Learning Platform Close

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ការិយាល័យ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​ (​ស្រី​ ១០​នាក់​)​ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ០៦​នាក់​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​ធ្វើការ​លើ​ជនជាតិ​ដើម​ភាគតិច​ ធនធានធម្មជាតិ​ ព្រៃឈើ​ ដីធ្លី​ និង​បរិស្ថាន​ជាដើម​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ីអនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បី​គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយឆ្លុះបញ្ជាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ គម្រោង​មាន​សកម្មភាព​សំខាន់ៗ​សរុប​ចំនួន​ ២៦​។​ កិច្ចប្រជុំ​នេះ​គឺជា​សកម្មភាព​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ ដែល​រៀបចំ​ដោយ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នឹង​មានឱកាស​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​មួយ​នេះ​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ដោយ​ប្រមូលផ្តុំ​សមាជិក​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ​ ចែករំលែក​បទ​ពិសោធន៍​ កំណត់​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​វិធីសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​បួន​រួម​មាន​៖​

  • ​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បង្កើត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​តួនាទី​របស់​សមាជិក​នីមួយៗ​
  • បង្កើត​បរិយាកាស​ចែករំលែក​សម្រាប់​សមាជិក​ និង​បណ្តាញ​
  • ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​បរិស្ថាន​ជា​អាទិភាព​ក៏​ដូច​ជា​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​
  • លើកទឹកចិត្ត​សមាជិក​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យធ្វើ​ការ​ជាមួយ​គ្នា​។​

​បញ្ហា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ទន្ទ្រាន​យក​ដី​ សម្បទាន​​ដី​សេដ្ឋកិច្ច​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​ និង​សង្គម​ជាដើម​។​ បញ្ហា​អាទិភាព​ភាគច្រើន​គឺ​ទាក់ទង​នឹង​ព្រៃឈើ​។​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​បាន​ផ្តោត​លើ​ច្បាប់​វិនិយោគ​ ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន​នោះ​ទេ​។​ ច្បាប់​នេះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ជា​ពិសេស​ផ្នែក​ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការ​លំបាក​ ប្រសិនបើ​មាន​គម្រោង​អភិវឌ្ឍន៍​ ឬ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ប្រសិនបើ​មិន​បាន​សិក្សា​ច្បាប់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ សហគមន៍​ខ្វះ​ព័ត៌មាន​ជាក់លាក់​ និង​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ធនធានធម្មជាតិ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ការពារ​។​ ជនជាតិ​ដើម​ភាគតិច​គួរតែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​នីមួយៗ​ក៏​ដូច​ជា​សិក្ខាសាលា​ផង​ដែរ​។​

រឿងរ៉ាវផ្សេងទៀត

1086

កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦ ​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា

ខេ​ម​បូ​ចា​ សហការ​ជាមួយ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ផ្អែក​លើ​វិទ្យាសាស្ត្រ​លើក​ទី​៦​ក្រោម​ប្រធានបទ​ស្តី​ពី​ ស្ថានភាព​គ្រោះ​រាំង​ស្ងួត​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ និស្សិត​មក​ពី​សាក​វិទ្យាល័យ​នានា​ និង​អ្នក​សារព័ត៌មាន​ចំនួន​ ៣៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ១៩​នាក់​។​ ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ ហួរ​ អ៊ិ​ច​ អ្នកជំនាញ​គ្រប់​គ្រង់​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់​នៃ​គណកម្មការ​ទន្លេមេគង្គ​ ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ ចំណេះដឹង​ និង​ជំនាញ​លើ​ប្រធានបទ​នេះ​។​​សកម្មភាព​នេះ​គាំទ្រ​មូលនិធិ​ដោយ​ USAID​ តាម​រយៈ​អង្គការ​ FHI360​ ក្រោម​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ (CSS)​។

1844

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។

1811

វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​សន្តិសុខ​សាយ​ប័​រ​សម្រាប់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​របស់​ពួក​គេ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​សមាជិក​ច​ង្ហោ​ម​អង្គការ​សង្គម​ស៊ី​វិល​ ពី​សុវត្ថិភាព​អ៊ីនធឺណិត​ ក៏​ដូច​ជា​សុវត្ថិភាព​ឌី​ជី​ថ​ល​ រួម​ទាំង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​ ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។​ យើង​ក៏​បាន​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​ការពារ​ទិន្នន័យ​ និង​គណនី​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​នាក់​ (​ស្រី​ ១២​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​។​ ជាដំបូង​សិក្ខាកាម​ទាំងអស់​តម្រូវ​ឱ្យធ្វើ​តេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។​ បន្ទាប់​មក​ លោក​ ង៉ែត​ ម៉ូ​សេ​ អ្នក​បណ្តុះបណ្តាល​ និង​អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ បាន​ស្នើ​ឱ្យ​សិក្ខាកាម​គ្រប់​រូប​ណែនាំ​ឈ្មោះ​ តួនាទី​ ស្ថាប័ន​ និង​ការ​រំពឹង​ទុក​ចំពោះ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​ស្វែង​យល់​ពី​សាវតា​ និង​តម្រូវការ​របស់​ពួក​គេ​។​ ​ លោក​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ “​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​”​ ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពាក្យ​សម្ងាត់​ ការ​បង្កើត​ពាក្យ​សម្ងាត់​រឹង​មាំ​ និង​ការ​គ្រប់គ្រង​ពាក្យ​សម្ងាត់​។​ សំណួរ​ជា​ច្រើន​ត្រូវ​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ជាមួយនឹង​ឧទាហរណ៍​ជាក់ស្តែង​។​ បន្ទាប់​មក​លោក​បាន​បន្ត​ទៅ​មេរៀន​មួយទៀត​ស្តី​ពី​ “​ការ​រុករក​លើ​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​”​ ដោយ​លោក​បាន​បង្ហាញ​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ និង​របៀប​ធ្វើការ​រុករក​លើ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​សុវត្ថិភាព​ និង​បណ្តាញ​ឯកជន​និម្មិត​លើ​អ៊ី​ន​ធឺ​ណិ​ត​។​ សុវត្ថិភាព​អ៊ី​ម៉ែ​ល​ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​សិក្ខាកាម​ទាំងអស់​។​ វាគ្មិន​បាន​បង្ហាញ​ពី​វិធី​ការពារ​ទូរស័ព្ទ​ដៃ​ និង​អ៊ី​ម៉ែ​ល​យ៉ាង​ក្បោះក្បាយ​។​ បន្ទាប់​មក​ វគ្គ​បណ្តុះបណ្តាល​នេះ​បញ្ចប់​ដោយ​ការ​សង្ខេប​មេរៀន​ និង​ការ​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​ការ​យល់​ដឹង​របស់​សិក្ខាកាម​នីមួយៗ​។​ ​ការ​វាយតម្លៃ​ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​មតិ​កែ​លម្អ​បន្ថែម​លើ​ការ​បណ្តុះបណ្តាល​នា​ពេល​អនាគត​ផង​ដែរ​។​ សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​សិក្ខាកាម​របស់​យើង​គឺ​ សេង​ សុខ​ជាតិ​ សមាជិក​នៃ​ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ មាន​ចំណាប់អារម្មណ៍​ “​ខ្ញុំ​គិត​ថា​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ឱ្យ​យើង​ចេះ​ការពារ​ឯកជន​ភាព​របស់​យើង​ពី​ជនខិលខូច​តាម​អន​ឡាញ​បាន​។​ អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​ អ៊ី​ន​ធឺ​ណែ​ត​ ឬ​កម្មវិធី​អន​ឡាញ​ផ្សេងៗ​ទៀត​ គួរតែ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទាំងអស់​គ្នា​។​” ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សន្តិសុខ​សាយ​ប័​របា​ន​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​