ស៊ីណាត ជាប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) ក្នុងសហគមន៍របស់នាង។ នាងបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨។ ស៊ីណាតមិនមានទំនុកចិត្ត និងមិនសូវសកម្មនៅក្នុងសហគមន៍របស់គាត់ទេ។ ការរស់នៅក្នុងសហគមន៍តូចមួយ ស៊ីណាតបានប្រឈមមុខនឹងសម្ពាធមួយចំនួនទាក់ទងនឹងបទដ្ឋានសង្គម និងគ្រួសារ មាតុភូមិ និងការវិនិច្ឆ័យ។ ស៊ីណាតមានតួនាទីតាមប្រពៃណីក្នុងការមើលថែកូន ប្តី និងម្តាយក្មេក ហើយស៊ីណាតមិនមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមខាងក្រៅ និងចូលរួមសកម្មភាព ឬការប្រជុំតាមភូមិនោះទេ។
បន្ទាប់ពីក្លាយជាអ្នកស្ម័គ្រចិត្តជាមួយអង្គការបន្ទាយស្រី ស៊ីណាតមានឱកាសកាន់តែច្រើនក្នុងការចូលរួមកម្មវិធីផ្សេងៗជាមួយអង្គការបន្ទាយស្រី។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រជុំ វគ្គបណ្តុះបណ្តាល វេទិកាសាធារណៈ ដំណើរទស្សនៈកិច្ចសិក្សា ពោលនៅក្នុងខេត្តរបស់ស៊ីណាតផ្ទាល់ និងលើសពីនេះ ក៏បានជួយស៊ីណាតក្នុងការកសាងចំណេះដឹង និងបទពិសោធន៍ថ្មីផងដែរ។ ឥឡូវនេះ ស៊ីណាត មានការយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងតម្លៃខ្លួនរបស់នាង។ នាងក៏ទទួលបានជំនាញថ្មីៗ ដូចជាការនិយាយជាសាធារណៈ ការទំនាក់ទំនង ការធ្វើផែនការ អាជីវកម្ម ការចល័តសហគមន៍ និងការសម្របសម្រួលផងដែរ។
ស៊ីណាត បន្តពង្រឹងខ្លួនឯងជាមួយចំណេះដឹង និងជំនាញថ្មីៗ។ នៅឆ្នាំ ២០២៣ ស៊ីណាតបានរៀន និងទទួលបានចំណេះដឹងថ្មីពី អង្គការបន្ទាយស្រី ស្តីពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត គឺជាសមាជិកម្នាក់ក្នុងចំណោមអង្គកាសហគមន៍មូលដ្ឋានទាងប្រាំដែលត្រូវបានជ្រើសរើសដោយអង្គការបន្ទាយស្រី ដើម្បីទទួលការបណ្តុះបណ្តាលអំពីការបៀតបៀនផ្លូវភេទ។ ស៊ីណាត យល់ឃើញថាចំណេះដឹងថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស៊ីណាតផ្ទាល់ និងស្ត្រីដទៃទៀតនៅក្នុងសហគមន៍របស់ស៊ីណាត។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតអាចស្គាល់ប្រភេទផ្សេងៗនៃការយាយី ក៏ដូចជារឿងកំប្លែងដែលបង្កគ្រោះថ្នាក់ និងការរើសអើងដែលតែងតែធ្វើឡើងដោយមនុស្សជុំវិញខ្លួន។
ស៊ីណាតជឿជាក់ថា មេរៀនស្តីពីការបៀតបៀនផ្លូវភេទអាចជួយបុរសឱ្យយល់ និងបញ្ឈប់អាកប្បកិរិយារើសអើងដែលនាំឱ្យមានការបៀតបៀនផ្លូវភេទ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល ស៊ីណាតបានអនុវត្តនូវអ្វីដែលបានរៀនទៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងចំណោមក្រុមសន្សំប្រចាំខែ(Monthly Saving Group)ដែលស៊ីណាតបានចូលរួម។ មិត្តភ័ក្តិរបស់នាងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទនេះ ហើយបាននិយាយថា ទាំងនេះនឹងជួយពួកគេផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សម្រាប់ថ្ងៃអនាគត ស៊ីណាត គ្រោងនឹងតស៊ូមតិលើបញ្ហាបៀតបៀនផ្លូវភេទនៅក្នុងភូមិរបស់នាង ដោយប្រើមូលនិធិប្រតិបត្តិការដែលទទួលបានពីកម្មវិធី ការសន្សំតាមភូមិ ឬក្រុមឥណទាន (Village Savings/Credit Group)។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ ស៊ីណាតក៏មានគម្រោងលើកកម្ពស់ការយល់ដឹងលើប្រធានបទផ្សេងទៀត ដូចជាសារៈសំខាន់នៃការអប់រំកុមារ ផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង អំពើហិង្សាផ្អែកលើយេនឌ័រ ភាពជាអ្នកដឹកនាំ និងការគិតវិជ្ជមានក្នុងសហគមន៍របស់គាត់ផងដែរ។
រឿងរ៉ាវស្រដៀងគ្នា
ការរើបំរើសខ្លួន៖ ដំណើររបស់ស្ត្រីពីអន្ទាក់ហឹង្សាទៅកាន់សេរីភាព
អ្នកស្រី ឡេវ ម៉ាលីស អាយុ២៧ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប បានរៀបការជាមួយបុរសម្នាក់ដែលតែងតែប្រើអំពើហឹង្សា និងក្បត់អ្នកស្រីអស់រយៈពេល៧ឆ្នាំ និងមានកូនពីរនាក់ជាមួយបុរសនោះ។ អ្នកស្រី ម៉ាលីសធ្លាក់ទឹកចិត្ត មិនហ៊ានចេញក្រៅ ឬប្រឈមមុខនឹងបញ្ហាឡើយ។ ពេលខ្លះអ្នកស្រីគិតថាចង់នឹងបញ្ចប់ជីវិតខ្លួនឯងទៀតផង។ អ្នកស្រីមិនមាននរណាម្នាកស្តាប់ពីបញ្ហា ឬមានការជួយជ្រោមជ្រែងពីសំណាក់មិត្តភ័ក្តិរបស់អ្នកស្រីឡើយ ផ្ទុយទៅវិញបែជាត្រូវបានឪពុកម្ដាយស្តីបន្ទោសថាមិនអត់ធ្មត់គ្រប់គ្រាន់ ដើម្បីធ្វើជាស្ត្រីល្អម្នាក់ទៅវិញ។ ថ្ងៃមួយ ម៉ាលីសបានជួបប្រធានអង្គការសហគមន៍មូលដ្ឋាន (CBO) អ្នកស្រី ទេព ម៉ី ដែលបានផ្តល់ដំបូន្មាន និងបញ្ជូននាងទៅអង្គការបន្ទាយស្រី ដែលផ្តល់ការគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការជួយជ្រោមជ្រែងពីអង្គការបន្ទាយស្រី ម៉ាលីសបានចាប់ផ្តើមដំណើរថ្មីនៃក្តីសង្ឃឹម ទំនុកចិត្ត និងអាចរស់នៅបានរួចផុតពីអំពើហិង្សា។ នាងបានចាកចេញពីប្តីរបស់នាង ដោយយកកូនពីរនាក់របស់នាងទៅជាមួយ ហើយកំពុងស្វែងរកការលែងលះ ដែលជាការសម្រេចចិត្តមួយដែលតម្រូវឱ្យនាងយកឈ្នះលើបញ្ហាប្រឈមជាច្រើន រួមទាំងបទដ្ឋានសង្គមដែលមានការស្រងាកចិត្តចំពោះការលែងលះ និងដំណើរការផ្លូវច្បាប់ដ៏លំបាកមួយ។ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ម៉ាលីសបានសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តនៅអង្គការបន្ទាយស្រី។ នាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដំបូងរបស់នាងស្តីពីភាពជាអ្នកដឹកនាំ ការយល់ដឹងដោយខ្លួនឯង និងជំនាញសម្របសម្រួល ហើយបន្ទាប់មកបានចូលរួមសិក្ខាសាលាជាច្រើនទៀតអំពីអំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀនផ្លូវភេទ ការរំលោភបំពាន និងប្រធានបទផ្សេងៗទៀត។ បន្ទាប់ពីបានចូលរួមសិក្ខាសាលា និងការប្រជុំនានារួចមក នាងទទួលបានភាពក្លាហាន ហើយបានចែករំលែកបទពិសោធន៍ខ្លះៗក្នុងជីវិតរបស់នាង រួមទាំងរបៀបដែលនាងបានសាងទំនុកចិត្តលើខ្លួនឯង និងការលើកទឹកចិត្តខ្លួនឯង។ នៅខែធ្នូ ឆ្នាំ២០២២ នាងទទួលបានទំនុកចិត្តគ្រប់គ្រាន់ក្នុងការធ្វើជាវាគ្មិននៅក្នុងយុទ្ធនាការរយៈពេល ១៦ ថ្ងៃ ដើម្បីពិភាក្សាលើប្រធានបទ \"បញ្ចប់អំពើហិង្សាលើស្ត្រី\"។ នៅដើមឆ្នាំ២០២៣ ម៉ាលីសបានចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនមួយនៅផ្សារពួក ខេត្តសៀមរាប។ អាជីវកម្មរបស់នាងផ្តល់ប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីមើលថែកូនទាំងពីររបស់នាង។ នាងត្រូវបានលើកទឹកចិត្តឱ្យចែករំលែកបទពិសោធន៍នៃការចាប់ផ្តើមអាជីវកម្មដ៏ល្អរបស់នាង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទីផ្សារអនឡាញជាមួយនឹងអ្នកដឹកនាំស្ត្រីផ្សេងទៀតនៅឯវេទិកាភាពជាអ្នកដឹកនាំស្ត្រីក្នុងខែមេសា ឆ្នាំ២០២៣។
ពីសិក្ខាកាមទៅជាគ្រូបណ្តុះបណ្តាល៖ ពង្រឹងសមត្ថភាពយុវជនជនជាតិដើមភាគតិចក្នុងការផ្សព្វផ្សាយចំណេះដឹងយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ
គម្រោងសកម្មភាពគាំទ្រសង្គមស៊ីវិល (CSS) មានដំណើរការយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់សំឡេងជនជាតិដើមភាគតិច តាមរយៈភាពជាដៃគូជាមួយអង្គការ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)និងអង្គការអភិរក្សភាសាជនជាតិដើមភាគតិច(CIPL)។ ដោយទទួលស្គាល់ពីដែនកំណត់នៃការបណ្ដុះបណ្ដាលសមាជិកសហគមន៍គ្រប់រូប គម្រោងនេះបានប្រើប្រាស់យុទ្ធសាស្ត្រ៖ ការបញ្ជូនចំណេះដឹងពីមនុស្សសំខាន់ទៅកាន់សហគមន៍របស់ពួកគេ។ បុគ្គលដែលត្រូវបានចាត់តាំងទាំងនេះបានក្លាយជាបំពង់សម្រាប់ផ្សព្វផ្សាយព័ត៌មានយ៉ាងសំខាន់ ដែលធ្វើឱ្យមានឥទ្ធិពលយ់ាងខ្លាំង។ លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ២៧ឆ្នាំ រស់នៅជាមួយក្រុមគ្រួសារនៅភូមិប៉ាក់ធំ ឃុំប៉ាក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោកមានចំណេះដឹងតិចតួចទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរស្គ្រីប និងឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត។ យ៉ាងណាក៏ដោយ លោកមានបំណងចង់ចែករំលែកវប្បធម៌ និងសំឡេងរបស់គាត់ជាមួយទស្សនិកជនកាន់តែទូលំទូលាយតាមរយៈបណ្តាញសង្គម។ ក្នុងនោះផងដែរ លោកក៏បានប្រឈមមុខនឹងគម្លាតចំណេះដឹងជាច្រើន ជាពិសេសនៅក្នុងវិស័យសុវត្ថិភាពឌីជីថល។ តាមរយៈការចូលរួមយ៉ាងសកម្មរបស់គាត់នៅក្នុងសកម្មភាពគម្រោង វគ្គបណ្តុះបណ្តាល និងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គាត់ទទួលបានការយល់ដឹងដ៏មានតម្លៃ ហើយបានដឹងពីគម្លាតចំណេះដឹងដែលគាត់ត្រូវការបន្ថែម។ ទោះបីជាជួបប្រទះបញ្ហាប្រឈមផ្សេងៗ រួមទាំងឧបសគ្គទាក់ទងនឹងចំណេះដឹង ជំនាញបច្ចេកទេស និងឧបសគ្គពេលវេលាក៏ដោយ គាត់បានតស៊ូ និងបន្តការសិក្សាឱ្យបានជ្រៅជ្រះបន្ថែមទៀត។ គាត់បានឆ្លៀតយកឱកាសនេះ ដើម្បីបំពេញតួនាទីជាគ្រូបណ្តុះបណ្តាល ដោយបានបញ្ជូនចំណេះដឹងដែលទទួលបានដល់យុវជនជនជាតិដើមភាគតិចនៅក្នុងសហគមន៍របស់គាត់។ វគ្គបណ្តុះបណ្តាលរបស់គាត់ផ្តោតលើប្រធានបទដូចជា សុវត្ថិភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក ការបញ្ជាក់លេខសម្ងាត់ពីរជំហាននៃតេលេក្រាម និងការសរសេរស្គ្រីបវីដេអូ។ គាត់ក៏ទទួលបានសមត្ថភាពក្នុងការបង្ហាញពីការយល់ដឹងរបស់គាត់ និងដោះស្រាយបញ្ហាសហគមន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលគាត់ចែករំលែកចំណេះដឹងនៅក្នុងសហគមន៍របស់គាត់។ គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើន និងសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់ ដោយបានឈានដល់ដំណាក់កាលដ៏សំខាន់នេះ។ គាត់នៅតែប្តេជ្ញាចិត្តក្នុងការចែករំលែកចំណេះដឹងជាបន្តបន្ទាប់ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនាពេលអនាគត។
ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ
លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។