Learning Platform Close

កិច្ច​ពិភាក្សា​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​តំបន់​ទន្លេមេគង្គ​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ “​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​”​ នៅ​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ នៅ​ Borneo​ Convention​ Centre​ Kuching​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​ពិភាក្សា​របស់​យើង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​

លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ដោយ​បង្ហាញ​ពី​កិច្ចការ​ដែល​អង្គការ​អូ​ឌី​ស៊ី​កំពុង​តែ​ធ្វើ​។​ កិច្ច​ពិភាក្សា​នេះ​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​វឌ្ឍនភាព​ និង​កា​រវិ​វត្ត​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ឱកាស​ដើម្បី​សិក្សា​រៀនសូត្រ​ពី​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​។​ សំណួរ​សំខាន់ៗ​ចំនួន​បី​ត្រូវ​បាន​ពិភាក្សា​ ដែល​សំណួរ​គឺ​ទាក់ទង​នឹង​ក្រប​ខណ្ឌ​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ គម្លាត​នៃ​ការ​ស្រាវជ្រាវ​ និង​អាទិភាព​សម្រាប់​ជំរុញ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ការ​ចែករំលែក​ចំណេះដឹង​និង​ឱកាស​ និង​បញ្ហា​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​។​

ដោយសារ​តែ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ​លើ​បរិស្ថាន​នៅ​មាន​កម្រិត​ ការ​បង្កើត​និង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ គឺ​ចាំបាច់​ណាស់​សម្រាប់​គម្រោង​វិនិយោគ​សំខាន់ៗ​។​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ក៏​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​លើ​គម្រោង​ផង​ដែរ​។​ ការ​អភិវឌ្ឍ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​លំហូរ​វិនិយោគ​។​ ក្រៅពី​ការ​រួមចំណែក​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ហេតុ​ប៉ះពាល់​បរិស្ថាន​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ​ទាំង​កម្រិត​តូច​ និង​កម្រិត​ធំ​។​ កម្រិត​តូច​ផ្តោត​លើ​ទំនាក់ទំនង​រវាង​ការ​ទាក់ទាញ​នៃ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ និង​តម្លៃ​បរិស្ថាន​ ចំណែកឯ​កម្រិត​ធំ​ផ្តោត​លើ​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ​អំពី​ថា​ តើ​ការ​វិនិយោគ​បរទេស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អេកូឡូស៊ី​នៃ​ប្រទេស​ដែរ​ឬទេ​។​

ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ (២០១៦-២០២៣)​ អនុក្រឹត្យ​លេខ​៧២​ ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​ គឺជា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ ប្រទេស​កម្ពុជា​។​ ក្រម​នេះ​អាច​ធ្វើ​ឱ្យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ក្លាយជា​តម្រូវការ​សម្រាប់​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​។​ ដំណើរការ​នៃ​ការ​រៀបចំ​របាយការណ៍​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​តែ​គិតគូរ​ជា​ពិសេស​ និង​ផ្តល់​ឱកាស​សម្រាប់​ជន​ងាយ​រង​គ្រោះ​ ក្រុម​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​ចូលរួម​។​ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​បង្ហាញ​ជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ក៏​ដូច​ជា​សាធារណជន​ទូទៅ​ផង​ដែរ​។​

ទោះបីជា​ដំណើរការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ដោយ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូច​ជា​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ក៏​ដោយ​ ក៏​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គំនិត​ផ្តួចផ្តើម​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ទើបតែ​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០១០​ ជាមួយនឹង​ការ​បោះពុម្ព​របាយការណ៍​ជាក់លាក់​នៃ​វិស័យ​មួយ​ចំនួន​ ដូច​ជា​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។​ ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​របស់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជលផល​នៅ​កម្ពុជា​ឆ្នាំ​២០១០-២០២៤​ ក៏​ត្រូវ​បាន​បោះពុម្ព​ផង​ដែរ​ ដែល​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ដៃគូ​អភិវឌ្ឍន៍​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ ចាប់ផ្ដើម​ដោយ​ការ​ផ្តោត​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

បច្ចុប្បន្ន​ អង្គការ​អូ​ឌី​ស៊ី​កំពុង​គាំទ្រ​ដល់​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ក្នុង​ការ​បង្កើត​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ នាយកដ្ឋាន​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​គោលការណ៍​ណែនាំ​បច្ចេកទេស​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​លើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​។​ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​ គោលការណ៍​ណែនាំ​ទាំងនេះ​នឹង​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។​ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ធានា​ថា​ធនធានធម្មជាតិ​របស់​យើង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​

អ្នកជំនាញ​មានការ​ព្រួយបារម្ភ​ចំពោះ​ផែនការ​គ្រប់គ្រង​ និង​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នឹង​មាន​និរន្តរភាព​ ប្រសិនបើ​មានការ​ដឹកនាំ​មាន​លក្ខណៈ​ជា​ក្រសួង​-​ស្ថាប័ន​។​ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ទទួល​បានការ​បណ្តុះបណ្តាល​ និង​មានបទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ដោយសារ​តែ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មិនមែន​ជា​រឿង​ដូច​គ្នា​នោះ​ទេ​ ហើយ​របាយការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នីមួយៗ​ក៏​មាន​លក្ខណៈ​ប្លែក​ពី​គេ​ផង​ដែរ​។​ កម្ពុជា​គួរតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​គោលនយោបាយ​នេះ​ ព្រោះ​វា​មាន​តួនាទី​សំខាន់​ណាស់​ ស្រប​ពេល​ដែល​វា​អាច​ផ្តល់​ឱកាស​ និង​តម្លៃ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​។​ យើង​សាទរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​បរិស្ថាន​ និង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​លទ្ធផល​នៃ​គោលការណ៍​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នេះ​។​ ក្នុងអំឡុងពេល​ពិភាក្សា​ អ្នកចូលរួម​ក៏​បាន​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​ផង​ដែរ​។​

រឿងរ៉ាវផ្សេងទៀត

242

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ការិយាល័យ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​ (​ស្រី​ ១០​នាក់​)​ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ០៦​នាក់​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​ធ្វើការ​លើ​ជនជាតិ​ដើម​ភាគតិច​ ធនធានធម្មជាតិ​ ព្រៃឈើ​ ដីធ្លី​ និង​បរិស្ថាន​ជាដើម​។​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ីអនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បី​គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយឆ្លុះបញ្ជាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ គម្រោង​មាន​សកម្មភាព​សំខាន់ៗ​សរុប​ចំនួន​ ២៦​។​ កិច្ចប្រជុំ​នេះ​គឺជា​សកម្មភាព​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ ដែល​រៀបចំ​ដោយ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នឹង​មានឱកាស​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​មួយ​នេះ​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ដោយ​ប្រមូលផ្តុំ​សមាជិក​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ​ ចែករំលែក​បទ​ពិសោធន៍​ កំណត់​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​វិធីសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​បួន​រួម​មាន​៖​ ​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បង្កើត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​តួនាទី​របស់​សមាជិក​នីមួយៗ​ បង្កើត​បរិយាកាស​ចែករំលែក​សម្រាប់​សមាជិក​ និង​បណ្តាញ​ ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​បរិស្ថាន​ជា​អាទិភាព​ក៏​ដូច​ជា​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​ លើកទឹកចិត្ត​សមាជិក​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យធ្វើ​ការ​ជាមួយ​គ្នា​។​ ​បញ្ហា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ទន្ទ្រាន​យក​ដី​ សម្បទាន​​ដី​សេដ្ឋកិច្ច​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​ និង​សង្គម​ជាដើម​។​ បញ្ហា​អាទិភាព​ភាគច្រើន​គឺ​ទាក់ទង​នឹង​ព្រៃឈើ​។​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​បាន​ផ្តោត​លើ​ច្បាប់​វិនិយោគ​ ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន​នោះ​ទេ​។​ ច្បាប់​នេះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ជា​ពិសេស​ផ្នែក​ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការ​លំបាក​ ប្រសិនបើ​មាន​គម្រោង​អភិវឌ្ឍន៍​ ឬ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ប្រសិនបើ​មិន​បាន​សិក្សា​ច្បាប់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ សហគមន៍​ខ្វះ​ព័ត៌មាន​ជាក់លាក់​ និង​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ធនធានធម្មជាតិ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ការពារ​។​ ជនជាតិ​ដើម​ភាគតិច​គួរតែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​នីមួយៗ​ក៏​ដូច​ជា​សិក្ខាសាលា​ផង​ដែរ​។​

159

កិច្ចប្រជុំ​ជា​ដៃគូ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជាមួយ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​

នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Utrecht​ ប្រទេស​ហូ​ឡង់​ ដើម្បី​ចូលរួម​ប្រជុំ​សំខាន់​មួយ​ជាមួយ​លោក​បណ្ឌិត​ Arend​ Kolhoff​ លេខាធិការ​បច្ចេកទេស​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​។​ អូ​ឌី​ស៊ី​បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មការ​ លើ​ការ​ផ្តល់​ធាតុ​ចូល​ដល់​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​ក្នុង​ប្រទេស​កម្ពុជា​។​ គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​។​ កិច្ច​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅ​លើ​ការងារ​ដែល​កំពុង​បន្ត​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​។​ ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នៃ​ក្រសួង​បរិស្ថាននៃព្រះរាជាណាចក្រ​​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់​ជាតិ​សម្រាប់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។​ ក្រុមការងារ​នេះ​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​មេរៀន​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​លើកកម្ពស់​ការ​យល់​ដឹង​តាម​រយៈ​កិច្ចប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ បន្ថែម​ពីលើ​សកម្មភាព​អប់រំ​ ពួក​គេ​ក៏​កៀងគរ​ធនធាន​ និង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ ​សូម​រង់ចាំ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​!

232

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។