លើកកម្ពស់ការយល់ដឹងរបស់សហគមន៍លើដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលបណ្តុះបណ្តាលមួយស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រោមគម្រោង “ការលើកកម្ពស់អភិបាលកិច្ចគ្រប់គ្រងធនធានធម្មជាតិតាមរយៈវិធីសាស្ត្រដែលជំរុញដោយទិន្នន័យ” នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានទាក់ទងនឹងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជំរុញការសម្រេចចិត្តផ្អែកលើទិន្នន័យនិងព័ត៌មាន និងការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចបរិស្ថាន។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៦០ នាក់ រួមមានតំណាងពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។ ទោះបីជាមានការបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក៏ដោយ សិក្ខាសាលាបណ្តុះបណ្តាលនេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់សហគមន៍នៅក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។ សុន្ទរកថាស្វាគមន៍ដោយលោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី លោក ធី ទ្រី បានបើកកម្មវិធីដោយលើកឡើងពីភាពប្រទាក់ក្រឡាគ្នារវាងសិក្ខាសាលានេះជាមួយនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលកំណត់អំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍។ លោកបានលើកឡើងពីតួនាទីសំខាន់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តអ្នកចូលរួមទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា សួរសំណួរដើម្បីបង្កើនការយល់ដឹង និងបង្ហាញក្តីបារម្ភ។ លោកក៏បានណែនាំផងដែរអំពីព័ត៌មានទិន្នន័យការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវិនិយោគបរទេសនៅប្រទេសកម្ពុជា នៅលើគេហទំព័ររបស់អូឌីស៊ី ដែលរំពឹងថានឹងបង្កើនការចូលប្រើប្រាស់ទិន្នន័យសាធារណៈ។ សុន្ទរកថាបើកដោយលោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានសម្តែងការកោតសរសើរចំពោះអ្នកចូលរួម និងអ្នករៀបចំ ជាពិសេសបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អង្គការអូឌីស៊ី និងអង្គការភូមិខ្ញុំ ដែលបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង។ លោកបានលើកឡើងពីសមិទ្ធិផលនៃការអភិវឌ្ឍរបស់ខេត្តមណ្ឌលគិរី លើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដោយយកចិត្តទុកដាក់លើកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោក សុវិមាន បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់ខេត្តមណ្ឌលគិរីក្នុងការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនិងព័ត៌មាន។ បទបង្ហាញលម្អិតអំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្របខ័ណ្ឌច្បាប់ ដោយលោក ជា ឡេង លោក ជា ឡេង អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ។ លោកបានសម្របសម្រួលកិច្ចពិភាក្សា ដែលលើកទឹកចិត្តអ្នកចូលរួមក្នុងការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ កិច្ចពិភាក្សាបានបង្ហាញពីកម្រិតនៃការយល់ដឹងផ្សេងៗគ្នារបស់អ្នកចូលរួមអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ អ្នកចូលរួមមួយចំនួនទទួលបានព័ត៌មាន និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ខណៈអ្នកចូលរួមមួយចំនួនទៀតមិនបានទទួលព័ត៌មាន។ កិច្ចពិភាក្សានេះបានបង្ហាញពីតម្រូវការសម្រាប់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ និងការទំនាក់ទំនងកាន់តែប្រសើរឡើងទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាពិសេសនៅក្នុងសហគមន៍មូលដ្ឋាន។ វគ្គសំណួរ និងចម្លើយបានផ្តល់នូវការយល់ដឹងអំពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ អ្នកចូលរួមបានលើកឡើងពីក្តីបារម្ភអំពីគម្រោង និងហេតុប៉ះពាល់របស់គម្រោងទាំងនោះលើសហគមន៍មូលដ្ឋាន។ លោក ជា ឡេង បានបញ្ជាក់ថា សហគមន៍មានសិទ្ធិលើកឡើងពីកិច្ចបារម្ភ និងបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមជាសាធារណៈក្នុងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ លោកក៏បានលើកឡើងពីការយល់ច្រលំអំពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាការពន្យារពេលនៃការអភិវឌ្ឍ ដោយពន្យល់ពីគោលបំណងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងអភិវឌ្ឍន៍។ បញ្ហាប្រឈមសំខាន់ៗ និងការចូលរួមរបស់សហគមន៍ អ្នកចូលរួមបានលើកពីតម្រូវការសម្រាប់ការទទួលបានការទំនាក់ទំនងច្បាស់លាស់ និងទាន់ពេលវេលាអំពីគម្រោងអភិវឌ្ឍន៍។ ពួកគាត់បានលើកឡើងពីបញ្ហាប្រឈមរបស់សហគមន៍ រួមទាំងការទទួលបានព័ត៌មានមិនពេញលេញ ការលំបាកក្នុងការចរចាសំណងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ ការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិត និងឧបសគ្គភាសា។ ពួកគាត់បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសេវាអ៊ីនធឺណិត ធានាថាព័ត៌មានមានជាភាសាក្នុងស្រុក ផ្តល់ការជូនដំណឹងដល់កិច្ចប្រជុំទាន់ពេលវេលា និងស្នើសុំឯកសារបន្ថែមទៀតពីម្ចាស់គម្រោង។ ការដោះស្រាយឧបសគ្គទាំងនេះអាចពង្រីកលំហូរព័ត៌មាន និងការចូលរួមរបស់សហគមន៍ និងជួយសម្រួលដល់ការសម្រេចចិត្ត និងកាត់បន្ថយជម្លោះកាន់តែប្រសើរឡើង។ បទបង្ហាញពីទំព័រព័ត៌មានទិន្នន័យការវិនិយោគនៅប្រទេសកម្ពុជា និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយលោក បាន ច័ន្ទផល្លា លោក បាន ច័ន្ទផល្លា បានលើកឡើងពីតួនាទីរបស់អូឌីស៊ី ក្នុងការលើកកម្ពស់តម្លាភាព និងពង្រីកវិសាលភាពក្នុងការទទួលបានទិន្នន័យទាក់ទងនឹងការអភិវឌ្ឍតាមរយៈទំព័រព័ត៌មានទិន្នន័យការវិនិយោគបរទេសនៅប្រទេសកម្ពុជា និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ទំព័រនេះមានព័ត៌មានសំខាន់ៗអំពីគម្រោងវិនិយោគបរទេស និងរបាយការណ៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដែលអាចបង្កើនការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងអភិបាលកិច្ចបរិស្ថាន។ សុន្ទរកថាបិទដោយលោក លន់ ពេជ្រដារ៉ា នាយកប្រតិបត្តិនៃអង្គការភូមិខ្ញុំ លោក លន់ ពេជ្រដារ៉ា បានបិទសិក្ខាសាលាបណ្តុះបណ្តាលដោយថ្លែងអំណរគុណដល់អ្នកចូលរួម និងដៃគូទាំងអស់។ លោកបានលើកឡើងពីសារៈសំខាន់នៃការចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងតម្រូវការសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែម និងការគាំទ្រសម្រាប់សហគមន៍មូលដ្ឋាន។ លោក ដារ៉ា បានទទួលស្គាល់ពីសារៈសំខាន់នៃសិក្ខាសាលាក្នុងការផ្សព្វផ្សាយព័ត៌មានសំខាន់ៗ និងជំរុញកិច្ចសហការពីភាគីពាក់ព័ន្ធ។
ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់ភូមិបាលដើម្បីការការពារសិទ្ធិដីធ្លី
រដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់ភូមិបាលថ្មីទាំងស្រុង (សេចក្តីព្រាងច្បាប់) ជាង២០ឆ្នាំបន្ទាប់ពីការប្រកាសឱ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមពីសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានស្វែងរកឱកាសជាផ្លូវការ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់នេះ ហើយបានផ្តល់នូវធាតុចូលស្ថាបនាដោយផ្អែកលើកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ។ នៅចុងខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសេចក្តីព្រាងច្បាប់ភូមិបាលថ្មីមួយដែលមានចំនួន ៧មាតិកា ១៣ជំពូក និងសរុប ១៩៩មាត្រា។ អូឌីស៊ី បានដាក់លិខិតផ្លូវការមួយទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយស្នើសុំឱកាសដើម្បីពិនិត្យ និងផ្តល់ធាតុចូលស្ថាបនាលើសេចក្តីព្រាងច្បាប់នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តសំណើ និងផ្តល់សេចក្តីព្រាងច្បាប់នេះជាមួយអូឌីស៊ី ដោយផ្តល់រយៈពេលរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការបញ្ជូនធាតុចូល។ កិច្ចសន្ទនាដែលលើកឡើងពីបញ្ហាសំខាន់ៗ ដូចជាតម្រូវការការពារសិទ្ធិសមូហភាព ជាពិសេសសិទ្ធិជនជាតិដើមភាគតិច អូឌីស៊ី បានរៀបចំកិច្ចសន្ទនាចំនួនពីរលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដោយលើកទីមួយនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ នៅខេត្តសៀមរាប និងមួយលើកទៀតនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនាទាំងពីរបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល គម្រោង ALIGN និង អង្គការ LANDESA។ ក្នុងកិច្ចសន្ទនាលើកទីមួយ អ្នកជំនាញច្បាប់កម្ពុជាបានធ្វើបទបង្ហាញពីការវិភាគលើមាត្រាសំខាន់ៗនៃសេចក្តីព្រាងច្បាប់ភូមិបាលដល់អ្នកចូលរួម។ បន្ទាប់មក អ្នកចូលរួមបានពិភាក្សា និងផ្តល់ធាតុចូល កង្វល់ និងអនុសាសន៍សម្រាប់សេចក្តីព្រាងច្បាប់នេះ។ តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចដែលមានវត្តមានក្នុងកិច្ចសន្ទនានេះបានលើកឡើងពីក្តីព្រួយបារម្ភអំពីពេលវេលាកំណត់ដែលបានផ្តល់សម្រាប់ធ្វើការស្វែងយល់អំពីវិសោធនកម្មច្បាប់ដែលបានស្នើឡើង ផ្សព្វផ្សាយដល់សហគមន៍របស់ពួកគាត់ និងប្រមូលធាតុចូលពីសមាជិកសហគមន៍មកវិញ។ តំណាងមកពីសហគមន៍ជនជាតិដើមភាគតិច យល់ថាកិច្ចសន្ទនានេះគឺជាកិច្ចប្រជុំផ្តល់ព័ត៌មានជាជាងការប្រឹក្សាយោបល់។ ជាលទ្ធផល តំណាងមកពីសហគមន៍ជនជាតិដើមភាគតិចមិនអាចផ្តល់ធាតុចូលរបស់ពួកគាត់លើសេចក្តីព្រាងច្បាប់នេះបានទេ និងបានស្នើសុំពន្យារពេលសម្រាប់ដំណើរការពិគ្រោះយោបល់។ អូឌីស៊ី និងដៃគូយល់ពីការឆ្លើយតបពីសហគមន៍ជនជាតិដើមភាគតិច ដោយសារការកំណត់ពេលវេលាសម្រាប់ការបញ្ចូលធាតុចូលក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមការងារអូឌីស៊ីផងដែរ។ កិច្ចសន្ទនាលើកទី២ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ដើម្បីបង្រួបបង្រួមធាតុចូល និងអនុសាសន៍ ដែលបានមកពីកិច្ចសន្ទនាលើកទី១ នៅខេត្តសៀមរាប។ បន្ទាប់ពីកិច្ចសន្ទនានេះ អូឌីស៊ី និងដៃគូបានរៀបចំ និងបញ្ជូនធាតុចូល និងអនុសាសន៍រួមទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកសារនេះមាននៅលើគេហទំព័ររបស់អូឌីស៊ី ដែលអាចចូលប្រើបានជាសាធារណៈ។ ឯកសារនេះបង្ហាញពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាតម្រូវការបញ្ជាក់ការធានាការពារកម្មសិទ្ធិសមូហភាព សិទ្ធិប្រើប្រាស់ សិទ្ធិទទួលបានផលនៃដី និងសិទ្ធិទាក់ទងនឹងដីធ្លី និងអចលនវត្ថុផ្សេងទៀតរបស់ជនជាតិដើមភាគតិច និងវត្តពុទ្ធសាសនា។ ឯកសារធាតុចូលក៏បានស្នើសុំឱ្យមានការពិចារណាបន្ថែមទៀតចំពោះសមភាពយេនឌ័រ និងការការពារសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ នៅដើមខែមីនា អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលរៀបចំទ្បើងដោយក្រុមការងារច្បាប់ភូមិបាលនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធាតុចូលជាង ១៥ ពីអូឌីស៊ី ត្រូវបានដាក់បញ្ចូល រួមមានមតិយោបល់ទាក់ទងនឹងការចាត់ថ្នាក់នៃដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ ពេលវេលាសម្រាប់ការចុះបញ្ជីកម្មសិទ្ធិដីសហគមន៍សម្រាប់ជនជាតិដើមភាគតិច ការលើកកម្ពស់សមធម៌ក្នុងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លី ការបញ្ជាក់អំពីរយៈពេលនៃបណ្តឹងតវ៉ា ដំណើរការដាក់ពាក្យបណ្តឹង និងព័ត៌មានលម្អិតអំពីសទ្ទានុក្រម។ អូឌីស៊ី និងដៃគូរបស់យើងចែករំលែកការព្រួយបារម្ភទាក់ទងនឹងពេលវេលាសម្រាប់ការបញ្ជូនធាតុចូល។ ចន្លោះពេលសម្រាប់ការបកប្រែសេចក្តីព្រាងច្បាប់នេះទៅជាភាសាអង់គ្លេស និងការចែករំលែកសេចក្តីព្រាងច្បាប់នេះជាមួយអ្នកជំនាញច្បាប់អន្តរជាតិរបស់យើង ក៏ដូចជាការធ្វើកិច្ចសន្ទនាផងដែរ មានន័យថាឯកសារធាតុចូលមិនបានគ្របដណ្តប់លើចំណុចសំខាន់ៗទាំងអស់ឱ្យបានហ្មត់ចត់ តាមដែលអាចធ្វើបាន ប្រសិនបើមានពេលវេលាបន្ថែមទៀតសម្រាប់ការបញ្ជូនធាតុចូលលើកដំបូង។ បន្ទាប់ពីការបញ្ជូនធាតុចូល អូឌីស៊ី បានរៀបចំកិច្ចពិភាក្សា និងកិច្ចប្រជុំបន្ថែម និងបានសហការជាមួយអង្គការដៃគូដើម្បីប្រមូលធាតុចូលបន្ថែមទៀត។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានរៀបចំកិច្ចពិភាក្សាមួយស្តីពីសិទ្ធិរបស់ស្ដ្រីក្នុងភាពជាម្ចាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ។ លើសពីនេះទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមកិច្ចប្រជុំមួយដែលធ្វើឡើងដោយក្រុមការងារច្បាប់ភូមិបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលនានាដែលក្រុមការងារបានទទួលកន្លងមក។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អូឌីស៊ីបានចូលរួមសិក្ខាសាលាមួយផ្សេងទៀតដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីសេចក្តីព្រាងច្បាប់ភូមិបាល។ បន្ទាប់មក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អូឌីស៊ី និងអង្គការដៃគូបានគាំទ្រកិច្ចប្រជុំដែលរៀបចំដោយអង្គការភូមិខ្ញុំ ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ភូមិបាលដោយផ្តោតលើដំណើរការ និងបញ្ហាចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។ យោងតាមមន្ត្រីក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងបន្តពិនិត្យ និងបញ្ចូលធាតុចូលតាមភាពសមស្រប ហើយនឹងចែករំលែកសេចក្តីព្រាងច្បាប់ដែលបានកែសម្រួលបន្ថែមជាមួយភាគីពាក់ព័ន្ធ។ ដោយផ្អែកលើការណែនាំនេះ អូឌីស៊ី និងអង្គការដៃគូបានបន្តពិនិត្យ និងប្រមូលធាតុចូលបន្ថែមទៀតសម្រាប់វិសោធនកម្មលើសេចក្តីព្រាងច្បាប់ភូមិបាល និងបានបញ្ជូនធាតុចូលលើកទីពីរ ទៅលើសេចក្តីព្រាងច្បាប់ថ្មីដែលបានកែសម្រួលនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ នៅថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីការបញ្ជូនធាតុចូលរបស់យើងនៅលើសេចក្តីព្រាងច្បាប់ថ្មី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចែករំលែកជាមួយអូឌីស៊ី នូវកំណែចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ។ អូឌីស៊ីបានសង្កេតឃើញថាធាតុចូលលើកទីពីររបស់យើងពុំត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងចុងក្រោយបង្អស់នោះទេ។ អូឌីស៊ី និងអង្គការដៃគូមានបំណងទទួលបានឱកាសបន្ថែមទៀតសម្រាប់ការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា និងភាពម៉ត់ចត់ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីធាតុចូលរបស់យើងទៅតាមចំណុចនីមួយៗ។ សារៈសំខាន់នៃសម្ព័ន្ធភាពជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យមានកំណែទម្រង់ច្បាប់ភូមិបាលប្រកបដោយបរិយាបន្ន ដែលការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ កិច្ចសហប្រតិបត្តិការជាមួយគម្រោង ALIGN និងអង្គការ LANDESA បានអនុញ្ញាតឱ្យអូឌីស៊ីចូលរួមក្នុងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិលើដំណើរការវិសោធនកម្មច្បាប់ភូមិបាលនៅប្រទេសកម្ពុជា ស្របទៅតាមស្តង់ដារអន្តរជាតិ និងគោលការណ៍នៃការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងអភិបាលកិច្ចដីធ្លី។ តាមរយៈការបង្រួបបង្រួមភាគីពាក់ព័ន្ធទាំងអស់ អូឌីស៊ីព្យាយាមលើកកម្ពស់តម្លាភាព និងការវិនិយោគប្រកបដោយការទទួលខុសត្រូវលើដីធ្លីនៅកម្ពុជា។ ធាតុចូលដែលបានផ្តល់ដោយអូឌីស៊ីតម្លើងសំឡេងរបស់សហគមន៍មូលដ្ឋានទៅកាន់រដ្ឋាភិបាលដែលជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ចីរភាព និងបរិយាបន្នក្នុងសិទ្ធិដីធ្លីសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ ទោះបីជាធាតុចូល និងអនុសាសន៍ទាំងអស់ពីអូឌីស៊ី និងដៃគូរបស់យើងមិនត្រូវបានរួមបញ្ជូលដោយរដ្ឋាភិបាលក្តី កិច្ចសហការនេះបានជំរុញឱ្យមានកិច្ចពិភាក្សាសំខាន់ៗ ជាពិសេសទាក់ទងនឹងសិទ្ធិដីធ្លី និងការគ្រប់គ្រងដីធ្លីក្នុងចំណោមក្រុមភាគតិចដូចជា ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ និងបុគ្គលស្រឡាញ់ភេទដូចគ្នា។ បន្តទៅមុខ អូឌីស៊ីប្តេជ្ញាបន្តធ្វើការជាមួយអង្គការដៃគូ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សានិងពន្យល់អំពីធាតុចូលលើកទីពីររបស់យើង និងផ្តល់ធាតុចូលដែលច្បាស់លាស់ និងពេញលេញបន្ថែមទៀតទៅលើសេចក្តីព្រាងច្បាប់ដើម្បីធានាថាច្បាប់ថ្មីនេះជម្រុញឱ្យមានបរិយាបន្ន សមធម៌ និងប្រសិទ្ធភាពដោយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយអចេតនាលើក្រុមដែលងាយរងគ្រោះ ដូចជាប្តីប្រពន្ធដែលលែងលះ ជនជាតិដើមភាគតិច និងសហគមន៍របស់ពួកគាត់ អ្នកស្រឡាញ់ភេទដូចគ្នា និងម្ចាស់ដីដែលមិនបានចុះបញ្ជី និងការជៀសវាងពីបទប្បញ្ញត្តិ ឬរដ្ឋបាលនៃការកាន់កាប់ដីធ្លី និងសិទ្ធិអចលនវត្ថុដោយគ្មានសំណងត្រឹមត្រូវ និងយុត្តិធម៌។
ការពង្រឹងសិទ្ធិស្ត្រីក្នុងការកាន់កាប់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ៖ ការយល់ដឹងពីកិច្ចពិភាក្សាចែករំលែកចំណេះដឹង
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី សហការជាមួយអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការគ្រួសារអន្តរជាតិ-គម្រោងគាំទ្រអង្គការសង្គមស៊ីវិល Advancing Land-based Investment Governance (ALIGN) និង Landesa បានរៀបចំកិច្ចពិភាក្សាសំខាន់មួយលើ ”សិទ្ធិរបស់ស្ដ្រីក្នុងភាពជាម្ចាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ” នៅការិយាល័យមូលនិធិហេនរេចបូលប្រចាំប្រទេសកម្ពុជា ដែលមានអ្នកចូលរួមពីបណ្តាលអង្គការសង្គមស៊ីវិលពាក់ព័ន្ធចំនួន ២២នាក់ (ស្ដ្រី១៥នាក់)។ “ហេតុអ្វីបានជាកិច្ចពិភាក្សានេះមានសារៈសំខាន់?” កិច្ចពិភាក្សានេះមានគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាអំពីការចូលរួមរបស់ស្ត្រី និងសមភាពយេនឌ័រនៅក្នុងអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ មួយខែចុងក្រោយនេះ ពោលគឺនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការអូឌីស៊ីបានទទួលលិខិតសំខាន់មួយពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ភូមិបាល។ ហេតុនេះ ទើបមានកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីពិនិត្យ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់។ គោលបំណងនៃកិច្ចពិភាក្សានេះ មិនមែនសម្រាប់ប្រមូលធាតុចូលលើសេចក្ដីព្រាងច្បាប់ភូមិបាលនោះទេ ប៉ុន្ដែជាការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងអំពីបញ្ហាដែលស្ដ្រីប្រឈមនៅក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។ អង្គការអូឌីស៊ីបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយសុន្ទរកថាគន្លឹះដែលសង្កត់ធ្ងន់ពីការបេ្ដជ្ញាចិត្តចំពោះសមភាពយេនឌ័រក្នុងភាពជាម្ចាស់ដី និងការគ្រប់គ្រងធនធានធម្មជាតិ។ អូឌីស៊ីបានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងគូសបញ្ជាក់អំពីចំណុចសំខាន់នៃកិច្ចពិភាក្សាបើកទូលាយមួយនេះ។ គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីជំរុញឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ដោយសេរី ដែលនឹងកត់ត្រាទុកជាលទ្ធផលសម្រាប់របាយការណ៍។ កិច្ចពិភាក្សាបានស្វែងយល់ពីទិដ្ឋភាពច្បាប់របស់កម្ពុជាទាក់ទងនឹងសិទ្ធិស្ដ្រីក្នុងការកាន់កាប់ដីធ្លី។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣១ និង ៤៥ បញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិស្ត្រី និងហាមប្រាមការរើសអើងចំពោះស្ត្រីគ្រប់រូប។ ប្រទេសកម្ពុជាមានការប្តេជ្ញាចំពោះសិទ្ធិមនុស្សអន្តរជាតិ ដូចជាអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ដ្រី ដែលពង្រឹងសិទ្ធិរបស់ស្រី្ត។ ក្របខ័ណ្ឌសកលដូចជាគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ដួចផ្ដើមក្នុងតំបន់ដូចជាក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រអាស៊ាន សុទ្ធសឹងតែជំរុញឱ្យមានសមភាពយេនឌ័រក្នុងកម្មសិទ្ធិដីធ្លី។ ការយល់ឃើញរបស់អ្នកចូលរួម គឺជាចំណុចសំខាន់របស់កម្មវិធីនេះ។ ក្នុងនោះអ្នកចូលរួមម្នាក់គឺបានបញ្ចេញមតិមួយថា ក្របខ័ណ្ឌច្បាប់មិនទាន់បានឆ្លុះបញ្ចាំងអំពីក្រុមអ្នកស្រលាញ់ភេទដូចគ្នា ជាពិសេសគឺសិទ្ធិក្នុងការទទួលបានមរតក និងទ្រព្យសម្បត្តិពីដៃគូរភេទដូចគ្នា។ គម្លាតនេះគូសបញ្ជាក់ពីសារៈសំខាន់កំណែទម្រង់ច្បាប់ ដោយទទួលស្គាល់ពីភាពខុសគ្នានៃរចនាសម្ព័ន្ធរបស់គ្រួសារផ្សេងៗគ្នា និងធានាបាននូវសិទ្ធិអចលនទ្រព្យប្រកបដោយសមធម៌ ។ បញ្ហាសំខាន់មួយទៀតដែលបានលើកឡើង គឺប្រសិទ្ធភាពនៃការអនុវត្តសន្និសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងបរិយាកាសផ្លូវច្បាប់ដ៏ស្មុគស្មាញរបស់កម្ពុជា។ ទោះបីជាបានអនុម័តសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើនក៏ដោយ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅតែជាបញ្ហាប្រឈម។ អ្នកចូលរួមបានលើកឡើងពីសារៈសំខាន់នៃការបញ្ចូលបទប្បញ្ញត្តិអន្តរជាតិទាំងនេះទៅក្នុងច្បាប់ជាតិជាធរមាន ដើម្បីដោះស្រាយបញ្ហាយេនឌ័រ និងសិទ្ធិដីធ្លីប្រកបដោយប្រសិទ្ធភាព។ បញ្ហាប្រឈមជាក់ស្តែងសម្រាប់ស្ត្រីក្នុងកម្មសិទ្ធិដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិត្រូវបានគូសបញ្ជាក់ ដោយផ្អែកលើបទពិសោធន៍របស់អ្នកចូលរួមដែលធ្វើការជាមួយសហគមន៍មូលដ្ឋាន ជាពិសេសស្ត្រីតែម្តង។ ឧទាហរណ៍មួយនៃស្ត្រីជនជាតិដើមភាគតិច គឺនៅពេលដែលពួកគេតស៊ូមតិសម្រាប់សិទ្ធិរបស់ពួកគេ ជារឿយៗពួកគេប្រឈមមុខនឹងការរារាំងពីសមាជិកសហគមន៍ជាបុរស។ នេះបង្ហាញពីតម្រូវការសម្រាប់យន្តការគាំទ្រគោលដៅ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព ដើម្បីផ្តល់អំណាចដល់អ្នកដឹកនាំជាស្ត្រីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកចូលរួមផ្សេងទៀតបានពណ៌នាថា បំណងប្រាថ្នារបស់ស្ត្រីសម្រាប់កម្មសិទ្ធិដីធ្លីជារឿយៗត្រូវបានជំរុញដោយតួនាទីរបស់ពួកគេជាអ្នកថែទាំចម្បង និងការទទួលខុសត្រូវរបស់ពួកគេចំពោះភាពរុងរឿងក្នុងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ បទដ្ឋានវប្បធម៌ និងតួនាទីប្រពៃណីនៅតែជាឧបសគ្គយ៉ាងសំខាន់ចំពោះការចូលរួមយ៉ាងសកម្មរបស់ស្ត្រីនៅក្នុងអភិបាលកិច្ចដីធ្លី។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានកំណត់ថាជាឧបករណ៍ដ៏មានសារៈប្រយោជន៍សម្រាប់ការដោះស្រាយវិវាទដីធ្លី។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្តល់នូវវិធីសាស្ត្រមិនប្រឆាំង និងការចំណាយមានប្រសិទ្ធិភាពក្នុងការដោះស្រាយវិវាទ ដែលមានប្រយោជន៍ជាពិសេសចំពោះសហគមន៍ដែលនៅខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយ តំណាងស្ត្រីនៅក្នុងយន្តការទាំងនេះនៅមានកម្រិតទាបនៅឡើយ ដែលបង្ហាញពីតម្រូវការសម្រាប់ការអនុវត្តប្រកបដោយបរិយាបន្នបន្ថែមទៀត។ កិច្ចពិភាក្សាចែករំលែកចំណេះដឹងស្តីពីសិទ្ធិស្ត្រីក្នុងការកាន់កាប់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួម និងការសហការគ្នា។ កម្មវិធីនេះនាំយកនូវសំឡេងចម្រុះរួមគ្នា ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ដើម្បីបង្កើតអនាគតប្រកបដោយសមធម៌ និងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសស្ត្រី។ យើងត្រូវបន្តជំរុញកិច្ចពិភាក្សារួម ជំរុញកំណែទម្រង់ច្បាប់ និងអនុវត្តគំនិតផ្តួចផ្តើមកសាងសមត្ថភាពតាមគោលដៅ។ តាមរយៈការធ្វើដូច្នេះ កម្ពុជាអាចចាត់វិធានការសំខាន់ៗឆ្ពោះទៅរកការទទួលស្គាល់ ការគោរព និងការពារសិទ្ធិស្ត្រីក្នុងកម្មសិទ្ធិដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ។
កិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦ ក្រោមប្រធានបទស្តីពី ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា
ខេមបូចា សហការជាមួយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចពិភាក្សាផ្អែកលើវិទ្យាសាស្ត្រលើកទី៦ក្រោមប្រធានបទស្តីពី ស្ថានភាពគ្រោះរាំងស្ងួតនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់តំណាងអង្គការសង្គមស៊ីវិល និស្សិតមកពីសាកវិទ្យាល័យនានា និងអ្នកសារព័ត៌មានចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១៩នាក់។ សូមថ្លែងអំណរគុណដល់លោក ហួរ អ៊ិច អ្នកជំនាញគ្រប់គ្រង់គ្រោះរាំងស្ងួតថ្នាក់តំបន់នៃគណកម្មការទន្លេមេគង្គ ដែលបានចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញលើប្រធានបទនេះ។សកម្មភាពនេះគាំទ្រមូលនិធិដោយ USAID តាមរយៈអង្គការ FHI360 ក្រោមគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។
កិច្ចប្រជុំជាដៃគូវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាមួយគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើដំណើរទៅកាន់ទីក្រុង Utrecht ប្រទេសហូឡង់ ដើម្បីចូលរួមប្រជុំសំខាន់មួយជាមួយលោកបណ្ឌិត Arend Kolhoff លេខាធិការបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់។ អូឌីស៊ីបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការ លើការផ្តល់ធាតុចូលដល់សេចក្តីព្រាងគោលការណ៍ណែនាំទូទៅសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលបានកើតមានឡើងទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនាពេលថ្មីៗនេះ។ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការងារដែលកំពុងបន្តលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងបរិបទប្រទេសកម្ពុជា។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ក្រុមការងារនេះទទួលខុសត្រូវក្នុងការរៀបចំមេរៀនបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងអំពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងលើកកម្ពស់ការយល់ដឹងតាមរយៈកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើសកម្មភាពអប់រំ ពួកគេក៏កៀងគរធនធាន និងបង្កើតភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព!
សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២
នៅថ្ងៃទី០៨ - ១១ ខែឧសភា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួម សន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២ ក្រោមប្រធានបទ «ភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ» នៅ Kuching ប្រទេសម៉ាឡេស៊ី។ ជាផ្នែកមួយនៃភាពជាដៃគូលើជំនួយបច្ចេកទេសសម្រាប់ការរៀបចំគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា អូឌីស៊ីក៏បានគាំទ្រមន្ត្រីរដ្ឋាភិបាលពីររូបមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងសន្និសីទនេះ។ សន្និសីទនេះមានគោលបំណងបង្កើតភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ ដោយមានការរៀបចំបទបង្ហាញផ្សេងៗទាក់ទងនឹងការវាយតម្លៃហេតុប៉ះពាល់។ សន្និសីទនេះមានវគ្គចំនួន ៧០ ដែលផ្តោតលើប្រធានបទសំខាន់ៗចំនួនពីរ៖ ប្រធានបទស្តីពី «ភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ» និងប្រធានបទទូទៅស្តីពីការវាយតម្លៃហេតុប៉ះពាល់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីបានចាប់ផ្តើមជាផ្លូវការជាមួយនឹងសុន្ទរកថាបើកកម្មវិធី វគ្គចំនួន ៧ ដំណាលៗគ្នា វគ្គនៃការទស្សនាផ្ទាំងរូបភាព និងការទទួលស្វាគមន៍។ ដូចគ្នានេះដែរ នៅថ្ងៃទីពីរនៃសន្និសីទ មានវគ្គចំនួន ១៩ ដំណាលៗគ្នា វគ្គចំនួន ៦ ស្តីពីវេទិកាប្រធានបទ និងសកម្មភាពទំនាក់ទំនង/កិច្ចប្រជុំផ្សេងៗទៀត។ នៅថ្ងៃបន្ទាប់ កម្មវិធីមានវគ្គចំនួន ៣ ស្តីពីវេទិកាប្រធានបទ ហើយមានវគ្គចំនួន ១៩ ដំណាលៗគ្នា។ អូឌីស៊ី ក៏បានដឹកនាំកិច្ចពិភាក្សាមួយលើប្រធានបទ «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គ» ដើម្បីឈ្វេងយល់ពីការពិចារណាក្នុងគោលនយោបាយ កម្មវិធី និងផែនការស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងប្រទេសទន្លេមេគង្គ។ អ្នកជំនាញចំនួន ២១ នាក់ (ស្រី ០៨ នាក់) រួមទាំងតំណាងមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាននៅកម្ពុជា ព្រមទាំងអ្នកជំនាញច្បាប់បរិស្ថាននិងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ បានចូលរួម ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងការអនុវត្តល្អៗនៅក្នុងតំបន់។ ថ្ងៃចុងក្រោយនៃសន្និសិទនេះ មានវគ្គចំនួន ៣ ស្តីពីវេទិកាប្រធានបទ វគ្គចំនួន ១៣ ដំណាលៗគ្នា កិច្ចប្រជុំគណៈកម្មាធិការ សុន្ទរកថាបិទកម្មវិធី ការទស្សនាតាំងពិពណ៌ និងផ្ទាំងរូបភាព។ ក្នុងអំឡុងសន្និសីទនេះ ក្រុមការងារអូឌីស៊ី និងមន្ត្រីរដ្ឋាភិបាលពីររូបមកពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចូលរួមវគ្គចំនួនជាង ៣០ ដើម្បីសិក្សា ពិភាក្សា និងចែករំលែកបទពិសោធន៍លើការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំនៅទូទាំងតំបន់។ ការចូលរួមនេះក៏បានអនុញ្ញាតឱ្យពួកយើងជួបជាមួយអ្នកជំនាញទូទាំងពិភពលោកជាង ៦០០ នាក់ ដើម្បីឈ្វេងយល់ពីការយល់ឃើញរបស់ពួកគេចំពោះផលប្រយោជន៍របស់ប្រទេសជាតិ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សិទ្ធិជនជាតិដើមភាគតិច និងការអភិរក្សជីវចម្រុះ។ វាអាចផ្តល់អត្ថប្រយោជន៍សម្រាប់ការពិចារណា ដើម្បីអនុវត្តនៅកម្ពុជា និងបង្កើតផ្លូវទៅរកភាពធន់ តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ។ ខាងក្រោមនេះជាសុន្ទរកថាមួយចំនួនរបស់ក្រុមការងារអូឌីស៊ីបន្ទាប់ពីចូលរួម IAIA23៖ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអូឌីស៊ី៖ ការចូលរួមក្នុងសន្និសីទ IAIA23 នៅ Kuching គឺជាបទពិសោធន៍មិនគួរឱ្យជឿ ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំ។ វាជាលើកទីពីររបស់ខ្ញុំក្នុងការចូលរួមក្នុងសន្និសីទ IAIA ដោយផ្ទាល់ ដែលបទពិសោធន៍ដំបូងរបស់ខ្ញុំគឺនៅ Florence ក្នុងឆ្នាំ២០១៥។ សន្និសិទនៅ Kuching បានបង្ហាញជាថ្មីម្តងទៀតនូវភាពធន់ ដែលត្រូវការនៅក្នុងវិស័យការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ហើយខ្ញុំពិតជាទន្ទឹងរង់ចាំសន្និសីទ IAIA បន្ទាប់នៅ Dublin ក្នុងឆ្នាំ២០២៤ ដែលការយល់ដឹង និងឱកាសថ្មីៗកំពុងរង់ចាំ។ កញ្ញា គួច ឡាយហេង បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកសេដ្ឋកិច្ចនៃអូឌីស៊ី៖ IAIA23 គឺជាបទពិសោធន៍លើកដំបូងដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ការជួបជុំ ពិភាក្សា រៀន និងចែករំលែកបទពិសោធន៍ជាមួយអ្នកជំនាញជាច្រើននៅទូទាំងពិភពលោក គឺជាឱកាសដ៏ល្អសម្រាប់ក្រុមការងារ និងខ្ញុំ ដោយសារយើងអាចពិចារណាប្រើប្រាស់វាសម្រាប់អនុវត្តក្នុងបរិបទរបស់ប្រទេសកម្ពុជា។ អ្នកស្រី គឹម ឈួនវួច បណ្ណាធិការ - អ្នកស្រាវជ្រាវ ផ្នែកធនធានធម្មជាតិ និងដីធ្លី/អ្នកសម្របសម្រួលគម្រោងនៃអូឌីស៊ី៖ IAIA23 ស្តីពីភាពធន់តាមរយៈការវាយតម្លៃហេតុប៉ះពាល់ និងភាពជាអ្នកដឹកនាំបានផ្តល់ឱ្យខ្ញុំនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនជាមួយអ្នកជំនាញក្នុងវិស័យផ្សេងៗ។ យើងអាចមើលឃើញពីអ្វីដែលកំពុងកើតឡើង និងរបៀបដែលពួកគេដោះស្រាយការវាយតម្លៃហេតុប៉ះពាល់ជុំវិញពិភពលោក។