- Learning Platform
- ប្លក់
- សក្ខីកម្ម៖ ចំណាប់អារម្មណ៍យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ
តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា!
សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។


រឿងរ៉ាវផ្សេងទៀត
ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់ភូមិបាលដើម្បីការការពារសិទ្ធិដីធ្លី
រដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់ភូមិបាលថ្មីទាំងស្រុង (សេចក្តីព្រាងច្បាប់) ជាង២០ឆ្នាំបន្ទាប់ពីការប្រកាសឱ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមពីសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានស្វែងរកឱកាសជាផ្លូវការ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបានផ្តល់នូវធាតុចូលស្ថាបនាដោយផ្អែកលើកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ នៅចុងខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសេចក្តីព្រាងច្បាប់ភូមិបាលថ្មីមួយដែលមានចំនួន ៧មាតិកា ១៣ជំពូក និងសរុប ១៩៩មាត្រា។ អូឌីស៊ី បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយស្នើសុំឱកាសដើម្បីពិនិត្យ និងផ្តល់ធាតុចូលស្ថាបនាលើសេចក្តីព្រាងច្បាប់នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តសំណើ និងផ្តល់សេចក្តីព្រាងច្បាប់នេះជាមួយអូឌីស៊ី ដោយផ្តល់រយៈពេលរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការបញ្ជូនធាតុចូល។ កិច្ចសន្ទនាដែលលើកឡើងពីបញ្ហាសំខាន់ៗ ដូចជាតម្រូវការការពារសិទ្ធិសមូហភាព ជាពិសេសសិទ្ធិជនជាតិដើមភាគតិច អូឌីស៊ី បានរៀបចំកិច្ចសន្ទនាចំនួនពីរលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដោយលើកទីមួយនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ នៅខេត្តសៀមរាប និងមួយលើកទៀតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនាទាំងពីរបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល គម្រោង ALIGN និង អង្គការ LANDESA។ ក្នុងកិច្ចសន្ទនាលើកទីមួយ អ្នកជំនាញច្បាប់កម្ពុជាបានធ្វើបទបង្ហាញពីការវិភាគលើមាត្រាសំខាន់ៗនៃសេចក្តីព្រាងច្បាប់ភូមិបាលដល់អ្នកចូលរួម។ បន្ទាប់មក អ្នកចូលរួមបានពិភាក្សា និងផ្តល់ធាតុចូល កង្វល់ និងអនុសាសន៍សម្រាប់សេចក្តីព្រាងច្បាប់នេះ។ តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចដែលមានវត្តមានក្នុងកិច្ចសន្ទនានេះបានលើកឡើងពីក្តីព្រួយបារម្ភអំពីពេលវេលាកំណត់ដែលបានផ្តល់សម្រាប់ធ្វើការស្វែងយល់អំពីវិសោធនកម្មច្បាប់ដែលបានស្នើឡើង ផ្សព្វផ្សាយដល់សហគមន៍របស់ពួកគាត់ និងប្រមូលធាតុចូលពីសមាជិកសហគមន៍មកវិញ។ តំណាងមកពីសហគមន៍ជនជាតិដើមភាគតិច យល់ថាកិច្ចសន្ទនានេះគឺជាកិច្ចប្រជុំផ្តល់ព័ត៌មានជាជាងការប្រឹក្សាយោបល់។ ជាលទ្ធផល តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចមិនអាចផ្តល់ធាតុចូលរបស់ពួកគាត់លើសេចក្តីព្រាងច្បាប់នេះបានទេ និងបានស្នើសុំពន្យារពេលសម្រាប់ដំណើរការពិគ្រោះយោបល់។ អូឌីស៊ី និងដៃគូយល់ពីការឆ្លើយតបពីសហគមន៍ជនជាតិដើមភាគតិច ដោយសារការកំណត់ពេលវេលាសម្រាប់ការបញ្ចូលធាតុចូលក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមការងារអូឌីស៊ីផងដែរ។ កិច្ចសន្ទនាលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ដើម្បីបង្រួបបង្រួមធាតុចូល និងអនុសាសន៍ ដែលបានមកពីកិច្ចសន្ទនាលើកទី១ នៅខេត្តសៀមរាប។ បន្ទាប់ពីកិច្ចសន្ទនានេះ អូឌីស៊ី និងដៃគូបានរៀបចំ និងបញ្ជូនធាតុចូល និងអនុសាសន៍រួមទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកសារនេះមាននៅលើគេហទំព័ររបស់អូឌីស៊ី ដែលអាចចូលប្រើបានជាសាធារណៈ។ ឯកសារនេះបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាតម្រូវការបញ្ជាក់ការធានាការពារកម្មសិទ្ធិសមូហភាព សិទ្ធិប្រើប្រាស់ សិទ្ធិទទួលបានផលនៃដី និងសិទ្ធិទាក់ទងនឹងដីធ្លី និងអចលនវត្ថុផ្សេងទៀតរបស់ជនជាតិដើមភាគតិច និងវត្តពុទ្ធសាសនា។ ឯកសារធាតុចូលក៏បានស្នើសុំឱ្យមានការពិចារណាបន្ថែមទៀតចំពោះសមភាពយេនឌ័រ និងការការពារសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ នៅដើមខែមីនា អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលរៀបចំទ្បើងដោយក្រុមការងារច្បាប់ភូមិបាលនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធាតុចូលជាង ១៥ ពីអូឌីស៊ី ត្រូវបានដាក់បញ្ចូល រួមមានមតិយោបល់ទាក់ទងនឹងការចាត់ថ្នាក់នៃដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ពេលវេលាសម្រាប់ការចុះបញ្ជីកម្មសិទ្ធិដីសហគមន៍សម្រាប់ជនជាតិដើមភាគតិច ការលើកកម្ពស់សមធម៌ក្នុងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លី ការបញ្ជាក់អំពីរយៈពេលនៃបណ្តឹងតវ៉ា ដំណើរការដាក់ពាក្យបណ្តឹង និងព័ត៌មានលម្អិតអំពីសទ្ទានុក្រម។ អូឌីស៊ី និងដៃគូរបស់យើងចែករំលែកការព្រួយបារម្ភទាក់ទងនឹងពេលវេលាសម្រាប់ការបញ្ជូនធាតុចូល។ ចន្លោះពេលសម្រាប់ការបកប្រែសេចក្តីព្រាងច្បាប់នេះទៅជាភាសាអង់គ្លេស និងការចែករំលែកសេចក្តីព្រាងច្បាប់នេះជាមួយអ្នកជំនាញច្បាប់អន្តរជាតិរបស់យើង ក៏ដូចជាការធ្វើកិច្ចសន្ទនាផងដែរ មានន័យថាឯកសារធាតុចូលមិនបានគ្របដណ្តប់លើចំណុចសំខាន់ៗទាំងអស់ឱ្យបានហ្មត់ចត់ តាមដែលអាចធ្វើបាន ប្រសិនបើមានពេលវេលាបន្ថែមទៀតសម្រាប់ការបញ្ជូនធាតុចូលលើកដំបូង។ បន្ទាប់ពីការបញ្ជូនធាតុចូល អូឌីស៊ី បានរៀបចំកិច្ចពិភាក្សា និងកិច្ចប្រជុំបន្ថែម និងបានសហការជាមួយអង្គការដៃគូដើម្បីប្រមូលធាតុចូលបន្ថែមទៀត។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានរៀបចំកិច្ចពិភាក្សាមួយស្តីពីសិទ្ធិរបស់ស្ដ្រីក្នុងភាពជាម្ចាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ។ លើសពីនេះទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលធ្វើឡើងដោយក្រុមការងារច្បាប់ភូមិបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលនានាដែលក្រុមការងារបានទទួលកន្លងមក។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមសិក្ខាសាលាមួយផ្សេងទៀតដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីសេចក្តីព្រាងច្បាប់ភូមិបាល។ បន្ទាប់មក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អូឌីស៊ី និងអង្គការដៃគូបានគាំទ្រកិច្ចប្រជុំដែលរៀបចំដោយអង្គការភូមិខ្ញុំ ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលដោយផ្តោតលើដំណើរការ និងបញ្ហាចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។ យោងតាមមន្ត្រីក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងបន្តពិនិត្យ និងបញ្ចូលធាតុចូលតាមភាពសមស្រប ហើយនឹងចែករំលែកសេចក្តីព្រាងច្បាប់ដែលបានកែសម្រួលបន្ថែមជាមួយភាគីពាក់ព័ន្ធ។ ដោយផ្អែកលើការណែនាំនេះ អូឌីស៊ី និងអង្គការដៃគូបានបន្តពិនិត្យ និងប្រមូលធាតុចូលបន្ថែមទៀតសម្រាប់វិសោធនកម្មលើសេចក្តីព្រាងច្បាប់ភូមិបាល និងបានបញ្ជូនធាតុចូលលើកទីពីរ ទៅលើសេចក្តីព្រាងច្បាប់ថ្មីដែលបានកែសម្រួលនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីការបញ្ជូនធាតុចូលរបស់យើងនៅលើសេចក្តីព្រាងច្បាប់ថ្មី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែករំលែកជាមួយអូឌីស៊ី នូវកំណែចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ។ អូឌីស៊ីបានសង្កេតឃើញថាធាតុចូលលើកទីពីររបស់យើងពុំត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងចុងក្រោយបង្អស់នោះទេ។ អូឌីស៊ី និងអង្គការដៃគូមានបំណងទទួលបានឱកាសបន្ថែមទៀតសម្រាប់ការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា និងភាពម៉ត់ចត់ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលរបស់យើងទៅតាមចំណុចនីមួយៗ។ សារៈសំខាន់នៃសម្ព័ន្ធភាពជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យមានកំណែទម្រង់ច្បាប់ភូមិបាលប្រកបដោយបរិយាបន្ន ដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ កិច្ចសហប្រតិបត្តិការជាមួយគម្រោង ALIGN និងអង្គការ LANDESA បានអនុញ្ញាតឱ្យអូឌីស៊ីចូលរួមក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិលើដំណើរការវិសោធនកម្មច្បាប់ភូមិបាលនៅប្រទេសកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ និងគោលការណ៍នៃការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងអភិបាលកិច្ចដីធ្លី។ តាមរយៈការបង្រួបបង្រួមភាគីពាក់ព័ន្ធទាំងអស់ អូឌីស៊ីព្យាយាមលើកកម្ពស់តម្លាភាព និងការវិនិយោគប្រកបដោយការទទួលខុសត្រូវលើដីធ្លីនៅកម្ពុជា។ ធាតុចូលដែលបានផ្តល់ដោយអូឌីស៊ីតម្លើងសំឡេងរបស់សហគមន៍មូលដ្ឋានទៅកាន់រដ្ឋាភិបាលដែលជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ចីរភាព និងបរិយាបន្នក្នុងសិទ្ធិដីធ្លីសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ទោះបីជាធាតុចូល និងអនុសាសន៍ទាំងអស់ពីអូឌីស៊ី និងដៃគូរបស់យើងមិនត្រូវបានរួមបញ្ជូលដោយរដ្ឋាភិបាលក្តី កិច្ចសហការនេះបានជំរុញឱ្យមានកិច្ចពិភាក្សាសំខាន់ៗ ជាពិសេសទាក់ទងនឹងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លីក្នុងចំណោមក្រុមភាគតិចដូចជា ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ និងបុគ្គលស្រឡាញ់ភេទដូចគ្នា។ បន្តទៅមុខ អូឌីស៊ីប្តេជ្ញាបន្តធ្វើការជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សានិងពន្យល់អំពីធាតុចូលលើកទីពីររបស់យើង និងផ្តល់ធាតុចូលដែលច្បាស់លាស់ និងពេញលេញបន្ថែមទៀតទៅលើសេចក្តីព្រាងច្បាប់ដើម្បីធានាថាច្បាប់ថ្មីនេះជម្រុញឱ្យមានបរិយាបន្ន សមធម៌ និងប្រសិទ្ធភាពដោយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយអចេតនាលើក្រុមដែលងាយរងគ្រោះ ដូចជាប្តីប្រពន្ធដែលលែងលះ ជនជាតិដើមភាគតិច និងសហគមន៍របស់ពួកគាត់ អ្នកស្រឡាញ់ភេទដូចគ្នា និងម្ចាស់ដីដែលមិនបានចុះបញ្ជី និងការជៀសវាងពីបទប្បញ្ញត្តិ ឬរដ្ឋបាលនៃការកាន់កាប់ដីធ្លី និងសិទ្ធិអចលនវត្ថុដោយគ្មានសំណងត្រឹមត្រូវ និងយុត្តិធម៌។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិដីសមូហភាព
- ២៣ ខែកក្កដា ឆ្នាំ ២០២៤
- 716
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិ
- ២៧ ខែកញ្ញា ឆ្នាំ ២០២២
- 916
អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានគាំទ្រជនជាតិដើមភាគតិចចូលរួមក្នុងសន្និសីទស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅខេត្តរតនគិរី នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២។ សន្និសីទនេះមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញច្បាប់ និងគោលនយោបាយទាក់ទងនឹងដីធ្លី រួមទាំងធនធានធម្មជាតិ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលសំដៅការលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដោយផ្តោតលើការដោះស្រាយផលប៉ះពាល់សង្គម និងការការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍មូលដ្ឋាន។ កម្មវិធីនៃសន្និសីទនេះបែងចែកជាពីរដំណាក់កាល ដោយដំបូងគឺមានការចាប់ផ្ដើមប្រមូលមតិយោបល់ពីសហគមន៍មូលដ្ឋានជាងមួយរយសហគមន៍ជនជាតិដើមភាគតិច សហគមន៍តំបន់ការពារ សហគមន៍ព្រៃឈើ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ធាតុចូលដែលទទួលបានគឺត្រូវបានយកមកប្រើប្រាស់សម្រាប់កិច្ចពិភាក្សាជាមួយតំណាងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងកំពង់ធំ ក្រសួងមហាផ្ទៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររ៉ែ និងថាមពល និងវិស័យឯកជន។ នៅថ្ងៃទីពីរមានអ្នកចូលរួមសរុបចំនួន ២៥០នាក់ (ស្រី ៦០នាក់)។ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងខេត្តរតនគិរី ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួន ២៧ ក្នុងនោះក្រុមហ៊ុនចំនួន ១០ បានកែតម្រូវកិច្ចសន្យា និងក្រុមហ៊ុនចំនួន ០៦ កំពុងធ្វើការកែសម្រួល ហើយក្រុមហ៊ុនចំនួន ១១ ផ្សេងទៀតមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យានៅឡើយទេ។ តំបន់អាជីវកម្មគឺមានទំហំ ៨៣.៧៨៥ហិកតា ដែលមានផ្ទៃដីវិនិយោគសរុប ១៨១.៨៩៦ហិកតា។ ផ្ទៃដីដែលត្រូវបានឈូសឆាយមានចំនួន ៥៦.៧០២ហិកតា និងផ្ទៃដីដាំដុះមានចំនួន ៥១.០៦៧ហិកតា។ សហគមន៍ជនជាតិដើមភាគតិចចំនួន ៧៥ ត្រូវបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈដែលសហគមន៍ចំនួន ៨៥ ត្រូវបានទទួលស្គាល់ជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ២៤ ប៉ុណ្ណោះដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីសហគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធសម្រេចបាន ១៥.៦៩១ប័ណ្ណ ដែលស្មើនឹង ១០.៧៤១គ្រួសារ។ ភូមិចំនួនពីរបានបញ្ចប់ការប្រកាសជាសាធារណៈ ខណៈភូមិមួយផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការ។ ការប្រកាសជាសាធារណៈចំនួនពីរដងស្តីពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ត្រូវបានបញ្ចប់ហើយស្នើសុំឱ្យមានការបែងចែកឡើងវិញសម្រាប់សហគមន៍ចំនួនបី។ សហគមន៍ការពារមានចំនួន ១១ និងសហគមន៍ព្រៃឈើចំនួន ៣៦ ដែលក្នុងនោះមាន ២២សហគមន៍ ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍នេសាទមានចំនួន ១៤ ហើយសុទ្ធតែត្រូវបានទទួលស្គាល់ខណៈដែលមានសហគមន៍ថ្មីចំនួន ២ កំពុងត្រូវបានបង្កើតឡើង។ ការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់ សហគមន៍ និងអង្គការសង្គមស៊ីវិលបានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់។ ដីដែលបានទទួលប័ណ្ណកម្មសិទ្ធិ ឬកំពុងដំណើរការមិនទាន់មានធានាសុវត្ថិភាពនៅឡើយ ខណៈដែលដំណើរការមានភាពស្មុគស្មាញ ត្រូវចំណាយពេលវេលា និងលុយកាក់ជាដើម។ ការធ្វើអនុបយោគដីដែលបានអនុម័តមិនត្រូវគ្នាទៅនឹងការអនុវត្តជាក់ស្តែង ហើយពេលខ្លះត្រួតលើគ្នាជាមួយតំបន់ការពារ ពីព្រោះតំបន់គ្រប់គ្រងមិនត្រូវបានបែងចែកច្បាស់លាស់។ ទោះបីជាដីទាំងនេះត្រូវបានចុះបញ្ជីក៏ដោយ ក៏ជនជាតិដើមភាគតិចនៅតែប្រឈមនឹងការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើ។ យោងទៅតាមសហគមន៍ ការបង្ក្រាបបទល្មើសព្រៃឈើនៅមានកម្រិត និងគ្មានប្រសិទ្ធភាព។ សមត្ថភាព និងចំណេះដឹងរបស់គណៈកម្មាធិការសហគមន៍នៅមានកម្រិត ហើយចាំបាច់ត្រូវពង្រីកចំណេះដឹងពួកគេទៅលើផ្នែកច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈដែលជីវភាពរស់នៅរបស់សហគមន៍ និងការអភិរក្សធនធានធម្មជាតិត្រូវតែធ្វើឱ្យប្រសើរឡើង។ ដើម្បីដោះស្រាយបញ្ហានេះ សហគមន៍ចង់ឃើញការសហការគ្នារវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយមានការគាំទ្រពីរដ្ឋបាលស្រុក និងខេត្ត។ បណ្តាញសហគមន៍ព្រៃឈើគួរតែត្រូវបានបង្កើតឡើងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ។ ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍គួរតែត្រូវបានកែលម្អ ហើយរដ្ឋាភិបាលគួរតែផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់សហគមន៍នីមួយៗដើម្បីគ្រប់គ្រងដីធ្លី និងព្រៃឈើ រួមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ថវិកាអាចត្រូវបានប្រើប្រាស់ជាប្រាក់កម្ចីសហគមន៍សម្រាប់សមាជិកនីមួយៗ។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃសំណើទាំងនេះនៅមិនអាចបញ្ជាក់បានទេ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិដីសមូហភាព
- ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២
- 869