ទស្សនីយកម្មទិន្នន័យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់អ្នកសារព័ត៌មាន នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ដែលរយៈពេលនៃការយកចិត្តទុកដាក់របស់អ្នកអានគឺខ្លី និងមានភាពស្មុគស្មាញច្រើន។ វាគឺជាឧបករណ៍មួយដែលអាចឱ្យរឿងរ៉ាវមានកាន់តែមានអត្ថន័យ ដោយផ្សារភ្ជាប់ជាមួយអ្នកអានតាមរយៈរូបភាពដែលមានអត្ថន័យ និងងាយស្រួលយល់សម្រាប់ពួកគេ។ អ្នកសារព័ត៌មានដែលស្ទាត់ជំនាញទស្សនីយកម្មទិន្នន័យ អាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលពីប្រភពផ្សេងៗ ហើយបង្ហាញវាតាមរបៀបដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយល់បានភ្លាមៗផងដែរ។ វគ្គបណ្តុះបណ្តាលនឹងបង្កើនដំណេះដឹងរបស់អ្នកសារព័ត៌មានក្នុងការប្រើប្រាស់ទស្សនីយកម្មទិន្នន័យ ជំនាញនិទានរឿងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកអាន និងបន្សល់ទុកនូវសញ្ញាណយ៉ាងរហ័សលើការវិវត្តនៃវិស័យសារព័ត៌មាននៅកម្ពុជា។
ជាមួយនឹងវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” អ្នកអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរសារព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។
គោលបំណង
គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេបញ្ជូនព័ត៌មាន ទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។
តើអ្នកនឹងរៀនអ្វី?
- ស្វែងយល់ពីទិន្នន័យ៖ ស្វែងយល់ពីរបៀបដែលទិន្នន័យតំណាងឱ្យតថភាពពិត។ ស្វែងយល់ពីប្រភេទទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យ និងទ្រង់ទ្រាយរបស់វា ដើម្បីយល់ពីការរៀបចំទិន្នន័យសម្រាប់ការធ្វើទស្សនីយកម្ម។
- គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ ស្វែងយល់ពីតួនាទីនៃទស្សនីយកម្មទិន្នន័យនៅក្នុងសារព័ត៌មាន។ វិធីជ្រើសរើសប្រភេទទស្សនីយកម្ម ឱ្យបានត្រឹមត្រូវទៅតាមគោលបំណងដែលចង់បាន ហើយស្វែងយល់ពីប្រភេទទស្សនីយកម្មដែលគេប្រើជាទូទៅ។
- គោលការណ៍រចនាក្រាហ្វ៖ រៀនពីរបៀបរចនាក្រាហ្វឱ្យបានល្អ ហើយធ្វើឱ្យការបង្ហាញទស្សនីយកម្មរបស់អ្នកមានភាពច្បាស់លាស់សម្រាប់អ្នកអាន។
- សេចក្ដីណែនាំអំពី Datawrapper៖ ណែនាំអំពីឧបករណ៍ និងវិធីបង្កើតទស្សនីយកម្មទិន្នន័យជាមួយវា។
- អនុវត្តទស្សនីយកម្មទិន្នន័យជាមួយ Datawrapper៖ រៀនបង្កើតទស្សនីយកម្មទិន្នន័យដោយប្រើឧបករណ៍ Datawrapper។
តើអ្នកណាគួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះ?
- អ្នកសារព័ត៌មានដែលមានការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដូចជាការប្រើប្រាស់ស្មាតហ្វូន កុំព្យូទ័រ និងជាពិសេសកម្មវិធីកុំព្យូទ័រដូចជា Excel ។
- អ្នកសារព័ត៌មានដែលផលិតរឿងរ៉ាវជាច្រើន ហើយដែលតម្រូវឱ្យប្រើទិន្នន័យច្រើន។
- អ្នកសារព័ត៌មានដែលប្រាថ្នាចង់រៀនជំនាញថ្មីៗ ដើម្បីបង្កើនគុណភាពនៃការរាយការណ៍របស់ពួកគេ។
ការរំពឹងទុក
អ្នកចូលរួមនឹងទទួលបានសមត្ថភាពក្នុងការបង្ហាញទិន្នន័យស្មុគស្មាញតាមរយៈទម្រង់រូបភាពគួរឱ្យទាក់ទាញ និងបង្កើនភាពច្បាស់លាស់ ព្រមទាំងជំរុញទំនាក់ទំនងកាន់តែប្រសើរជាមួយអ្នកអាន ឬអ្នកមើលរបស់ពួកគេផងដែរ។
លក្ខខណ្ឌនៃការជ្រើសរើស
អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន (ស្ត្រី ជនជាតិដើមភាគតិច ជនពិការ និងជនស្រលាញ់ភេទដូចគ្នា ត្រូវបានលើកទឹកចិត្តឱ្យចូលរួម)។
តម្រូវការ
អ្នកចូលរួមត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន និងមូលដ្ឋានគ្រឹះនៃជំនាញកុំព្យូទ័រ។
កាលបរិច្ឆេទសំខាន់ៗ
- បើកឱ្យចុះឈ្មោះចូលរួម៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
- បិទការចុះឈ្មោះចូលរួម៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
- ប្រកាសឈ្មោះអ្នកដែលបានជ្រើសរើស៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣
- រៀបចំវគ្គបណ្តុះបណ្តាល៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
សម្រាប់ការចុះឈ្មោះ៖https://rb.gy/a0rjt ឬធ្វើការស្កេន QR កូដខាងក្រោម

ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចប្រជុំកំពូលដៃគូ Geo for Good Earth Engine Impact ឆ្នាំ២០២៦
កិច្ចប្រជុំកំពូល Geo for Good សម្រាប់អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នសិក្សា វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច ព្រមទាំងសហគមន៍មូលដ្ឋាន ដែលកំពុងប្រើប្រាស់ Google Earth Engine យ៉ាងសកម្ម ដើម្បីគាំទ្រដល់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជាតិ។ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ អ្នកនឹងមានឱកាសសិក្សា និងចែករំលែកអំពីការរីកចម្រើនថ្មីៗផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់និរន្តរភាព ស្វែងយល់អំពីឧបករណ៍ភូមិសាស្ត្រឌីជីថលរបស់ Google និងសហការកសាងដំណោះស្រាយរួមគ្នា។
Geo for Good Summit
វេទិកានេះសម្រាប់អង្គការមិនរកប្រាក់ចំណេញ អ្នកសិក្សាស្រាវជ្រាវ វិស័យសាធារណៈ វិស័យឯកជន និងជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដែលកំពុងប្រើប្រាស់ (ឬចង់រៀនប្រើប្រាស់) ឧបករណ៍គូសផែនទីរបស់យើង (ដូចជា Google Earth, Earth Engine, Environmental Insights Explorer, និង My Maps) សម្រាប់និរន្តរភាពនៃភពផែនដី និងភាពធន់របស់មនុស្សជុំវិញពិភពលោក។ តាមរយៈការចូលរួមក្នុងវេទិកានេះ អ្នកនឹងមានឱកាសសិក្សាអំពីបច្ចេកវិទ្យាផែនទីរបស់យើង ទទួលព័ត៌មានថ្មីៗចុងក្រោយបំផុត និងស្វែងយល់ពីរបៀបដែលអ្នកផ្សេងកំពុងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់ផលប៉ះពាល់។ ថ្ងៃផុតកំណត់នៃការដាក់ពាក្យដើម្បីចូលរួមវេទិកាដោយផ្ទាល់បានកន្លងផុតទៅហើយ។ ប្រសិនបើអ្នកបានដាក់ពាក្យសុំចូលរួមរួចហើយ អ្នកនឹងត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដាក់ពាក្យរបស់អ្នកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
កម្ពុជា អាយស៊ីធីខែម ២០២៦
កម្មវិធី កម្ពុជា អាយស៊ីធីខែម គឺជាកម្មវិធីជំរុំមួយមានភាពទាក់ទាញ និងការចូលរួមយ៉ាងសកម្ម ដែលត្រូវបានរៀបចំឡើង រៀងរាល់ពីរឆ្នាំម្តងដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូផ្សេងៗទៀត ចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី១ នៅក្នុងឆ្នាំ២០១៨ កើតចេញពីកម្មវិធី មេគង្គ អាយស៊ីធីខែម ២០១៧ ដែលរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប។ កម្មវិធី កម្ពុជា អាយស៊ីធីខែម បន្តបន្ទាប់ទៀត ធ្វើនៅឆ្នាំ២០២២ សម្រាប់លើកទី២ និងឆ្នាំ២០២៤ សម្រាប់លើកទី៣។ កម្មវិធី កម្ពុជា អាយស៊ីធីខែម លើកទី៤ នឹងត្រឡប់មកវិញនៅ ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦។ ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំមុនៗ កម្មវិធីជំរុំលើកនេះនឹងបន្តក្លាយជាវេទិកាសហការសម្រាប់ការសិក្សា កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍ ក្នុងវិស័យដូចជា ទិន្នន័យបើកចំហ អភិបាលកិច្ចអ៊ីនធឺណិត សន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងចំណោមវិស័យផ្សេងៗទៀត។