Learning Platform Close
1147

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​

​កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​អំពី​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ១៤​នាក់​ (​ស្ត្រី​ ២​នាក់​)​ មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​ដូច​ជា​ រាជធានី​ភ្នំពេញ​ ក្រចេះ​ សៀមរាប​ បាត់ដំបង​ ស្ទឹង​ត្រែង​ និង​មណ្ឌលគិរី​។​ ជាមួយនឹង​វគ្គ​បណ្តុះបណ្តាល​ \"​ទស្សនី​យ​កម្ម​ទិន្នន័យ​ក្នុង​សារព័ត៌មាន​\"​ សិក្ខាកាម​អាច​ចាប់ផ្តើម​ដំណើរការ​ផ្លាស់​ប្តូរ​ការ​រាយការណ៍​ព័ត៌មាន​ដែល​ស្វែង​យល់​ពី​ចំនុចប្រសព្វ​នៃ​ទិន្នន័យ​ និង​ការ​និទានរឿង​។​ ទស្សនី​យ​កម្ម​ទិន្នន័យ​ គឺជា​សិល្បៈ​នៃ​ការ​បំប្លែង​ទិន្នន័យ​ដើម​ទៅ​ជា​រូបភាព​ដែល​គួរ​ឱ្យ​ទាក់ទាញ​ ហើយ​វា​ជួយ​ក្នុង​ការ​ព​ន្លឿ​ន​ការ​និទានរឿង​ផង​ដែរ​។​ ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ជា​ច្រើន​វាយលុក​ អ្នក​សារព័ត៌មាន​ដែល​មាន​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​សំណុំ​ទិន្នន័យ​ស្មុគស្មាញ​ ទៅ​ជា​ក្រា​ហ្វ​ គំនូសតាង​អន្តរ​កម្ម​ និង​ផែនទី​ដែល​ងាយស្រួល​យល់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​នូវ​ឱកាស​មួយ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ភាព​ច្បាស់លាស់​ ជាមួយនឹង​ភាព​ជាក់លាក់​នៃ​ទិន្នន័យ​ ដែល​ជា​សក្តានុពល​នៃ​ការ​និទានរឿង​ឱ្យ​ទាក់ទាញ​ ផ្តល់​ព័ត៌មាន​ និង​បំផុសគំនិត​។​ គោលបំណង​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ផ្តល់​បន្ថែម​ឱ្យ​អ្នក​សារព័ត៌មាន​នូវ​ជំនាញ​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​របស់​ពួក​គេ​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​នឹង​ទទួល​បាន​សមត្ថភាព​ក្នុង​ការ​បញ្ចូល​ទស្សនី​យ​កម្ម​ទៅ​ក្នុង​និទានរឿង​ ដែល​ទាក់ទាញ​ទស្សនិកជន​ និង​បង្ហាញ​សាច់​រឿង​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ក្រាហ្វិក​គួរ​ឱ្យ​ទាក់ទាញ​ និង​អាច​យល់​បាន​យ៉ាង​ងាយស្រួល​។​ ​វគ្គបណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​នេះ​ផ្តោត​សំខាន់​អំពី​ការ​ស្វែង​យល់​អំពី​ទិន្នន័យ​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​ គោលការណ៍​រចនា​ក្រា​ហ្វ​ និង​សេចក្ដីណែនាំ​អំពី​ Datawrapper​។​ ទោះបីជា​មាន​ឧបសគ្គ​នៃ​ពេលវេលា​ក៏​ដោយ​ អ្នក​សារព័ត៌មាន​ដែល​ចូលរួម​បាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ និង​ភាព​អត់ធ្មត់​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ជោគជ័យ​ និង​អាច​បញ្ចូល​វា​ទៅ​ក្នុង​សាច់​រឿង​។​ ​សិក្ខាកាម​ទាំងអស់​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សក្តិ​សម​ក្នុង​ការ​រៀន​ពី​ឧបករណ៍​ថ្មី​ និង​គំនិត​ជុំវិញ​វា​។​ ការ​ខិតខំ​ប្រឹងប្រែង​ ធ្វើ​ឱ្យ​ពួក​គេ​អាច​បង្កើត​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​ចំនួន​ ១៤​ ផ្សេងៗ​គ្នា​ដោយ​ប្រើប្រាស់​ Datawrapper​។​ យើង​ទទួលស្គាល់​ថា​ ទស្សនី​យ​កម្ម​របស់​ពួក​គេ​ប្រហែលជា​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ថា​ជំនាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ភស្តុ​តាង​បង្ហាញ​ថា​ពួក​គេ​បាន​ទទួល​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី​របៀប​បង្កើត​ទស្សនី​យ​កម្ម​ទិន្នន័យ​ដែល​អាច​លើកកម្ពស់​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​របស់​ពួក​គេ​មួយ​កម្រិត​ទៀត​។​ ​ជាង​នេះ​ទៅ​ទៀត​ វា​កត់​សម្គាល់ថា​ ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​។​ ពួក​គេ​ចង់ឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​វែង​ជាង​មុន​ ហើយ​នៅ​តែ​សាទរ​ចំពោះ​ការ​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ និង​វិធីសាស្ត្រ​ធ្វើ​ទស្សនី​យ​កម្ម​ថ្មីៗ​។​ ចំណាប់អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ និង​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ខ្លឹមសារ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​សាធារណជន​។​ ​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​មូលនិធិ​ដោយ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

926

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​ប្រារ​ព្ធទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ភូមិ​តាំង​សេ​ម្លូ​

​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក​ ដើម្បី​អបអរសាទរ​ និង​គោរព​ថ្ងៃ​នោះ​។​ ថ្ងៃនេះ​អាច​ជា​ថ្ងៃ​ដើម្បី​ឆ្លុះ​បញ្ចាំង​ ពី​សិទ្ធិ​ និង​សេរីភាព​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។​ ពួក​គេ​ទទួល​បាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ កតិកាសញ្ញា​ ច្បាប់​ និង​គោលនយោបាយ​។​ ដូច្នេះ​ហើយ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​មានការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ​លើក​ទី​២៩​ និង​លើក​ទី​១៩​ នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០២៣​ ក្នុង​គោលបំណង​លើកកម្ពស់​វប្បធម៌​ ប្រពៃណី​ ភាសា​ ជំនឿ​ ទំនៀមទម្លាប់​ របាំ​ ឧបករណ៍​ភ្លេង​ ភាព​ជា​អ្នកដឹកនាំ​ និង​សាមគ្គីភាព​របស់​សហគមន៍​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ជា​ផ្នែក​មួយ​ដើម្បី​គាំទ្រ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ តាម​រយៈ​អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ (CIPL)​ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​២៩​ និង​លើក​ទី​១៩​ នៅ​កម្ពុជា​ នៅ​ភូមិ​តាំង​សេ​ម្លូ​ ឃុំ​ញ៉ា​ង​ ស្រុក​អណ្តូង​មាស​ ខេត្តរតនគិរី​ ប្រទេស​កម្ពុជា​។​ ​ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន​ ១១១​នាក់​ (​ស្រី​ ៣៥​នាក់​)​ ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​។​ កម្មវិធី​នេះ​ក៏​មានការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ី​វិល​ រួម​មាន​អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ សមាគម​ខ្មែរលើ​ (HA)​ អង្គការ​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ (ICSO)​ និង​អង្គការ​អភិវឌ្ឍន៍​និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ (DPA)​។​ អ្នកចូលរួម​ភាគច្រើន​បង្ហាញ​ពី​ក្តី​រំភើប​ និង​សាទរ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ប្រារព្ធ​ និង​រៀន​នៅ​ថ្ងៃនេះ​។​ ​កញ្ញា​ ក្លា​ន​ តែម​ យុវជន​ជនជាតិ​ដើម​ភាគតិច​ បាន​អាន​ប្រវត្តិ​នៃ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​។​ យោង​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ជនជាតិ​ដើម​ភាគតិច​នៅ​លើ​ពិភពលោក​ ជនជាតិ​ដើម​ភាគតិច​មាន​ចំនួន​ ៤៧៦​លាន​នាក់​ រស់នៅ​ក្នុង​ ៩០​ប្រទេស​ដែល​ស្មើនឹង​ ៦,២​ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។​ យោង​តាម​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៣​ មាន​ជនជាតិ​ដើម​ភាគតិច​ ១៨៣.៨៣១​នាក់​ (២៤​ក្រុម​)​ រស់នៅ​ក្នុង​ខេត្ត​ចំនួន​ ១៥​ របស់​ប្រទេស​កម្ពុជា​។​ ពួក​គេ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ធនធានធម្មជាតិ​ដូច​ជា​ព្រៃឈើ​ ទឹក​ និង​ដី​ជាដើម​។​ ភាគច្រើន​នៃ​ពួក​គេ​គឺជា​កសិករ​ដែល​បរបាញ់​សត្វ​ និង​ប្រមូល​ទឹកឃ្មុំ​។​ ពួក​គេ​ក៏​ប្រមូល​អនុ​ផល​ព្រៃឈើ​ដើម្បី​បន្ថែម​ប្រាក់​ចំណូល​របស់​ពួក​គេ​ផង​ដែរ​។​ លោក​ អ៊ឹម​ ដៀ​ អាជ្ញាធរ​ស្រុក​អណ្តូង​មាស​ បាន​លើកទឹកចិត្ត​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​ នៅ​ភូមិ​តាំង​សេ​ម្លូ​ ឱ្យ​ការពារ​វប្បធម៌​ និង​ដីធ្លី​របស់​ខ្លួន​។​ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ លោក​ ហៀ​ម​ សំ​អន​ អាជ្ញាធរ​ឃុំ​ញ៉ា​ង​ បាន​ចែករំលែក​ក្តី​រីករាយ​របស់​គាត់​សម្រាប់​ព្រឹត្តិការណ៍​នេះ​។​ គាត់​មាន​មោទនភាព​ចំពោះ​សហគមន៍​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ប្រារព្ធ​ពិធី​នេះ​ក្នុង​សហគមន៍​។​ លោក​សង្ឃឹមថា​ ជនជាតិ​ដើម​ភាគតិច​អាច​ការពារ​វប្បធម៌​របស់​ខ្លួន​។​ ជា​ចុង​ក្រោយ​ អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ បាន​ចាក់​បញ្ចាំង​វី​ដេ​អូ​ស្តី​ពី​ “​ផល​ប៉ះពាល់​នៃ​ទឹកជំនន់​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុងភូមិ​តាំង​សេ​ម្លូ​”​ ដែល​ផលិត​ដោយ​យុវជន​ជនជាតិ​ដើម​ភាគតិច​ ដែល​គាំទ្រ​ដោយ​អង្គការ​ថែរក្សា​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ តាម​រយៈ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​៖​ មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គាំទ្រ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​។​

925

វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​កម្មវិធី​ QGIS​ ឆ្នាំ​២០២៣

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ និង​ការ​ប្រើប្រាស់​កម្មវិធី​ QGIS​ ត្រូវ​បាន​ប្រកាស​នៅ​លើ​វេទិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដើម្បី​អំពាវនាវ​ឱ្យ​សិក្ខាកាម​ចូលរួម​សិក្ខាសាលា​នេះ​ ដែល​ប្រព្រឹត្តិ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២៣​ នៅ​រាជធានី​ភ្នំពេញ​។​ ការ​ផ្សព្វផ្សាយ​នេះ​បាន​ទៅ​ដល់​មនុស្ស​ជាង​ ៣២.០០០​នាក់​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​មាន​មនុស្ស​ចំនួន​ ៣៨២​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ដោយសារ​តែ​ថវិកា​មាន​កំណត់​ និង​ធានា​គុណភាព​នៃ​វគ្គ​បណ្តុះបណ្តាល​ ក្រុមការងារ​បាន​ជ្រើសរើស​សិក្ខាកាមចំនួន​ ២១​នាក់​ ដោយ​ផ្អែក​លើ​ការងារ​ ចំណេះដឹង​ ចំណាប់អារម្មណ៍​ និង​តម្រូវការ​ប្រើប្រាស់​របស់​ពួក​គេ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​អ្នកចូលរួម​សរុប​ ២១​នាក់​ (​ស្រី​ ៥​នាក់​)​ ដែលមានចំណេះ​ដឹង​ និង​វិជ្ជាជីវៈ​ផ្សេងៗ​គ្នា​ រួម​មាន​មន្ត្រី​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​សហគមន៍​ វិស័យ​ឯកជន​ និង​និស្សិត​សាកលវិទ្យាល័យ​។​ ពួក​គេ​ភាគច្រើន​កំពុងធ្វើការ​ជាមួយ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​មានឱកាស​ក្នុង​ការ​ធ្វើការ​ជាមួយ​កម្មវិធី​ QGIS​ នា​ពេល​អនាគត​។​ ​អ្នកស្រី​ គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​មាន​មតិ​បើក​កម្មវិធី​ និង​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដល់​សិក្ខាកាម​ទាំងអស់​ឱ្យ​ចូលរួម​។ អ្នកស្រីបានលើកទឹកចិត្ត​ឱ្យ​ពួក​គេ​យកចិត្តទុកដាក់​លើ​វគ្គ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​ អ្នកស្រី​ក៏​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​សិក្ខាកាម​ទាំង​ ២១​នាក់​ ត្រូវ​បាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​ ៣៨០​នាក់​ផង​ដែរ​។​ ​សិក្ខាកាម​តម្រូវឱ្យធ្វើ​តេស្ត​មុន​ចាប់ផ្តើម​មេរៀន​ ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​ និង​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​។​ លទ្ធផល​បាន​បង្ហាញ​ថា​មាន​តែ​ ៣៥​ភាគរយ​ នៃ​សំណួរ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ អ្នកចូលរួម​ទាំងអស់​មាន​ពេលវេលា​សម្រាក​បន្តិច​ មុន​ពេល​ចាប់ផ្តើម​មេរៀន​ស្នូល​។​ លោក​ វង្ស​ ពិសិដ្ឋ​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​/​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ និង​លោក​ ឡុ​ច​ កល្យាណ​ អ្នក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ឯកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​បង្ហាញ​សិក្ខាកាម​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ឧបករណ៍​ QGIS​ រួម​ទាំង​មុខងារ​នីមួយៗ​របស់​វា​ ចំណេះដឹង​ទូទៅ​អំពី​ផែនទី​ និង​មេរៀន​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​ ​សិក្ខាកាមមានការ​សាទរ​ និង​មានការ​ឆ្លើយ​តប​សំណួ​រផ្សេងៗយ៉ាងសកម្ម​អំពី​មេរៀន​ផង​ដែរ​។​ បន្ទាប់​ពី​បង្ហាញ​មេរៀន​ សិក្ខាកាម​ទាំងអស់​ត្រូវ​ធ្វើការ​អនុវត្ត​ជាក់ស្តែង​ ក្រោយ​ពី​បាន​សិក្សា​ពី​គោល​គំនិត​ ទ្រឹស្តី​ និង​ឧបករណ៍​នីមួយៗ​រួច​មក​។​ ពួក​គេ​ភាគច្រើន​អាច​ចាប់​មេរៀន​ និង​ធ្វើ​តាម​លំ​ហាត់​ និង​ការ​អនុវត្ត​បាន​ទាំងអស់​ដោយ​រលូន​។​ ​សិក្ខាកាម​ភាគច្រើន​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ទាន់​ពេលវេលា​ ហើយ​មិន​មាន​នរណា​ម្នាក់​អវត្តមាន​ក្នុងអំឡុងពេល​បណ្តុះបណ្តាល​រយៈពេល​បី​ថ្ងៃ​នោះ​ទេ​។​ សកម្មភាព​កំសាន្ត​មួយ​ចំនួន​ក៏​ត្រូវ​បាន​រួម​បញ្ចូល​ផង​ដែរ​ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ដាស់​ស្មារតី​អ្នកចូលរួម​។​ នៅ​វគ្គ​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​៣​ សិក្ខាកាម​ទាំងអស់តម្រូវឱ្យ​ធ្វើតេស្ត​ក្រោយ​បញ្ចប់​មេរៀន​ ហើយ​លទ្ធផល​គឺ​ល្អ​ជាង​មុន​ច្រើន​ដោយ​សំណួរ​ ៥៩​ភាគរយ​ ត្រូវ​បាន​ឆ្លើយ​ត្រឹមត្រូវ​។​ ​ដើម្បី​លើកទឹកចិត្ត​ និង​ទទួលស្គាល់​ពី​សមត្ថភាព​របស់​សិក្ខាកាម​ទាំងអស់​ ក្រុមការងារ​បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ពេញលេញ​។​

926

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​ សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​ ​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ \"​ការ​យល់​ដឹង​អំពី​ទិន្នន័យ​\"​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​ គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

953

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។

926

កិច្ច​ពិភាក្សា​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​តំបន់​ទន្លេមេគង្គ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ “​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​”​ នៅ​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ នៅ​ Borneo​ Convention​ Centre​ Kuching​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​ពិភាក្សា​របស់​យើង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ដោយ​បង្ហាញ​ពី​កិច្ចការ​ដែល​អង្គការ​អូ​ឌី​ស៊ី​កំពុង​តែ​ធ្វើ​។​ កិច្ច​ពិភាក្សា​នេះ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​វឌ្ឍនភាព​ និង​កា​រវិ​វត្ត​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ឱកាស​ដើម្បី​សិក្សា​រៀនសូត្រ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។​ សំណួរ​សំខាន់ៗ​ចំនួន​បី​ត្រូវ​បាន​ពិភាក្សា​ ដែល​សំណួរ​គឺ​ទាក់ទង​នឹង​ក្រប​ខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ គម្លាត​នៃ​ការ​ស្រាវជ្រាវ​ និង​អាទិភាព​សម្រាប់​ជំរុញ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ការ​ចែករំលែក​ចំណេះដឹង​និង​ឱកាស​ និង​បញ្ហា​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​។​ ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​លើ​បរិស្ថាន​នៅ​មាន​កម្រិត​ ការ​បង្កើត​និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ចាំបាច់​ណាស់​សម្រាប់​គម្រោង​វិនិយោគ​សំខាន់ៗ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​លើ​គម្រោង​ផង​ដែរ​។​ ការ​អភិវឌ្ឍ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​លំហូរ​វិនិយោគ​។​ ក្រៅពី​ការ​រួមចំណែក​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ហេតុ​ប៉ះពាល់​បរិស្ថាន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ​ទាំង​កម្រិត​តូច​ និង​កម្រិត​ធំ​។​ កម្រិត​តូច​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ការ​ទាក់ទាញ​នៃ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ និង​តម្លៃ​បរិស្ថាន​ ចំណែកឯ​កម្រិត​ធំ​ផ្តោត​លើ​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​អំពី​ថា​ តើ​ការ​វិនិយោគ​បរទេស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រទេស​ដែរ​ឬទេ​។​ ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ (២០១៦-២០២៣)​ អនុក្រឹត្យ​លេខ​៧២​ ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ គឺជា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ ប្រទេស​កម្ពុជា​។​ ក្រម​នេះ​អាច​ធ្វើ​ឱ្យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្លាយជា​តម្រូវការ​សម្រាប់​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​។​ ដំណើរការ​នៃ​ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​តែ​គិតគូរ​ជា​ពិសេស​ និង​ផ្តល់​ឱកាស​សម្រាប់​ជន​ងាយ​រង​គ្រោះ​ ក្រុម​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​ចូលរួម​។​ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ក៏​ដូច​ជា​សាធារណជន​ទូទៅ​ផង​ដែរ​។​ ទោះបីជា​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដោយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​ជា​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ក៏​ដោយ​ ក៏​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទើបតែ​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០១០​ ជាមួយនឹង​ការ​បោះពុម្ព​របាយការណ៍​ជាក់លាក់​នៃ​វិស័យ​មួយ​ចំនួន​ ដូច​ជា​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​ ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជលផល​នៅ​កម្ពុជា​ឆ្នាំ​២០១០-២០២៤​ ក៏​ត្រូវ​បាន​បោះពុម្ព​ផង​ដែរ​ ដែល​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ ចាប់ផ្ដើម​ដោយ​ការ​ផ្តោត​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ បច្ចុប្បន្ន​ អង្គការ​អូ​ឌី​ស៊ី​កំពុង​គាំទ្រ​ដល់​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ក្នុង​ការ​បង្កើត​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ នាយកដ្ឋាន​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​គោលការណ៍​ណែនាំ​បច្ចេកទេស​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​លើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​។​ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​ គោលការណ៍​ណែនាំ​ទាំងនេះ​នឹង​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។​ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ធានា​ថា​ធនធានធម្មជាតិ​របស់​យើង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​ អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​ផែនការ​គ្រប់គ្រង​ និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នឹង​មាន​និរន្តរភាព​ ប្រសិនបើ​មានការ​ដឹកនាំ​មាន​លក្ខណៈ​ជា​ក្រសួង​-​ស្ថាប័ន​។​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​មានបទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយសារ​តែ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិនមែន​ជា​រឿង​ដូច​គ្នា​នោះ​ទេ​ ហើយ​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នីមួយៗ​ក៏​មាន​លក្ខណៈ​ប្លែក​ពី​គេ​ផង​ដែរ​។​ កម្ពុជា​គួរតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​នេះ​ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ ស្រប​ពេល​ដែល​វា​អាច​ផ្តល់​ឱកាស​ និង​តម្លៃ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។​ យើង​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​បរិស្ថាន​ និង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​លទ្ធផល​នៃ​គោលការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ក្នុងអំឡុងពេល​ពិភាក្សា​ អ្នកចូលរួម​ក៏​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​ផង​ដែរ​។​