កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦ ក្រោមប្រធានបទស្តីពី ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា
ខេមបូចា សហការជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦ក្រោមប្រធានបទស្តីពី ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសង្គមស៊ីវិល និស្សិតមកពីសាកវិទ្យាល័យនានា និងអ្នកសារព័ត៌មានចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១៩នាក់។ សូមថ្លែងអំណរគុណដល់លោក ហួរ អ៊ិច អ្នកជំនាញគ្រប់គ្រង់គ្រោះរាំងស្ងួតថ្នាក់តំបន់នៃគណកម្មការទន្លេមេគង្គ ដែលបានចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញលើប្រធានបទនេះ។សកម្មភាពនេះគាំទ្រមូលនិធិដោយ USAID តាមរយៈអង្គការ FHI360 ក្រោមគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានចំនួន ១៤នាក់ (ស្ត្រី ២នាក់) មកពីទីកន្លែងផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ ក្រចេះ សៀមរាប បាត់ដំបង ស្ទឹងត្រែង និងមណ្ឌលគិរី។ ជាមួយនឹងវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" សិក្ខាកាមអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរការរាយការណ៍ព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានសមត្ថភាពក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿង ដែលទាក់ទាញទស្សនិកជន និងបង្ហាញសាច់រឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកគួរឱ្យទាក់ទាញ និងអាចយល់បានយ៉ាងងាយស្រួល។ វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះផ្តោតសំខាន់អំពីការស្វែងយល់អំពីទិន្នន័យ គោលការណ៍ទស្សនីយកម្មទិន្នន័យ គោលការណ៍រចនាក្រាហ្វ និងសេចក្ដីណែនាំអំពី Datawrapper។ ទោះបីជាមានឧបសគ្គនៃពេលវេលាក៏ដោយ អ្នកសារព័ត៌មានដែលចូលរួមបានបង្ហាញពីការសម្របខ្លួន និងភាពអត់ធ្មត់ដ៏គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យដោយជោគជ័យ និងអាចបញ្ចូលវាទៅក្នុងសាច់រឿង។ សិក្ខាកាមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដ៏សក្តិសមក្នុងការរៀនពីឧបករណ៍ថ្មី និងគំនិតជុំវិញវា។ ការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យអន្តរកម្មចំនួន ១៤ ផ្សេងៗគ្នាដោយប្រើប្រាស់ Datawrapper។ យើងទទួលស្គាល់ថា ទស្សនីយកម្មរបស់ពួកគេប្រហែលជាមិនទាន់ត្រូវបានចាត់ទុកថាជំនាញនៅឡើយទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថាពួកគេបានទទួលការយល់ដឹងជាមូលដ្ឋានពីរបៀបបង្កើតទស្សនីយកម្មទិន្នន័យដែលអាចលើកកម្ពស់ខ្លឹមសារអត្ថបទព័ត៌មានរបស់ពួកគេមួយកម្រិតទៀត។ ជាងនេះទៅទៀត វាកត់សម្គាល់ថា ភាគច្រើននៃអ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែមទៀត។ ពួកគេចង់ឱ្យវគ្គបណ្តុះបណ្តាលនេះមានរយៈពេលវែងជាងមុន ហើយនៅតែសាទរចំពោះការបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ និងវិធីសាស្ត្រធ្វើទស្សនីយកម្មថ្មីៗ។ ចំណាប់អារម្មណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់នូវខ្លឹមសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ដល់សាធារណជន។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
អូឌីស៊ីដាក់ឱ្យដំណើរការវិបផតថលចែករំលែកចំណេះដឹងថ្មីមួយដែលមានឈ្មោះថា “Learning Platform”
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលឈ្មោះថា Learning Platform នៅសណ្ឋាគារ Poulo Wai Hotel & Apartment រាជធានីភ្នំពេញ ដោយមានការចូលរួមពីមនុស្សចំនួន ៤៣នាក់ (ស្រី ១៨នាក់) មកពីអង្គការក្នុងស្រុក ជាតិ និងអន្តរជាតិ ចំនួន ២៣ រួមទាំងសមាជិកក្រុមចង្កោមអង្គការ និងមិនមែនសមាជិក។ អង្គការទាំងនោះមាន NEP, CHRAC, TI, UNDP, BS, CIPL, CIPO, CIYA, Epic Art, WCV, IRAM, 3SPN, HA, FLO, CEDT, ODC, FHI, USAID, KAWSANG, SVC, ADHOC, LAC និង CENTRAL។ ក្នុងនោះ អ្នកចូលរួមចំនួន ១២នាក់មកពីខេត្តរតនគិរី ក្រចេះ បាត់ដំបង សៀមរាប និងកំពត។ គេហទំព័រ Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) តាមរយៈអង្គការអេហ្វ អេច អាយ ៣៦០ (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។ តាមរយៈមាតិកាអន្តរកម្ម និងងាយស្រួលប្រើ វិបផតថលថ្មីនេះនឹងផ្សព្វផ្សាយទិន្នន័យ និងព័ត៌មានកាន់តែទូលំទូលាយដល់បណ្តាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលចាប់អារម្មណ៍នឹងគម្រោងនេះ អាចចូលទៅប្រើប្រាស់ជាសាធារណៈនិងឥតគិតថ្លៃដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ មាតិកានៅលើ Learning Platform ត្រូវបានធ្វើចំណាត់ថ្នាក់តាមវិស័យដែលសមាជិកចង្កោមអង្គការសង្គមស៊ីវិលបានកំពុងអនុវត្ត រួមមាន៖ នវានុវត្តន៍សង្គមឌីជីថល ការអប់រំ បរិស្ថាននិងធនធានធម្មជាតិ ជនជាតិដើមភាគតិច យេនឌ័រនិងបរិយាបន្នសង្គម សារព័ត៌មាន សង្គមស៊ីវិល ធនធានច្បាប់ និងសម្ភារៈបណ្តុះបណ្តាល។ ឥឡូវនេះគេហទំព័រនេះអាចចូលប្រើជាសាធារណៈសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល ក៏ដូចជាសាធារណៈជន។ អ្នកប្រើប្រាស់អាចចូលប្រើវេទិកានេះតាមរយៈអាសយដ្ឋានគេហទំព័រ (https://learn.opendevelopmentcambodia.net/) ឬចូលទៅកាន់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដោយផ្ទាល់ ហើយស្វែងរកវេទិកាសិក្សានេះនៅលើរបារម៉ឺនុយជាទំព័ររង។ ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍ Learning Platform។ តាមរយៈសិក្ខាសាលានេះ យើងមានបំណងណែនាំជាផ្លូវការនូវវេទិកានេះ និងប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីកែលម្អរូបរាង មុខងារ និងបទពិសោធន៍អ្នកប្រើប្រាស់។ យើងក៏អំពាវនាវឱ្យបង្កើនកិច្ចសហការលើទិន្នន័យ និងការចែករំលែកធនធាន ដើម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃវេទិកា។ អ្នកចូលរួមភាគច្រើនបានបង្ហាញពីគំនិតវិជ្ជមានរបស់ពួកគេអំពី Learning Platform។ ពួកគេបាននិយាយថាវា គឺជាវេទិកាប្រកបដោយភាពច្នៃប្រឌិតមួយដែលពួកគេកំពុងស្វែងរក និងជាកន្លែងដែលពួកគេអាចផ្សព្វផ្សាយអំពីគម្រោង និងរឿងរាវជោគជ័យរបស់អង្គការទៅកាន់ទស្សនិកជន និងម្ចាស់ជំនួយកាន់តែទូលំទូលាយ។ ពួកគេក៏រៀនពីបទពិសោធន៍របស់អង្គការផ្សេងទៀតក្នុងការអនុវត្តគម្រោងផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ យើងក៏ទទួលបានសំណួរពីអ្នកចូលរួមទាក់ទងនឹងការគ្រប់គ្រងមាតិកា និងរបៀបនៃការចូលរួមចំណែកទិន្នន័យផងដែរ។ សរុបសេចក្តី សិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ Learning Platform បានទទួលការយកចិត្តទុកដាក់ជាវិជ្ជមានពីអង្គការសមាជិកនៃក្រុម ក៏ដូចជាដៃគូគម្រោងដែលមិនមែនជាសមាជិកគម្រោងCSS។ តាមរយៈការពិភាក្សាអន្តរកម្ម និងមតិស្ថាបនា យើងទទួលបានធាតុចូលសំខាន់ៗមួយចំនួនសម្រាប់ក្រុមរបស់យើងអនុវត្តន៍សកម្មភាពបន្ត។
សក្ខីកម្ម៖ ចំណាប់អារម្មណ៍យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ
តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា! សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។