កិច្ចពិភាក្សាស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសតំបន់ទន្លេមេគង្គ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីរំភើបរីករាយក្នុងការដឹកនាំកិច្ចពិភាក្សាមួយលើប្រធានបទ “ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គ” នៅក្នុងសន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២ នៅ Borneo Convention Centre Kuching នៅ Kuching ប្រទេសម៉ាឡេស៊ី។ ការពិភាក្សារបស់យើងមានការចូលរួមពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាននៅកម្ពុជា ព្រមទាំងអ្នកជំនាញច្បាប់បរិស្ថាននិងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងការអនុវត្តល្អៗនៅក្នុងតំបន់។ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី បានចាប់ផ្តើមកិច្ចពិភាក្សាដោយបង្ហាញពីកិច្ចការដែលអង្គការអូឌីស៊ីកំពុងតែធ្វើ។ កិច្ចពិភាក្សានេះនឹងផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងការវិវត្តរបស់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា ក៏ដូចជាឱកាសដើម្បីសិក្សារៀនសូត្រពីអ្នកជំនាញក្នុងវិស័យនេះ។ សំណួរសំខាន់ៗចំនួនបីត្រូវបានពិភាក្សា ដែលសំណួរគឺទាក់ទងនឹងក្របខណ្ឌច្បាប់នាពេលបច្ចុប្បន្ន គម្លាតនៃការស្រាវជ្រាវ និងអាទិភាពសម្រាប់ជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកចំណេះដឹងនិងឱកាស និងបញ្ហាប្រឈមចំពោះការអភិវឌ្ឍ និងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសក្នុងតំបន់ទន្លេមេគង្គ។ ដោយសារតែការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលត្រូវបានប្រើដើម្បីវាយតម្លៃហេតុប៉ះពាល់នៃគម្រោងវិនិយោគលើបរិស្ថាននៅមានកម្រិត ការបង្កើតនិងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺចាំបាច់ណាស់សម្រាប់គម្រោងវិនិយោគសំខាន់ៗ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក៏មានឥទ្ធិពលផ្សេងៗគ្នាលើគម្រោងផងដែរ។ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីលំហូរវិនិយោគ។ ក្រៅពីការរួមចំណែកក្នុងអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ហេតុប៉ះពាល់បរិស្ថានអាចត្រូវបានគេមើលឃើញថាមានឥទ្ធិពលទៅលើការវិនិយោគទាំងកម្រិតតូច និងកម្រិតធំ។ កម្រិតតូចផ្តោតលើទំនាក់ទំនងរវាងការទាក់ទាញនៃការវិនិយោគដោយក្រុមហ៊ុន និងតម្លៃបរិស្ថាន ចំណែកឯកម្រិតធំផ្តោតលើការព្រួយបារម្ភរបស់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិអំពីថា តើការវិនិយោគបរទេសនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនៃប្រទេសដែរឬទេ។ ច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ (២០១៦-២០២៣) អនុក្រឹត្យលេខ៧២ ស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រមបរិស្ថាននិងធនធានធម្មជាតិ គឺជាបទប្បញ្ញត្តិដែលទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅ ប្រទេសកម្ពុជា។ ក្រមនេះអាចធ្វើឱ្យការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក្លាយជាតម្រូវការសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រនៅក្នុងវិស័យផ្សេងៗ។ ដំណើរការនៃការរៀបចំរបាយការណ៍វាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ត្រូវតែគិតគូរជាពិសេស និងផ្តល់ឱកាសសម្រាប់ជនងាយរងគ្រោះ ក្រុមជនជាតិភាគតិច និងជនជាតិដើមភាគតិចចូលរួម។ លទ្ធផលនៃការត្រួតពិនិត្យនេះនឹងត្រូវបង្ហាញជូនដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ក៏ដូចជាសាធារណជនទូទៅផងដែរ។ ទោះបីជាដំណើរការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ត្រូវបានផ្តួចផ្តើមឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ ក៏ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៅក្នុងមហាអនុតំបន់មេគង្គ។ នៅក្នុងប្រទេសកម្ពុជា គំនិតផ្តួចផ្តើមការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទើបតែចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ជាមួយនឹងការបោះពុម្ពរបាយការណ៍ជាក់លាក់នៃវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ ក្របខណ្ឌផែនការយុទ្ធសាស្ត្ររបស់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ជលផលនៅកម្ពុជាឆ្នាំ២០១០-២០២៤ ក៏ត្រូវបានបោះពុម្ពផងដែរ ដែលជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជាក៏ដូចប្រទេសដទៃទៀត ចាប់ផ្ដើមដោយការផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ បច្ចុប្បន្ន អង្គការអូឌីស៊ីកំពុងគាំទ្រដល់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្នុងការបង្កើតគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ នាយកដ្ឋានបានលើកឡើងពីការអភិវឌ្ឍគោលការណ៍ណែនាំបច្ចេកទេសស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រលើអាជីវកម្មបូមខ្សាច់នៅកម្ពុជា។ ដោយផ្អែកលើកិច្ចពិភាក្សា គោលការណ៍ណែនាំទាំងនេះនឹងអាចដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថាធនធានធម្មជាតិរបស់យើងនឹងត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព។ អ្នកជំនាញមានការព្រួយបារម្ភចំពោះផែនការគ្រប់គ្រង និងទំនួលខុសត្រូវរបស់អ្នកទទួលខុសត្រូវលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនេះ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនឹងមាននិរន្តរភាព ប្រសិនបើមានការដឹកនាំមានលក្ខណៈជាក្រសួង-ស្ថាប័ន។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលបានការបណ្តុះបណ្តាល និងមានបទពិសោធន៍ក្នុងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដោយសារតែការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនមែនជារឿងដូចគ្នានោះទេ ហើយរបាយការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនីមួយៗក៏មានលក្ខណៈប្លែកពីគេផងដែរ។ កម្ពុជាគួរតែខិតខំប្រឹងប្រែងអភិវឌ្ឍគោលនយោបាយនេះ ព្រោះវាមានតួនាទីសំខាន់ណាស់ ស្របពេលដែលវាអាចផ្តល់ឱកាស និងតម្លៃជាច្រើននៅក្នុងតំបន់អាស៊ាន។ យើងសាទរចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយទំនួលខុសត្រូវបរិស្ថាន និងរង់ចាំយ៉ាងអន្ទះសារនូវលទ្ធផលនៃគោលការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនេះ។ ក្នុងអំឡុងពេលពិភាក្សា អ្នកចូលរួមក៏បានចែករំលែកព័ត៌មានថ្មីៗ និងវឌ្ឍនភាពនៃការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គផងដែរ។
វេទិកាថ្នាក់ជាតិស្តីពីឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី “ឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន” កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមចំនួន ៤៣នាក់ (ស្រី ១៣នាក់) ក្នុងនោះរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អ្នកសារព័ត៌មាន និងជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ពោធិ៍សាត់ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ។ កម្មវិធីនេះរៀបចំឡើងក្រោមការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល និងក្រោមការគាំទ្រពីមូលនិធិហេនរេចបូលក្នុងគម្រោងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់អភិបាលកិច្ចបរិស្ថានកាន់តែមានតម្លាភាព និងឆ្លើយតបនៅកម្ពុជា។ វេទិកាថ្នាក់ជាតិនេះមានគោលបំណងដូចជា៖១. ផ្តល់ឱកាសសម្រាប់ភាគីពាក់ព័ន្ធដើម្បីបង្ហាញពីកង្វល់របស់ពួកគេទាក់ទងនឹងបទបញ្ញប្បត្តិព្រៃឈើ និងដីធ្លីដែលមានស្រាប់ និងកំពុងធ្វើវិសោធនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។២. កំណត់យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ធាតុចូលទៅក្នុងសេចក្តីព្រាងច្បាប់៣. ពិភាក្សាអំពីអន្តរកម្មរវាងសេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធលើដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាពិសេសការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណៈជនឱ្យកាន់តែទូលំទូលាយ។ អ្នករៀបចំកម្មវិធីបានអញ្ជើញលោក អឿ អ៊ីល នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ និងលោកស្រី យ៉ា យាន់នី តំណាងជនជាតិដើមភាគតិចកម្ពុជាមកពីខេត្តមណ្ឌលគិរីធ្វើជាវាគ្មិននៅក្នុងកម្មវិធី។ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) គឺជាអ្នកសម្របសម្រួលនៃកិច្ចពិភាក្សាលើប្រធានបទ \"បទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លី\"។ ការពិភាក្សាបានចាប់ផ្តើមដោយការណែនាំពីវាគ្មិនក៏ដូចជាការងាររបស់គាត់ផងដែរ។ មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍បានចែករំលែកនូវការស្រាវជ្រាវពីការរចូលរួមជាសាធារណៈនៅក្នុងការកំណត់ព្រំប្រទល់ដែនជម្រកសត្វព្រៃព្រះរកា និងស្រុកឆែប ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានមានគោលការណ៍ណែនាំច្បាស់លាស់ និងចូលរួមជាមួយសហគមន៍មូលដ្ឋានក្នុងដំណើរការនេះ។ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនលើកសម្រាប់រយៈពេលពីរឆ្នាំដើម្បីធ្វើផែនទីតំបន់នេះ។ នេះគឺជាផែនទីដំបូងដែលពាក់ព័ន្ធមនុស្សជាច្រើន ដូច្នេះមិនមានការព្រួយបារម្ភដែលលើកឡើងដោយសហគមន៍មូលដ្ឋានក្នុងអំឡុងពេលដំណើរការធ្វើផែនទីនោះទេ។ ការព្រួយបារម្ភបន្ទាប់ពីនោះ គឺនៅពេលដែលផែនទីត្រូវបានចេញផ្សាយ តើនរណានឹងទទួលខុសត្រូវក្នុងការបោះបង្គោលព្រំប្រទល់? សារពើភ័ណ្ឌដីធ្លីក៏មានសារៈសំខាន់ដែរក្នុងការកំណត់ដីដែលជនជាតិដើមភាគតិចនីមួយៗកាន់កាប់នៅក្នុងប័ណ្ណកម្មសិទ្ធិដីសមូហភាព។ សំណួរត្រូវបានលើកឡើងជុំវិញភាពខុសគ្នានៃរយៈពេលនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច និងប័ណ្ណកម្មសិទ្ធិឯកជន ក៏ដូចជាការប្រើប្រាស់ពាក្យនៅក្នុងច្បាប់ផងដែរ។ តំណាងមកពីអង្គការជនជាតិដើមភាគតិចកម្ពុជា បានចែករំលែកពីក្តីបារម្ភចំពោះសហគមន៍ជនជាតិដើមភាគតិចមិនអាចធ្វើកសិកម្មពនេចរ ឬកសិកម្មប្រពៃណីបាន លុះត្រាតែដីទាំងនោះត្រូវបានចុះបញ្ជី។ នេះជាចំណុចសំខាន់ប្រសិនបើសហគមន៍ដាំដំណាំ ឬស្រូវលើដីទាំងនោះ។ តំណាងក្រសួងអភិវឌ្ឍន៍ជនបទបានឆ្លើយតបថា “ប្រសិនបើសហគមន៍ត្រូវបានទទួលស្គាល់ដោយក្រសួងថាជាក្រុមជនជាតិដើមភាគតិច មិនគួរណាមានបញ្ហាក្នុងការប្រើប្រាស់ដីនោះទេ”។ អ្នកតំណាងមកពីអង្គការជនជាតិដើមភាគតិចកម្ពុជាបានបន្តលើកឡើងពីការព្រួយបារម្ភអំពីការមិនដាក់បញ្ចូលពាក្យ \"ជនជាតិដើមភាគតិច\" នៅក្នុងសេចក្តីព្រាងច្បាប់។ ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណរបស់ពួកគេ (ដែលខុសពីប្រជាជនផ្សេងទៀត) ទាំងនៅក្នុងច្បាប់បច្ចុប្បន្ន និងនាពេលខាងមុខ។ ទាក់ទងនឹងធាតុចូល យើងចង់ឃើញជំពូកដាច់ដោយឡែកមួយនិយាយអំពីជនជាតិដើមភាគតិចនៅក្នុងច្បាប់ភូមិបាល។ ការពិភាក្សារវាងអង្គការសង្គមស៊ីវិល និងជនជាតិដើមភាគតិចគួរតែធ្វើឡើងមុននឹងមានកិច្ចប្រជុំជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីចែករំលែកកង្វល់របស់ពួកគេនៅក្នុងសេចក្តីព្រាងច្បាប់នេះ។ ការពិភាក្សាជុំវិញហេតុផលនៃការពិនិត្យ ឬវិសោធនកម្មច្បាប់គួរតែត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយ។ រដ្ឋាភិបាលគួរតែបើកកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា។ អ្នកតំណាងមកពីបណ្តាញការពារទន្លេបីបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនរាប់បញ្ចូលពាក្យ “FPIC” ដែលមានន័យថាការយល់ព្រមដែលបានទទួលព័ត៌មានជាមុន និងសេរី។ ច្បាប់នេះលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជនយ៉ាងពេញលេញលើគ្រប់វិស័យ។ ការចូលរួមយ៉ាងពេញលេញមាននិយមន័យខុសគ្នាពី FPIC ដែលពិចារណាលើការទទួលបានព័ត៌មាន ការចូលរួម និងការសម្រេចចិត្ត។ អ្នកចូលរួមបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងការធ្វើការរួមគ្នាក្នុងចំណោមអង្គការសង្គមស៊ីវិល គឺមានសារៈសំខាន់ណាស់។ តាមរយៈការធ្វើដូច្នេះយើងអាចអនុវត្ត និងសម្របសម្រួលយន្តការ និងធាតុចូលប្រកបដោយប្រសិទ្ធភាព។ វេទិកាទទួលបានសំណួរគួរឱ្យចាប់អារម្មណ៍មួយពីក្រុមហ៊ុនឯកជនទាក់ទងនឹងនិន្នាការសេដ្ឋកិច្ច ជីវភាពរស់នៅ និងសម្ភារៈប្រើប្រាស់របស់ជនជាតិដើមភាគតិច។ សំណួរនេះបានទាញចំណាប់អារម្មណ៍ជាច្រើនពីជនជាតិដើមភាគតិចនៅក្នុងបន្ទប់ប្រជុំ ក្នុងការចែករំលែកពីបច្ចុប្បន្នភាពរបស់ពួកគេ។ ពួកគេបាននិយាយថា “អ្នកខ្លះទទួលបានផ្ទះធំ និងសម្ភារៈទំនើប ប៉ុន្តែពួកគេត្រូវសងប្រាក់កម្ចីជារៀងរាល់ខែ។ ប្រជាពលរដ្ឋខ្លះក្រីក្រ ហើយសូម្បីតែដីតូចសម្រាប់ដាំដំណាំក៏ពួកគេមិនមានដែរ។ អ្វីដែលយើងមានឥឡូវនេះមិនអាចប្រៀបធៀបនឹងអ្វីដែលយើងបានបាត់បង់នោះទេ។ ទោះបីជាយើងត្រូវសម្របខ្លួនទៅនឹងយុគសម័យថ្មីក៏ដោយ ក៏យើងមិនចង់បាត់បង់អ្វីដែលយើងធ្លាប់មានដែរ ជាពិសេសវប្បធម៌របស់យើង។” សរុបមកយើងបានពិភាក្សាអំពីធាតុចូលដែលឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗមួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលក្នុងការប្រមូលផ្តុំធាតុចូល និងការផ្តល់ជូនទៅអ្នករៀបចំគោលនយោបាយ ព្រមទាំងបង្កើតបណ្តាញទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធ ដែលជាករណីសិក្សានៅខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ និងការប្រើប្រាស់ពាក្យពេជន៍នៅក្នុងច្បាប់ផងដែរ។ កិច្ចពិភាក្សាលើប្រធានបទ “ដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការចូលរួមជាសាធារណៈ” មានការអញ្ជើញចូលរួមពីលោក ហម គីមគង់ នាយកក្រុមហ៊ុន អ៊ី&អេ ខនសាល់ធេន លោកស្រី ទេព ទឹម តំណាងស្ត្រីជនជាតិដើមភាគតិចមកពីខេត្តព្រះវិហារ លោក លាង ប៊ុនលាភ នាយកប្រតិបត្តិនៃបណ្តាញការពារទន្លេបី។ កិច្ចពិភាក្សានេះត្រូវបានសម្របសម្រួលដោយលោក លន់ ពេជ្រដារ៉ា នាយកប្រតិបត្តិអង្គការភូមិខ្ញុំ។ អ្នកស្រី ទេព ទឹម ដែលរស់នៅឃុំប្រម៉ោយ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានប្រសាសន៍ថា អ្នកស្រីមិនបានទទួលការអញ្ជើញឱ្យចូលរួមជាសាធារណៈនៅក្នុងដំណើរការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក៏ដូចជាមិនបានទទួលដំណឹងអំពីគម្រោងអភិវឌ្ឍន៍ជាមុននោះទេ។ កន្លងមក គេគ្រាន់តែអញ្ជើញក្រុមប្រឹក្សាឃុំសង្កាត់មកប្រជុំតែប៉ុណ្ណោះ។ អ្នកតំណាងមកពីបណ្តាញការពារទន្លេបី បាននិយាយថា ការចូលរួមជាសាធារណៈ ពេលខ្លះអាចផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការប្រមូលផ្តុំមនុស្សដែលយល់ព្រម និងគាំទ្រលើគម្រោង។ ច្បាប់ ឬបទប្បញ្ញត្តិស្តីពីការចូលរួមជាសាធារណៈមានសារៈសំខាន់ណាស់ ហើយគួរតែបញ្ជាក់យ៉ាងច្បាស់ថា អ្នកណាគួរត្រូវបានអញ្ជើញឱ្យចូលរួមតាំងពីការចាប់ផ្តើមគម្រោង។ “នៅពេលយើងពិភាក្សាអំពីច្បាប់ភូមិបាល ក៏គួរសំដៅដល់ប្រជាជនកម្ពុជាផងដែរ។ ហេតុអ្វីបានជាកិច្ចពិភាក្សានៅព្រឹកនេះផ្តោតតែលើជនជាតិដើមភាគតិច?” សំណួរពីអ្នកចូលរួមរបស់យើង។ ពិតមែនហើយ កិច្ចការនេះគួរតែសំដៅលើមនុស្សគ្រប់គ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងផ្តោតសំខាន់ ចំពោះជនជាតិដើមភាគតិច ព្រោះពួកគាត់ជាក្រុមដែលងាយរងគ្រោះជាងគេក្នុងចំណោមក្រុមដទៃទៀត។ ពួកគាត់រស់នៅក្នុងព្រៃ ហើយមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីដូចប្រជាជនទូទៅនោះទេ។ នៅពេលមានគម្រោងអភិវឌ្ឍន៍ គេតែងសម្លឹងមើលតំបន់ព្រៃដែលមិនសូវមានមនុស្សរស់នៅច្រើន។ ក្នុងករណីប្រទេសកម្ពុជា គម្រោងមួយចំនួនទើបតែធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បន្ទាប់ពីគម្រោង បានប្រតិបត្តិការអស់រយៈពេលជាយូរមកហើយ។ អ្នកចូលរួមឆ្ងល់ថា អ្វីជាចំណុចនៅពីក្រោយរឿងទាំងនោះ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគ្រាន់តែជាឧបករណ៍មួយសម្រាប់វាយតម្លៃផលប៉ះពាល់តែប៉ុណ្ណោះ មិនមែនជាច្បាប់នោះទេ។ ការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមានបីប្រភេទរួមមាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមុន កំឡុងពេល និងក្រោយការអនុវត្តគម្រោង។ ក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងតាំងពីយូរណាស់មកហើយ ដែលពេលនោះមិនមានតម្រូវឱ្យធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយសារតែការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនទាន់មាននៅឡើយនៅពេលនោះ។ អាស្រ័យហេតុនេះបានជាក្រសួងបរិស្ថានពិនិត្យ និងស្នើឱ្យពួកគេធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ គម្រោងអភិវឌ្ឍន៍ថ្មីនាពេលបច្ចុប្បន្នត្រូវតែធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មុននឹងអនុវត្តគម្រោងដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួង។ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺពិបាកក្នុងការស្វែងរក និងទទួលបានណាស់។ តើយើងអាចទទួលបានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងដូចម្តេច? ជាទូទៅ នៅពេលដែលរបាយការណ៍ត្រូវបានអនុម័ត ក្រុមហ៊ុនទីប្រឹក្សា ម្ចាស់គម្រោង និងក្រសួងបរិស្ថាន ត្រូវបោះត្រាលើទំព័រនីមួយៗនៃរបាយការណ៍។ កាលពីមុន ក្រុមហ៊ុនទីប្រឹក្សាត្រូវតែរៀបចំរបាយការណ៍ចំនួន ១២ច្បាប់ ប៉ុន្តែបច្ចុប្បន្ននេះតម្រូវឱ្យរៀបចំតែ ៦ច្បាប់ប៉ុណ្ណោះ ដែលក្នុងនោះត្រូវរក្សាទុកដោយក្រុមហ៊ុនទីប្រឹក្សា (១ច្បាប់) ម្ចាស់គម្រោង (១ច្បាប់) ចំណែកឯរបាយការណ៍នៅសល់នឹងរក្សាទុកដោយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ក្រុមហ៊ុនទីប្រឹក្សាត្រូវរក្សាទុករបាយការណ៍នៅកន្លែងដែលមានសុវត្ថិភាពរយៈពេល ៣ ឬ ៥ឆ្នាំដោយផ្អែកលើកិច្ចព្រមព្រៀង ហើយពួកគេមិនអាចចែករំលែករបាយការណ៍ដោយគ្មានការអនុញ្ញាតពីម្ចាស់គម្រោងនោះទេ។ របាយការណ៍អាចស្នើសុំជាផ្លូវការពីក្រសួងបរិស្ថាន។ វាគ្មិនរបស់យើងក៏បានស្នើឱ្យសហគមន៍ និងអង្គការសង្គមស៊ីវិលរក្សាទុកនូវឯកសារពាក់ព័ន្ធទាំងអស់ដែលគេបានផ្តល់ឱ្យក្នុងអំឡុងពេលប្រជុំជាសាធារណៈ។ កិច្ចពិភាក្សា និងខ្លឹមសារនៃឯកសារដែលបានផ្តល់ជូននឹងមិនខុសគ្នាច្រើនពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលបានអនុម័តនោះទេ។ លើសពីនេះទៅទៀត ភាគីពាក់ព័ន្ធគួរតែផ្តោតលើវគ្គបណ្តុះបណ្តាលការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់សហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគេអាចយល់អំពីដំណើរការ ក៏ដូចជាខ្លឹមសារនៃរបាយការណ៍ផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច” ជាមួយអង្គការដៃគូររួមមាន អង្គការអភិរក្សភាសាជនជាតិដើមភាគតិច អង្គការភូមិខ្ញុំ អង្គការដើម្បីជីវភាព និងព្រៃឈើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការសុខភាពគ្រួសារអន្តរជាតិ ដើម្បីកំណត់បញ្ហាប្រឈម សកម្មភាព ក៏ដូចជាពិភាក្សាអំពីតួនាទីរបស់ក្រុមប្រឹក្សា និងការដាក់បញ្ចូលសមាជិកថ្មី។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
ទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពីទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិលពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) និងមូលនិធិហេនរេចបូល (HBS) ក្រោមគម្រោងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់អភិបាលកិច្ចបរិស្ថានប្រកបដោយតម្លាភាព និងឆ្លើយតបកាន់តែច្រើននៅកម្ពុជា។ សិក្ខាសាលានេះមានគោលបំណង៖ លើកកម្ពស់ការយល់ដឹងពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក្នុងចំណោមអង្គការសង្គមស៊ីវិល ពលរដ្ឋសារព័ត៌មាន ជនជាតិដើមភាគតិច និងអ្នកស្រាវជ្រាវ ពិភាក្សា និងបង្ហាញពីបច្ចុប្បន្នភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា កំណត់សក្តានុពលនៃការរួមបញ្ជូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៣២នាក់ (ស្រី ១១នាក់) មកពីក្រសួងផែនការ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃ អង្គការសុខភាពគ្រួសារអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត អង្គការសហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងជនជាតិដើមភាគតិច។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងលោក MATHEW Baird នាយកវិទ្យាស្ថានស្រាវជ្រាវអាស៊ីសម្រាប់ច្បាប់បរិស្ថាន បានលើកឡើងពីភាពខុសគ្នារវាងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក៏ដូចជានីតិវិធីមួយចំនួន។ ជាទូទៅ គម្រោងអភិវឌ្ឍន៍ជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែយើងមិនគួរធ្វេសប្រហែស ឬព្រងើយកន្តើយចំពោះផលប៉ះពាល់ដល់បរិស្ថាន និងសង្គមឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្ររួមបញ្ចូលការពិចារណាអំពីបរិស្ថានទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធី។ វាត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណ និងវាយតម្លៃផលវិបាកនៃការអភិវឌ្ឍជាក់លាក់នៃនយោបាយ ផែនការ និងកម្មវិធី។ វាមានន័យថាគម្រោងអភិវឌ្ឍន៍មិនទាន់បានទទួលបានយល់ព្រមពីរាជរដ្ឋាភិបាលនៅឡើយទេ។ រដ្ឋាភិបាលនឹងសម្រេចថាតើគម្រោងនេះអាចអនុវត្ត ឬវិនិយោគនៅក្នុងតំបន់នោះបានដែរឬទេ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺធ្វើឡើងមុនពេលធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ជាទូទៅការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រកើតឡើងមុនការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដែលផ្ទុយទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត។ ដើមឡើយ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រត្រូវបានធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតរបស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយសារតែភាពនៅមានកម្រិតរបស់វាក្នុងការធ្វើសមាហរណកម្មគោលនយោបាយបរិស្ថាននៅកម្រិតយុទ្ធសាស្ត្រ ជាពិសេសនៅកំឡុងពេលធ្វើគោលនយោបាល និងផែនការ។ សមត្ថភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងការគណនាឥទ្ធិពលរបស់គម្រោងនៅមានកម្រិតនៅឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាដំណើរការពហុដំណាក់កាលដែលផ្តោតលើនិរន្តរភាព ប្រើវិធីសាស្ត្រសកម្មមុនចំពោះសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ដោយកំណត់អត្តសញ្ញាណឧបសគ្គសំខាន់ៗ មុនពេលការអនុម័តចុងក្រោយ។ ការចូលរួមជាសាធារណៈគឺជាចំណុចសំខាន់ ហើយវាត្រូវតែបញ្ចូលទៅក្នុងដំណើរការទាំងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ពួកវាបំពេញគ្នាទៅវិញទៅមក និងចាំបាច់ត្រូវមានទាំងពីរ។ លោក ធី ទ្រី ក៏បានបង្ហាញវីដេអូអំពី UNECE SEA ដែលបានបង្កើតឡើងដោយគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប ដែលជាផ្នែកមួយនៃកម្មវិធីដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប “Greening the Economies in the European Neighborhood”។ ពិធីសារនេះបង្កើតនូវនីតិវិធីច្បាស់លាស់ និងតម្លាភាពសម្រាប់ការបញ្ចូលបញ្ហាបរិស្ថាន និងសុខភាពទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធី និងច្បាប់។ ផែនការរៀបចំដែនដី និងវិធីសាស្ត្ររួមបញ្ចូលតំបន់ទេសភាព លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ បានធ្វើបទបង្ហាញពីការអនុវត្តសំខាន់មួយដែលមានឈ្មោះថា \"ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី\"។ លោកបានគូសបញ្ជាក់ពីការវិភាគផ្អែកលើសេណារីយ៉ូឆ្នាំ២០៤០ សម្រាប់ខេត្ត ដោយបែងចែកជាបីសេណារីយ៉ូគឺ ការអភិរក្ស សេដ្ឋកិច្ចបៃតង និងអាជីវកម្មដូចធម្មតា។ សេណារីយ៉ូទីមួយ \"ការអភិរក្ស\" អាចរក្សាគម្របព្រៃឈើក្នុងខេត្តមណ្ឌលគិរីរហូតដល់ ៨៥ភាគរយ ដោយការពារជាចម្បងនូវព្រៃឈើទាំងអស់ក្នុង និងក្រៅតំបន់ការពារ និងការប្រើប្រាស់តំបន់មិនមែនព្រៃឈើសម្រាប់តំបន់កសិកម្ម និងអភិវឌ្ឍន៍។ សេណារីយ៉ូទីពីរ \"សេដ្ឋកិច្ចបៃតង\" ការពារតែព្រៃឈើនៅក្នុងតំបន់ការពារ ចំណែកព្រៃឈើនៅខាងក្រៅតំបន់ការពារ និងតំបន់មិនមែនព្រៃឈើត្រូវប្រើប្រាស់សម្រាប់តំបន់អភិវឌ្ឍន៍កសិកម្ម។ តាមរយៈការធ្វើដូច្នេះ គម្របព្រៃឈើអាចនៅសល់ ៥៣ភាគរយ នៅឆ្នាំ២០៤០។ សេណារីយ៉ូចុងក្រោយ \"អាជីវកម្មដូចធម្មតា\" នឹងមិនអនុវត្តការការពារព្រៃឈើទេ ហើយគម្របព្រៃឈើអាចនឹងនៅមានត្រឹមតែ ៣៤ភាគរយប៉ុណ្ណោះ។ សរុបមក សេណារីយ៉ូទីពីរគឺនឹងប្រើសម្រាប់ផែនការដែនដីសម្រាប់ខេត្តមណ្ឌលគិរី ហើយនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ។ ផែនការដែនដីគឺមានសារៈសំខាន់ណាស់ ព្រោះវាមានសក្តានុពលក្នុងការផ្តល់នូវគោលការណ៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងឧបករណ៍សម្រាប់ធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន និងដំណើរការអភិវឌ្ឍន៍ភូមិសាស្ត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែនដីប្រកបដោយតុល្យភាព។ ការធ្វើផែនការអាចធ្វើឡើងដោយអនុវត្តតាមជំហានសំខាន់ៗ រួមទាំងការបង្កើតវេទិកាពហុភាគី ការបង្កើនការយល់ដឹងរួមគ្នា ការធ្វើផែនការសហការ ការអនុវត្ត ការត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងការសម្របខ្លួន និងគណនេយ្យភាព និងការរៀបចំបរិបទ។ សក្តានុពលនៃការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងឥទ្ធិពលរបស់វាលើការគ្រប់គ្រងធនធានធម្មជាតិ ឯកឧត្តម ណោ វ៉ាន់ឌី ប្រធាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ និងលោក សាន វណ្ណរិទ្ធិ ប្រធាននាយកដ្ឋានផែនការវិនិយោគ នៃក្រសួងផែនការ បានលើកឡើងពីរបៀបដែលក្រសួងកំណត់បញ្ហាបរិស្ថាន និងទិន្នន័យបរិស្ថាននៅក្នុងផែនការអភិវឌ្ឍ។ ការដាក់បញ្ចូលបញ្ហាបរិស្ថាននៅក្នុងផែនការអភិវឌ្ឍគឺជាដំណាក់កាលដំបូង ហើយប្រទេសទាំងអស់គួរតែធ្វើវា។ បញ្ហាបរិស្ថានគួរតែត្រូវបានដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍរយៈពេលវែង និងមធ្យម ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។ គេសង្កេតឃើញថាការដាក់បញ្ចូលបញ្ហាបរិស្ថានក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៤-២០១៨) កន្លងមកមានតិចតួចតែប៉ុនណ្ណោះ ហើយបញ្ហានេះមិនទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ។ រដ្ឋាភិបាលបានគិតគូរ និងបន្ថែមបញ្ហាបរិស្ថានបន្ថែមទៀតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិថ្មី (២០១៩-២០២៣)។ យ៉ាងណាមិញ ជំពូកទី៤ (៤.៤២) នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏បានរំលេចពី \"ការលើកកម្ពស់ការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត គោលនយោបាយ ផែនការ និងឯកសារច្បាប់ ដើម្បីធានានិរន្តរភាពនៃបរិស្ថាន និងធនធានធម្មជាតិ។\"
អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បានគាំទ្រជនជាតិដើមភាគតិចចូលរួមក្នុងសន្និសីទស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅខេត្តរតនគិរី នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២។ សន្និសីទនេះមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញច្បាប់ និងគោលនយោបាយទាក់ទងនឹងដីធ្លី រួមទាំងធនធានធម្មជាតិ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិដែលសំដៅការលើកកម្ពស់អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដោយផ្តោតលើការដោះស្រាយផលប៉ះពាល់សង្គម និងការការពារធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍មូលដ្ឋាន។ កម្មវិធីនៃសន្និសីទនេះបែងចែកជាពីរដំណាក់កាល ដោយដំបូងគឺមានការចាប់ផ្ដើមប្រមូលមតិយោបល់ពីសហគមន៍មូលដ្ឋានជាងមួយរយសហគមន៍ជនជាតិដើមភាគតិច សហគមន៍តំបន់ការពារ សហគមន៍ព្រៃឈើ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ធាតុចូលដែលទទួលបានគឺត្រូវបានយកមកប្រើប្រាស់សម្រាប់កិច្ចពិភាក្សាជាមួយតំណាងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ មណ្ឌលគិរី និងកំពង់ធំ ក្រសួងមហាផ្ទៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររ៉ែ និងថាមពល និងវិស័យឯកជន។ នៅថ្ងៃទីពីរមានអ្នកចូលរួមសរុបចំនួន ២៥០នាក់ (ស្រី ៦០នាក់)។ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងខេត្តរតនគិរី ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួន ២៧ ក្នុងនោះក្រុមហ៊ុនចំនួន ១០ បានកែតម្រូវកិច្ចសន្យា និងក្រុមហ៊ុនចំនួន ០៦ កំពុងធ្វើការកែសម្រួល ហើយក្រុមហ៊ុនចំនួន ១១ ផ្សេងទៀតមិនទាន់បានចុះហត្ថលេខាលើកិច្ចសន្យានៅឡើយទេ។ តំបន់អាជីវកម្មគឺមានទំហំ ៨៣.៧៨៥ហិកតា ដែលមានផ្ទៃដីវិនិយោគសរុប ១៨១.៨៩៦ហិកតា។ ផ្ទៃដីដែលត្រូវបានឈូសឆាយមានចំនួន ៥៦.៧០២ហិកតា និងផ្ទៃដីដាំដុះមានចំនួន ៥១.០៦៧ហិកតា។ សហគមន៍ជនជាតិដើមភាគតិចចំនួន ៧៥ ត្រូវបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈដែលសហគមន៍ចំនួន ៨៥ ត្រូវបានទទួលស្គាល់ជានីតិបុគ្គលដោយក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ មានសហគមន៍ជនជាតិដើមភាគតិចចំនួន ២៤ ប៉ុណ្ណោះដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីសហគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធសម្រេចបាន ១៥.៦៩១ប័ណ្ណ ដែលស្មើនឹង ១០.៧៤១គ្រួសារ។ ភូមិចំនួនពីរបានបញ្ចប់ការប្រកាសជាសាធារណៈ ខណៈភូមិមួយផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការ។ ការប្រកាសជាសាធារណៈចំនួនពីរដងស្តីពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ត្រូវបានបញ្ចប់ហើយស្នើសុំឱ្យមានការបែងចែកឡើងវិញសម្រាប់សហគមន៍ចំនួនបី។ សហគមន៍ការពារមានចំនួន ១១ និងសហគមន៍ព្រៃឈើចំនួន ៣៦ ដែលក្នុងនោះមាន ២២សហគមន៍ ត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍នេសាទមានចំនួន ១៤ ហើយសុទ្ធតែត្រូវបានទទួលស្គាល់ខណៈដែលមានសហគមន៍ថ្មីចំនួន ២ កំពុងត្រូវបានបង្កើតឡើង។ ការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់ សហគមន៍ និងអង្គការសង្គមស៊ីវិលបានកំណត់បញ្ហាប្រឈមសំខាន់ៗក្នុងការទទួលស្គាល់ និងការការពារសិទ្ធិកាន់កាប់ដីធ្លីតាមទំនៀមទម្លាប់។ ដីដែលបានទទួលប័ណ្ណកម្មសិទ្ធិ ឬកំពុងដំណើរការមិនទាន់មានធានាសុវត្ថិភាពនៅឡើយ ខណៈដែលដំណើរការមានភាពស្មុគស្មាញ ត្រូវចំណាយពេលវេលា និងលុយកាក់ជាដើម។ ការធ្វើអនុបយោគដីដែលបានអនុម័តមិនត្រូវគ្នាទៅនឹងការអនុវត្តជាក់ស្តែង ហើយពេលខ្លះត្រួតលើគ្នាជាមួយតំបន់ការពារ ពីព្រោះតំបន់គ្រប់គ្រងមិនត្រូវបានបែងចែកច្បាស់លាស់។ ទោះបីជាដីទាំងនេះត្រូវបានចុះបញ្ជីក៏ដោយ ក៏ជនជាតិដើមភាគតិចនៅតែប្រឈមនឹងការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើ។ យោងទៅតាមសហគមន៍ ការបង្ក្រាបបទល្មើសព្រៃឈើនៅមានកម្រិត និងគ្មានប្រសិទ្ធភាព។ សមត្ថភាព និងចំណេះដឹងរបស់គណៈកម្មាធិការសហគមន៍នៅមានកម្រិត ហើយចាំបាច់ត្រូវពង្រីកចំណេះដឹងពួកគេទៅលើផ្នែកច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈដែលជីវភាពរស់នៅរបស់សហគមន៍ និងការអភិរក្សធនធានធម្មជាតិត្រូវតែធ្វើឱ្យប្រសើរឡើង។ ដើម្បីដោះស្រាយបញ្ហានេះ សហគមន៍ចង់ឃើញការសហការគ្នារវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ ដោយមានការគាំទ្រពីរដ្ឋបាលស្រុក និងខេត្ត។ បណ្តាញសហគមន៍ព្រៃឈើគួរតែត្រូវបានបង្កើតឡើងពីថ្នាក់ជាតិរហូតដល់ថ្នាក់ឃុំ។ ដំណើរការនៃការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍គួរតែត្រូវបានកែលម្អ ហើយរដ្ឋាភិបាលគួរតែផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់សហគមន៍នីមួយៗដើម្បីគ្រប់គ្រងដីធ្លី និងព្រៃឈើ រួមទាំងជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ។ ថវិកាអាចត្រូវបានប្រើប្រាស់ជាប្រាក់កម្ចីសហគមន៍សម្រាប់សមាជិកនីមួយៗ។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃសំណើទាំងនេះនៅមិនអាចបញ្ជាក់បានទេ។
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។