ទិន្នន័យគឺជាធាតុផ្សំដ៏សំខាន់របស់គ្រប់ស្ថាប័ន និងអ្នកសារព័ត៌មាន។ ការស្វែងរកតម្លៃនៅក្នុងទិន្នន័យ និងការទំនាក់ទំនងតម្លៃនោះទៅកាន់ទស្សនិកជនគោលដៅរបស់អ្នកត្រូវការពេលវេលា។ ការបង្ហាញតារាងដោយសាមញ្ញជាមួយតួរលេខគឺមិនគ្រប់គ្រាន់សម្រាប់ការបង្ហាញពីសារៈសំខាន់នៃទិន្នន័យនោះទេ។ យ៉ាងណាក៏ដោយ នៅពេលដែលទិន្នន័យត្រូវបានបង្ហាញក្នុងទម្រង់ជាសាច់រឿង បុគ្គលម្នាក់ៗទំនងជាពេញចិត្តចំពោះសារៈសំខាន់របស់វា ហើយមានការឆ្លើយតបទៅតាមនោះដែរ។ អ្វីដែលល្អនោះគឺថាមនុស្សចូលចិត្តអានរឿង។ ការនិទានរឿងគឺជាឧបករណ៍ដ៏ល្អសម្រាប់ការអប់រំ ពន្យល់ និងមានឥទ្ធិពលលើទស្សនិកជន ឬសកម្មភាពដែលមានគោលបំណងជាក់លាក់។

នៅថ្ងៃទី២០-២១ និង ២៦ ខែធ្នូ ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យ និងការនិទានរឿងដោយប្រើប្រាស់ទិន្នន័យ“ ដើម្បីឱ្យអ្នកចូលរួមទទួលបាននូវការយល់ដឹងអំពីទិន្នន័យជាមូលដ្ឋាន និងជំនាញនិទានរឿងដោយប្រើប្រាស់ទិន្នន័យ។ សិក្ខាកាមបានសិក្សាអំពីគោលការណ៍នៃទិន្នន័យ ក៏ដូចជាការប្រើប្រាស់ទិន្នន័យសម្រាប់ការផលិតទស្សនីយកម្មទិន្នន័យ និងការនិទានរឿងខ្លី។ ទោះបីជាយើងមានពេលខ្លីក៏ដោយ សិក្ខាកាមរបស់យើងអាចបង្កើតទស្សនីយកម្មទិន្នន័យ ហើយបញ្ចូលវាទៅក្នុងសាច់រឿងដែលអាចបង្ហាញពីទិន្នន័យបាន។
ចំណាំ៖ សាច់រឿងដែលបានបង្ហាញនេះ មិនមានការត្រួតពិនិត្យឱ្យបានជាក់លាក់នោះទេ។ សាច់រឿងទាំងនេះគ្រាន់តែជាផ្នែកមួយនៃលំហាត់អនុវត្តរបស់សិក្ខាកាមតែប៉ុណ្ណោះ។
សាច់រឿងទី១៖ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា
សិក្ខាកាមបានបង្កើតសាច់រឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យដែលមានឈ្មោះថា “តំបន់សេដ្ឋកិច្ចពិសេសភាគច្រើនរបស់កម្ពុជាមិនបង្ហាញពីចំនួនក្រុមហ៊ុនជាក់លាក់ទេ”។ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមិនបង្ហាញពីចំនួនក្រុមហ៊ុនជាក់លាក់ទេ នេះបង្ហាញថាពួកគេស្ថិតក្នុងដំណាក់កាលរៀបចំផែនការ និងមិនទាន់ដំណើរការនៅឡើយ។ វាមានសារៈសំខាន់ណាស់ក្នុងការចាត់វិធានការបន្ថែមទៀត និងបំពេញគម្រោងទាំងនោះជាមួយនឹងដើមទុនវិនិយោគខ្ពស់ដែលអាចធ្វើតាមតំបន់។ យោងតាមទិន្នន័យ តំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជាគឺស្ថិតនៅ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ស្វាយរៀង និងកោះកុង។
សាច់រឿងទី២៖ ទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ និងការប្រើប្រាស់ថាមពលក្នុងតំបន់
សេរីនៃទស្សនីយកម្មទិន្នន័យត្រូវបានប្រើដើម្បីបង្ហាញពី “ចំនួននៅពីក្រោយទំនប់វារីអគ្គិសនីមេគង្គ”។ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមសុទ្ធតែមានគោលបំណងដូចគ្នា គឺពួកគេចង់សាងសង់ទំនប់វារីអគ្គិសនី។ នៅពេលដែលការប្រើប្រាស់ថាមពលក្នុងតំបន់ និងពិភពលោក និងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុមានការកើនឡើង ដំណោះស្រាយមួយអាចជួយដោះស្រាយបញ្ហាទាំងពីរក្នុងពេលតែមួយគឺ ការកសាងទំនប់វារីអគ្គីសនីនៅក្នុងតំបន់មេគង្គ។ វៀតណាមគឺជាប្រទេសនាំមុខគេលើការប្រើប្រាស់ថាមពល ជាមួយនឹងចំនួនកើនឡើងជាលំដាប់រហូតដល់ឆ្នាំ២០២០។ រឿងមួយដែលជាក់លាក់នោះគឺ ការប្រើប្រាស់អគ្គិសនីកំពុងកើនឡើងនៅគ្រប់ប្រទេសទាំងអស់ ហើយមិនមានសញ្ញានៃការថមថយឡើយ។ គម្រោងទំនប់វារីអគ្គិសនីមួយចំនួនត្រូវបានគេគ្រោងទុកនៅទូទាំងប្រទេសមេគង្គទាំង៥។ ប្រទេសមីយ៉ាន់ម៉ា មានគម្រោងថាមពលវារីអគ្គីសនីច្រើនជាងគេ ដែលមានសមត្ថភាពសរុបរហូតដល់ ៦១.៤១២,១ មេហ្គាវ៉ាត់។ គម្រោងភាគច្រើននៅតែស្ថិតក្នុងដំណាក់កាលធ្វើផែនការ ទោះបីជាប្រទេសវៀតណាមមានអត្រាប្រតិបត្តិការគម្រោងវារីអគ្គិសនីខ្ពស់បំផុតក៏ដោយ។ អនាគតនៃថាមពលកកើតឡើងវិញគឺភ្លឺស្វាង ប៉ុន្តែអ្នកខ្លះប្រកែកថាវាចំណាយពេលយូរពេកហើយ។
សាច់រឿងទី៣៖ ទីតាំងស្ថានីយវារីអគ្គិសនីដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា
សិក្ខាកាមរបស់យើងក៏បានប្រើប្រាស់ទិន្នន័យទំនប់វារីអគ្គិសនីពីគេហទំព័ររបស់អូឌីស៊ី ដើម្បីបង្ហាញថាខេត្តណាដែលមានវារីអគ្គិសនីច្រើនជាងគេ។ លទ្ធផលបង្ហាញថាទំនប់វារីអគ្គីសនីភាគច្រើនស្ថិតនៅភាគឦសានរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។ កោះកុងក៏ជាខេត្តដែលមានទំនប់វារីអគ្គិសនីច្រើនដែរ។
សាច់រឿងទី៤៖ ការបាត់ព្រៃឈើនៅកម្ពុជារយៈពេល ២០ឆ្នាំចុងក្រោយ
យុវជនជនជាតិដើមភាគតិចមកពីខេត្តរតនគិរីបង្កើតទស្សនីយកម្មសាច់រឿងខ្លីមួយមានចំណងជើងថា «តើព្រៃឈើនៅកម្ពុជាពិតជាបាត់បង់មែនទេ?» ផ្អែកលើទិន្នន័យឃ្លាំមើលព្រៃឈើសកល។ ទិន្នន័យស្តីពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាបង្ហាញថា ការកាប់បំផ្លាញព្រៃឈើមានការកើនឡើងគួរឱ្យកត់សម្គាល់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១០ ប៉ុន្តែមានការថយចុះបន្តិចពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។
សាច់រឿងទី៥៖ និន្នាការនៃការនេសាទនៅតាមតំបន់ក្នុងប្រទេសកម្ពុជាចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩
នៅក្នុងការបង្ហាញសាច់រឿងខ្លីដោយប្រើទស្សនីយកម្មទិន្នន័យ “សកម្មភាពនេសាទតាមតំបន់” បង្ហាញពីតំបន់នេសាទនៅប្រទេសកម្ពុជារួមមាន តំបន់វាលទំនាប តំបន់ទន្លេសាប តំបន់ខ្ពង់រាប/ភ្នំ និងតំបន់ឆ្នេរ។ ប្រទេសកម្ពុជាមានខេត្តចំនួន២០ ដែលមានសហគមន៍នេសាទ។ បើប្រៀបធៀបនឹងខេត្តចំនួន ១៩ ផ្សេងទៀត ខេត្តកោះកុងមានសហគមន៍នេសាទច្រើនជាងគេ បន្ទាប់មកគឺខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង។ សហគមន៍នេសាទនៅខេត្តស្វាយរៀងមានតិចជាងគេ។
រឿងរ៉ាវស្រដៀងគ្នា
បង្កើនសមត្ថភាពយុវជនជនជាតិដើមភាគតិចលើការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន
ការទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរាយការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីទស្សនៈរបស់យុវជនជនជាតិដើមភាគតិច “វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំអាចប្រើវាដើម្បីផ្តល់អំណាចដល់សហគមន៍របស់ខ្ញុំ និងចែករំលែកជាមួយអ្នកដទៃអំពីសហគមន៍របស់យើង និងអ្វីដែលយើងកំពុងរស់នៅជាមួយ។” លោក ឡាវ ប៊ុនឌីញ ជាយុវជនជនជាតិដើមភាគតិចចារ៉ាយ។ លោកមានស្រុកកំណើតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយគាត់រស់នៅទីនោះអស់រយៈពេល ២៧ឆ្នាំមកហើយ។ លោកមិនសូវមានចំណេះដឹងច្រើនក្នុងការសរសេររឿង ក៏ដូចជារូបថត និងការថតវីដេអូនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកតែងតែចង់ចែករំលែកជីវិតប្រចាំថ្ងៃក្នុងនាមជាយុវជនជនជាតិដើមភាគតិច ជីវភាពរស់នៅ និងវប្បធម៌ ក៏ដូចជាបរិស្ថាននៅក្នុងសហគមន៍របស់លោកជាមួយមនុស្សផ្សេងទៀតតាមរយៈបណ្តាញសង្គម។ លោក ឡាវ ប៊ុនឌីញ កំពុងបង្ហាញអំពីរបៀបប្រើប្រាស់ទូរស័ព្ទដៃក្នុងការកាត់តវីដេអូ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ លោកមានឱកាសរៀនអ្វីដែលលោកចូលចិត្ត និងរង់ចាំ នៅពេលដែលលោកបានដឹងពីវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ ដែលរៀបចំឡើងដោយអង្គការអភិរក្សភាសាជនជាតិដើមភាគតិច (CIPL) ដែលសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលដែលមានបំណងកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិច អំពីរបៀបប្រើប្រាស់ទូរស័ព្ទក្នុងការរាយការណ៍អំពីការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការសរសេររឿងខ្លីៗ និងការប្រើប្រាស់រូបថតជាយន្តការផ្អែកលើភស្តុតាង នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តរតនគិរី។ វគ្គបណ្តុះបណ្តាលនេះទាមទារឱ្យលោកខិតខំប្រឹងប្រែង និងចំណាយពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងជំនាញរបស់លោក។ យុវជនជនជាតិដើមភាគតិចចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន ដែលរៀបចំឡើងដោយ CIPL ។ ការប្តេជ្ញាចិត្តរបស់លោកក្នុងការចែករំលែកអ្វីដែលកំពុងកើតឡើងនៅក្នុងសហគមន៍របស់លោកបានបំផុសគំនិតឱ្យលោកតស៊ូឆ្លងកាត់ឧបសគ្គទាំងនេះ។ បច្ចុប្បន្នលោកអាចសរសេររឿង និងកែសម្រួលវីដេអូ ដើម្បីចែករំលែកនៅលើបណ្តាញសង្គម។ លោកមានអរគុណយ៉ាងខ្លាំងចំពោះអ្នករៀបចំដែលផ្តល់ឱកាសឱ្យលោករៀនអ្វីដែលលោកតែងតែប្រាថ្នា។ លោកបានបង្ហោះវីដេអូផ្ទាល់ខ្លួនរបស់លោក \"រៀនចប់វគ្គបណ្តុះបណ្តាលស្តីពីបរិស្ថាន ថតវីដេអូ កាត់តវីដេអូ ពីអង្គការ CIPL ខ្ញុំបានអនុវត្តបានខ្លះៗហើយ” ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃព្រៃឈើ បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍របស់គាត់នៅលើបណ្តាញសង្គម។
ការផ្លាស់ប្តូរអាកប្បកិរិយាឆ្នើយតបទៅកាន់ការបៀតបៀនផ្លូវភេទ
លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ លោក អឿន សារុន មានអាយុ ៧១ឆ្នាំ ជាប្រធាន អង្គការសហគមន៍មូលដ្ឋាន (CBO) នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកដឹកនាំអង្គការសហគមន៍មូលដ្ឋានមួយឈ្មោះថា \"សហគមន៍មរតកភូមិថ្មី \" ដែលត្រូវបានជ្រើសរើសជាសមាជិកមួយក្រុមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ (T4GJ) នៅខែតុលា ឆ្នាំ ២០២២។ ស្រដៀងទៅនឹងមេដឹកនាំ អង្គការសហគមន៍មូលដ្ឋាន ផ្សេងទៀតដែលចូលរួមក្នុងគម្រោង រួមគ្នាដើម្បីយុត្តិធម៌យេនឌ័រ លោក សារុន បានសម្របសម្រួលការប្រជុំសហគមន៍ដើម្បីចែករំលែកចំណេះដឹង និងការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ដើម្បីឱ្យអ្នកចូលរួមអាចផ្សព្វផ្សាយចំណេះដឹងបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកជិតខាង។ ក្នុងពេលផ្ទាល់នោះលោកក៏បន្តផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់អ្នកជិតខាង និងមិត្តភ័ក្តិផងដែរ។ គាត់សង្កេតឃើញថា គ្រួសារ និងសហគមន៍របស់គាត់បានផ្លាស់ប្តូរបន្តិចម្តងៗនូវការគិតរបស់ពួកគេលើការបៀតបៀនផ្លូវភេទ ដោយឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល និងរបៀបដែលពួកគេអាចទប់ស្កាត់វាឥឡូវនេះ និងទៅអនាគត។
ការជំរុញការត្រួតពិនិត្យផ្នែកនីតិបញ្ញត្តិ៖ ការផ្តល់អំណាចដល់ការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)
នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការគ្រប់គ្រងបរិស្ថាន ដោយអនុម័តជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការសម្រេចចិត្តដ៏សំខាន់នេះរួមបញ្ចូលការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ(SEA) ជាធាតុសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានប្តេជ្ញាចិត្តគាំទ្រយ៉ាងសកម្មដល់ការអនុវត្ត ការផ្សព្វផ្សាយ និងការត្រួតពិនិត្យវឌ្ឍនភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា អង្គការអូឌីស៊ី ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ(FHI 360) បានរៀបចំសិក្ខាសាលា/កិច្ចសន្ទនាដែលមានឥទ្ធិពលខ្ពស់ ដើម្បីពិភាក្សាអំពីការអនុវត្ត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព(NCSD) ព្រមទាំងតំណាងមកពីក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រុមហ៊ុនប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និង ClientEarth។ ការចូលរួមនេះបានពង្រីកដល់ជាង ៥០ អង្គការសង្គមស៊ីវិល អង្គការផ្អែកលើសហគមន៍ អ្នកសារព័ត៌មាន និងអ្នកតំណាងជនជាតិដើមភាគតិចមកពីខេត្តនានា ដែលធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន ដែលសង្កេតឃើញនៅក្នុងឥរិយាបថរបស់ក្រសួងពាក់ព័ន្ធ។ ការកើនឡើងនៃការឆ្លើយតប និងការចូលរួមយ៉ាងសកម្មរបស់ក្រសួងទាំងនេះ បង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃគម្រោង។ ជោគជ័យនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីការរួមចំណែករបស់គម្រោងក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងអង្គភាពរដ្ឋាភិបាល ជំរុញឱ្យមានវិធីសាស្រ្តសហការ និងការចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព។