Learning Platform Close
871

វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​កម្មវិធី​ QGIS​ ឆ្នាំ​២០២៣

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ ត្រូវ​បាន​ប្រកាស​នៅ​លើ​វេទិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដើម្បី​អំពាវនាវ​ឱ្យ​សិក្ខាកាម​ចូលរួម​សិក្ខាសាលា​នេះ​ ដែល​ប្រព្រឹត្តិ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៣​ នៅ​រាជធានី​ភ្នំពេញ​។​ ការ​ផ្សព្វផ្សាយ​នេះ​បាន​ទៅ​ដល់​មនុស្ស​ជាង​ ៣២.០០០​នាក់​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​មាន​មនុស្ស​ចំនួន​ ៣៨២​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ដោយសារ​តែ​ថវិកា​មាន​កំណត់​ និង​ធានា​គុណភាព​នៃ​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​បាន​ជ្រើសរើស​សិក្ខាកាមចំនួន​ ២១​នាក់​ ដោយ​ផ្អែក​លើ​ការងារ​ ចំណេះដឹង​ ចំណាប់អារម្មណ៍​ និង​តម្រូវការ​ប្រើប្រាស់​របស់​ពួក​គេ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អ្នកចូលរួម​សរុប​ ២១​នាក់​ (​ស្រី​ ៥​នាក់​)​ ដែលមានចំណេះ​ដឹង​ និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា​ រួម​មាន​មន្ត្រី​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​ វិស័យ​ឯកជន​ និង​និស្សិត​សាកលវិទ្យាល័យ​។​ ពួក​គេ​ភាគច្រើន​កំពុងធ្វើការ​ជាមួយ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​មានឱកាស​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្មវិធី​ QGIS​ នា​ពេល​អនាគត​។​ ​អ្នកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​មាន​មតិ​បើក​កម្មវិធី​ និង​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​ចូលរួម​។ អ្នកស្រីបានលើកទឹកចិត្ត​ឱ្យ​ពួក​គេ​យកចិត្តទុកដាក់​លើ​វគ្គ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​ អ្នកស្រី​ក៏​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​សិក្ខាកាម​ទាំង​ ២១​នាក់​ ត្រូវ​បាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​ ៣៨០​នាក់​ផង​ដែរ​។​ ​សិក្ខាកាម​តម្រូវឱ្យធ្វើ​តេស្ត​មុន​ចាប់ផ្តើម​មេរៀន​ ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​ និង​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​។​ លទ្ធផល​បាន​បង្ហាញ​ថា​មាន​តែ​ ៣៥​ភាគរយ​ នៃ​សំណួរ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​ទាំងអស់​មាន​ពេលវេលា​សម្រាក​បន្តិច​ មុន​ពេល​ចាប់ផ្តើម​មេរៀន​ស្នូល​។​ លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​/​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ និង​លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​សិក្ខាកាម​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ឧបករណ៍​ QGIS​ រួម​ទាំង​មុខងារ​នីមួយៗ​របស់​វា​ ចំណេះដឹង​ទូទៅ​អំពី​ផែនទី​ និង​មេរៀន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ​សិក្ខាកាមមានការ​សាទរ​ និង​មានការ​ឆ្លើយ​តប​សំណួ​រផ្សេងៗយ៉ាងសកម្ម​អំពី​មេរៀន​ផង​ដែរ​។​ បន្ទាប់​ពី​បង្ហាញ​មេរៀន​ សិក្ខាកាម​ទាំងអស់​ត្រូវ​ធ្វើការ​អនុវត្ត​ជាក់ស្តែង​ ក្រោយ​ពី​បាន​សិក្សា​ពី​គោល​គំនិត​ ទ្រឹស្តី​ និង​ឧបករណ៍​នីមួយៗ​រួច​មក​។​ ពួក​គេ​ភាគច្រើន​អាច​ចាប់​មេរៀន​ និង​ធ្វើ​តាម​លំ​ហាត់​ និង​ការ​អនុវត្ត​បាន​ទាំងអស់​ដោយ​រលូន​។​ ​សិក្ខាកាម​ភាគច្រើន​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ទាន់​ពេលវេលា​ ហើយ​មិន​មាន​នរណា​ម្នាក់​អវត្តមាន​ក្នុងអំឡុងពេល​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃ​នោះ​ទេ​។​ សកម្មភាព​កំសាន្ត​មួយ​ចំនួន​ក៏​ត្រូវ​បាន​រួម​បញ្ចូល​ផង​ដែរ​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ដាស់​ស្មារតី​អ្នកចូលរួម​។​ នៅ​វគ្គ​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​៣​ សិក្ខាកាម​ទាំងអស់តម្រូវឱ្យ​ធ្វើតេស្ត​ក្រោយ​បញ្ចប់​មេរៀន​ ហើយ​លទ្ធផល​គឺ​ល្អ​ជាង​មុន​ច្រើន​ដោយ​សំណួរ​ ៥៩​ភាគរយ​ ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ ​ដើម្បី​លើកទឹកចិត្ត​ និង​ទទួលស្គាល់​ពី​សមត្ថភាព​របស់​សិក្ខាកាម​ទាំងអស់​ ក្រុមការងារ​បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ពេញលេញ​។​