ទស្សនីយកម្មទិន្នន័យ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់អ្នកសារព័ត៌មាន នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ដែលរយៈពេលនៃការយកចិត្តទុកដាក់របស់អ្នកអានគឺខ្លី និងមានភាពស្មុគស្មាញច្រើន។ វាគឺជាឧបករណ៍មួយដែលអាចឱ្យរឿងរ៉ាវមានកាន់តែមានអត្ថន័យ ដោយផ្សារភ្ជាប់ជាមួយអ្នកអានតាមរយៈរូបភាពដែលមានអត្ថន័យ និងងាយស្រួលយល់សម្រាប់ពួកគេ។ អ្នកសារព័ត៌មានដែលស្ទាត់ជំនាញទស្សនីយកម្មទិន្នន័យ អាចស្វែងរកព័ត៌មានបានយ៉ាងងាយស្រួលពីប្រភពផ្សេងៗ ហើយបង្ហាញវាតាមរបៀបដែលមិនត្រឹមតែទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចយល់បានភ្លាមៗផងដែរ។ វគ្គបណ្តុះបណ្តាលនឹងបង្កើនដំណេះដឹងរបស់អ្នកសារព័ត៌មានក្នុងការប្រើប្រាស់ទស្សនីយកម្មទិន្នន័យ ជំនាញនិទានរឿងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកអាន និងបន្សល់ទុកនូវសញ្ញាណយ៉ាងរហ័សលើការវិវត្តនៃវិស័យសារព័ត៌មាននៅកម្ពុជា។
ជាមួយនឹងវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” អ្នកអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរសារព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។
គោលបំណង
គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន” គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ ដែលអាចឱ្យពួកគេបញ្ជូនព័ត៌មាន ទាក់ទាញអ្នកអាន និងបង្ហាញការនិទានរឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកដែលមានឥទ្ធិពល និងអាចចូលប្រើបាន។
តើអ្នកនឹងរៀនអ្វី?
- ស្វែងយល់ពីទិន្នន័យ៖ ស្វែងយល់ពីរបៀបដែលទិន្នន័យតំណាងឱ្យតថភាពពិត។ ស្វែងយល់ពីប្រភេទទិន្នន័យ រចនាសម្ព័ន្ធទិន្នន័យ និងទ្រង់ទ្រាយរបស់វា ដើម្បីយល់ពីការរៀបចំទិន្នន័យសម្រាប់ការធ្វើទស្សនីយកម្ម។
- គោលការណ៍ទស្សនីយកម្មទិន្នន័យ៖ ស្វែងយល់ពីតួនាទីនៃទស្សនីយកម្មទិន្នន័យនៅក្នុងសារព័ត៌មាន។ វិធីជ្រើសរើសប្រភេទទស្សនីយកម្ម ឱ្យបានត្រឹមត្រូវទៅតាមគោលបំណងដែលចង់បាន ហើយស្វែងយល់ពីប្រភេទទស្សនីយកម្មដែលគេប្រើជាទូទៅ។
- គោលការណ៍រចនាក្រាហ្វ៖ រៀនពីរបៀបរចនាក្រាហ្វឱ្យបានល្អ ហើយធ្វើឱ្យការបង្ហាញទស្សនីយកម្មរបស់អ្នកមានភាពច្បាស់លាស់សម្រាប់អ្នកអាន។
- សេចក្ដីណែនាំអំពី Datawrapper៖ ណែនាំអំពីឧបករណ៍ និងវិធីបង្កើតទស្សនីយកម្មទិន្នន័យជាមួយវា។
- អនុវត្តទស្សនីយកម្មទិន្នន័យជាមួយ Datawrapper៖ រៀនបង្កើតទស្សនីយកម្មទិន្នន័យដោយប្រើឧបករណ៍ Datawrapper។
តើអ្នកណាគួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះ?
- អ្នកសារព័ត៌មានដែលមានការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដូចជាការប្រើប្រាស់ស្មាតហ្វូន កុំព្យូទ័រ និងជាពិសេសកម្មវិធីកុំព្យូទ័រដូចជា Excel ។
- អ្នកសារព័ត៌មានដែលផលិតរឿងរ៉ាវជាច្រើន ហើយដែលតម្រូវឱ្យប្រើទិន្នន័យច្រើន។
- អ្នកសារព័ត៌មានដែលប្រាថ្នាចង់រៀនជំនាញថ្មីៗ ដើម្បីបង្កើនគុណភាពនៃការរាយការណ៍របស់ពួកគេ។
ការរំពឹងទុក
អ្នកចូលរួមនឹងទទួលបានសមត្ថភាពក្នុងការបង្ហាញទិន្នន័យស្មុគស្មាញតាមរយៈទម្រង់រូបភាពគួរឱ្យទាក់ទាញ និងបង្កើនភាពច្បាស់លាស់ ព្រមទាំងជំរុញទំនាក់ទំនងកាន់តែប្រសើរជាមួយអ្នកអាន ឬអ្នកមើលរបស់ពួកគេផងដែរ។
លក្ខខណ្ឌនៃការជ្រើសរើស
អ្នកចូលរួមត្រូវជា អ្នកសារព័ត៌មាន (ស្ត្រី ជនជាតិដើមភាគតិច ជនពិការ និងជនស្រលាញ់ភេទដូចគ្នា ត្រូវបានលើកទឹកចិត្តឱ្យចូលរួម)។
តម្រូវការ
អ្នកចូលរួមត្រូវមានកុំព្យូទ័រផ្ទាល់ខ្លួន និងមូលដ្ឋានគ្រឹះនៃជំនាញកុំព្យូទ័រ។
កាលបរិច្ឆេទសំខាន់ៗ
- បើកឱ្យចុះឈ្មោះចូលរួម៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
- បិទការចុះឈ្មោះចូលរួម៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
- ប្រកាសឈ្មោះអ្នកដែលបានជ្រើសរើស៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣
- រៀបចំវគ្គបណ្តុះបណ្តាល៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
សម្រាប់ការចុះឈ្មោះ៖https://rb.gy/a0rjt ឬធ្វើការស្កេន QR កូដខាងក្រោម

ព្រឹត្តិការណ៍ផ្សេងទៀត
កិច្ចប្រជុំកំពូលសកលនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ ឆ្នាំ២០២៥
នៅចុងឆ្នាំ ២០២៥ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសកលនៃភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ (OGP) ឆ្នាំ២០២៥ នៅទីក្រុង Vitoria-Gasteiz ប្រទេសអេស្ប៉ាញ។ កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំតំណាងជាន់ខ្ពស់ជាង ២០០០ នាក់នៃរដ្ឋាភិបាល មេដឹកនាំសង្គមស៊ីវិល និងអ្នកបង្កើតគោលនយោបាយមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អបំផុត និងវឌ្ឍនភាពលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលបើកចំហ និងការអនុវត្តលើបញ្ហាសំខាន់ៗ។ នៅឯកិច្ចប្រជុំកំពូលសកល OGP ឆ្នាំ ២០២៥ យើងនឹងទទួលស្គាល់កំណែទម្រង់ដ៏ជោគជ័យ និងមានឥទ្ធិពលបំផុតដែលបានដាក់ជូនកម្មវិធី Open Gov Challenge តាមរយៈ Open Gov Awards ដោយអបអរសាទរការច្នៃប្រឌិត និងវឌ្ឍនភាពនៅក្នុងរដ្ឋាភិបាលបើកទូលាយ។
IGF Norway ២០២៥
កិច្ចប្រជុំប្រចាំឆ្នាំលើកទី 20 (IGF ២០២៥) នឹងត្រូវបានរៀបចំឡើងក្រោមប្រធានបទទូទៅ ការកសាងអភិបាលកិច្ចឌីជីថលរួមគ្នា ជុំវិញប្រធានបទរងចំនួនបួន ដែលកើតចេញពីការពិភាក្សានៅឯកិច្ចប្រជុំពិគ្រោះយោបល់បើកចំហដំបូង និងក្រុមប្រឹក្សាពហុភាគី។ ចុះឈ្មោះទីនេះ ៖ https://indico.un.org/event/1016806/
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្រ្តលើកទី៤ នេះនឹងពិភាក្សាអំពី \"ប្រព័ន្ធផ្កាយរណបត្រួតពិនិត្យការបាត់បង់គំរបព្រៃឈើ៑\" ដែលវាគ្មិនរបស់យើងគឺលោក ចាន់ថងន៍ បូរ៉ាមី ស្ថាបត្យករដំណោះស្រាយបច្ចេកវិទ្យាឯករាជ្យ និងជាអ្នកជំនាញផ្នែកព័ត៌មានភូមិសាស្ត្រ។ កិច្ចពិភាក្សានេះផ្តល់ឱកាសដល់អ្នកសារព័ត៌មាន យុវជនខ្មែរ យុវជនជាជនជាតិដើមភាគតិច និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន២៥នាក់ ជួបពិភាក្សាជាមួយអ្នកជំនាញក្នុងវិស័យបរិស្ថាន ដើម្បីទទួលបានទិន្នន័យដោយផ្អែកលើវិទ្យាសាស្រ្ត។ សូមចូលតាមតំណភ្ជាប់នេះដើម្បីចុះឈ្មោះចូលរួមឱ្យបានត្រឹមថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈតំណភ្ជាប់៖ https://forms.office.com/r/HzhFmTAUCF https://forms.office.com/r/HzhFmTAUCF