Learning Platform Close

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​

សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​

​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ “​ការ​យល់​ដឹង​អំពី​ទិន្នន័យ​”​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​

គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

រឿងរ៉ាវផ្សេងទៀត

715

ទិន្នន័យ​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)

​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​រៀបចំ​សិក្ខាសាលា​កម្រិត​បច្ចេកទេស​ស្តី​ពី​ទិន្នន័យ​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ សិក្ខាសាលា​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ (FHI 360) ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​ និង​មូលនិធិ​ហេ​ន​រេច​បូល (HBS)​ ក្រោម​គម្រោង​លើកកម្ពស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​អភិបាលកិច្ច​បរិស្ថាន​ប្រកបដោយ​តម្លាភាព​ និង​ឆ្លើយ​តប​កាន់តែ​ច្រើន​នៅ​កម្ពុជា​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​៖ លើកកម្ពស់​ការ​យល់​ដឹង​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ ពលរដ្ឋ​សារព័ត៌មាន​ ជនជាតិ​ដើម​ភាគតិច​ និង​អ្នក​ស្រាវជ្រាវ​ ​ពិភាក្សា​ និង​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ កំណត់​សក្តានុពល​នៃ​ការ​រួម​ប​ញ្ជូ​ល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​ ​ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១១​នាក់​)​ មក​ពី​ក្រសួងផែនការ​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ អង្គការក្រៅរដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដទៃ​ទៀត​​ អង្គការ​សហគមន៍​មូលដ្ឋាន​​ អ្នក​សារព័ត៌មាន​ អ្នក​ស្រាវជ្រាវ​ និង​ជនជាតិ​ដើម​ភាគតិច​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​លោក​ MATHEW​ Baird​ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ី​សម្រាប់​ច្បាប់បរិស្ថាន​ បាន​លើក​ឡើង​ពី​ភាព​ខុស​គ្នា​រវាង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក៏​ដូច​ជា​នីតិវិធី​មួយ​ចំនួន​។​ ជា​ទូទៅ​ គម្រោង​អភិវឌ្ឍន៍​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ប៉ុន្តែ​យើង​មិន​គួរ​ធ្វេសប្រហែស​ ឬ​ព្រងើយកន្តើយ​ចំពោះ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សង្គម​ឡើយ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​រួម​បញ្ចូល​ការ​ពិចារណា​អំពី​បរិស្ថាន​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​ និង​កម្មវិធី​។​ វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប៉ាន់​ប្រមាណ​ និង​វាយតម្លៃ​ផលវិបាក​នៃ​ការ​អភិវឌ្ឍជាក់លាក់​នៃ​នយោបាយ​ ផែនការ​ និង​កម្មវិធី​។​ វា​មាន​ន័យ​ថា​គម្រោង​អភិវឌ្ឍន៍​មិន​ទាន់​បាន​ទទួល​បាន​យល់ព្រម​ពី​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​ រដ្ឋាភិបាល​នឹង​សម្រេច​ថា​តើ​គម្រោង​នេះ​អាច​អនុវត្ត​ ឬ​វិនិយោគ​នៅ​ក្នុង​តំបន់​នោះ​បាន​ដែរ​ឬទេ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ធ្វើ​ឡើង​មុន​ពេលធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ជា​ទូទៅ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កើតឡើង​មុន​ការ​សម្រេចចិត្ត​សំខាន់ៗ​ទាំងអស់​ដែល​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ ដែល​ផ្ទុយ​ទៅ​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេចចិត្ត​។​ ​ដើម​ឡើយ​ ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ត្រូវបាន​ធ្វើ​ឡើង​​​​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​សារ​តែ​ភាពនៅ​​​មាន​កម្រិត​​របស់​វា​​ក្នុង​ការ​​ធ្វើ​សមាហរណកម្ម​​គោលនយោបាយ​បរិស្ថាន​នៅ​កម្រិត​យុទ្ធសាស្ត្រ​ ជា​ពិសេស​នៅ​កំឡុង​ពេល​ធ្វើ​គោ​លន​យោ​បាល​ និង​ផែនការ​។​ សមត្ថភាព​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​ការ​គណនា​ឥទ្ធិពល​របស់​គម្រោង​នៅ​មាន​កម្រិត​នៅឡើយ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជា​ដំណើរការ​ពហុ​ដំណាក់​កាលដែល​ផ្តោត​លើ​និរន្តរភាព​ ប្រើ​វិធីសាស្ត្រ​សកម្មមុន​​ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​ទាំងអស់​ ដោយ​កំណត់​អត្តសញ្ញាណ​ឧបសគ្គ​សំខាន់ៗ​ មុន​ពេល​ការ​អនុម័ត​ចុង​ក្រោយ​។​ ការ​ចូលរួម​ជា​សាធារណៈ​គឺជា​ចំណុច​សំខាន់​ ហើយ​វា​ត្រូវ​តែ​បញ្ចូល​ទៅ​ក្នុង​ដំណើរការ​ទាំង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ពួក​វា​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​​ចាំបាច់​ត្រូវ​មាន​​ទាំង​ពីរ​។​ លោក​ ធី​ ទ្រី​ ក៏​បាន​បង្ហាញ​វី​ដេ​អូ​អំពី​ UNECE​ SEA​ ដែល​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អឺរ៉ុប​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​ “Greening​ the​ Economies​ in​ the​ European​ Neighborhood”​។​ ពិធីសារ​នេះ​បង្កើត​នូវ​នីតិវិធី​ច្បាស់លាស់​ និង​តម្លាភាព​សម្រាប់​ការ​បញ្ចូល​បញ្ហា​បរិស្ថាន​ និង​សុខភាព​ទៅ​ក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ​ កម្មវិធី​ និង​ច្បាប់​។​ ​ផែនការ​រៀបចំ​ដែនដី​ និង​វិធីសាស្ត្រ​រួម​បញ្ចូល​តំបន់​ទេសភាព​ លោក​ សេង​ ទៀក​ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​អនុវត្ត​សំខាន់​មួយ​ដែល​មានឈ្មោះ​ថា​ \"​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​\"​។​ លោក​បាន​គូសបញ្ជាក់​ពី​ការ​វិភាគ​ផ្អែក​លើ​សេណា​រី​យ៉ូ​ឆ្នាំ​២០៤០​ សម្រាប់​ខេត្ត​ ដោយ​បែងចែក​ជា​បី​សេណា​រី​យ៉ូ​គឺ​ ការ​អភិរក្ស​ សេដ្ឋកិច្ច​បៃតង​ និង​អាជីវកម្ម​ដូច​ធម្មតា​។​ សេណា​រី​យ៉ូ​ទី​មួយ​ \"​ការ​អភិរក្ស​\"​ អាច​រក្សា​គម្រប​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​រហូត​ដល់​ ៨៥​ភាគរយ​ ដោយ​ការពារ​ជា​ចម្បង​នូវ​ព្រៃឈើ​ទាំងអស់​ក្នុង​ និង​ក្រៅ​តំបន់​ការពារ​ និង​ការ​ប្រើប្រាស់​តំបន់​មិនមែន​ព្រៃឈើ​សម្រាប់​តំបន់កសិកម្ម​ និង​អភិវឌ្ឍន៍​។​ សេណា​រី​យ៉ូ​ទី​ពីរ​ \"​សេដ្ឋកិច្ច​បៃតង​\"​ ការពារ​តែព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ ចំណែក​ព្រៃឈើ​នៅ​ខាងក្រៅ​តំបន់​ការពារ​ និង​តំបន់​មិនមែន​ព្រៃឈើ​ត្រូវ​ប្រើប្រាស់​សម្រាប់​តំបន់​អភិវឌ្ឍន៍​កសិកម្ម​។​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ គម្រប​ព្រៃឈើ​អាច​នៅ​សល់​ ៥៣​ភាគរយ​ នៅ​ឆ្នាំ​២០៤០​។​ សេណា​រី​យ៉ូ​ចុង​ក្រោយ​ \"​អាជីវកម្ម​ដូច​ធម្មតា​\"​ នឹង​មិន​អនុវត្ត​ការ​ការពារ​ព្រៃឈើ​ទេ​ ហើយ​គម្រប​ព្រៃឈើ​អាច​នឹង​នៅ​មាន​ត្រឹមតែ​ ៣៤​ភាគរយ​ប៉ុណ្ណោះ​។​ សរុប​មក​ សេណា​រី​យ៉ូ​ទី​ពីរ​គឺ​នឹង​ប្រើ​សម្រាប់​ផែនការ​ដែនដី​សម្រាប់​ខេត្តមណ្ឌលគិរី​ ហើយនឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ផែនការ​ដែនដី​គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​មាន​សក្តានុពល​ក្នុង​ការ​ផ្តល់​នូវ​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ឧបករណ៍​សម្រាប់​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដែល​មាន​ព័ត៌មាន​ និង​ដំណើរការ​អភិវឌ្ឍន៍​ភូមិសាស្ត្រ​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ដែនដី​ប្រកបដោយ​តុល្យភាព​។​ ការ​ធ្វើ​ផែនការ​អាច​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ជំហាន​សំខាន់ៗ​ រួម​ទាំង​ការ​បង្កើត​វេទិកា​ពហុភាគី​ ការ​បង្កើន​ការ​យល់​ដឹង​រួម​គ្នា​ ការ​ធ្វើ​ផែនការ​សហការ​ ការ​អនុវត្ត​ ការ​ត្រួតពិនិត្យ​សម្រាប់​ការ​គ្រប់គ្រង​ការ​សម្រប​ខ្លួន​ និង​គណនេយ្យ​ភាព​ និង​ការ​រៀបចំ​បរិបទ​។​ សក្តានុពល​នៃ​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ឥទ្ធិពល​របស់​វា​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ឯកឧត្តម​ ណោ​ វ៉ា​ន់​ឌី​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​សេដ្ឋកិច្ច​ នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួងផែនការ​ និង​លោក​ សាន​ វណ្ណ​រិ​ទ្ធិ​ ប្រធាន​នាយកដ្ឋាន​ផែនការ​វិនិយោគ​ នៃ​ក្រសួងផែនការ​ បាន​លើក​ឡើង​ពី​របៀប​ដែល​ក្រសួង​កំណត់​បញ្ហា​បរិស្ថាន​ និង​ទិន្នន័យ​បរិស្ថាន​នៅ​ក្នុង​ផែនការអភិវឌ្ឍ​។​ ការ​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ផែនការអភិវឌ្ឍ​គឺជា​ដំណាក់កាល​ដំបូង​ ហើយ​ប្រទេស​ទាំងអស់​គួរតែ​ធ្វើ​វា​។​ បញ្ហា​បរិស្ថាន​គួរ​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ផែនការអភិវឌ្ឍ​រយៈ​​ពេល​វែង​ និង​មធ្យម​ ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​ផែនការអភិវឌ្ឍន៍​តាម​វិស័យ​។​ គេ​សង្កេត​ឃើញ​ថា​ការ​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (២០១៤-២០១៨)​ កន្លង​មក​មាន​តិចតួច​តែ​ប៉ុន​ណ្ណោះ​ ហើយ​បញ្ហា​នេះ​មិន​ទទួល​បានការ​យកចិត្តទុកដាក់​ខ្លាំង​នោះ​ទេ​។​ រដ្ឋាភិបាល​បាន​គិតគូរ​ និង​បន្ថែម​បញ្ហា​បរិស្ថាន​បន្ថែម​ទៀត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ថ្មី​ (២០១៩-២០២៣)​។​ យ៉ាង​ណា​មិញ​ ​ជំពូក​ទី​៤​ (៤.៤២)​ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ​ក៏​បាន​​រំលេច​​ពី​​ ​\"ការ​​លើកកម្ពស់​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ គោលនយោបាយ​ ផែនការ​ និង​ឯកសារ​ច្បាប់​ ដើម្បី​ធានា​និរន្តរភាព​នៃ​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​\"

755

កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាយោបល់ស្តីពីជនជាតិដើមភាគតិច” ជាមួយអង្គការដៃគូររួមមាន អង្គការអភិរក្សភាសាជនជាតិដើមភាគតិច អង្គការភូមិខ្ញុំ អង្គការដើម្បីជីវភាព និងព្រៃឈើ និងសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការសុខភាពគ្រួសារអន្តរជាតិ ដើម្បីកំណត់បញ្ហាប្រឈម សកម្មភាព ក៏ដូចជាពិភាក្សាអំពីតួនាទីរបស់ក្រុមប្រឹក្សា និងការដាក់បញ្ចូលសមាជិកថ្មី។ គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។

357

កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦ ​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា

ខេ​ម​បូ​ចា​ សហការ​ជាមួយ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​មក​ពី​សាក​វិទ្យាល័យ​នានា​ និង​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៩​នាក់​។​ ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ ហួរ​ អ៊ិ​ច​ អ្នកជំនាញ​គ្រប់​គ្រង់​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ ចំណេះដឹង​ និង​ជំនាញ​លើ​ប្រធានបទ​នេះ​។​​សកម្មភាព​នេះ​គាំទ្រ​មូលនិធិ​ដោយ​ USAID​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។