- Learning Platform
- ប្លក់
- កិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំកិច្ចប្រជុំពិគ្រោះតាមវិស័យស្តីពីផែនទីគម្របព្រៃឈើ ជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងគ្រឹះសា្ថនអប់រំ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅការប្រើប្រាស់រីម៉ូតសិនស៊ីងក្នុងការផលិតផែនទីគម្របព្រៃឈើ និងផែនទីគម្របដី។ អូឌីស៊ីបានទទួលនូវធាតុចូលនិងមតិយោបល់ជាច្រើនដូចជា ការធ្វើសំយោគបណ្ណាល័យសាស្ត្រ វិធីសាស្ត្រ តម្រូវការ និងផែនការសកម្មភាព។
គម្រោងនេះត្រូវបានគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។



រឿងរ៉ាវផ្សេងទៀត
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិល
កិច្ចប្រជុំដំបូងរបស់ចង្កោមអង្គការសង្គមស៊ីវិលបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យអង្គការសុខភាពគ្រួសារអន្តរជាតិ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ (ស្រី ១០នាក់) ក្នុងនោះជនជាតិដើមភាគតិចចំនួន ០៦នាក់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំនូវក្រុមប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងអង្គការសហគមន៍មូលដ្ឋាន ដែលធ្វើការលើជនជាតិដើមភាគតិច ធនធានធម្មជាតិ ព្រៃឈើ ដីធ្លី និងបរិស្ថានជាដើម។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំកិច្ចប្រជុំនេះឡើងដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ ដែលជាផ្នែកមួយនៃមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។ អូឌីស៊ីអនុវត្តគម្រោងនេះដោយមានការសហការជាមួយសមាជិកចង្កោមអង្គការសង្គមស៊ីវិលចំនួនបីគឺ ខេមបូចា អង្គការអភិរក្សភាសាជនជាតិដើមភាគតិច និងអេកូយុវទូត។ គម្រោងនេះមានគោលបំណងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិកាន់តែមាននិរន្តរភាព ដោយឆ្លុះបញ្ជាំងតម្រូវការ និងកង្វល់របស់ជនជាតិដើមភាគតិច។ គម្រោងមានសកម្មភាពសំខាន់ៗសរុបចំនួន ២៦។ កិច្ចប្រជុំនេះគឺជាសកម្មភាពសំខាន់មួយនៅក្នុងគម្រោង ដែលរៀបចំដោយចង្កោមអង្គការសង្គមស៊ីវិល និងបណ្តាញ ដើម្បីចែករំលែកបទពិសោធន៍ ព័ត៌មាន និងបញ្ហាអាទិភាពលើការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ ដីធ្លី ជនជាតិដើមភាគតិច ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ សមាជិកចង្កោមអង្គការសង្គមស៊ីវិលនឹងមានឱកាសជួបជុំគ្នានៅក្នុងកិច្ចប្រជុំដំបូងមួយនេះ។ អូឌីស៊ីបានរៀបចំកិច្ចប្រជុំនេះឡើង ដោយប្រមូលផ្តុំសមាជិក និងដៃគូរពាក់ព័ន្ធដើម្បីបង្កើតបណ្តាញ ចែករំលែកបទពិសោធន៍ កំណត់ផែនការយុទ្ធសាស្ត្រសំខាន់ៗ និងវិធីសាស្ត្រក្នុងការតស៊ូមតិលើការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំមានគោលបំណងសំខាន់ៗចំនួនបួនរួមមាន៖ បង្ហាញពីលក្ខណៈនៃការបង្កើតចង្កោមអង្គការសង្គមស៊ីវិល និងតួនាទីរបស់សមាជិកនីមួយៗ បង្កើតបរិយាកាសចែករំលែកសម្រាប់សមាជិក និងបណ្តាញ ធ្វើបច្ចុប្បន្នភាពបញ្ហាបរិស្ថានជាអាទិភាពក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន លើកទឹកចិត្តសមាជិក និងអ្នកពាក់ព័ន្ធឱ្យធ្វើការជាមួយគ្នា។ បញ្ហាការគ្រប់គ្រងធនធានធម្មជាតិកំពុងកើតឡើងនៅក្នុងប្រទេស ជាពិសេសការទន្ទ្រានយកដី សម្បទានដីសេដ្ឋកិច្ច ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ព្រៃឈើ និងមូលនិធិបរិស្ថាន និងសង្គមជាដើម។ បញ្ហាអាទិភាពភាគច្រើនគឺទាក់ទងនឹងព្រៃឈើ។ អង្គការសង្គមស៊ីវិលជាច្រើនមិនបានផ្តោតលើច្បាប់វិនិយោគ ដែលជាចំណុចស្នូលនៃគម្រោងអភិវឌ្ឍន៍ដែលបង្កបញ្ហាជាច្រើនដល់សហគមន៍មូលដ្ឋាននោះទេ។ ច្បាប់នេះគួរតែត្រូវបានពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសផ្នែកដែលទាក់ទងនឹងជនជាតិដើមភាគតិច និងការគ្រប់គ្រងធនធានធម្មជាតិ។ ប្រជាពលរដ្ឋមូលដ្ឋានអាចប្រឈមនឹងការលំបាក ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ឬការវិនិយោគនៅក្នុងតំបន់របស់ពួកគេ ប្រសិនបើមិនបានសិក្សាច្បាប់នេះដោយប្រុងប្រយ័ត្ន។ សហគមន៍ខ្វះព័ត៌មានជាក់លាក់ និងច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាប្រឈម។ ធនធានធម្មជាតិគឺជាក្តីសង្ឃឹមចុងក្រោយរបស់ជនជាតិដើមភាគតិច ដូច្នេះពួកគេត្រូវតែការពារ។ ជនជាតិដើមភាគតិចគួរតែពង្រីកសម្ព័ន្ធភាពរបស់ពួកគេនៅក្នុងយុទ្ធនាការនីមួយៗក៏ដូចជាសិក្ខាសាលាផងដែរ។
- ជនជាតិភាគតិច និងជនជាតិដើមភាគតិចដីធ្លី និងធនធានធម្មជាតិ
- ២៧ ខែកញ្ញា ឆ្នាំ ២០២២
- 995
វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី “ការធ្វើទស្សនីយកម្មទិន្នន័យសម្រាប់ការបង្ហាញសាច់រឿង” នៅថ្ងៃទី២០-២១ និង ២៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមសរុបចំនួន ២៤នាក់ រួមមានអ្នកសារព័ត៌មាន ពលរដ្ឋអ្នកសារព័ត៌មាន យុវជនជនជាតិដើមភាគតិចដែលធ្វើការលើសារព័ត៌មាន និស្សិតផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។ ជនពិការ និងអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានលើកទឹកចិត្តឱ្យចូលរួម។ វគ្គបណ្តុះបណ្តាលនេះចែកចេញជាពីរផ្នែក។ ដំណាក់កាលដំបូងគឺការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេលពីរថ្ងៃ ដែលរួមបញ្ចូលមេរៀន និងលំហាត់។ ដំណាក់កាលទីពីរគឺជាវគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេលមួយថ្ងៃ ដែលផ្តោតលើការរំលឹកមេរៀនឡើងវិញ និងលំហាត់បញ្ចប់វគ្គ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់មូលនិធិដោយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ក្រោមមូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ពីគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។ ថ្ងៃទី១៖ ការសិក្សាស្វែងយល់អំពីទិន្នន័យ មុនចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល តំណាងអង្គការអូឌីស៊ីបានធ្វើសុន្ទរកថាស្វាគមន៍អំពីគម្រោង និងការណែនាំដើម្បីជួយអ្នកចូលរួមឱ្យស្គាល់គ្នាទៅវិញទៅមក។ បន្ទាប់ពីនោះ អ្នកចូលរួមបានធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេ មុនពេលកម្មវិធីចាប់ផ្តើម។ លោក វង្ស ពិសិដ្ឋ ដែលជាគ្រូបង្គោលបានចាប់ផ្តើមមេរៀនស្តីពីការយល់ដឹងអំពីទិន្នន័យ ដើម្បីផ្តល់នូវការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យ ប្រភេទផ្សេងគ្នានៃទិន្នន័យ និងព័ត៌មាន និងតម្លាភាពនៃទិន្នន័យបើកទូលាយ។ បន្ទាប់ពីអ្នកគ្រប់គ្នាយល់ច្បាស់អំពីទិន្នន័យ លោកក៏បានបង្ហាញពីរបៀបស្វែងរកទិន្នន័យដោយប្រើប្រាស់ឃ្លាំងទិន្នន័យ (Data Portal) និង Google advanced search។ បន្ទាប់មក អ្នកចូលរួមត្រូវធ្វើលំហាត់ដើម្បីស្វែងរកទិន្នន័យតាមតម្រូវការរបស់ពួកគេជាទម្រង់ PDF ក៏ដូចជាទិន្នន័យធនធានធម្មជាតិផ្សេងទៀតនៅលើឃ្លាំងទិន្នន័យរបស់អង្គការអូឌីស៊ី។ លោក បាន ច័ន្ទផល្លា ដែលលោកគ្រូបង្គោលម្នាក់ទៀត បានបង្ហាញនូវមេរៀនបន្ទាប់ស្តីពីស្តង់ដារទិន្នន័យ ដែលសង្កត់ធ្ងន់លើស្តង់ដារទិន្នន័យ និងរបៀបរៀបចំទិន្នន័យសម្រាប់ធ្វើទស្សនីយកម្មទិន្នន័យ។ លោកគ្រូបានណែនាំពីការបង្កើត spreadsheet ថ្មី ការបន្ថែមសន្លឹក ការបង្កើតច្បាប់ចម្លង ជួរឈរ និងជួរដេកថ្មី ការបញ្ចូលគំនូសតាង តម្រង់ និងការបង្កើតតារាង pivot នៅលើ Google Sheets ក៏ដូចជាការដាក់បញ្ជូលនូវឯកសារក្នុងទម្រង់ CSV ទៅក្នុង spreadsheet និង Microsoft Excel ។ គ្រូបណ្តុះបណ្តាលក៏បានបង្ហាញពីការសម្អាតទិន្នន័យដែលជាផ្នែកសំខាន់នៃការវិភាគទិន្នន័យ។ មេរៀននេះពន្យល់ពីមូលហេតុដែលយើងត្រូវការសម្អាតទិន្នន័យ ហើយណែនាំដល់សិក្ខាកាមក្នុងការប្រើវិធីសាស្ត្រសម្អាតទិន្នន័យ ដើម្បីធ្វើឱ្យវាអាចយល់បានដោយមានការណែនាំផ្នែកបច្ចេកទេសដូចជា កាត់ដកឃ្លា ដកស្ទួន ធ្វើទ្រង់ទ្រាយអត្ថបទ បំបែកជួរឈរ សុពលភាពទិន្នន័យ និងការស្វែងរក និងការជំនួស។ ថ្ងៃទី២៖ ការធ្វើទស្សនីយកម្មទិន្នន័យ នៅថ្ងៃទីពីរនៃការបណ្តុះបណ្តាល លោកគ្រូបង្គោលបានចំណាយពេលពីរបីនាទីដើម្បីរំលឹកមេរៀនថ្ងៃមុន មុនពេលបន្តជាមួយនឹងរបៀបវារៈរបស់ លោក សំអាន ម៉ារឌី ស្តីពីគោលការណ៍នៃទស្សនីយកម្មទិន្នន័យ។ លោកនឹងណែនាំថាតើអ្វីដែលជំរុញយើងឱ្យបង្កើតទស្សនីយកម្ម អ្វីដែលជាទស្សនីយកម្ម របៀបបង្ហាញសាច់រឿងដោយប្រើប្រាស់ទិន្នន័យ របៀបជ្រើសរើសក្រាហ្វនិងប្រភេទគំរូសតាងឱ្យបានត្រឹមត្រូវ។ បន្ទាប់មក លោក វង្ស ពិសិដ្ឋ បានបង្ហាញនូវកម្មវិធី Flourish ដល់សិក្ខាកាមទាំងអស់។ បន្ទាប់ពីនោះ សិក្ខាកាមធ្វើការលើលំហាត់អនុវត្តជាក្រុម ដើម្បីបង្កើតតារាង និងក្រាហ្វដោយប្រើប្រាស់ Flourish ។ អ្នកគ្រប់គ្នាបានធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាលនៅថ្ងៃទីពីរ ហើយទន្ទឹងរង់ចាំវគ្គបណ្តុះបណ្តាលដោយផ្ទាល់នៅថ្ងៃទីបី។ ថ្ងៃទី៣៖ ការអនុវត្តដោយផ្ទាល់ របៀបវារៈសម្រាប់ថ្ងៃចុងក្រោយនៃការបណ្តុះបណ្តាល គ្របដណ្តប់លើការរំលឹកមេរៀន។ គ្រប់គ្នាបានចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ និងបន្តមេរៀនស្តីពីការធ្វើទស្សនីយកម្មទិន្នន័យដោយប្រើប្រាស់ Flourish ។ អ្នកចូលរួមបានចាប់ផ្តើមរៀនពីរបៀបបង្កើតគំនូសតាងផែនទីចេញពីទិន្នន័យភូមិសាស្ត្រ និងរបៀបបញ្ចូលទស្សនីយកម្មទិន្នន័យទាំងនោះទៅក្នុងសាច់រឿង។ បន្ទាប់មក អ្នកចូលរួមមានឱកាសក្នុងការអនុវត្តដោយផ្ទាល់ និងបំពេញលំហាត់ដោយបង្កើតការនិទានរឿងដោយប្រើប្រាស់ទស្សនីយកម្មទិន្នន័យ។ ជាចុងក្រោយ អ្នកចូលរួមទាំងអស់ធ្វើការវាយតម្លៃវគ្គបណ្តុះបណ្តាលមុននឹងសុន្ទរកថាបិទកម្មវិធី និងផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល។
- អក្ខរកម្មទិន្នន័យ
- ២៥ ខែមករា ឆ្នាំ ២០២៣
- 1123
វគ្គបណ្តុះបណ្តាលស្តីពី “សន្តិសុខសាយប័រ”
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីសន្តិសុខសាយប័រសម្រាប់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល ពីសុវត្ថិភាពអ៊ីនធឺណិត ក៏ដូចជាសុវត្ថិភាពឌីជីថល រួមទាំងការគ្រប់គ្រងពាក្យសម្ងាត់ ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ។ យើងក៏បានផ្តល់ឱ្យសិក្ខាកាមនូវជំនាញសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនផងដែរ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ (ស្រី ១២នាក់) ដែលមកពីសមាគមអាដហុក អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សមាជិកអេកូយុវទូត អង្គការ Epic Arts អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា អង្គការ SVC មជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក្រុមក្តីស្រលាញ់គឺចម្រុះ និងបណ្តាញសមាជិកមួយផ្សេងទៀត។ ជាដំបូងសិក្ខាកាមទាំងអស់តម្រូវឱ្យធ្វើតេស្តមុនវគ្គបណ្តុះបណ្តាលដើម្បីវាស់ស្ទង់សមត្ថភាព។ បន្ទាប់មក លោក ង៉ែត ម៉ូសេ អ្នកបណ្តុះបណ្តាល និងអ្នកប្រឹក្សាផ្នែកសន្តិសុខលើប្រព័ន្ធឌីជីថល និងសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត បានស្នើឱ្យសិក្ខាកាមគ្រប់រូបណែនាំឈ្មោះ តួនាទី ស្ថាប័ន និងការរំពឹងទុកចំពោះវគ្គបណ្តុះបណ្តាល ដើម្បីស្វែងយល់ពីសាវតា និងតម្រូវការរបស់ពួកគេ។ លោកបានចាប់ផ្តើមមេរៀនស្តីពី “ការគ្រប់គ្រងពាក្យសម្ងាត់” ដោយបង្ហាញពីទិដ្ឋភាពទូទៅនៃពាក្យសម្ងាត់ ការបង្កើតពាក្យសម្ងាត់រឹងមាំ និងការគ្រប់គ្រងពាក្យសម្ងាត់។ សំណួរជាច្រើនត្រូវបានពិភាក្សាជុំវិញប្រធានបទជាមួយនឹងឧទាហរណ៍ជាក់ស្តែង។ បន្ទាប់មកលោកបានបន្តទៅមេរៀនមួយទៀតស្តីពី “ការរុករកលើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព” ដោយលោកបានបង្ហាញពីប្រភេទនៃការគំរាមកំហែង និងរបៀបធ្វើការរុករកលើអ៊ីនធឺណិតដោយសុវត្ថិភាព និងបណ្តាញឯកជននិម្មិតលើអ៊ីនធឺណិត។ សុវត្ថិភាពអ៊ីម៉ែល និងសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ក៏មានសារៈសំខាន់ផងដែរសម្រាប់សិក្ខាកាមទាំងអស់។ វាគ្មិនបានបង្ហាញពីវិធីការពារទូរស័ព្ទដៃ និងអ៊ីម៉ែលយ៉ាងក្បោះក្បាយ។ បន្ទាប់មក វគ្គបណ្តុះបណ្តាលនេះបញ្ចប់ដោយការសង្ខេបមេរៀន និងការធ្វើតេស្តក្រោយវគ្គបណ្តុះបណ្តាល ដើម្បីវាយតម្លៃការយល់ដឹងរបស់សិក្ខាកាមនីមួយៗ។ ការវាយតម្លៃពីវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ដើម្បីប្រមូលមតិកែលម្អបន្ថែមលើការបណ្តុះបណ្តាលនាពេលអនាគតផងដែរ។ សិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមរបស់យើងគឺ សេង សុខជាតិ សមាជិកនៃក្រុមក្តីស្រលាញ់គឺចម្រុះ មានចំណាប់អារម្មណ៍ “ខ្ញុំគិតថាវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យយើងចេះការពារឯកជនភាពរបស់យើងពីជនខិលខូចតាមអនឡាញបាន។ អ្នកដែលកំពុងតែប្រើប្រាស់បណ្តាញសង្គម អ៊ីនធឺណែត ឬកម្មវិធីអនឡាញផ្សេងៗទៀត គួរតែចូលរួមវគ្គបណ្តុះបណ្តាលនេះទាំងអស់គ្នា។” វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខសាយប័របានធ្វើឡើងក្រោមគម្រោង Learning Platform (LP) ដែលបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិដែលជាផ្នែកមួយនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល។
- វគ្គបណ្តុះបណ្តាលសន្តិសុខសាយប័រ
- ៦ ខែកក្កដា ឆ្នាំ ២០២៣
- 1392