អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីរំភើបរីករាយក្នុងការដឹកនាំកិច្ចពិភាក្សាមួយលើប្រធានបទ “ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គ” នៅក្នុងសន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤២ នៅ Borneo Convention Centre Kuching នៅ Kuching ប្រទេសម៉ាឡេស៊ី។ ការពិភាក្សារបស់យើងមានការចូលរួមពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាននៅកម្ពុជា ព្រមទាំងអ្នកជំនាញច្បាប់បរិស្ថាននិងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេអំពីវឌ្ឍនភាព ការអភិវឌ្ឍ និងការអនុវត្តល្អៗនៅក្នុងតំបន់។
លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី បានចាប់ផ្តើមកិច្ចពិភាក្សាដោយបង្ហាញពីកិច្ចការដែលអង្គការអូឌីស៊ីកំពុងតែធ្វើ។ កិច្ចពិភាក្សានេះនឹងផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងការវិវត្តរបស់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា ក៏ដូចជាឱកាសដើម្បីសិក្សារៀនសូត្រពីអ្នកជំនាញក្នុងវិស័យនេះ។ សំណួរសំខាន់ៗចំនួនបីត្រូវបានពិភាក្សា ដែលសំណួរគឺទាក់ទងនឹងក្របខណ្ឌច្បាប់នាពេលបច្ចុប្បន្ន គម្លាតនៃការស្រាវជ្រាវ និងអាទិភាពសម្រាប់ជំរុញការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកចំណេះដឹងនិងឱកាស និងបញ្ហាប្រឈមចំពោះការអភិវឌ្ឍ និងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសក្នុងតំបន់ទន្លេមេគង្គ។
ដោយសារតែការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលត្រូវបានប្រើដើម្បីវាយតម្លៃហេតុប៉ះពាល់នៃគម្រោងវិនិយោគលើបរិស្ថាននៅមានកម្រិត ការបង្កើតនិងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺចាំបាច់ណាស់សម្រាប់គម្រោងវិនិយោគសំខាន់ៗ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក៏មានឥទ្ធិពលផ្សេងៗគ្នាលើគម្រោងផងដែរ។ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីលំហូរវិនិយោគ។ ក្រៅពីការរួមចំណែកក្នុងអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ហេតុប៉ះពាល់បរិស្ថានអាចត្រូវបានគេមើលឃើញថាមានឥទ្ធិពលទៅលើការវិនិយោគទាំងកម្រិតតូច និងកម្រិតធំ។ កម្រិតតូចផ្តោតលើទំនាក់ទំនងរវាងការទាក់ទាញនៃការវិនិយោគដោយក្រុមហ៊ុន និងតម្លៃបរិស្ថាន ចំណែកឯកម្រិតធំផ្តោតលើការព្រួយបារម្ភរបស់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិអំពីថា តើការវិនិយោគបរទេសនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានអេកូឡូស៊ីនៃប្រទេសដែរឬទេ។
ច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ (២០១៦-២០២៣) អនុក្រឹត្យលេខ៧២ ស្តីពីដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រមបរិស្ថាននិងធនធានធម្មជាតិ គឺជាបទប្បញ្ញត្តិដែលទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅ ប្រទេសកម្ពុជា។ ក្រមនេះអាចធ្វើឱ្យការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក្លាយជាតម្រូវការសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រនៅក្នុងវិស័យផ្សេងៗ។ ដំណើរការនៃការរៀបចំរបាយការណ៍វាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ត្រូវតែគិតគូរជាពិសេស និងផ្តល់ឱកាសសម្រាប់ជនងាយរងគ្រោះ ក្រុមជនជាតិភាគតិច និងជនជាតិដើមភាគតិចចូលរួម។ លទ្ធផលនៃការត្រួតពិនិត្យនេះនឹងត្រូវបង្ហាញជូនដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ក៏ដូចជាសាធារណជនទូទៅផងដែរ។
ទោះបីជាដំណើរការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ត្រូវបានផ្តួចផ្តើមឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ ក៏ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងនៅក្នុងមហាអនុតំបន់មេគង្គ។ នៅក្នុងប្រទេសកម្ពុជា គំនិតផ្តួចផ្តើមការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទើបតែចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ជាមួយនឹងការបោះពុម្ពរបាយការណ៍ជាក់លាក់នៃវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ ក្របខណ្ឌផែនការយុទ្ធសាស្ត្ររបស់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ជលផលនៅកម្ពុជាឆ្នាំ២០១០-២០២៤ ក៏ត្រូវបានបោះពុម្ពផងដែរ ដែលជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជាក៏ដូចប្រទេសដទៃទៀត ចាប់ផ្ដើមដោយការផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
បច្ចុប្បន្ន អង្គការអូឌីស៊ីកំពុងគាំទ្រដល់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្នុងការបង្កើតគោលការណ៍ណែនាំទូទៅស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ នាយកដ្ឋានបានលើកឡើងពីការអភិវឌ្ឍគោលការណ៍ណែនាំបច្ចេកទេសស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រលើអាជីវកម្មបូមខ្សាច់នៅកម្ពុជា។ ដោយផ្អែកលើកិច្ចពិភាក្សា គោលការណ៍ណែនាំទាំងនេះនឹងអាចដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថាធនធានធម្មជាតិរបស់យើងនឹងត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព។
អ្នកជំនាញមានការព្រួយបារម្ភចំពោះផែនការគ្រប់គ្រង និងទំនួលខុសត្រូវរបស់អ្នកទទួលខុសត្រូវលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនេះ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនឹងមាននិរន្តរភាព ប្រសិនបើមានការដឹកនាំមានលក្ខណៈជាក្រសួង-ស្ថាប័ន។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលបានការបណ្តុះបណ្តាល និងមានបទពិសោធន៍ក្នុងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដោយសារតែការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានមិនមែនជារឿងដូចគ្នានោះទេ ហើយរបាយការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនីមួយៗក៏មានលក្ខណៈប្លែកពីគេផងដែរ។ កម្ពុជាគួរតែខិតខំប្រឹងប្រែងអភិវឌ្ឍគោលនយោបាយនេះ ព្រោះវាមានតួនាទីសំខាន់ណាស់ ស្របពេលដែលវាអាចផ្តល់ឱកាស និងតម្លៃជាច្រើននៅក្នុងតំបន់អាស៊ាន។ យើងសាទរចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយទំនួលខុសត្រូវបរិស្ថាន និងរង់ចាំយ៉ាងអន្ទះសារនូវលទ្ធផលនៃគោលការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនេះ។ ក្នុងអំឡុងពេលពិភាក្សា អ្នកចូលរួមក៏បានចែករំលែកព័ត៌មានថ្មីៗ និងវឌ្ឍនភាពនៃការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសទន្លេមេគង្គផងដែរ។