Learning Platform Close

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ “​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន“​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​

ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ “​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​”​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​

គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​

​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​

​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​

​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​

​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

រឿងរ៉ាវផ្សេងទៀត

548

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ការិយាល័យ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​ (​ស្រី​ ១០​នាក់​)​ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ០៦​នាក់​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​ធ្វើការ​លើ​ជនជាតិ​ដើម​ភាគតិច​ ធនធានធម្មជាតិ​ ព្រៃឈើ​ ដីធ្លី​ និង​បរិស្ថាន​ជាដើម​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ីអនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បី​គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយឆ្លុះបញ្ជាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ គម្រោង​មាន​សកម្មភាព​សំខាន់ៗ​សរុប​ចំនួន​ ២៦​។​ កិច្ចប្រជុំ​នេះ​គឺជា​សកម្មភាព​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ ដែល​រៀបចំ​ដោយ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នឹង​មានឱកាស​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​មួយ​នេះ​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ដោយ​ប្រមូលផ្តុំ​សមាជិក​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ​ ចែករំលែក​បទ​ពិសោធន៍​ កំណត់​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​វិធីសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​បួន​រួម​មាន​៖​ ​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បង្កើត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​តួនាទី​របស់​សមាជិក​នីមួយៗ​ បង្កើត​បរិយាកាស​ចែករំលែក​សម្រាប់​សមាជិក​ និង​បណ្តាញ​ ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​បរិស្ថាន​ជា​អាទិភាព​ក៏​ដូច​ជា​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​ លើកទឹកចិត្ត​សមាជិក​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យធ្វើ​ការ​ជាមួយ​គ្នា​។​ ​បញ្ហា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ទន្ទ្រាន​យក​ដី​ សម្បទាន​​ដី​សេដ្ឋកិច្ច​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​ និង​សង្គម​ជាដើម​។​ បញ្ហា​អាទិភាព​ភាគច្រើន​គឺ​ទាក់ទង​នឹង​ព្រៃឈើ​។​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​បាន​ផ្តោត​លើ​ច្បាប់​វិនិយោគ​ ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន​នោះ​ទេ​។​ ច្បាប់​នេះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ជា​ពិសេស​ផ្នែក​ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការ​លំបាក​ ប្រសិនបើ​មាន​គម្រោង​អភិវឌ្ឍន៍​ ឬ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ប្រសិនបើ​មិន​បាន​សិក្សា​ច្បាប់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ សហគមន៍​ខ្វះ​ព័ត៌មាន​ជាក់លាក់​ និង​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ធនធានធម្មជាតិ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ការពារ​។​ ជនជាតិ​ដើម​ភាគតិច​គួរតែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​នីមួយៗ​ក៏​ដូច​ជា​សិក្ខាសាលា​ផង​ដែរ​។​

691

កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច” ជាមួយអង្គការដៃគូររួមមាន អង្គការអភិរក្សភាសាជនជាតិដើមភាគតិច អង្គការភូមិខ្ញុំ អង្គការដើម្បីជីវភាព និងព្រៃឈើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការសុខភាពគ្រួសារអន្តរជាតិ ដើម្បីកំណត់បញ្ហាប្រឈម សកម្មភាព ក៏ដូចជាពិភាក្សាអំពីតួនាទីរបស់ក្រុមប្រឹក្សា និងការដាក់បញ្ចូលសមាជិកថ្មី។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

481

អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គាំទ្រ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360) ​បាន​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ក្នុង​សន្និសីទ​ស្តី​ពី​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ដែល​បាន​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ នៅ​ខេត្តរតនគិរី​ នា​ថ្ងៃ​ទី​១២-១៣​ ខែតុលា​ ឆ្នាំ​២០២២​។​ សន្និសីទ​នេះ​មាន​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ច្បាប់​ និង​គោលនយោបាយ​ទាក់ទង​នឹង​ដីធ្លី​ រួម​ទាំង​ធនធានធម្មជាតិ​ និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​សំដៅ​ការ​លើកកម្ពស់​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ដោយ​ផ្តោត​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​សង្គម​ និង​ការ​ការពារ​ធនធានធម្មជាតិ​ និង​បរិស្ថាន​ ព្រមទាំង​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព​របស់​សហគមន៍​មូលដ្ឋាន​។​ ​កម្មវិធី​នៃ​សន្និសីទ​នេះ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ដោយ​ដំបូង​គឺ​មានការ​ចាប់ផ្ដើម​ប្រមូល​មតិយោបល់​ពី​សហគមន៍​មូលដ្ឋាន​ជាង​មួយ​រយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​តំបន់​ការពារ​ សហគមន៍​ព្រៃឈើ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។​ ធាតុ​ចូល​ដែល​ទទួល​បាន​គឺ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ខេត្តរតនគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ព្រះ​វិហារ​ មណ្ឌលគិរី​ និង​កំពង់ធំ​ ក្រសួងមហាផ្ទៃ​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ មន្ទីរ​រ៉ែ​ និង​ថាមពល​ និង​វិស័យ​ឯកជន​។​ នៅ​ថ្ងៃ​ទី​ពីរ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៥០​នាក់​ (​ស្រី​ ៦០​នាក់​)​។​ អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ក្នុង​ខេត្តរតនគិរី​ ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២៧​ ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​ ១០​ បាន​កែតម្រូវ​កិច្ចសន្យា​ និង​ក្រុមហ៊ុន​ចំនួន​ ០៦​ កំពុងធ្វើការ​កែសម្រួល​ ហើយ​ក្រុមហ៊ុន​ចំនួន​ ១១​ ផ្សេង​ទៀត​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅឡើយ​ទេ​។​ តំបន់​អាជីវកម្ម​គឺ​មាន​ទំហំ​ ៨៣.៧៨៥​ហិ​កតា​ ដែល​មាន​ផ្ទៃដី​វិនិយោគ​សរុប​ ១៨១.៨៩៦​ហិ​កតា​។​ ផ្ទៃដី​ដែល​ត្រូវ​បាន​ឈូស​ឆាយ​មាន​ចំនួន​ ៥៦.៧០២​ហិ​កតា​ និង​ផ្ទៃដី​ដាំ​ដុះ​មាន​ចំនួន​ ៥១.០៦៧​ហិ​កតា​។​ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៧៥​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ខណៈ​ដែល​សហគមន៍​ចំនួន​ ៨៥​ ត្រូវ​បាន​ទទួលស្គាល់​ជា​នីតិបុគ្គល​ដោយ​ក្រសួងមហាផ្ទៃ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​សហគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​សម្រេច​បាន​ ១៥.៦៩១​ប័ណ្ណ​ ដែល​ស្មើនឹង​ ១០.៧៤១​គ្រួសារ​។​ ភូមិ​ចំនួន​ពីរ​បាន​បញ្ចប់​ការ​ប្រកាស​ជា​សាធារណៈ​ ខណៈ​ភូមិ​មួយ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​។​ ការ​ប្រកាស​ជា​សាធារណៈ​ចំនួន​ពីរ​ដង​ស្តី​ពី​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​ត្រូវ​បាន​បញ្ចប់​ហើយ​ស្នើ​សុំ​ឱ្យ​មានការ​បែងចែក​ឡើង​វិញ​សម្រាប់​សហគមន៍​ចំនួន​បី​។​ សហគមន៍​ការពារ​មាន​ចំនួន​ ១១​ និង​សហគមន៍​ព្រៃឈើ​ចំនួន​ ៣៦​ ដែល​ក្នុង​នោះ​មាន​ ២២​សហគមន៍​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ សហគមន៍​នេសាទ​មាន​ចំនួន​ ១៤​ ហើយ​សុទ្ធតែ​ត្រូវ​បាន​ទទួលស្គាល់​ខណៈ​ដែល​មាន​សហគមន៍​ថ្មី​ចំនួន​ ២​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​។​ ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​ ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​។​ ដី​ដែល​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ ឬ​កំពុង​ដំណើរការ​មិន​ទាន់​មាន​ធានា​សុវត្ថិភាព​នៅឡើយ​ ខណៈ​ដែល​ដំណើរការ​មាន​ភាព​ស្មុគស្មាញ​ ត្រូវ​ចំណាយ​ពេលវេលា​ និង​លុយកាក់​ជាដើម​។​ ការ​ធ្វើ​អនុ​ប​យោគ​ដី​ដែល​បាន​អនុម័ត​មិន​ត្រូវ​គ្នា​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ ហើយ​ពេល​ខ្លះ​ត្រួត​លើ​គ្នា​ជាមួយ​តំបន់​ការពារ​ ពីព្រោះ​តំបន់​គ្រប់គ្រង​មិន​ត្រូវ​បាន​បែងចែក​ច្បាស់លាស់​។​ ទោះបីជា​ដី​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​ក៏​ដោយ​ ក៏​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​យក​ដី​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ យោង​ទៅ​តាម​សហគមន៍​ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មាន​កម្រិត​ និង​គ្មាន​ប្រសិទ្ធភាព​។​ សមត្ថភាព​ និង​ចំណេះដឹង​របស់​គណៈកម្មាធិការ​សហគមន៍​នៅ​មាន​កម្រិត​ ហើយ​ចាំបាច់​ត្រូវ​ពង្រីក​ចំណេះដឹង​ពួក​គេ​ទៅ​លើ​ផ្នែក​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​ ខណៈ​ដែល​ជីវភាព​រស់នៅ​របស់​សហគមន៍​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សហគមន៍​ចង់​ឃើញ​ការ​សហការ​គ្នា​រវាង​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​ និង​ខេត្ត​។​ បណ្តាញ​សហគមន៍​ព្រៃឈើ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​។​ ដំណើរការ​នៃ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​គួរតែ​ត្រូវ​បាន​កែ​លម្អ​ ហើយ​រដ្ឋាភិបាល​គួរតែ​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​សហគមន៍​នីមួយៗ​ដើម្បី​គ្រប់គ្រង​ដីធ្លី​ និង​ព្រៃឈើ​ រួម​ទាំង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួក​គេ​ផង​ដែរ​។​ ថវិកា​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រាក់​កម្ចី​សហគមន៍​សម្រាប់​សមាជិក​នីមួយៗ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ លទ្ធផល​នៃ​សំណើ​ទាំងនេះ​នៅ​មិន​អាច​បញ្ជាក់​បាន​ទេ​។​