វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងកម្មវិធី QGIS ឆ្នាំ២០២៣
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងការប្រើប្រាស់កម្មវិធី QGIS ត្រូវបានប្រកាសនៅលើវេទិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីអំពាវនាវឱ្យសិក្ខាកាមចូលរួមសិក្ខាសាលានេះ ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ការផ្សព្វផ្សាយនេះបានទៅដល់មនុស្សជាង ៣២.០០០នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមានមនុស្សចំនួន ៣៨២នាក់បានចុះឈ្មោះសម្រាប់ការចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ដោយសារតែថវិកាមានកំណត់ និងធានាគុណភាពនៃវគ្គបណ្តុះបណ្តាល ក្រុមការងារបានជ្រើសរើសសិក្ខាកាមចំនួន ២១នាក់ ដោយផ្អែកលើការងារ ចំណេះដឹង ចំណាប់អារម្មណ៍ និងតម្រូវការប្រើប្រាស់របស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ២១នាក់ (ស្រី ៥នាក់) ដែលមានចំណេះដឹង និងវិជ្ជាជីវៈផ្សេងៗគ្នា រួមមានមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការសហគមន៍ វិស័យឯកជន និងនិស្សិតសាកលវិទ្យាល័យ។ ពួកគេភាគច្រើនកំពុងធ្វើការជាមួយនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងមានឱកាសក្នុងការធ្វើការជាមួយកម្មវិធី QGIS នាពេលអនាគត។ អ្នកស្រី គឹម ឈួនវួច បណ្ណាធិការ - អ្នកស្រាវជ្រាវផ្នែកធនធានធម្មជាតិ និងដីធ្លី/អ្នកសម្របសម្រួលគម្រោង នៃអង្គការអូឌីស៊ី បានមានមតិបើកកម្មវិធី និងផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ដល់សិក្ខាកាមទាំងអស់ឱ្យចូលរួម។ អ្នកស្រីបានលើកទឹកចិត្តឱ្យពួកគេយកចិត្តទុកដាក់លើវគ្គបណ្តុះបណ្តាលក្នុងរយៈពេលបីថ្ងៃនេះ។ អ្នកស្រីក៏បានគូសបញ្ជាក់ពីរបៀបដែលសិក្ខាកាមទាំង ២១នាក់ ត្រូវបានជ្រើសរើសចេញពីបេក្ខភាពដែលបានចុះឈ្មោះទាំង ៣៨០នាក់ផងដែរ។ សិក្ខាកាមតម្រូវឱ្យធ្វើតេស្តមុនចាប់ផ្តើមមេរៀន ដើម្បីវាយតម្លៃពីសមត្ថភាព និងការយល់ដឹងរបស់ពួកគេអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ។ លទ្ធផលបានបង្ហាញថាមានតែ ៣៥ភាគរយ នៃសំណួរប៉ុណ្ណោះដែលត្រូវបានឆ្លើយត្រឹមត្រូវ។ បន្ទាប់ពីការធ្វើតេស្តមុនវគ្គបណ្តុះបណ្តាល អ្នកចូលរួមទាំងអស់មានពេលវេលាសម្រាកបន្តិច មុនពេលចាប់ផ្តើមមេរៀនស្នូល។ លោក វង្ស ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ/អ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព និងលោក ឡុច កល្យាណ អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃអង្គការអូឌីស៊ី បានបង្ហាញសិក្ខាកាមអំពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ឧបករណ៍ QGIS រួមទាំងមុខងារនីមួយៗរបស់វា ចំណេះដឹងទូទៅអំពីផែនទី និងមេរៀនដែលពាក់ព័ន្ធផ្សេងៗទៀត។ សិក្ខាកាមមានការសាទរ និងមានការឆ្លើយតបសំណួរផ្សេងៗយ៉ាងសកម្មអំពីមេរៀនផងដែរ។ បន្ទាប់ពីបង្ហាញមេរៀន សិក្ខាកាមទាំងអស់ត្រូវធ្វើការអនុវត្តជាក់ស្តែង ក្រោយពីបានសិក្សាពីគោលគំនិត ទ្រឹស្តី និងឧបករណ៍នីមួយៗរួចមក។ ពួកគេភាគច្រើនអាចចាប់មេរៀន និងធ្វើតាមលំហាត់ និងការអនុវត្តបានទាំងអស់ដោយរលូន។ សិក្ខាកាមភាគច្រើនបានចូលរួមក្នុងសិក្ខាសាលាទាន់ពេលវេលា ហើយមិនមាននរណាម្នាក់អវត្តមានក្នុងអំឡុងពេលបណ្តុះបណ្តាលរយៈពេលបីថ្ងៃនោះទេ។ សកម្មភាពកំសាន្តមួយចំនួនក៏ត្រូវបានរួមបញ្ចូលផងដែរ បន្ទាប់ពីអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដើម្បីដាស់ស្មារតីអ្នកចូលរួម។ នៅវគ្គចុងក្រោយនៃថ្ងៃទី៣ សិក្ខាកាមទាំងអស់តម្រូវឱ្យធ្វើតេស្តក្រោយបញ្ចប់មេរៀន ហើយលទ្ធផលគឺល្អជាងមុនច្រើនដោយសំណួរ ៥៩ភាគរយ ត្រូវបានឆ្លើយត្រឹមត្រូវ។ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ពីសមត្ថភាពរបស់សិក្ខាកាមទាំងអស់ ក្រុមការងារបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះពេញលេញ។