​ផ្ទាល់​ ហើយ​ស្វែងរក​វេទិកា​សិក្សា​នេះ​នៅ​លើ​របារ​ម៉ឺ​នុយ​ជា​ទំព័រ​រង​។​ ​ព្រឹត្តិការណ៍​ដាក់​ឱ្យ​ដំណើរការ​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ Learning​ Platform​។​ តាម​រយៈ​សិក្ខាសាលា​នេះ​ យើង​មាន​បំណង​ណែនាំ​ជា​ផ្លូវការ​នូវ​វេទិកា​នេះ​ និង​ប្រមូល​មតិ​កែ​លម្អ​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ ដើម្បី​កែ​លម្អ​រូបរាង​ មុខងារ​ និង​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់​។​ យើង​ក៏​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចសហការ​លើ​ទិន្នន័យ​ និង​ការ​ចែករំលែក​ធនធាន​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​យូរអង្វែង​នៃ​វេទិកា​។​ អ្នកចូលរួម​ភាគច្រើន​បាន​បង្ហាញ​ពី​គំនិត​វិជ្ជមាន​របស់​ពួក​គេ​អំពី​ Learning​ Platform​។​ ពួក​គេ​បាន​និយាយ​ថា​វា​ គឺជា​វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ និង​ជា​កន្លែង​ដែល​ពួក​គេ​អាច​ផ្សព្វផ្សាយ​អំពី​គម្រោង​ និង​រឿង​រាវ​ជោគជ័យ​របស់​អង្គការ​ទៅ​កាន់​ទស្សនិកជន​ និង​ម្ចាស់​ជំនួយ​កាន់តែ​ទូលំទូលាយ​។​ ពួក​គេ​ក៏​រៀន​ពី​បទ​ពិសោធន៍​របស់​អង្គការ​ផ្សេង​ទៀត​ក្នុង​ការ​អនុវត្ត​គម្រោង​ផង​ដែរ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​ទទួល​បាន​សំណួរ​ពី​អ្នកចូលរួម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​មាតិកា​ និង​របៀប​នៃ​ការ​ចូលរួម​ចំណែក​ទិន្នន័យ​ផង​ដែរ​។​ ​សរុបសេចក្តី​ សិក្ខាសាលា​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ Learning​ Platform​ បាន​ទទួល​ការ​យកចិត្តទុកដាក់​ជា​វិជ្ជមាន​ពី​អង្គការ​សមាជិក​នៃ​ក្រុម​ ក៏​ដូច​ជា​ដៃគូ​គម្រោង​ដែល​មិនមែន​ជា​សមាជិក​គម្រោង​CSS​។​ តាម​រយៈ​ការ​ពិភាក្សា​អន្តរ​កម្ម​ និង​មតិ​ស្ថាបនា​ យើង​ទទួល​បាន​ធាតុ​ចូល​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ក្រុម​របស់​យើង​អនុវត្តន៍​សកម្មភាព​បន្ត​។​

172

កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច” ជាមួយអង្គការដៃគូររួមមាន អង្គការអភិរក្សភាសាជនជាតិដើមភាគតិច អង្គការភូមិខ្ញុំ អង្គការដើម្បីជីវភាព និងព្រៃឈើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការសុខភាពគ្រួសារអន្តរជាតិ ដើម្បីកំណត់បញ្ហាប្រឈម សកម្មភាព ក៏ដូចជាពិភាក្សាអំពីតួនាទីរបស់ក្រុមប្រឹក្សា និងការដាក់បញ្ចូលសមាជិកថ្មី។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។