- Learning Platform
- ប្លក់
- សក្ខីកម្ម៖ ចំណាប់អារម្មណ៍យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ
តើលោកអ្នកចង់ដឹងទេថា យុវតីជនជាតិដើមភាគតិច និងពលរដ្ឋអ្នកសារព័ត៌មានវ័យក្មេងរបស់យើងយល់យ៉ាងណាចំពោះវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានដោយប្រើប្រាស់ទូរស័ព្ទដៃ? តោះ! យើងទៅមើលសក្ខីកម្មរបស់គាត់ទាំងអស់គ្នា!
សកម្មភាពនេះស្ថិតនៅក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។


រឿងរ៉ាវផ្សេងទៀត
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិ
- ២៧ ខែកញ្ញា ឆ្នាំ ២០២២
- 1217
វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីសន្តិសុខសាយប័រសម្រាប់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល ពីសុវត្ថិភាពអ៊ីនធឺណិត ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ យើងក៏បានផ្តល់ឱ្យសិក្ខាកាមនូវជំនាញសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ (ស្រី ១២នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត។ ជាដំបូងសិក្ខាកាមទាំងអស់តម្រូវឱ្យធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាស់ស្ទង់សមត្ថភាព។ បន្ទាប់មក លោក ង៉ែត ម៉ូសេ អ្នកបណ្តុះបណ្តាល និងអ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត បានស្នើឱ្យសិក្ខាកាមគ្រប់រូបណែនាំឈ្មោះ តួនាទី ស្ថាប័ន និងការរំពឹងទុកចំពោះវគ្គបណ្តុះបណ្តាល ដើម្បីស្វែងយល់ពីសាវតា និងតម្រូវការរបស់ពួកគេ។ លោកបានចាប់ផ្តើមមេរៀនស្តីពី “ការគ្រប់គ្រងពាក្យសម្ងាត់” ដោយបង្ហាញពីទិដ្ឋភាពទូទៅនៃពាក្យសម្ងាត់ ការបង្កើតពាក្យសម្ងាត់រឹងមាំ និងការគ្រប់គ្រងពាក្យសម្ងាត់។ សំណួរជាច្រើនត្រូវបានពិភាក្សាជុំវិញប្រធានបទជាមួយនឹងឧទាហរណ៍ជាក់ស្តែង។ បន្ទាប់មកលោកបានបន្តទៅមេរៀនមួយទៀតស្តីពី “ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព” ដោយលោកបានបង្ហាញពីប្រភេទនៃការគំរាមកំហែង និងរបៀបធ្វើការរុករកលើអ៊ីនធឺណិតដោយសុវត្ថិភាព និងបណ្តាញឯកជននិម្មិតលើអ៊ីនធឺណិត។ សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ក៏មានសារៈសំខាន់ផងដែរសម្រាប់សិក្ខាកាមទាំងអស់។ វាគ្មិនបានបង្ហាញពីវិធីការពារទូរស័ព្ទដៃ និងអ៊ីម៉ែលយ៉ាងក្បោះក្បាយ។ បន្ទាប់មក វគ្គបណ្តុះបណ្តាលនេះបញ្ចប់ដោយការសង្ខេបមេរៀន និងការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃការយល់ដឹងរបស់សិក្ខាកាមនីមួយៗ។ ការវាយតម្លៃពីវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ដើម្បីប្រមូលមតិកែលម្អបន្ថែមលើការបណ្តុះបណ្តាលនាពេលអនាគតផងដែរ។ សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមរបស់យើងគឺ សេង សុខជាតិ សមាជិកនៃក្រុមក្តីស្រលាញ់គឺចម្រុះ មានចំណាប់អារម្មណ៍ “ខ្ញុំគិតថាវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យយើងចេះការពារឯកជនភាពរបស់យើងពីជនខិលខូចតាមអនឡាញបាន។ អ្នកដែលកំពុងតែប្រើប្រាស់បណ្តាញសង្គម អ៊ីនធឺណែត ឬកម្មវិធីអនឡាញផ្សេងៗទៀត គួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះទាំងអស់គ្នា។” វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័របានធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
- វគ្គបណ្តុះបណ្តាលសន្តិសុខសាយប័រ
- ៦ ខែកក្កដា ឆ្នាំ ២០២៣
- 1609
វគ្គបណ្តុះបណ្តាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានចំនួន ១៤នាក់ (ស្ត្រី ២នាក់) មកពីទីកន្លែងផ្សេងៗគ្នាដូចជា រាជធានីភ្នំពេញ ក្រចេះ សៀមរាប បាត់ដំបង ស្ទឹងត្រែង និងមណ្ឌលគិរី។ ជាមួយនឹងវគ្គបណ្តុះបណ្តាល \"ទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន\" សិក្ខាកាមអាចចាប់ផ្តើមដំណើរការផ្លាស់ប្តូរការរាយការណ៍ព័ត៌មានដែលស្វែងយល់ពីចំនុចប្រសព្វនៃទិន្នន័យ និងការនិទានរឿង។ ទស្សនីយកម្មទិន្នន័យ គឺជាសិល្បៈនៃការបំប្លែងទិន្នន័យដើមទៅជារូបភាពដែលគួរឱ្យទាក់ទាញ ហើយវាជួយក្នុងការពន្លឿនការនិទានរឿងផងដែរ។ ក្នុងយុគសម័យដែលព័ត៌មានជាច្រើនវាយលុក អ្នកសារព័ត៌មានដែលមានជំនាញទស្សនីយកម្មទិន្នន័យ មានសមត្ថភាពក្នុងការផ្លាស់ប្តូរសំណុំទិន្នន័យស្មុគស្មាញ ទៅជាក្រាហ្វ គំនូសតាងអន្តរកម្ម និងផែនទីដែលងាយស្រួលយល់។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវឱកាសមួយក្នុងការរួមបញ្ចូលគ្នានូវជំនាញសារព័ត៌មានប្រកបដោយភាពច្បាស់លាស់ ជាមួយនឹងភាពជាក់លាក់នៃទិន្នន័យ ដែលជាសក្តានុពលនៃការនិទានរឿងឱ្យទាក់ទាញ ផ្តល់ព័ត៌មាន និងបំផុសគំនិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់បន្ថែមឱ្យអ្នកសារព័ត៌មាននូវជំនាញក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿងរបស់ពួកគេ។ តាមរយៈការធ្វើដូច្នេះ ពួកគេនឹងទទួលបានសមត្ថភាពក្នុងការបញ្ចូលទស្សនីយកម្មទៅក្នុងនិទានរឿង ដែលទាក់ទាញទស្សនិកជន និងបង្ហាញសាច់រឿងកាន់តែស៊ីជម្រៅតាមរយៈក្រាហ្វិកគួរឱ្យទាក់ទាញ និងអាចយល់បានយ៉ាងងាយស្រួល។ វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយនេះផ្តោតសំខាន់អំពីការស្វែងយល់អំពីទិន្នន័យ គោលការណ៍ទស្សនីយកម្មទិន្នន័យ គោលការណ៍រចនាក្រាហ្វ និងសេចក្ដីណែនាំអំពី Datawrapper។ ទោះបីជាមានឧបសគ្គនៃពេលវេលាក៏ដោយ អ្នកសារព័ត៌មានដែលចូលរួមបានបង្ហាញពីការសម្របខ្លួន និងភាពអត់ធ្មត់ដ៏គួរឱ្យកត់សម្គាល់ ដោយពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យដោយជោគជ័យ និងអាចបញ្ចូលវាទៅក្នុងសាច់រឿង។ សិក្ខាកាមទាំងអស់បានបង្ហាញការប្តេជ្ញាចិត្តដ៏សក្តិសមក្នុងការរៀនពីឧបករណ៍ថ្មី និងគំនិតជុំវិញវា។ ការខិតខំប្រឹងប្រែង ធ្វើឱ្យពួកគេអាចបង្កើតជាទស្សនីយកម្មទិន្នន័យអន្តរកម្មចំនួន ១៤ ផ្សេងៗគ្នាដោយប្រើប្រាស់ Datawrapper។ យើងទទួលស្គាល់ថា ទស្សនីយកម្មរបស់ពួកគេប្រហែលជាមិនទាន់ត្រូវបានចាត់ទុកថាជំនាញនៅឡើយទេ ប៉ុន្តែវាក៏ជាភស្តុតាងបង្ហាញថាពួកគេបានទទួលការយល់ដឹងជាមូលដ្ឋានពីរបៀបបង្កើតទស្សនីយកម្មទិន្នន័យដែលអាចលើកកម្ពស់ខ្លឹមសារអត្ថបទព័ត៌មានរបស់ពួកគេមួយកម្រិតទៀត។ ជាងនេះទៅទៀត វាកត់សម្គាល់ថា ភាគច្រើននៃអ្នកចូលរួមទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់វគ្គបណ្តុះបណ្តាលបន្ថែមទៀត។ ពួកគេចង់ឱ្យវគ្គបណ្តុះបណ្តាលនេះមានរយៈពេលវែងជាងមុន ហើយនៅតែសាទរចំពោះការបន្តធ្វើបច្ចុប្បន្នភាពទិន្នន័យ និងវិធីសាស្ត្រធ្វើទស្សនីយកម្មថ្មីៗ។ ចំណាប់អារម្មណ៍ទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់នូវខ្លឹមសារព័ត៌មានប្រកបដោយគុណភាពខ្ពស់ដល់សាធារណជន។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
- ការទទួលបានព័ត៌មានវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ
- ៤ ខែតុលា ឆ្នាំ ២០២៣
- 1722