វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានចំនួន ១៤នាក់ (ស្ត្រី ២នាក់) មកពីទីកន្លែងផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ ក្រចេះ សៀមរាប បាត់ដំបង ស្ទឹងត្រែង និងមណ្ឌលគិរី។ ជាមួយនឹងវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" សិក្ខាកាមអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរការរាយការណ៍ព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានសមត្ថភាពក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿង ដែលទាក់ទាញទស្សនិកជន និងបង្ហាញសាច់រឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកគួរឱ្យទាក់ទាញ និងអាចយល់បានយ៉ាងងាយស្រួល។ វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះផ្តោតសំខាន់អំពីការស្វែងយល់អំពីទិន្នន័យ គោលការណ៍ទស្សនីយកម្មទិន្នន័យ គោលការណ៍រចនាក្រាហ្វ និងសេចក្ដីណែនាំអំពី Datawrapper។ ទោះបីជាមានឧបសគ្គនៃពេលវេលាក៏ដោយ អ្នកសារព័ត៌មានដែលចូលរួមបានបង្ហាញពីការសម្របខ្លួន និងភាពអត់ធ្មត់ដ៏គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យដោយជោគជ័យ និងអាចបញ្ចូលវាទៅក្នុងសាច់រឿង។ សិក្ខាកាមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដ៏សក្តិសមក្នុងការរៀនពីឧបករណ៍ថ្មី និងគំនិតជុំវិញវា។ ការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យអន្តរកម្មចំនួន ១៤ ផ្សេងៗគ្នាដោយប្រើប្រាស់ Datawrapper។ យើងទទួលស្គាល់ថា ទស្សនីយកម្មរបស់ពួកគេប្រហែលជាមិនទាន់ត្រូវបានចាត់ទុកថាជំនាញនៅឡើយទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថាពួកគេបានទទួលការយល់ដឹងជាមូលដ្ឋានពីរបៀបបង្កើតទស្សនីយកម្មទិន្នន័យដែលអាចលើកកម្ពស់ខ្លឹមសារអត្ថបទព័ត៌មានរបស់ពួកគេមួយកម្រិតទៀត។ ជាងនេះទៅទៀត វាកត់សម្គាល់ថា ភាគច្រើននៃអ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែមទៀត។ ពួកគេចង់ឱ្យវគ្គបណ្តុះបណ្តាលនេះមានរយៈពេលវែងជាងមុន ហើយនៅតែសាទរចំពោះការបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ និងវិធីសាស្ត្រធ្វើទស្សនីយកម្មថ្មីៗ។ ចំណាប់អារម្មណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់នូវខ្លឹមសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ដល់សាធារណជន។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកក្រុមគាំទ្រសង្គមស៊ីវិល និងបណ្តាញសមាជិករបស់ពួកគេ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកចូលរួមអំពីទិន្នន័យ ស្តង់ដារទិន្នន័យ និងទស្សនីយកម្មទិន្នន័យអន្តរកម្ម។ យើងក៏បង្រៀនសិក្ខាកាមទាំងអស់អំពីជំនាញទស្សនីយកម្មទិន្នន័យផងដែរ។ យើងរំពឹងថាជំនាញនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការធ្វើទស្សនីយកម្មទិន្នន័យរបស់ពួកគេនៅក្នុងការធ្វើរបាយការណ៍ផ្សេងៗ។ សិក្ខាកាមចំនួន ៣១នាក់ (ស្រី ១១នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោក វង្ស ពិសិទ្ធ ជាមន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងជាអ្នកសម្របសម្រួលផ្នែកកសាងសមត្ថភាព នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលដោយការណែនាំអំពីគំនិតទូទៅ និងទិដ្ឋភាពទូទៅនៃចំណេះដឹងអំពីទិន្នន័យ និងសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួម។ លោកក៏បានស្នើឱ្យអ្នកចូលរួមទាំងអស់ធ្វើតេស្តវាស់ស្ទង់សមត្ថភាពមុនវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេផងដែរ។ បន្ទាប់មក លោកបានចាប់ផ្តើមមេរៀនជាមួយនឹងប្រធានបទ \"ការយល់ដឹងអំពីទិន្នន័យ\" ដើម្បីធានាថាសិក្ខាកាមយល់ថាអ្វីជាទិន្នន័យ ប្រភេទផ្សេងគ្នានៃទិន្នន័យ (ទិន្នន័យគុណវិស័យ និងបរិមាណវិស័យ) និងទម្រង់ទិន្នន័យ។ បន្ទាប់មកសិក្ខាកាមត្រូវបានណែនាំអំពីស្តង់ដារទិន្នន័យ៖ ស្វែងយល់អំពីទម្រង់ទិន្នន័យ និងស្តង់ដារទិន្នន័យតារាង។ គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ របៀបជ្រើសរើសប្រភេទគំនូសតាងត្រឹមត្រូវសម្រាប់ការបង្ហាញទិន្នន័យ ត្រូវបានសង្កត់ធ្ងន់។ ផ្នែកនេះបានសង្ងត់លើ មូលហេតុដែលយើងត្រូវការទស្សនីយកម្មទិន្នន័យ អ្វីជាទស្សនីយកម្មទិន្នន័យ របៀបជ្រើសរើសប្រភេទគំនូសតាងត្រឹមត្រូវ និងអ្វីដែលត្រូវពិចារណានៅពេលធ្វើទស្សនីយកម្មទិន្នន័យ។ ជាចុងក្រោយ សិក្ខាកាមតម្រូវឱ្យធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល និងការវាយតម្លៃដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។