Learning Platform Close

អូ​ឌី​ស៊ី​​ដាក់​ឱ្យ​ដំណើរកា​រវិ​ប​ផត​ថ​ល​ចែករំលែក​ចំណេះដឹង​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “Learning​ Platform”

​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ ដែល​ឈ្មោះ​ថា​ Learning​ Platform​ នៅ​សណ្ឋាគារ​ Poulo​ Wai​ Hotel​ &​ Apartment​ រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​មនុស្ស​ចំនួន​ ៤៣​នាក់​ (​ស្រី​ ១៨​នាក់​)​ មក​ពី​អង្គការ​ក្នុងស្រុក​ ជាតិ​ និង​អន្តរជាតិ​ ចំនួន​ ២៣​ រួម​ទាំង​សមាជិក​ក្រុម​ចង្កោម​អង្គការ​ និង​មិនមែន​សមាជិក​។​ អង្គការ​ទាំងនោះ​មាន​ NEP,​ CHRAC,​ TI,​ UNDP,​ BS,​ CIPL,​ CIPO,​ CIYA,​ Epic​ Art,​ WCV,​ IRAM,​ 3SPN,​ HA,​ FLO,​ CEDT,​ ODC,​ FHI,​ USAID,​ KAWSANG,​ SVC,​ ADHOC,​ LAC​ និង​ CENTRAL​។​ ក្នុង​នោះ​ អ្នកចូលរួម​ចំនួន​ ១២​នាក់​មក​ពី​ខេត្តរតនគិរី​ ក្រចេះ​ បាត់ដំបង​ សៀមរាប​ និង​កំពត​។​

​គេហទំព័រ​ Learning​ Platform​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​ Cambodia)​ តាម​រយៈ​អង្គការ​អេ​ហ្វ​ អេ​ច​ អាយ​ ៣៦០​ (FHI​ 360)​ និង​ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ច្បាប់​មិន​រក​ប្រាក់​កម្រៃ​ (ICNL)​ សម្រាប់​គម្រោង​គាំទ្រ​អង្ក​ការ​សង្គម​ស៊ី​វិល​ (CSS)​។​ តាម​រយៈ​មាតិកា​អន្តរ​កម្ម​ និង​ងាយស្រួល​ប្រើ​ វិ​ប​ផត​ថ​ល​ថ្មី​នេះ​នឹង​ផ្សព្វផ្សាយ​ទិន្នន័យ​ និង​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ដល់​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ចាប់អារម្មណ៍​នឹង​គម្រោង​នេះ​ អាច​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ​និង​ឥត​គិតថ្លៃ​ដោយ​មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​។​

​មាតិកា​នៅ​លើ​ Learning​ Platform​ ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​តាម​វិស័យ​ដែល​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​កំពុង​អនុវត្ត​ រួម​មាន​៖​ នវានុវត្តន៍​សង្គម​ឌី​ជី​ថ​ល​ ការ​អប់រំ​ បរិស្ថាន​និង​ធនធានធម្មជាតិ​ ជនជាតិ​ដើម​ភាគតិច​ យេ​ន​ឌ័​រ​និង​បរិ​យា​បន្ន​សង្គម​ សារព័ត៌មាន​ សង្គម​ស៊ី​វិល​ ធនធាន​ច្បាប់​ និង​សម្ភារៈ​បណ្តុះបណ្តាល​។​ ឥឡូវនេះ​គេហទំព័រ​នេះ​អាច​ចូល​ប្រើ​ជា​សាធារណៈ​សម្រាប់​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​សាធារណៈជន​។​ អ្នក​ប្រើប្រាស់​អាច​ចូល​ប្រើ​វេទិកា​នេះ​តាម​រយៈ​អាសយដ្ឋាន​គេហទំព័រ​ (https://learn.opendevelopmentcambodia.net/)​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដោយ​ផ្ទាល់​ ហើយ​ស្វែងរក​វេទិកា​សិក្សា​នេះ​នៅ​លើ​របារ​ម៉ឺ​នុយ​ជា​ទំព័រ​រង​។​

​ព្រឹត្តិការណ៍​ដាក់​ឱ្យ​ដំណើរការ​នេះ​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ Learning​ Platform​។​ តាម​រយៈ​សិក្ខាសាលា​នេះ​ យើង​មាន​បំណង​ណែនាំ​ជា​ផ្លូវការ​នូវ​វេទិកា​នេះ​ និង​ប្រមូល​មតិ​កែ​លម្អ​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​ ដើម្បី​កែ​លម្អ​រូបរាង​ មុខងារ​ និង​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់​។​ យើង​ក៏​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចសហការ​លើ​ទិន្នន័យ​ និង​ការ​ចែករំលែក​ធនធាន​ ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​យូរអង្វែង​នៃ​វេទិកា​។​

អ្នកចូលរួម​ភាគច្រើន​បាន​បង្ហាញ​ពី​គំនិត​វិជ្ជមាន​របស់​ពួក​គេ​អំពី​ Learning​ Platform​។​ ពួក​គេ​បាន​និយាយ​ថា​វា​ គឺជា​វេទិកា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​ដែល​ពួក​គេ​កំពុង​ស្វែងរក​ និង​ជា​កន្លែង​ដែល​ពួក​គេ​អាច​ផ្សព្វផ្សាយ​អំពី​គម្រោង​ និង​រឿង​រាវ​ជោគជ័យ​របស់​អង្គការ​ទៅ​កាន់​ទស្សនិកជន​ និង​ម្ចាស់​ជំនួយ​កាន់តែ​ទូលំទូលាយ​។​ ពួក​គេ​ក៏​រៀន​ពី​បទ​ពិសោធន៍​របស់​អង្គការ​ផ្សេង​ទៀត​ក្នុង​ការ​អនុវត្ត​គម្រោង​ផង​ដែរ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​ទទួល​បាន​សំណួរ​ពី​អ្នកចូលរួម​ទាក់ទង​នឹង​ការ​គ្រប់គ្រង​មាតិកា​ និង​របៀប​នៃ​ការ​ចូលរួម​ចំណែក​ទិន្នន័យ​ផង​ដែរ​។​

​សរុបសេចក្តី​ សិក្ខាសាលា​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ Learning​ Platform​ បាន​ទទួល​ការ​យកចិត្តទុកដាក់​ជា​វិជ្ជមាន​ពី​អង្គការ​សមាជិក​នៃ​ក្រុម​ ក៏​ដូច​ជា​ដៃគូ​គម្រោង​ដែល​មិនមែន​ជា​សមាជិក​គម្រោង​CSS​។​ តាម​រយៈ​ការ​ពិភាក្សា​អន្តរ​កម្ម​ និង​មតិ​ស្ថាបនា​ យើង​ទទួល​បាន​ធាតុ​ចូល​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ក្រុម​របស់​យើង​អនុវត្តន៍​សកម្មភាព​បន្ត​។​

Other Stories

358

កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦ ​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា

ខេ​ម​បូ​ចា​ សហការ​ជាមួយ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​មក​ពី​សាក​វិទ្យាល័យ​នានា​ និង​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៩​នាក់​។​ ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ ហួរ​ អ៊ិ​ច​ អ្នកជំនាញ​គ្រប់​គ្រង់​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ ចំណេះដឹង​ និង​ជំនាញ​លើ​ប្រធានបទ​នេះ​។​​សកម្មភាព​នេះ​គាំទ្រ​មូលនិធិ​ដោយ​ USAID​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។

1147

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

1401

សក្ខីកម្ម៖ ចំណាប់​អារម្មណ៍​យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើង​ចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ

តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា! សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។