Learning Platform Close
1124

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

888

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​ សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​ ​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ \"​ការ​យល់​ដឹង​អំពី​ទិន្នន័យ​\"​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

791

វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​ ​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​ ​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​ លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​ ​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​ ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​ របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​