នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលឈ្មោះថា Learning Platform នៅសណ្ឋាគារ Poulo Wai Hotel & Apartment រាជធានីភ្នំពេញ ដោយមានការចូលរួមពីមនុស្សចំនួន ៤៣នាក់ (ស្រី ១៨នាក់) មកពីអង្គការក្នុងស្រុក ជាតិ និងអន្តរជាតិ ចំនួន ២៣ រួមទាំងសមាជិកក្រុមចង្កោមអង្គការ និងមិនមែនសមាជិក។ អង្គការទាំងនោះមាន NEP, CHRAC, TI, UNDP, BS, CIPL, CIPO, CIYA, Epic Art, WCV, IRAM, 3SPN, HA, FLO, CEDT, ODC, FHI, USAID, KAWSANG, SVC, ADHOC, LAC និង CENTRAL។ ក្នុងនោះ អ្នកចូលរួមចំនួន ១២នាក់មកពីខេត្តរតនគិរី ក្រចេះ បាត់ដំបង សៀមរាប និងកំពត។
គេហទំព័រ Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) តាមរយៈអង្គការអេហ្វ អេច អាយ ៣៦០ (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។ តាមរយៈមាតិកាអន្តរកម្ម និងងាយស្រួលប្រើ វិបផតថលថ្មីនេះនឹងផ្សព្វផ្សាយទិន្នន័យ និងព័ត៌មានកាន់តែទូលំទូលាយដល់បណ្តាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលចាប់អារម្មណ៍នឹងគម្រោងនេះ អាចចូលទៅប្រើប្រាស់ជាសាធារណៈនិងឥតគិតថ្លៃដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។
មាតិកានៅលើ Learning Platform ត្រូវបានធ្វើចំណាត់ថ្នាក់តាមវិស័យដែលសមាជិកចង្កោមអង្គការសង្គមស៊ីវិលបានកំពុងអនុវត្ត រួមមាន៖ នវានុវត្តន៍សង្គមឌីជីថល ការអប់រំ បរិស្ថាននិងធនធានធម្មជាតិ ជនជាតិដើមភាគតិច យេនឌ័រនិងបរិយាបន្នសង្គម សារព័ត៌មាន សង្គមស៊ីវិល ធនធានច្បាប់ និងសម្ភារៈបណ្តុះបណ្តាល។ ឥឡូវនេះគេហទំព័រនេះអាចចូលប្រើជាសាធារណៈសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណៈជន។ អ្នកប្រើប្រាស់អាចចូលប្រើវេទិកានេះតាមរយៈអាសយដ្ឋានគេហទំព័រ (https://learn.opendevelopmentcambodia.net/) ឬចូលទៅកាន់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដោយផ្ទាល់ ហើយស្វែងរកវេទិកាសិក្សានេះនៅលើរបារម៉ឺនុយជាទំព័ររង។
ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍ Learning Platform។ តាមរយៈសិក្ខាសាលានេះ យើងមានបំណងណែនាំជាផ្លូវការនូវវេទិកានេះ និងប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីកែលម្អរូបរាង មុខងារ និងបទពិសោធន៍អ្នកប្រើប្រាស់។ យើងក៏អំពាវនាវឱ្យបង្កើនកិច្ចសហការលើទិន្នន័យ និងការចែករំលែកធនធាន ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃវេទិកា។
អ្នកចូលរួមភាគច្រើនបានបង្ហាញពីគំនិតវិជ្ជមានរបស់ពួកគេអំពី Learning Platform។ ពួកគេបាននិយាយថាវា គឺជាវេទិកាប្រកបដោយភាពច្នៃប្រឌិតមួយដែលពួកគេកំពុងស្វែងរក និងជាកន្លែងដែលពួកគេអាចផ្សព្វផ្សាយអំពីគម្រោង និងរឿងរាវជោគជ័យរបស់អង្គការទៅកាន់ទស្សនិកជន និងម្ចាស់ជំនួយកាន់តែទូលំទូលាយ។ ពួកគេក៏រៀនពីបទពិសោធន៍របស់អង្គការផ្សេងទៀតក្នុងការអនុវត្តគម្រោងផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ យើងក៏ទទួលបានសំណួរពីអ្នកចូលរួមទាក់ទងនឹងការគ្រប់គ្រងមាតិកា និងរបៀបនៃការចូលរួមចំណែកទិន្នន័យផងដែរ។
សរុបសេចក្តី សិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ Learning Platform បានទទួលការយកចិត្តទុកដាក់ជាវិជ្ជមានពីអង្គការសមាជិកនៃក្រុម ក៏ដូចជាដៃគូគម្រោងដែលមិនមែនជាសមាជិកគម្រោងCSS។ តាមរយៈការពិភាក្សាអន្តរកម្ម និងមតិស្ថាបនា យើងទទួលបានធាតុចូលសំខាន់ៗមួយចំនួនសម្រាប់ក្រុមរបស់យើងអនុវត្តន៍សកម្មភាពបន្ត។