Learning Platform Close

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

កិច្ចប្រជុំ​ដំបូង​របស់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ការិយាល័យ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៩​នាក់​ (​ស្រី​ ១០​នាក់​)​ ក្នុង​នោះ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ០៦​នាក់​។​ កិច្ចប្រជុំ​នេះ​បាន​ប្រមូលផ្តុំ​នូវ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អង្គការ​សហគមន៍​មូលដ្ឋាន​ ដែល​ធ្វើការ​លើ​ជនជាតិ​ដើម​ភាគតិច​ ធនធានធម្មជាតិ​ ព្រៃឈើ​ ដីធ្លី​ និង​បរិស្ថាន​ជាដើម​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ដែល​ជា​ផ្នែក​មួយ​នៃ​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​ អូ​ឌី​ស៊ីអនុវត្ត​គម្រោង​នេះ​ដោយ​មានការ​សហការ​ជាមួយ​សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បី​គឺ​ ខេ​ម​បូ​ចា​ អង្គការ​អភិរក្ស​ភាសា​ជនជាតិ​ដើម​ភាគតិច​ និង​អេកូ​យុវ​ទូត​។​ គម្រោង​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​មាន​និរន្តរភាព​ ដោយឆ្លុះបញ្ជាំង​តម្រូវការ​ និង​កង្វល់​របស់​ជនជាតិ​ដើម​ភាគតិច​។​ គម្រោង​មាន​សកម្មភាព​សំខាន់ៗ​សរុប​ចំនួន​ ២៦​។​ កិច្ចប្រជុំ​នេះ​គឺជា​សកម្មភាព​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ ដែល​រៀបចំ​ដោយ​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ព័ត៌មាន​ និង​បញ្ហា​អាទិភាព​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ បរិស្ថាន​ ព្រៃឈើ​ ដីធ្លី​ ជនជាតិ​ដើម​ភាគតិច​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

សមាជិក​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​នឹង​មានឱកាស​ជួបជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​មួយ​នេះ​។​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ ដោយ​ប្រមូលផ្តុំ​សមាជិក​ និង​ដៃគូរ​ពាក់ព័ន្ធ​ដើម្បី​បង្កើត​បណ្តាញ​ ចែករំលែក​បទ​ពិសោធន៍​ កំណត់​ផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ និង​វិធីសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ កិច្ចប្រជុំ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​បួន​រួម​មាន​៖​

  • ​បង្ហាញ​ពី​លក្ខណៈ​នៃ​ការ​បង្កើត​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ និង​តួនាទី​របស់​សមាជិក​នីមួយៗ​
  • បង្កើត​បរិយាកាស​ចែករំលែក​សម្រាប់​សមាជិក​ និង​បណ្តាញ​
  • ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​បរិស្ថាន​ជា​អាទិភាព​ក៏​ដូច​ជា​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​បរិស្ថាន​
  • លើកទឹកចិត្ត​សមាជិក​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យធ្វើ​ការ​ជាមួយ​គ្នា​។​

​បញ្ហា​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ទន្ទ្រាន​យក​ដី​ សម្បទាន​​ដី​សេដ្ឋកិច្ច​ ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ព្រៃឈើ​ និង​មូលនិធិ​បរិស្ថាន​ និង​សង្គម​ជាដើម​។​ បញ្ហា​អាទិភាព​ភាគច្រើន​គឺ​ទាក់ទង​នឹង​ព្រៃឈើ​។​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​បាន​ផ្តោត​លើ​ច្បាប់​វិនិយោគ​ ដែល​ជា​ចំណុច​ស្នូល​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន​នោះ​ទេ​។​ ច្បាប់​នេះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ ជា​ពិសេស​ផ្នែក​ដែល​ទាក់ទង​នឹង​ជនជាតិ​ដើម​ភាគតិច​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​ប្រឈម​នឹង​ការ​លំបាក​ ប្រសិនបើ​មាន​គម្រោង​អភិវឌ្ឍន៍​ ឬ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ប្រសិនបើ​មិន​បាន​សិក្សា​ច្បាប់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ សហគមន៍​ខ្វះ​ព័ត៌មាន​ជាក់លាក់​ និង​ច្បាស់លាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ និង​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ធនធានធម្មជាតិ​គឺជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ជនជាតិ​ដើម​ភាគតិច​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ការពារ​។​ ជនជាតិ​ដើម​ភាគតិច​គួរតែ​ពង្រីក​សម្ព័ន្ធភាព​របស់​ពួក​គេ​នៅ​ក្នុង​យុទ្ធនាការ​នីមួយៗ​ក៏​ដូច​ជា​សិក្ខាសាលា​ផង​ដែរ​។​

រឿងរ៉ាវផ្សេងទៀត

1630

សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២

នៅ​ថ្ងៃ​ទី​០៨​ -​ ១១​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤២​ ក្រោម​ប្រធានបទ​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ នៅ​ Kuching​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​ការ​រៀបចំ​គោលការណ៍​ណែនាំ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​ក៏​បាន​គាំទ្រ​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នេះ​។​ ​សន្និសីទ​នេះ​មាន​គោលបំណង​បង្កើត​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​ ដោយ​មានការ​រៀបចំ​បទ​បង្ហាញ​ផ្សេងៗ​ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ សន្និសីទ​នេះ​មាន​វគ្គ​ចំនួន​ ៧០​ ដែល​ផ្តោត​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​៖​ ប្រធានបទ​ស្តី​ពី​ «​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​»​ និង​ប្រធានបទ​ទូទៅ​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​។​ ​នៅ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣​ កម្មវិធី​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​ជាមួយនឹង​សុន្ទរកថា​បើក​កម្មវិធី​ វគ្គ​ចំនួន​ ៧​ ដំណាលៗ​គ្នា​ វគ្គ​នៃ​ការ​ទស្សនា​ផ្ទាំង​រូបភាព​ និង​ការ​ទទួល​ស្វាគមន៍​។​ ដូច​គ្នា​នេះ​ដែរ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​សន្និសីទ​ មានវគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​ វគ្គ​ចំនួន​ ៦​ ស្តី​ពី​វេទិកា​ប្រធានបទ​ និង​សកម្មភាព​ទំនាក់ទំនង​/​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​។​ ​នៅ​ថ្ងៃ​បន្ទាប់​ កម្មវិធី​មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ ហើយ​មាន​វគ្គ​ចំនួន​ ១៩​ ដំណាលៗ​គ្នា​។​ អូ​ឌី​ស៊ី​ ក៏​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​លើ​ប្រធានបទ​ «​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ទន្លេមេគង្គ​»​ ដើម្បី​​ឈ្វេង​យល់​ពី​ការ​ពិចារណា​ក្នុង​គោលនយោបាយ​ កម្មវិធី​ និង​ផែនការ​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​ទន្លេមេគង្គ​។​ អ្នកជំនាញ​ចំនួន​ ២១​ នាក់​ (​ស្រី​ ០៨​ នាក់​)​ រួម​ទាំង​តំណាង​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​នៅ​កម្ពុជា​ ព្រមទាំង​អ្នកជំនាញ​ច្បាប់បរិស្ថាន​និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ បាន​ចូលរួម​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​ចំណេះដឹង​របស់​ពួក​គេ​អំពី​វឌ្ឍនភាព​ ការ​អភិវឌ្ឍ​ និង​ការ​អនុវត្ត​ល្អៗ​នៅ​ក្នុង​តំបន់​។​ ​ថ្ងៃ​ចុង​ក្រោយ​នៃ​ស​ន្និ​សិ​ទ​នេះ​ មាន​វគ្គ​ចំនួន​ ៣​ ស្តី​ពី​វេទិកា​ប្រធានបទ​ វគ្គ​ចំនួន​ ១៣​ ដំណាលៗ​គ្នា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ សុន្ទរកថា​បិទ​កម្មវិធី​ ការ​ទស្សនា​តាំង​ពិ​ពណ៌​ និង​ផ្ទាំង​រូបភាព​។​ ក្នុង​អំឡុង​សន្និសីទ​នេះ​ ក្រុមការងារ​អូ​ឌី​ស៊ី​ និង​មន្ត្រី​រដ្ឋាភិបាល​ពីរ​រូប​មក​ពី​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បាន​ចូលរួម​វគ្គ​ចំនួន​ជាង ៣០​​ ដើម្បី​សិក្សា​ ពិភាក្សា​ និង​ចែករំលែក​បទ​ពិសោធន៍​លើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​នៅ​ទូ​ទាំង​តំបន់​។​ ការ​ចូលរួម​នេះ​ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​យើង​ជួប​ជាមួយ​អ្នកជំនាញ​ទូ​ទាំង​ពិភពលោក​ជាង​ ៦០០​ នាក់​ ដើម្បី​ឈ្វេងយល់​ពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​ ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​ការ​អភិរក្ស​ជីវចម្រុះ​។​ វា​អាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​ពិចារណា​ ដើម្បី​អនុវត្ត​នៅ​កម្ពុជា​ និង​បង្កើត​ផ្លូវទៅរក​ភាព​ធន់​ តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ ខាងក្រោម​នេះ​ជា​សុន្ទរកថា​មួយ​ចំនួន​របស់​ក្រុមការងារ​អូ​ឌី​ស៊ី​បន្ទាប់​ពី​ចូលរួម​ IAIA23៖ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អូ​ឌី​ស៊ី​៖ ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA23​ នៅ​ Kuching​ គឺជា​បទ​ពិសោធន៍​មិន​គួរ​ឱ្យ​ជឿ​ ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​។​ វា​ជា​លើក​ទី​ពីរ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​ IAIA​ ដោយ​ផ្ទាល់​ ដែល​បទ​ពិសោធន៍​ដំបូង​របស់ខ្ញុំ​គឺ​នៅ​ Florence​ ក្នុង​ឆ្នាំ​២០១៥​។​ ស​ន្និ​សិ​ទ​នៅ​ Kuching​ បាន​បង្ហាញ​ជា​ថ្មី​ម្តងទៀត​នូវ​ភាព​ធន់​ ដែល​ត្រូវការ​នៅ​ក្នុង​វិស័យ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ហើយ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ​សន្និសីទ​ IAIA​ បន្ទាប់​នៅ​ Dublin​ ក្នុង​ឆ្នាំ​២០២៤​ ដែល​ការ​យល់​ដឹង​ និង​ឱកាស​ថ្មីៗ​កំពុង​រង់ចាំ​។​ កញ្ញា​ គួ​ច​ ឡាយ​ហេង​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​សេដ្ឋកិច្ច​នៃ​អូ​ឌី​ស៊ី៖ IAIA23​ គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​។​ ការ​ជួបជុំ​ ពិភាក្សា​ រៀន​ និង​ចែករំលែក​បទ​ពិសោធន៍​ជាមួយ​អ្នកជំនាញ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមការងារ​ និង​ខ្ញុំ​ ដោយសារ​យើង​អាច​ពិចារណា​ប្រើប្រាស់​វា​សម្រាប់​អនុវត្ត​ក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា​​។​ អ្នកស្រី គឹ​ម​ ឈួ​ន​វួ​ច​ បណ្ណាធិការ​ -​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ធនធានធម្មជាតិ​ និង​ដីធ្លី​/​អ្នកសម្របសម្រួល​គម្រោង​នៃ​អូ​ឌី​ស៊ី​៖ ​IAIA23​ ស្តី​ពី​ភាព​ធន់​តាម​រយៈ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ និង​ភាព​ជា​អ្នកដឹកនាំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​ និង​បទ​ពិសោធន៍​ជា​ច្រើន​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​។​ យើង​អាច​មើលឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ជុំវិញ​ពិភពលោក​។

1338

វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​ ​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​ ​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​ លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​ ​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​ ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​ របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

1525

កិច្ចប្រជុំ​ជា​ដៃគូ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ជាមួយ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​

នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Utrecht​ ប្រទេស​ហូ​ឡង់​ ដើម្បី​ចូលរួម​ប្រជុំ​សំខាន់​មួយ​ជាមួយ​លោក​បណ្ឌិត​ Arend​ Kolhoff​ លេខាធិការ​បច្ចេកទេស​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​គណៈកម្មាធិការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៃ​ប្រទេស​ហូ​ឡង់​។​ អូ​ឌី​ស៊ី​បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈកម្មការ​ លើ​ការ​ផ្តល់​ធាតុ​ចូល​ដល់​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​សម្រាប់​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់​នៅ​តាម​ដង​ទន្លេមេគង្គ​ និង​ទន្លេបាសាក់​ក្នុង​ប្រទេស​កម្ពុជា​។​ គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ទាក់ទង​នឹង​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​។​ កិច្ច​ពិភាក្សា​ក៏​បាន​ផ្តោត​ទៅ​លើ​ការងារ​ដែល​កំពុង​បន្ត​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​។​ ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នៃ​ក្រសួង​បរិស្ថាននៃព្រះរាជាណាចក្រ​​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​គ្រូ​បង្គោល​ថ្នាក់​ជាតិ​សម្រាប់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​​ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​។​ ក្រុមការងារ​នេះ​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​មេរៀន​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​លើកកម្ពស់​ការ​យល់​ដឹង​តាម​រយៈ​កិច្ចប្រជុំ​ វគ្គ​បណ្តុះបណ្តាល​ និង​សិក្ខាសាលា​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​។​ បន្ថែម​ពីលើ​សកម្មភាព​អប់រំ​ ពួក​គេ​ក៏​កៀងគរ​ធនធាន​ និង​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទូលំទូលាយ​លើ​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​។​ ​សូម​រង់ចាំ​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​!