Learning Platform Close

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​

សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​

​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ “​ការ​យល់​ដឹង​អំពី​ទិន្នន័យ​”​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​

គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

រឿងរ៉ាវផ្សេងទៀត

991

វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​របស់​ពួក​គេ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ ពី​សុវត្ថិភាព​អ៊ីនធឺណិត​ ក៏​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ រួម​ទាំង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។​ យើង​ក៏​បាន​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ទិន្នន័យ​ និង​គណនី​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១២​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​។​ ជាដំបូង​សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ បន្ទាប់​មក​ លោក​ ង៉ែត​ ម៉ូ​សេ​ អ្នក​បណ្តុះបណ្តាល​ និង​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ បាន​ស្នើ​ឱ្យ​សិក្ខាកាម​គ្រប់​រូប​ណែនាំ​ឈ្មោះ​ តួនាទី​ ស្ថាប័ន​ និង​ការ​រំពឹង​ទុក​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ស្វែង​យល់​ពី​សាវតា​ និង​តម្រូវការ​របស់​ពួក​គេ​។​ ​ លោក​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ “​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​”​ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពាក្យ​សម្ងាត់​ ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ​ និង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​។​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​។​ បន្ទាប់​មក​លោក​បាន​បន្ត​ទៅ​មេរៀន​មួយទៀត​ស្តី​ពី​ “​ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​”​ ដោយ​លោក​បាន​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ និង​របៀប​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព​ និង​បណ្តាញ​ឯកជន​និម្មិត​លើ​អ៊ី​ន​ធឺ​ណិ​ត​។​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​សិក្ខាកាម​ទាំងអស់​។​ វាគ្មិន​បាន​បង្ហាញ​ពី​វិធី​ការពារ​ទូរស័ព្ទ​ដៃ​ និង​អ៊ី​ម៉ែ​ល​យ៉ាង​ក្បោះក្បាយ​។​ បន្ទាប់​មក​ វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ចប់​ដោយ​ការ​សង្ខេប​មេរៀន​ និង​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ការ​យល់​ដឹង​របស់​សិក្ខាកាម​នីមួយៗ​។​ ​ការ​វាយតម្លៃ​ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​មតិ​កែ​លម្អ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ផង​ដែរ​។​ សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​របស់​យើង​គឺ​ សេង​ សុខ​ជាតិ​ សមាជិក​នៃ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ មាន​ចំណាប់អារម្មណ៍​ “​ខ្ញុំ​គិត​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឱ្យ​យើង​ចេះ​ការពារ​ឯកជន​ភាព​របស់​យើង​ពី​ជនខិលខូច​តាម​អន​ឡាញ​បាន​។​ អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​ អ៊ី​ន​ធឺ​ណែ​ត​ ឬ​កម្មវិធី​អន​ឡាញ​ផ្សេងៗ​ទៀត​ គួរតែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​គ្នា​។​” ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សន្តិសុខ​សាយ​ប័​របា​ន​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

1146

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

537

កិច្ចប្រជុំ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​២

​កិច្ចប្រជុំ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ការិយាល័យ​អង្គការ​សុខភាព​អន្តរជាតិ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ២៥​នាក់​ (​ស្រី​ ៦​នាក់​)​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​អ្នកចូលរួម​ដែល​មក​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងមហាផ្ទៃ​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​មូលដ្ឋាន​ ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នកតំណាង​ជនជាតិ​ដើម​ភាគតិច​ដែល​មក​ពី​ខេត្តព្រះវិហារ​ រតនគិរី​ និង​មណ្ឌលគិរី​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ី​អនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៣​ គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយ​ឆ្លុះ​ប​ញ្ចាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ ដែល​មានការ​ចូលរួម​ពី​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​កសាង​បណ្តាញ​ រៀនសូត្រ​ពី​គ្នា​ គូស​ផែនទី​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​បោះ​ជំហាន​លើ​សកម្មភាព​បន្ថែម​ទៀត​លើ​ការ​តស៊ូ​មតិ​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ​ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដែល​ជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ដៃគូរ​ពាក់ព័ន្ធ​។​ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដូច​ជា​៖ បង្កើត​បរិយាកាស​សម្រាប់​បណ្តាញ​ដើម្បី​រៀនសូត្រ​ និង​ចែករំលែក​ បង្ហាញ​បច្ចុប្បន្នភាព​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ លើកទឹកចិត្ត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​គ្នា​។​ តំណាង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រសួងមហាផ្ទៃ​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ស្តី​ពី​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​ បច្ចុប្បន្ន​នេះ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៥២​ បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​ជាមួយ​ក្រសួងមហាផ្ទៃ​ ខណៈ​ដែល​សហគមន៍​ចំនួន​ ៩៤​ បាន​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ដោយឡែក​ សហគមន៍​ប្រមាណ​ ២៦​ បាន​ផ្អាក​ក្នុង​ការ​ចុះបញ្ជី​ដី​សមូហភាព​ដោយសារ​បញ្ហា​ប្រឈម​ និង​ឧបសគ្គ​ផ្សេងៗ​។​ ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ប្រហែលជា​ចង់បាន​កម្មសិទ្ធិ​ដី​ឯកជន​ដែល​អាច​លក់​ ឬ​ប្រើប្រាស់​ដើម្បី​ទទួល​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​បាន​។​ ក្នុង​ករណី​ខ្លះ​ទៀត​ ដី​ដែល​បាន​ស្នើ​សុំ​ត្រួតស៊ីគ្នា​ជាមួយ​តំបន់ការពារធម្មជាតិ​ និង​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ បច្ចុប្បន្ន​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៣៨​ ក្នុង​ខេត្ត​ចំនួន​បួន​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ដែល​ស្មើនឹង​ផ្ទៃដី​សរុប​ប្រមាណ​ ៣៩.៣៤២​ហិ​កតា​ ដែល​ស្ថិត​នៅ​ខេត្តស្ទឹងត្រែង​ចំនួន​ ២​ សហគមន៍​ ខេត្តក្រចេះ​ចំនួន​ ៤​ សហគមន៍​ ខេត្តមណ្ឌលគិរី​ចំនួន​ ៧​ សហគមន៍​ និង​ខេត្តរតនគិរី​ចំនួន​ ២៥​ សហគមន៍​។​ សហគមន៍​ចំនួន​ពីរ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​នៅ​ខែមករា​ឆ្នាំ​២០២៣​ នេះ​។​ ​កិច្ចប្រជុំ​នេះ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នៃ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ អ្នកចូលរួម​ទាំងអស់​មានឱកាស​សួរនាំ​ក្រសួង​ និង​សុំ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​ដី​សហគមន៍​របស់​ខ្លួន​។​ ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​មាន​ភាព​ស្មុគស្មាញ​ និង​ចំណាយពេល​ច្រើន​។​ ប័ណ្ណកម្មសិទ្ធិ​ជួនកាល​មិន​អាច​ចេញ​បាន​ទេ​ ហើយ​ត្រូវ​ផ្អាក​ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។​ សហគមន៍​តែងតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​បើសិនជា​គ្មាន​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​នោះ​ទេ​ ព្រោះ​កម្រិត​នៃ​ចំណេះដឹង​របស់​ពួក​គាត់​អំពី​ភាសា​ខ្មែរ​ ច្បាប់​ និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​នៅ​មាន​កម្រិត​នៅឡើយ​។​ ​ក្នុង​ករណី​ខ្លះ​ ជនជាតិ​ដើម​ភាគតិច​មិន​បាន​យល់​ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ​។​ សមាជិក​សហគមន៍​មួយ​ចំនួន​អាច​មើលឃើញ​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​ចង់​ដកខ្លួន​ចេញពី​ប័ណ្ណ​កម្ម​សិទ្ធ​ដី​សមូហភាព​។​ វា​មាន​ន័យ​ថា​ពួក​គេ​ចង់បាន​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន​របស់​ខ្លួន​។​ ពេល​ខ្លះ​អាជ្ញាធរ​មូលដ្ឋាន​មិន​មានការ​ជំរុញ​ និង​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាក់ទង​នឹង​នីតិវិធី​នៃ​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ ទោះបីជា​ក្រសួង​កំពុង​ព្យាយាម​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​សមូហភាព​ក៏​ដោយ​។​ ក្នុង​ករណី​ជា​ច្រើន​ សហគមន៍​បដិសេធ​មិន​ទទួលយក​ដី​ដែល​រដ្ឋាភិបាល​មាន​ឆន្ទៈ​ផ្តល់​ឱ្យ​នោះ​ឡើយ​។​ ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ដែល​មានការ​ចូលរួម​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចងក្រង​ឯកសារ​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ហើយ​រាយការណ៍​ជូន​ក្រុមការងារ​ចំពោះ​កិច្ច​។​ អង្គការ​អូ​ឌី​ស៊ី​នឹង​បន្ត​ធ្វើ​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​ចង្កោមអង្គការសង្គមស៊ីវិលប្រចាំត្រីមាស​ជាមួយ​សមាជិក​ និង​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ចែករំលែក​មេរៀន​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​