Learning Platform Close

លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​លើ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ សហការ​ជាមួយ​អង្គការ​ភូមិ​ខ្ញុំ​ បាន​រៀបចំ​សិក្ខា​សាល​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក្រោម​គម្រោង​ “​ការ​លើកកម្ពស់​អភិបាលកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ​តាម​រយៈ​វិធីសាស្ត្រ​ដែល​ជំរុញ​ដោយ​ទិន្នន័យ​”​ នៅ​ខេត្តមណ្ឌលគិរី​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទង​នឹង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជំរុញ​ការ​សម្រេចចិត្ត​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ៦០​ នាក់​ រួម​មាន​តំណាង​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ នៃ​ក្រសួងបរិស្ថាន​ រដ្ឋបាល​ខេត្តមណ្ឌលគិរី​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ អាជ្ញាធរ​មូលដ្ឋាន​ និង​សមាជិក​សហគមន៍​។​ ទោះបីជា​មានការ​បង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​ដោយ​ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​សហគមន៍​នៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ផង​ដែរ​។​

សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​

លោក​ ធី​ ទ្រី​ បាន​បើក​កម្មវិធី​ដោយ​លើក​ឡើង​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​សិក្ខាសាលា​នេះ​ជាមួយនឹង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ដែល​កំណត់​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​។​ លោក​បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិភាក្សា​ សួរ​សំណួរ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​បង្ហាញ​ក្តី​បារម្ភ​។​ លោក​ក៏​បាន​ណែនាំ​ផង​ដែរ​អំពី​ព័ត៌មាន​ទិន្នន័យ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា​ នៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​រំពឹង​ថា​នឹង​បង្កើន​ការ​ចូល​ប្រើប្រាស់​ទិន្នន័យ​សាធារណៈ​។​

​សុន្ទរកថា​បើក​ដោយ​លោក​ ងិ​ន​ សុ​វិមាន​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​

​លោក​ ងិ​ន​ សុ​វិមាន​ បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​អ្នកចូលរួម​ និង​អ្នក​រៀបចំ​ ជា​ពិសេស​បាន​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​អូ​ឌី​ស៊ី​ និង​អង្គការ​ភូមិ​ខ្ញុំ​ ដែល​បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ឡើង​។​ លោក​បាន​លើក​ឡើង​ពី​សមិទ្ធិ​ផល​នៃ​ការ​អភិវឌ្ឍ​របស់​ខេត្តមណ្ឌលគិរី​ លើ​វិស័យ​អប់រំ​ សុខាភិបាល​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​កសិកម្ម​ ដោយ​យកចិត្តទុកដាក់​លើ​កត្តាចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ លោក​ សុ​វិមាន​ បាន​សង្កត់ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខេត្តមណ្ឌលគិរី​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ទិន្នន័យ​និង​ព័ត៌មាន​។​

​បទ​បង្ហាញ​លម្អិត​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ ដោយ​លោក​ ជា​ ឡេ​ង​

លោក​ ជា​ ឡេ​ង​ អនុប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​។​ លោក​បាន​សម្របសម្រួល​កិច្ច​ពិភាក្សា​ ដែល​លើកទឹកចិត្ត​អ្នកចូលរួម​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ និង​បញ្ហា​ប្រឈម​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ កិច្ច​ពិភាក្សា​បាន​បង្ហាញ​ពី​កម្រិត​នៃ​ការ​យល់​ដឹង​ផ្សេងៗ​គ្នា​របស់​អ្នកចូលរួម​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​មួយ​ចំនួន​ទទួល​បាន​ព័ត៌មាន​ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ខណៈ​អ្នកចូលរួម​មួយ​ចំនួន​ទៀត​មិន​បាន​ទទួល​ព័ត៌មាន​។​ កិច្ច​ពិភាក្សា​នេះ​បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ និង​ការ​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ជា​ពិសេស​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​។​

​វគ្គ​សំណួរ​ និង​ចម្លើយ​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ អ្នកចូលរួម​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​គម្រោង​ និង​ហេតុ​ប៉ះពាល់​របស់​គម្រោង​ទាំងនោះ​លើ​សហគមន៍​មូលដ្ឋាន​។​ លោក​ ជា​ ឡេ​ង​ បាន​បញ្ជាក់​ថា​ សហគមន៍​មាន​សិទ្ធិ​លើក​ឡើង​ពី​កិច្ច​បារម្ភ​ និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​យល់​ច្រ​លំ​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ជា​ការ​ពន្យារពេល​នៃ​ការ​អភិវឌ្ឍ​ ដោយ​ពន្យល់​ពី​គោលបំណង​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​នៃ​គម្រោង​អភិវឌ្ឍន៍​។​

បញ្ហា​ប្រឈមសំខាន់ៗ​ និង​ការ​ចូលរួម​របស់​សហគមន៍​

អ្នកចូលរួម​បាន​លើក​ពី​តម្រូវការ​សម្រាប់​ការ​ទទួល​បានការ​ទំនាក់ទំនង​ច្បាស់លាស់​ និង​ទាន់​ពេលវេលា​អំពី​គម្រោង​អភិវឌ្ឍន៍​។​ ពួក​គាត់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​ រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​មិន​ពេញលេញ​ ការ​លំបាក​ក្នុង​ការ​ចរចា​សំណង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ និង​ឧបសគ្គ​ភាសា​។​ ពួក​គាត់​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​អ៊ីនធឺណិត​ ធានា​ថា​ព័ត៌មាន​មាន​ជា​ភាសា​ក្នុងស្រុក​ ផ្តល់​ការ​ជូនដំណឹង​ដល់​កិច្ចប្រជុំ​ទាន់​ពេលវេលា​ និង​ស្នើ​សុំ​ឯកសារ​បន្ថែម​ទៀត​ពី​ម្ចាស់​គម្រោង​។​ ការ​ដោះស្រាយ​ឧបសគ្គ​ទាំងនេះ​អាច​ពង្រីក​លំហូរ​ព័ត៌មាន​ និង​ការ​ចូលរួម​របស់​សហគមន៍​ និង​ជួយ​សម្រួល​ដល់​ការ​សម្រេចចិត្ត​ និង​កាត់​បន្ថយ​ជម្លោះ​កាន់តែ​ប្រសើរ​ឡើង​។​

​បទ​បង្ហាញ​ពី​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​លោក​ បាន​ ច័ន្ទ​ផល្លា​

លោក​ បាន​ ច័ន្ទ​ផល្លា​ បាន​លើក​ឡើង​ពី​តួនាទី​របស់​អូ​ឌី​ស៊ី​ ក្នុង​ការ​លើកកម្ពស់​តម្លាភាព​ និង​ពង្រីក​វិសាលភាព​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​តាម​រយៈ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ការ​វិនិយោគ​បរទេសនៅ​ប្រទេស​កម្ពុជា​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ទំព័រ​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​អំពី​គម្រោង​វិនិយោគ​បរទេស​ និង​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដែល​អាច​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​អភិបាលកិច្ច​បរិស្ថាន​។​

​សុន្ទរកថា​បិទ​ដោយ​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភូមិ​ខ្ញុំ​

​លោក​ លន់​ ពេជ្រ​ដា​រ៉ា​ បាន​បិទ​សិក្ខាសាលា​បណ្តុះបណ្តាល​ដោយ​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ និង​ដៃគូ​ទាំងអស់​។​ លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ចែករំលែក​ព័ត៌មាន​ប្រកបដោយ​តម្លាភាព​ និង​តម្រូវការ​សម្រាប់​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ និង​ការ​គាំទ្រ​សម្រាប់​សហគមន៍​មូលដ្ឋាន​។​ លោក​ ដា​រ៉ា​ បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​សិក្ខាសាលា​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ និង​ជំរុញ​កិច្ចសហការ​ពី​ភាគី​ពាក់ព័ន្ធ​។​

Other Stories

13

សិក្ខា​សាលាដំបូង​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំហាន​ទី​២៖​ អង្គការ​អូ​ឌី​ស៊ី​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ និង​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខា​សាលាដំបូង​ស្តី​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​លើ​ការ​ពង្រឹង​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ សម្រាប់​ជំហាន​ទី​២​ ដែល​ជា​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​។​ សិក្ខាសាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ ៤០​នាក់​មក​ពី​ក្រសួងបរិស្ថាន​ ក្រសួង​រ៉ែ​ និង​ថាមពល​ ក្រសួងទេសចរណ៍​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្រសួង​សេដ្ឋកិច្ច​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងផែនការ​ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ វិទ្យាស្ថាន​កំណើន​បៃតង​សកល​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​ និង​ស្ថានទូត​អូស្ត្រាលី​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ (១)​ កំណត់​ពី​ឱកាស​ និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ (២)​ បំផុសគំនិត​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ឆ្នាំ​២០២៣​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ (៣)​ ពង្រីក​ឱកាស​កសាង​សមត្ថភាព​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​មន្ត្រី​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ នៅ​ឆ្នាំ​២០២៥​ ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​បាន​សហការ​គ្នា​ដើម្បី​បន្ត​គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយ​ចាប់ផ្តើម​ពី​កិច្ចប្រជុំ​ក្នុង​ចំណោម​ថ្នាក់​គ្រប់គ្រង​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​ និង​ជំរុញ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ កិច្ចការ​ដំបូង​ គឺ​ការ​បង្កើត​ និង​ជំរុញ​ការ​រួម​បញ្ចូល​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទៅ​ក្នុង​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​នៅ​ក្នុង​សកម្មភាព​របស់​វិស័យ​ពាក់ព័ន្ធ​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មាន​គោលបំណង​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​បញ្ហា​បរិស្ថាន​ទៅ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ ផែនការ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​នៅ​ក្នុង​សកម្មភាព​របស់​វិស័យ​សំខាន់ៗ​ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​ ​ឯកឧត្តម​ ជួប​ ប៉ា​រី​ស៍​ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​។​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​ ការ​អនុវត្ត​សកម្មភាព​សម្រាប់​ដំណាក់កាល​ទី​២​នេះ​គឺជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​លើ​ការ​រៀបចំ​ឯកសារ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដែល​គ្របដណ្តប់​លើ​វិស័យ​អាទិភាព​ទាំង​ ៧​ ដូច​មាន​កំណត់​ក្នុង​ឯកសារ​ NDC​ ៣.០​ (Nationally​ Determined​ Contributions​ 3.0)​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​ផ្តោត​លើស​រសរ​ស្តម្ភ​ទាំង​បី​រួម​មាន​៖​ សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​។​ ការ​រៀបចំ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រសួង​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​តាម​វិស័យ​របស់​ខ្លួន​ក្នុង​គោលដៅ​រួម​គ្នា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ធានា​បាន​នូវ​បរិស្ថាន​ល្អ​ដែល​មានការ​គិតគូរ​ដល់​ភាព​ស្អាត​។​ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ដោយ​ឱ្យ​អង្គ​សិក្ខាសាលា​គិតគូរ​លើ​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ដូច​ជា​ អនុក្រឹត្យ​ ឬ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​តាម​វិស័យ​នីមួយៗ​។​ គួរ​រំលឹក​ផង​ដែរ​ថា​ កិច្ចសហការ​សម្រាប់​ដំណាក់កាល​ទី​១​ បាន​សម្រេច​លទ្ធផល​ជា​វិជ្ជមាន​ រួម​មានការ​បញ្ចប់​ការ​សិក្សា​ពី​វិសាលភាព​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ ការ​កសាង​សមត្ថភាព​សម្រាប់​មន្ត្រីរាជការ​ និង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ សិក្ខាសាលា​នេះ​បាន​បង្ហាញ​ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​រួម​មាន​ សាវតារ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ បច្ចុប្បន្នភាព​ ព្រមទាំង​ផែនការ​បន្ត​សម្រាប់​ឆ្នាំ​២០២៥-២០២៧​។​ បច្ចុប្បន្ន​នេះ​ ក្រសួងបរិស្ថាន​កំពុង​តែ​រៀបចំ​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​កំឡុង​ឆ្នាំ​២០២៥-២០២៧​ ក្រសួងបរិស្ថាន​នឹង​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ការ​វិភាគ​ក្រប​ខណ្ឌ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​។​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​ និង​និពន្ធ​នាយក​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក៏​ដូច​ជា​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ដែល​ធ្លាប់​មាន​កន្លង​មក​។​ ស្រប​ពេល​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​បង្ហាញ​ពី​ការងារ​ដែល​អូ​ឌី​ស៊ី​ធ្លាប់​បាន​ធ្វើ​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ដូច​ជា​ រ​គ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ កិច្ចប្រជុំ​ផ្តល់​យោបល់​ សន្និសីទ​ និង​ការ​ផ្តល់​ធាតុ​ចូល​ក្នុង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​។​ អូ​ឌី​ស៊ី​បាន​ចាប់ផ្តើម​ធ្វើការ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​តាំងពី​ឆ្នាំ​២០២០​ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​។​ នៅ​អំឡុង​ឆ្នាំ​២០២០​ អូ​ឌី​ស៊ី​ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ និង​អង្គការ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ ដែល​គាំទ្រ​ដោយ​គណៈកម្មាធិការ​ហូ​ឡង់​សម្រាប់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​ ២​លើក​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ៦១​នាក់​ មក​ពី​មន្ទីរ​ពាក់ព័ន្ធ​ និង​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ី​ ក៏​បាន​ចូលរួម​សន្និសីទ​ចំនួន​ ២​ដង​នៅ​ក្រៅប្រទេស​ និង​ធ្វើ​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង​ដែរ​។​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ទូលាយ​ អូ​ឌី​ស៊ី​ បាន​រៀបចំ​សិក្ខាសាលា​ចំនួន​ ៣​ដង​ ដែល​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ ១២០​នាក់​ ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​ សង្គម​ស៊ី​វិល​ អ្នកការ​សែត​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​គាំទ្រ​ដោយ​មូលនិធិ​ហេ​ន​រេច​បូល​ និង​ FHI360-CSS​។​ អូ​ឌី​ស៊ី​ បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នកជំនាញ​បរទេស​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​ដល់​ សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ខ្សាច់​ទន្លេ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ អូ​ឌី​ស៊ី​ ប្តេជ្ញា​ក្នុង​ការ​សហការ​ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​។​

1033

កិច្ចប្រជុំ​ជា​ដៃគូ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជាមួយ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​

នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Utrecht​ ប្រទេស​ហូ​ឡង់​ ដើម្បី​ចូលរួម​ប្រជុំ​សំខាន់​មួយ​ជាមួយ​លោក​បណ្ឌិត​ Arend​ Kolhoff​ លេខាធិការ​បច្ចេកទេស​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​។​ អូ​ឌី​ស៊ី​បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មការ​ លើ​ការ​ផ្តល់​ធាតុ​ចូល​ដល់​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​ក្នុង​ប្រទេស​កម្ពុជា​។​ គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​។​ កិច្ច​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅ​លើ​ការងារ​ដែល​កំពុង​បន្ត​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​។​ ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នៃ​ក្រសួង​បរិស្ថាននៃព្រះរាជាណាចក្រ​​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់​ជាតិ​សម្រាប់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។​ ក្រុមការងារ​នេះ​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​មេរៀន​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​លើកកម្ពស់​ការ​យល់​ដឹង​តាម​រយៈ​កិច្ចប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ បន្ថែម​ពីលើ​សកម្មភាព​អប់រំ​ ពួក​គេ​ក៏​កៀងគរ​ធនធាន​ និង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ ​សូម​រង់ចាំ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​!

1114

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។