Learning Platform Close
290

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​ សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​ ​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ \"​ការ​យល់​ដឹង​អំពី​ទិន្នន័យ​\"​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​