- Learning Platform
- ប្លក់
- កិច្ចប្រជុំជាដៃគូវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាមួយគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើដំណើរទៅកាន់ទីក្រុង Utrecht ប្រទេសហូឡង់ ដើម្បីចូលរួមប្រជុំសំខាន់មួយជាមួយលោកបណ្ឌិត Arend Kolhoff លេខាធិការបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅគណៈកម្មាធិការសម្រាប់ការវាយតម្លៃបរិស្ថាននៃប្រទេសហូឡង់។ អូឌីស៊ីបាននឹងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការ លើការផ្តល់ធាតុចូលដល់សេចក្តីព្រាងគោលការណ៍ណែនាំទូទៅសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលបានកើតមានឡើងទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនាពេលថ្មីៗនេះ។ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការងារដែលកំពុងបន្តលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងបរិបទប្រទេសកម្ពុជា។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមការងារគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ក្រុមការងារនេះទទួលខុសត្រូវក្នុងការរៀបចំមេរៀនបណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងអំពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងលើកកម្ពស់ការយល់ដឹងតាមរយៈកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើសកម្មភាពអប់រំ ពួកគេក៏កៀងគរធនធាន និងបង្កើតភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។
សូមរង់ចាំព័ត៌មានថ្មីៗបន្ថែមទៀតអំពីដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព!
រឿងរ៉ាវផ្សេងទៀត
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិ
- ២៧ ខែកញ្ញា ឆ្នាំ ២០២២
- 974
ទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA)
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពីទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិលពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS) និងមូលនិធិហេនរេចបូល (HBS) ក្រោមគម្រោងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់អភិបាលកិច្ចបរិស្ថានប្រកបដោយតម្លាភាព និងឆ្លើយតបកាន់តែច្រើននៅកម្ពុជា។ សិក្ខាសាលានេះមានគោលបំណង៖ លើកកម្ពស់ការយល់ដឹងពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក្នុងចំណោមអង្គការសង្គមស៊ីវិល ពលរដ្ឋសារព័ត៌មាន ជនជាតិដើមភាគតិច និងអ្នកស្រាវជ្រាវ ពិភាក្សា និងបង្ហាញពីបច្ចុប្បន្នភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា កំណត់សក្តានុពលនៃការរួមបញ្ជូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៣២នាក់ (ស្រី ១១នាក់) មកពីក្រសួងផែនការ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃ អង្គការសុខភាពគ្រួសារអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដទៃទៀត អង្គការសហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និងជនជាតិដើមភាគតិច។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងលោក MATHEW Baird នាយកវិទ្យាស្ថានស្រាវជ្រាវអាស៊ីសម្រាប់ច្បាប់បរិស្ថាន បានលើកឡើងពីភាពខុសគ្នារវាងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក៏ដូចជានីតិវិធីមួយចំនួន។ ជាទូទៅ គម្រោងអភិវឌ្ឍន៍ជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែយើងមិនគួរធ្វេសប្រហែស ឬព្រងើយកន្តើយចំពោះផលប៉ះពាល់ដល់បរិស្ថាន និងសង្គមឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្ររួមបញ្ចូលការពិចារណាអំពីបរិស្ថានទៅក្នុងគោលនយោបាយ ផែនការ និងកម្មវិធី។ វាត្រូវបានប្រើប្រាស់ដើម្បីប៉ាន់ប្រមាណ និងវាយតម្លៃផលវិបាកនៃការអភិវឌ្ឍជាក់លាក់នៃនយោបាយ ផែនការ និងកម្មវិធី។ វាមានន័យថាគម្រោងអភិវឌ្ឍន៍មិនទាន់បានទទួលបានយល់ព្រមពីរាជរដ្ឋាភិបាលនៅឡើយទេ។ រដ្ឋាភិបាលនឹងសម្រេចថាតើគម្រោងនេះអាចអនុវត្ត ឬវិនិយោគនៅក្នុងតំបន់នោះបានដែរឬទេ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺធ្វើឡើងមុនពេលធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ជាទូទៅការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រកើតឡើងមុនការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដែលផ្ទុយទៅនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលធ្វើឡើងបន្ទាប់ពីការសម្រេចចិត្ត។ ដើមឡើយ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រត្រូវបានធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតរបស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយសារតែភាពនៅមានកម្រិតរបស់វាក្នុងការធ្វើសមាហរណកម្មគោលនយោបាយបរិស្ថាននៅកម្រិតយុទ្ធសាស្ត្រ ជាពិសេសនៅកំឡុងពេលធ្វើគោលនយោបាល និងផែនការ។ សមត្ថភាពនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានក្នុងការគណនាឥទ្ធិពលរបស់គម្រោងនៅមានកម្រិតនៅឡើយ។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាដំណើរការពហុដំណាក់កាលដែលផ្តោតលើនិរន្តរភាព ប្រើវិធីសាស្ត្រសកម្មមុនចំពោះសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ដោយកំណត់អត្តសញ្ញាណឧបសគ្គសំខាន់ៗ មុនពេលការអនុម័តចុងក្រោយ។ ការចូលរួមជាសាធារណៈគឺជាចំណុចសំខាន់ ហើយវាត្រូវតែបញ្ចូលទៅក្នុងដំណើរការទាំងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ពួកវាបំពេញគ្នាទៅវិញទៅមក និងចាំបាច់ត្រូវមានទាំងពីរ។ លោក ធី ទ្រី ក៏បានបង្ហាញវីដេអូអំពី UNECE SEA ដែលបានបង្កើតឡើងដោយគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប ដែលជាផ្នែកមួយនៃកម្មវិធីដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប “Greening the Economies in the European Neighborhood”។ ពិធីសារនេះបង្កើតនូវនីតិវិធីច្បាស់លាស់ និងតម្លាភាពសម្រាប់ការបញ្ចូលបញ្ហាបរិស្ថាន និងសុខភាពទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ កម្មវិធី និងច្បាប់។ ផែនការរៀបចំដែនដី និងវិធីសាស្ត្ររួមបញ្ចូលតំបន់ទេសភាព លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ បានធ្វើបទបង្ហាញពីការអនុវត្តសំខាន់មួយដែលមានឈ្មោះថា \"ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី\"។ លោកបានគូសបញ្ជាក់ពីការវិភាគផ្អែកលើសេណារីយ៉ូឆ្នាំ២០៤០ សម្រាប់ខេត្ត ដោយបែងចែកជាបីសេណារីយ៉ូគឺ ការអភិរក្ស សេដ្ឋកិច្ចបៃតង និងអាជីវកម្មដូចធម្មតា។ សេណារីយ៉ូទីមួយ \"ការអភិរក្ស\" អាចរក្សាគម្របព្រៃឈើក្នុងខេត្តមណ្ឌលគិរីរហូតដល់ ៨៥ភាគរយ ដោយការពារជាចម្បងនូវព្រៃឈើទាំងអស់ក្នុង និងក្រៅតំបន់ការពារ និងការប្រើប្រាស់តំបន់មិនមែនព្រៃឈើសម្រាប់តំបន់កសិកម្ម និងអភិវឌ្ឍន៍។ សេណារីយ៉ូទីពីរ \"សេដ្ឋកិច្ចបៃតង\" ការពារតែព្រៃឈើនៅក្នុងតំបន់ការពារ ចំណែកព្រៃឈើនៅខាងក្រៅតំបន់ការពារ និងតំបន់មិនមែនព្រៃឈើត្រូវប្រើប្រាស់សម្រាប់តំបន់អភិវឌ្ឍន៍កសិកម្ម។ តាមរយៈការធ្វើដូច្នេះ គម្របព្រៃឈើអាចនៅសល់ ៥៣ភាគរយ នៅឆ្នាំ២០៤០។ សេណារីយ៉ូចុងក្រោយ \"អាជីវកម្មដូចធម្មតា\" នឹងមិនអនុវត្តការការពារព្រៃឈើទេ ហើយគម្របព្រៃឈើអាចនឹងនៅមានត្រឹមតែ ៣៤ភាគរយប៉ុណ្ណោះ។ សរុបមក សេណារីយ៉ូទីពីរគឺនឹងប្រើសម្រាប់ផែនការដែនដីសម្រាប់ខេត្តមណ្ឌលគិរី ហើយនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះ។ ផែនការដែនដីគឺមានសារៈសំខាន់ណាស់ ព្រោះវាមានសក្តានុពលក្នុងការផ្តល់នូវគោលការណ៍អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងឧបករណ៍សម្រាប់ធ្វើសេចក្តីសម្រេចចិត្តដែលមានព័ត៌មាន និងដំណើរការអភិវឌ្ឍន៍ភូមិសាស្ត្រ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែនដីប្រកបដោយតុល្យភាព។ ការធ្វើផែនការអាចធ្វើឡើងដោយអនុវត្តតាមជំហានសំខាន់ៗ រួមទាំងការបង្កើតវេទិកាពហុភាគី ការបង្កើនការយល់ដឹងរួមគ្នា ការធ្វើផែនការសហការ ការអនុវត្ត ការត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងការសម្របខ្លួន និងគណនេយ្យភាព និងការរៀបចំបរិបទ។ សក្តានុពលនៃការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងឥទ្ធិពលរបស់វាលើការគ្រប់គ្រងធនធានធម្មជាតិ ឯកឧត្តម ណោ វ៉ាន់ឌី ប្រធាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ និងលោក សាន វណ្ណរិទ្ធិ ប្រធាននាយកដ្ឋានផែនការវិនិយោគ នៃក្រសួងផែនការ បានលើកឡើងពីរបៀបដែលក្រសួងកំណត់បញ្ហាបរិស្ថាន និងទិន្នន័យបរិស្ថាននៅក្នុងផែនការអភិវឌ្ឍ។ ការដាក់បញ្ចូលបញ្ហាបរិស្ថាននៅក្នុងផែនការអភិវឌ្ឍគឺជាដំណាក់កាលដំបូង ហើយប្រទេសទាំងអស់គួរតែធ្វើវា។ បញ្ហាបរិស្ថានគួរតែត្រូវបានដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍរយៈពេលវែង និងមធ្យម ដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍តាមវិស័យ។ គេសង្កេតឃើញថាការដាក់បញ្ចូលបញ្ហាបរិស្ថានក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៤-២០១៨) កន្លងមកមានតិចតួចតែប៉ុនណ្ណោះ ហើយបញ្ហានេះមិនទទួលបានការយកចិត្តទុកដាក់ខ្លាំងនោះទេ។ រដ្ឋាភិបាលបានគិតគូរ និងបន្ថែមបញ្ហាបរិស្ថានបន្ថែមទៀតក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិថ្មី (២០១៩-២០២៣)។ យ៉ាងណាមិញ ជំពូកទី៤ (៤.៤២) នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏បានរំលេចពី \"ការលើកកម្ពស់ការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត គោលនយោបាយ ផែនការ និងឯកសារច្បាប់ ដើម្បីធានានិរន្តរភាពនៃបរិស្ថាន និងធនធានធម្មជាតិ។\"
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)ដីធ្លី និងធនធានធម្មជាតិ
- ៨ ខែធ្នូ ឆ្នាំ ២០២២
- 1261
សិក្ខាសាលាដំបូងស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ជំហានទី២៖ អង្គការអូឌីស៊ីចែករំលែកបទពិសោធន៍លើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួម និងធ្វើជាវាគ្មិននៅក្នុងសិក្ខាសាលាដំបូងស្តីពីការអភិវឌ្ឍសមត្ថភាពលើការពង្រឹងដំណើរការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ជំហានទី២ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៤០នាក់មកពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិទ្យាស្ថានកំណើនបៃតងសកល កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមូលនិធិសត្វព្រៃពិភពលោក និងស្ថានទូតអូស្ត្រាលី។ សិក្ខាសាលានេះមានគោលបំណង (១) កំណត់ពីឱកាស និងបញ្ហាប្រឈមក្នុងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា (២) បំផុសគំនិតពាក់ព័ន្ធនឹងការរៀបចំអនុក្រឹត្យស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិឆ្នាំ២០២៣ ដើម្បីគាំទ្រការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និង (៣) ពង្រីកឱកាសកសាងសមត្ថភាពលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ីបានសហការគ្នាដើម្បីបន្តគំនិតផ្តួចផ្តើមការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដោយចាប់ផ្តើមពីកិច្ចប្រជុំក្នុងចំណោមថ្នាក់គ្រប់គ្រង ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជាបន្ថែមទៀត។ កិច្ចការដំបូង គឺការបង្កើត និងជំរុញការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនៅក្នុងសកម្មភាពរបស់វិស័យពាក់ព័ន្ធ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងចូលរួមចំណែកក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមបញ្ចូលបញ្ហាបរិស្ថានទៅក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនៅក្នុងសកម្មភាពរបស់វិស័យសំខាន់ៗដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា។ ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអនុវត្តសកម្មភាពសម្រាប់ដំណាក់កាលទី២នេះគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើការរៀបចំឯកសារសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដែលគ្របដណ្តប់លើវិស័យអាទិភាពទាំង ៧ ដូចមានកំណត់ក្នុងឯកសារ NDC ៣.០ (Nationally Determined Contributions 3.0) ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើសរសរស្តម្ភទាំងបីរួមមាន៖ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការរៀបចំការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រតាមវិស័យរបស់ខ្លួនក្នុងគោលដៅរួមគ្នាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវបរិស្ថានល្អដែលមានការគិតគូរដល់ភាពស្អាត។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមដោយឱ្យអង្គសិក្ខាសាលាគិតគូរលើការរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិដូចជា អនុក្រឹត្យ ឬគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រតាមវិស័យនីមួយៗ។ គួររំលឹកផងដែរថា កិច្ចសហការសម្រាប់ដំណាក់កាលទី១ បានសម្រេចលទ្ធផលជាវិជ្ជមាន រួមមានការបញ្ចប់ការសិក្សាពីវិសាលភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា ការកសាងសមត្ថភាពសម្រាប់មន្ត្រីរាជការ និងការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះបានបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ននៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជារួមមាន សាវតារនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា បច្ចុប្បន្នភាព ព្រមទាំងផែនការបន្តសម្រាប់ឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងតែរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជា។ នៅកំឡុងឆ្នាំ២០២៥-២០២៧ ក្រសួងបរិស្ថាននឹងរៀបចំអនុក្រឹត្យស្តីពីនីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ការវិភាគក្របខណ្ឌនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការបណ្តុះបណ្តាលគ្រូបង្គោល។ លោក ធី ទ្រី នាយកប្រតិបត្តិ និងនិពន្ធនាយក នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក៏ដូចជារបាយការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដែលធ្លាប់មានកន្លងមក។ ស្របពេលគ្នានេះដែរ លោកក៏បានបង្ហាញពីការងារដែលអូឌីស៊ីធ្លាប់បានធ្វើទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជាដូចជា រគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្តល់យោបល់ សន្និសីទ និងការផ្តល់ធាតុចូលក្នុងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជា។ អូឌីស៊ីបានចាប់ផ្តើមធ្វើការលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រតាំងពីឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ។ នៅអំឡុងឆ្នាំ២០២០ អូឌីស៊ី បានសហការជាមួយក្រសួងបរិស្ថាន និងអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ ដែលគាំទ្រដោយគណៈកម្មាធិការហូឡង់សម្រាប់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ រៀបចំវគ្គបណ្តុះបណ្តាលចំនួន ២លើក ដែលមានអ្នកចូលរួមប្រមាណ ៦១នាក់ មកពីមន្ទីរពាក់ព័ន្ធ និងសង្គមស៊ីវិល។ អូឌីស៊ី ក៏បានចូលរួមសន្និសីទចំនួន ២ដងនៅក្រៅប្រទេស និងធ្វើកិច្ចពិភាក្សាទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសក្នុងតំបន់មេគង្គផងដែរ។ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលាយ អូឌីស៊ី បានរៀបចំសិក្ខាសាលាចំនួន ៣ដង ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០នាក់ ពីតំណាងក្រសួងពាក់ព័ន្ធ សង្គមស៊ីវិល អ្នកការសែត និងសហគមន៍ជនជាតិដើមភាគតិច ដែលគាំទ្រដោយមូលនិធិហេនរេចបូល និង FHI360-CSS។ អូឌីស៊ី បានធ្វើការសម្របសម្រួលជាមួយអ្នកជំនាញបរទេសក្នុងការផ្តល់ធាតុចូលដល់ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា អូឌីស៊ី ប្តេជ្ញាក្នុងការសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា។
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)ដីធ្លី និងធនធានធម្មជាតិ
- ២០ ខែមិថុនា ឆ្នាំ ២០២៥
- 387