Learning Platform Close

វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិកចង្កោម​អង្គការ​សង្គម​ស៊ី​វិល​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​សម្រាប់​សមាជិក​ក្រុមគាំទ្រ​សង្គម​ស៊ី​វិល​ និង​បណ្តាញ​សមាជិក​របស់​ពួក​គេ​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកចូលរួម​អំពី​ទិន្នន័យ​ ស្តង់ដារ​ទិន្នន័យ​ និង​ទស្សនី​យ​កម្ម​ទិន្នន័យ​អន្តរ​កម្ម​។​ យើង​ក៏​បង្រៀន​សិក្ខាកាម​ទាំងអស់​អំពី​ជំនាញ​ទស្សនី​យ​កម្ម​ទិន្នន័យ​ផង​ដែរ​។​ យើង​រំពឹង​ថា​ជំនាញ​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ផ្សេងៗ​។​

សិក្ខាកាម​ចំនួន​ ៣១​នាក់​ (​ស្រី​ ១១​នាក់​)​ ដែល​មក​ពី​សមាគម​អា​ដ​ហុ​ក​ អង្គការ​ភាព​ជា​ដៃគូរ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ សមាជិក​អេកូ​យុវ​ទូត​ អង្គការ​ Epic​ Arts​ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការ​ SVC​ មជ្ឈមណ្ឌល​បុប្ផា​ណា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ក្រុម​ក្តី​ស្រលាញ់​គឺ​ចម្រុះ​ និង​បណ្តាញ​សមាជិក​មួយ​ផ្សេង​ទៀត​ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​លោក​ វង្ស​ ពិ​សិទ្ធ​ ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ជា​អ្នកសម្របសម្រួល​ផ្នែក​កសាង​សមត្ថភាព​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្ដើម​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ការ​ណែនាំ​អំពី​គំនិត​ទូទៅ​ និង​ទិដ្ឋភាព​ទូទៅ​នៃ​ចំណេះដឹង​អំពី​ទិន្នន័យ​ និង​សារៈសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ដល់​អ្នកចូលរួម​។​ លោក​ក៏​បាន​ស្នើ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​មុន​វគ្គ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ផង​ដែរ​។​

​បន្ទាប់​មក​ លោក​បាន​ចាប់ផ្តើម​មេរៀន​ជាមួយនឹង​ប្រធានបទ​ “​ការ​យល់​ដឹង​អំពី​ទិន្នន័យ​”​ ដើម្បី​ធានា​ថា​សិក្ខាកាម​យល់​ថា​អ្វី​ជា​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ (​ទិន្នន័យ​គុណ​វិស័យ​ និង​បរិមាណ​វិស័យ​)​ និង​ទម្រង់​ទិន្នន័យ​។​ បន្ទាប់​មក​សិក្ខាកាម​ត្រូវ​បាន​ណែនាំ​អំពី​ស្តង់ដារ​ទិន្នន័យ​៖​ ស្វែង​យល់​អំពី​ទម្រង់​ទិន្នន័យ​ និង​ស្តង់ដារ​ទិន្នន័យ​តារាង​។​

គោលការណ៍​ទស្សនី​យ​កម្ម​ទិន្នន័យ​៖​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​សម្រាប់​ការ​បង្ហាញ​ទិន្នន័យ​ ត្រូវ​បាន​សង្កត់ធ្ងន់​។​ ផ្នែក​នេះ​បាន​សង្ង​ត់​លើ​ មូលហេតុ​ដែល​យើង​ត្រូវការ​ទស្សនី​យ​កម្ម​ទិន្នន័យ​ អ្វី​ជា​ទស្សនី​យ​កម្ម​ទិន្នន័យ​ របៀប​ជ្រើសរើស​ប្រភេទ​គំនូសតាង​ត្រឹមត្រូវ​ និង​អ្វី​ដែល​ត្រូវ​ពិចារណា​នៅ​ពេល​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ សិក្ខាកាម​តម្រូវ​ឱ្យធ្វើ​តេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​ និង​ការ​វាយតម្លៃ​ដើម្បី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ក្រោម​គម្រោង​ Learning​ Platform​ (LP)​ ដែល​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​។​

រឿងរ៉ាវផ្សេងទៀត

783

វគ្គ​បណ្តុះបណ្តាល​​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តី​ពី​ “​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​សម្រាប់​ការ​បង្ហាញ​សាច់​រឿង​”​ នៅ​ថ្ងៃ​ទី​២០-២១​ និង​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៤​នាក់​ រួម​មាន​អ្នក​សារព័ត៌មាន​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​ យុវជន​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្វើការ​លើ​សារព័ត៌មាន​ និស្សិត​ផ្នែក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ ជន​ពិការ​ និង​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​។​ ដំណាក់កាល​ដំបូង​គឺ​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ពីរ​ថ្ងៃ​ ដែល​រួម​បញ្ចូល​មេរៀន​ និង​លំ​ហាត់​។​ ដំណាក់កាល​ទី​ពីរ​គឺជា​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​រយៈពេល​មួយ​ថ្ងៃ​ ដែល​ផ្តោត​លើ​ការ​រំលឹក​មេរៀន​ឡើង​វិញ​ និង​លំ​ហាត់​បញ្ចប់​វគ្គ​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល (CSS)​។​ ​ថ្ងៃ​ទី​១៖​ ការ​សិក្សា​ស្វែង​យល់​អំពី​ទិន្នន័យ​ ​មុន​ចាប់ផ្តើម​នៃ​វគ្គ​បណ្តុះបណ្តាល​ តំណាង​អង្គការ​អូ​ឌី​ស៊ី​បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍​អំពី​គម្រោង​ និង​ការ​ណែនាំ​ដើម្បី​ជួយ​អ្នកចូលរួម​ឱ្យ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​។​ ​បន្ទាប់​ពី​នោះ​ អ្នកចូលរួម​បាន​ធ្វើតេស្ត​មុន​វគ្គ​បណ្តុះបណ្តាល​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​ពួក​គេ​ មុន​ពេល​កម្មវិធី​ចាប់ផ្តើម​។​ លោក​ វង្ស​ ពិសិដ្ឋ​ ដែល​ជា​គ្រូ​បង្គោល​បាន​ចាប់ផ្តើម​មេរៀន​ស្តី​ពី​ការ​យល់​ដឹង​អំពី​ទិន្នន័យ​ ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ ប្រភេទ​ផ្សេង​គ្នា​នៃ​ទិន្នន័យ​ និង​ព័ត៌មាន​ និង​តម្លាភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​។​ បន្ទាប់​ពី​អ្នក​គ្រប់​គ្នា​យល់​ច្បាស់​អំពី​ទិន្នន័យ​ លោក​ក៏​បាន​បង្ហាញ​ពី​របៀប​ស្វែងរក​ទិន្នន័យ​ដោយ​ប្រើប្រាស់​ឃ្លាំង​ទិន្នន័យ​ (Data​ Portal)​ និង​ Google​ advanced​ search​។​ បន្ទាប់​មក​ អ្នកចូលរួម​ត្រូវធ្វើ​លំ​ហាត់​ដើម្បី​ស្វែងរក​ទិន្នន័យ​តាម​តម្រូវការ​របស់​ពួក​គេ​ជា​ទម្រង់​ PDF​ ក៏​ដូច​ជា​ទិន្នន័យ​ធនធានធម្មជាតិ​ផ្សេង​ទៀត​នៅ​លើ​ឃ្លាំង​ទិន្នន័យ​របស់​អង្គការ​អូ​ឌី​ស៊ី​។​ លោក​ បាន​ ច័ន្ទ​ផល្លា​ ដែល​លោកគ្រូ​បង្គោល​ម្នាក់​ទៀត​ បាន​បង្ហាញ​នូវ​មេរៀន​បន្ទាប់​ស្តី​ពី​ស្តង់ដារ​ទិន្នន័យ​ ដែល​សង្កត់ធ្ងន់​លើ​ស្តង់ដារ​ទិន្នន័យ​ និង​របៀប​រៀបចំ​ទិន្នន័យ​សម្រាប់​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោកគ្រូ​បាន​ណែនាំ​ពី​ការ​បង្កើត​ spreadsheet​ ថ្មី​ ការ​បន្ថែម​សន្លឹក​ ការ​បង្កើត​ច្បាប់​ចម្លង​ ជួរ​ឈរ​ និង​ជួរ​ដេក​ថ្មី​ ការ​បញ្ចូល​គំនូសតាង​ តម្រង់​ និង​ការ​បង្កើត​តារាង​ pivot​ នៅ​លើ​ Google​ Sheets​ ក៏​ដូច​ជា​ការ​ដាក់​ប​ញ្ជូ​ល​នូវ​ឯកសារ​ក្នុង​ទម្រង់​ CSV​ ទៅ​ក្នុង​ spreadsheet​ និង​ Microsoft​ Excel​ ។​ គ្រូ​បណ្តុះបណ្តាល​ក៏​បាន​បង្ហាញ​ពី​ការ​សម្អាត​ទិន្នន័យ​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​វិភាគ​ទិន្នន័យ​។​ មេរៀន​នេះ​ពន្យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​សម្អាត​ទិន្នន័យ​ ហើយ​ណែនាំ​ដល់​សិក្ខាកាម​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​សម្អាត​ទិន្នន័យ​ ដើម្បី​ធ្វើ​ឱ្យ​វា​អាច​យល់​បាន​ដោយ​មានការ​ណែនាំ​ផ្នែក​បច្ចេកទេស​ដូច​ជា​ កាត់​ដកឃ្លា​ ដក​ស្ទួន​ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ​ បំបែកជួរ​ឈរ​ សុពលភាព​ទិន្នន័យ​ និង​ការ​ស្វែងរក​ និង​ការ​ជំនួស​។​ ​ថ្ងៃ​ទី​២៖​ ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​បណ្តុះបណ្តាល​ លោកគ្រូ​បង្គោល​បាន​ចំណាយពេល​ពីរ​បី​នាទី​ដើម្បី​រំលឹក​មេរៀន​ថ្ងៃមុន​ មុន​ពេល​បន្ត​ជាមួយនឹង​របៀបវារៈ​របស់​ លោក​ សំ​អាន​ ម៉ារ​ឌី​ ស្តី​ពី​គោលការណ៍​នៃ​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ លោក​នឹង​ណែនាំ​ថា​តើ​អ្វី​ដែល​ជំរុញ​យើង​ឱ្យ​បង្កើត​ទស្សនី​យ​កម្ម​ អ្វី​ដែល​ជា​ទស្សនី​យ​កម្ម​ របៀប​បង្ហាញ​សាច់​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​ របៀប​ជ្រើសរើស​ក្រា​ហ្វ​និង​ប្រភេទ​គំ​រូស​តាង​ឱ្យ​បាន​ត្រឹមត្រូវ​។​ បន្ទាប់​មក​ លោក​ វង្ស​ ពិសិដ្ឋ​ បាន​បង្ហាញ​នូវ​កម្មវិធី​ Flourish​ ដល់​សិក្ខាកាម​ទាំងអស់​។​ បន្ទាប់​ពី​នោះ​ សិក្ខាកាម​ធ្វើការ​លើ​លំ​ហាត់​អនុវត្ត​ជា​ក្រុម​ ដើម្បី​បង្កើត​តារាង​ និង​ក្រា​ហ្វ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នក​គ្រប់​គ្នា​បាន​ធ្វើតេស្ត​ក្រោយ​វគ្គ​បណ្តុះបណ្តាល​នៅ​ថ្ងៃ​ទី​ពីរ​ ហើយ​ទន្ទឹងរង់ចាំ​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​បី​។​ ថ្ងៃ​ទី​៣៖​ ការ​អនុវត្ត​ដោយ​ផ្ទាល់​ របៀបវារៈ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ គ្របដណ្តប់​លើ​ការ​រំលឹក​មេរៀន​។​ គ្រប់​គ្នា​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ និង​បន្តមេរៀន​ស្តី​ពី​ការ​ធ្វើ​ទស្សនី​យ​កម្ម​ទិន្នន័យ​ដោយ​ប្រើប្រាស់​ Flourish​ ។​ អ្នកចូលរួម​បាន​ចាប់ផ្តើម​រៀន​ពី​របៀប​បង្កើត​គំនូសតាង​ផែនទី​ចេញពី​ទិន្នន័យ​ភូមិសាស្ត្រ​ និង​របៀប​បញ្ចូល​ទស្សនី​យ​កម្ម​ទិន្នន័យ​ទាំងនោះ​ទៅ​ក្នុង​សាច់​រឿង​។​ បន្ទាប់​មក​ អ្នកចូលរួម​មានឱកាស​ក្នុង​ការ​អនុវត្ត​ដោយ​ផ្ទាល់​ និង​បំពេញ​លំ​ហាត់​ដោយ​បង្កើត​ការ​និទានរឿង​ដោយ​ប្រើប្រាស់​ទស្សនី​យ​កម្ម​ទិន្នន័យ​។​ ជា​ចុង​ក្រោយ​ អ្នកចូលរួម​ទាំងអស់​ធ្វើការ​វាយតម្លៃ​វគ្គ​បណ្តុះបណ្តាល​មុន​នឹង​សុន្ទរកថា​បិទ​កម្មវិធី​ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​។​

285

ការ​ចូលរួម​របស់​សង្គម​ស៊ី​វិល​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​ដើម្បី​ការ​ការពារ​សិទ្ធិ​ដីធ្លី​

រដ្ឋាភិបាល​កម្ពុជា​បាន​តាក់តែង​ច្បាប់​ភូមិបាល​ថ្មី​ទាំងស្រុង​ (​សេចក្តីព្រាងច្បាប់​)​ ជាង​២០​ឆ្នាំ​បន្ទាប់​ពី​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​ពី​សង្គម​ស៊ី​វិល​ សហគមន៍​មូលដ្ឋាន​ និង​ជនជាតិ​ដើម​ភាគតិច​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ស្វែងរក​ឱកាស​ជា​ផ្លូវការ​ ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​នេះ​ ហើយ​បាន​ផ្តល់​នូវ​ធាតុ​ចូល​ស្ថាបនា​ដោយ​ផ្អែក​លើ​កិច្ច​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ​នៅ​ចុង​ខែមករា​ ឆ្នាំ​២០២៤​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ធ្វើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​មួយ​ដែល​មាន​ចំនួន​ ៧​មាតិកា​ ១៣​ជំពូក​ និង​សរុប​ ១៩៩​មាត្រា​។​ អូ​ឌី​ស៊ី​ បាន​ដាក់​លិខិតផ្លូវការ​មួយ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដោយ​ស្នើ​សុំ​ឱកាស​ដើម្បី​ពិនិត្យ​ និង​ផ្តល់​ធាតុ​ចូល​ស្ថាបនា​លើ​សេចក្តីព្រាងច្បាប់​នេះ​។​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​សំណើ​ និងផ្តល់សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អូ​ឌី​ស៊ី​ ដោយ​ផ្តល់​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​ ​កិច្ច​សន្ទនា​ដែល​លើក​ឡើង​ពី​បញ្ហា​សំខាន់ៗ​ ដូច​ជា​តម្រូវការ​ការពារ​សិទ្ធិ​សមូហភាព​ ជា​ពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​សន្ទនា​ចំនួន​ពីរ​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ថ្មី​ ដោយ​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៣-១៤​ ខែកុម្ភៈ​ នៅ​ខេត្តសៀមរាប​ និង​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​។​ កិច្ច​សន្ទនា​ទាំង​ពីរ​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ គម្រោង​ ALIGN​ និង​ អង្គការ​ LANDESA​។​ ក្នុង​កិច្ច​សន្ទនា​លើក​ទី​មួយ​ អ្នកជំនាញ​ច្បាប់​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​វិភាគ​លើ​មាត្រា​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដល់​អ្នកចូលរួម​។​ បន្ទាប់​មក​ អ្នកចូលរួម​បាន​ពិភាក្សា​ និង​ផ្តល់​ធាតុ​ចូល​ កង្វល់​ និង​អនុសាសន៍​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ​។​ ​តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​សន្ទនា​នេះ​បាន​លើក​ឡើង​ពី​ក្តី​ព្រួយបារម្ភ​អំពី​ពេលវេលា​កំណត់​ដែល​បាន​ផ្តល់​សម្រាប់​ធ្វើការ​ស្វែង​យល់​អំពី​វិសោធនកម្ម​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ ផ្សព្វផ្សាយដល់​សហគមន៍​របស់​ពួក​គាត់​ និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​សហគមន៍​មក​វិញ​។​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ យល់​ថា​កិច្ច​សន្ទនា​នេះ​គឺជា​កិច្ច​ប្រជុំ​ផ្តល់​ព័ត៌មាន​ជា​ជាង​ការ​ប្រឹក្សា​យោបល់​។​ ​ជា​លទ្ធផល​ តំណាង​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិន​អាច​ផ្តល់​ធាតុ​ចូល​របស់​ពួក​គាត់​លើ​សេចក្តីព្រាងច្បាប់​នេះ​បាន​ទេ​ និង​បាន​ស្នើ​សុំ​ពន្យារពេល​សម្រាប់​ដំណើរការ​ពិគ្រោះ​យោបល់​។​ អូ​ឌី​ស៊ី​ និង​ដៃគូ​យល់​ពី​ការ​ឆ្លើយ​តប​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយសារ​ការ​កំណត់​ពេលវេលា​សម្រាប់​ការ​បញ្ចូល​ធាតុចូលក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​ផង​ដែរ​។​ ​កិច្ច​សន្ទនា​លើក​ទី​២​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​បង្រួបបង្រួម​ធាតុ​ចូល​ និង​អនុសាសន៍​ ដែល​បាន​មក​ពី​កិច្ច​សន្ទនា​លើក​ទី​១​ នៅ​ខេត្តសៀមរាប​។​ បន្ទាប់​ពី​កិច្ច​សន្ទនា​នេះ​ អូ​ឌី​ស៊ី​ និង​ដៃគូ​បាន​រៀបចំ​ និង​បញ្ជូន​ធាតុ​ចូល​ និង​អនុសាសន៍​រួម​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ឯកសារ​នេះ​មាននៅ​លើ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ ដែល​អាច​ចូល​ប្រើ​បានជា​សាធារណៈ​។​ ឯកសារ​នេះ​បង្ហាញ​ពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​តម្រូវការ​បញ្ជាក់​ការ​ធានា​ការពារ​កម្មសិទ្ធិ​សមូហភាព​ សិទ្ធិ​ប្រើប្រាស់​ សិទ្ធិ​ទទួល​បាន​ផល​នៃ​ដី​ និង​សិទ្ធិ​ទាក់ទង​នឹង​ដីធ្លី​ និង​អចលនវត្ថុ​ផ្សេង​ទៀត​របស់​ជនជាតិ​ដើម​ភាគតិច​ និង​វត្ត​ពុទ្ធសាសនា​។​ ឯកសារ​ធាតុ​ចូល​ក៏​បាន​ស្នើ​សុំ​ឱ្យ​មានការ​ពិចារណា​បន្ថែម​ទៀត​ចំពោះ​សមភាព​យេ​ន​ឌ័​រ​ និង​ការ​ការពារ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​មូលដ្ឋាន​។​ ​នៅ​ដើមខែ​មីនា​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ទ្បើ​ង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៅក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ យោង​តាម​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធាតុ​ចូល​ជាង​ ១៥​ ពី​អូ​ឌី​ស៊ី​ ត្រូវ​បាន​ដាក់​បញ្ចូល​ រួម​មាន​មតិយោបល់​ទាក់ទង​នឹង​ការ​ចាត់​ថ្នាក់​នៃ​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​រដ្ឋ​ ពេលវេលា​សម្រាប់​ការ​ចុះបញ្ជី​កម្មសិទ្ធិ​ដី​សហគមន៍​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ ការ​លើកកម្ពស់​សមធម៌​ក្នុង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ ការ​បញ្ជាក់​អំពី​រយៈពេល​នៃ​បណ្តឹងតវ៉ា​ ដំណើរការ​ដាក់​ពាក្យបណ្តឹង​ និង​ព័ត៌មាន​លម្អិត​អំពី​សទ្ទានុក្រម​។​ ​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​ចែករំលែក​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ពេលវេលា​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​។​ ចន្លោះ​ពេល​សម្រាប់​ការ​បកប្រែ​សេចក្តីព្រាងច្បាប់​នេះ​ទៅ​ជា​ភាសា​អង់គ្លេស​ និង​ការ​ចែករំលែក​សេចក្តីព្រាងច្បាប់​នេះ​ជាមួយ​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​របស់​យើង​ ក៏​ដូច​ជា​ការ​ធ្វើ​កិច្ច​សន្ទនា​ផង​ដែរ​ មាន​ន័យ​ថា​ឯកសារ​ធាតុ​ចូល​មិន​បាន​គ្របដណ្តប់​លើ​ចំណុច​សំខាន់ៗ​ទាំងអស់​ឱ្យ​បាន​ហ្មត់ចត់​ តាម​ដែល​អាច​ធ្វើ​បាន​ ប្រសិនបើ​មាន​ពេលវេលា​បន្ថែម​ទៀត​សម្រាប់​ការ​បញ្ជូន​ធាតុ​ចូល​លើក​ដំបូង​។​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​ អូ​ឌី​ស៊ី​ បាន​រៀបចំ​កិច្ច​ពិភាក្សា​ និង​កិច្ចប្រជុំ​បន្ថែម​ និង​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​។​ ​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​សិទ្ធិ​របស់​ស្ដ្រី​ក្នុង​ភាព​ជា​ម្ចាស់​ដីធ្លី​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ លើស​ពី​នេះ​ទៀត​ នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមការងារ​ច្បាប់​ភូមិបាល​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​នានា​ដែល​ក្រុមការងារ​បាន​ទទួល​កន្លង​មក​។​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​បាន​ចូលរួម​សិក្ខាសាលា​មួយ​ផ្សេង​ទៀត​ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្តី​ពី​សេចក្តីព្រាងច្បាប់​ភូមិបាល​។​ បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៤​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​គាំទ្រ​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​អង្គការ​ភូមិ​ខ្ញុំ​ ស្តី​ពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ដោយ​ផ្តោត​លើ​ដំណើរការ​ និង​បញ្ហា​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​ ​យោង​តាម​មន្ត្រី​ក្រសួង​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នឹង​បន្ត​ពិនិត្យ​ និង​បញ្ចូល​ធាតុ​ចូល​តាម​ភាព​សម​ស្រប​ ហើយនឹង​ចែករំលែក​សេចក្តីព្រាងច្បាប់​ដែល​បាន​កែសម្រួល​បន្ថែម​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ដោយ​ផ្អែក​លើ​ការ​ណែនាំ​នេះ​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​បាន​បន្ត​ពិនិត្យ​ និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​វិសោធនកម្ម​លើ​សេចក្តីព្រាងច្បាប់​ភូមិបាល​ និង​បាន​បញ្ជូន​ធាតុ​ចូល​លើក​ទី​ពីរ​ ទៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​បាន​កែសម្រួល​នៅ​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០២៤​។​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ បន្ទាប់​ពី​ការ​បញ្ជូន​ធាតុ​ចូល​របស់​យើង​នៅ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចែករំលែក​ជាមួយ​អូ​ឌី​ស៊ី​ នូវ​កំណែ​ចុង​ក្រោយ​នៃ​សេចក្តីព្រាងច្បាប់​នេះ​។​ អូ​ឌី​ស៊ី​បាន​សង្កេត​ឃើញ​ថា​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ពុំ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ចុង​ក្រោយបង្អស់​នោះ​ទេ​។​ អូ​ឌី​ស៊ី​ និង​អង្គការ​ដៃគូ​មាន​បំណង​ទទួល​បាន​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការពិគ្រោះ​យោបល់​ប្រកបដោយ​ភាព​ស្ថាបនា​ និង​ភាព​ម៉ត់ចត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​ពិភាក្សា​អំពី​ធាតុ​ចូល​របស់​យើង​ទៅ​តាម​ចំណុច​នីមួយៗ​។​ ​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធានា​ឱ្យ​មាន​កំណែទម្រង់​ច្បាប់​ភូមិបាល​ប្រកបដោយ​បរិ​យា​បន្ន​ ដែល​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គម្រោង​ ALIGN​ និង​អង្គការ​ LANDESA​ បាន​អនុញ្ញាត​ឱ្យ​អូ​ឌី​ស៊ី​ចូលរួម​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​លើ​ដំណើរការ​វិសោធនកម្ម​ច្បាប់​ភូមិបាល​នៅ​ប្រទេស​កម្ពុជា​ ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​ និង​គោលការណ៍​នៃ​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ក្នុង​អភិបាលកិច្ច​ដីធ្លី​។​ តាម​រយៈ​ការ​បង្រួបបង្រួម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ អូ​ឌី​ស៊ី​ព្យាយាម​លើកកម្ពស់​តម្លាភាព​ និង​ការ​វិនិយោគ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​លើ​ដីធ្លី​នៅ​កម្ពុជា​។​ ធាតុ​ចូល​ដែល​បាន​ផ្តល់​ដោយ​អូ​ឌី​ស៊ី​តម្លើង​សំឡេង​របស់​សហគមន៍​មូលដ្ឋាន​ទៅ​កាន់​រដ្ឋាភិបាល​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការ​លើកកម្ពស់​ចីរភាព​ និង​បរិ​យា​បន្ន​ក្នុង​សិទ្ធិ​ដីធ្លី​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​ ​ទោះបីជា​ធាតុ​ចូល​ និង​អនុសាសន៍​ទាំង​អស់ពី​អូ​ឌី​ស៊ី​ និង​ដៃគូ​របស់​យើង​មិន​ត្រូវ​បាន​រួម​ប​ញ្ជូ​ល​ដោយ​រដ្ឋាភិបាល​ក្តី​ កិច្ចសហការ​នេះ​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ពិភាក្សា​សំខាន់ៗ​ ជា​ពិសេស​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​ក្នុង​ចំណោម​ក្រុម​ភាគតិច​ដូច​ជា​ ជនជាតិ​ដើម​ភាគតិច​ ស្ត្រី​មេម៉ាយ​ និង​បុគ្គល​ស្រឡាញ់​ភេទ​ដូច​គ្នា​។​ បន្ត​ទៅ​មុខ​ អូ​ឌី​ស៊ី​ប្តេជ្ញា​បន្ត​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ និង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ពិភាក្សា​និង​ពន្យល់​អំពី​ធាតុ​ចូល​លើក​ទី​ពីរ​របស់​យើង​ និង​ផ្តល់​ធាតុ​ចូល​ដែល​ច្បាស់លាស់​ និង​ពេញលេញ​បន្ថែម​ទៀត​ទៅ​លើ​សេចក្តីព្រាងច្បាប់​ដើម្បី​ធានា​ថា​ច្បាប់​ថ្មី​នេះ​ជម្រុញឱ្យមាន​បរិ​យា​បន្ន​ សមធម៌​ និង​ប្រសិទ្ធភាព​ដោយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​អ​ចេតនា​លើ​ក្រុម​ដែល​ងាយ​រង​គ្រោះ​ ដូច​ជា​ប្តី​ប្រពន្ធ​ដែល​លែងលះ​ ជនជាតិ​ដើម​ភាគតិច​ និង​សហគមន៍​របស់​ពួក​គាត់​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​ម្ចាស់​ដី​ដែល​មិន​បាន​ចុះបញ្ជី​ និង​ការ​ជៀសវាង​ពី​បទ​ប្បញ្ញត្តិ​ ឬ​រដ្ឋបាល​នៃ​ការ​កាន់កាប់​ដីធ្លី​ និង​សិទ្ធិ​អចលនវត្ថុ​ដោយ​គ្មាន​សំណង​ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

481

អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គាំទ្រ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360) ​បាន​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ក្នុង​សន្និសីទ​ស្តី​ពី​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ដែល​បាន​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ នៅ​ខេត្តរតនគិរី​ នា​ថ្ងៃ​ទី​១២-១៣​ ខែតុលា​ ឆ្នាំ​២០២២​។​ សន្និសីទ​នេះ​មាន​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ច្បាប់​ និង​គោលនយោបាយ​ទាក់ទង​នឹង​ដីធ្លី​ រួម​ទាំង​ធនធានធម្មជាតិ​ និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​សំដៅ​ការ​លើកកម្ពស់​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ដោយ​ផ្តោត​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​សង្គម​ និង​ការ​ការពារ​ធនធានធម្មជាតិ​ និង​បរិស្ថាន​ ព្រមទាំង​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព​របស់​សហគមន៍​មូលដ្ឋាន​។​ ​កម្មវិធី​នៃ​សន្និសីទ​នេះ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ដោយ​ដំបូង​គឺ​មានការ​ចាប់ផ្ដើម​ប្រមូល​មតិយោបល់​ពី​សហគមន៍​មូលដ្ឋាន​ជាង​មួយ​រយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​តំបន់​ការពារ​ សហគមន៍​ព្រៃឈើ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។​ ធាតុ​ចូល​ដែល​ទទួល​បាន​គឺ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ខេត្តរតនគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ព្រះ​វិហារ​ មណ្ឌលគិរី​ និង​កំពង់ធំ​ ក្រសួងមហាផ្ទៃ​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ មន្ទីរ​រ៉ែ​ និង​ថាមពល​ និង​វិស័យ​ឯកជន​។​ នៅ​ថ្ងៃ​ទី​ពីរ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៥០​នាក់​ (​ស្រី​ ៦០​នាក់​)​។​ អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ក្នុង​ខេត្តរតនគិរី​ ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២៧​ ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​ ១០​ បាន​កែតម្រូវ​កិច្ចសន្យា​ និង​ក្រុមហ៊ុន​ចំនួន​ ០៦​ កំពុងធ្វើការ​កែសម្រួល​ ហើយ​ក្រុមហ៊ុន​ចំនួន​ ១១​ ផ្សេង​ទៀត​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅឡើយ​ទេ​។​ តំបន់​អាជីវកម្ម​គឺ​មាន​ទំហំ​ ៨៣.៧៨៥​ហិ​កតា​ ដែល​មាន​ផ្ទៃដី​វិនិយោគ​សរុប​ ១៨១.៨៩៦​ហិ​កតា​។​ ផ្ទៃដី​ដែល​ត្រូវ​បាន​ឈូស​ឆាយ​មាន​ចំនួន​ ៥៦.៧០២​ហិ​កតា​ និង​ផ្ទៃដី​ដាំ​ដុះ​មាន​ចំនួន​ ៥១.០៦៧​ហិ​កតា​។​ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៧៥​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ខណៈ​ដែល​សហគមន៍​ចំនួន​ ៨៥​ ត្រូវ​បាន​ទទួលស្គាល់​ជា​នីតិបុគ្គល​ដោយ​ក្រសួងមហាផ្ទៃ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​សហគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​សម្រេច​បាន​ ១៥.៦៩១​ប័ណ្ណ​ ដែល​ស្មើនឹង​ ១០.៧៤១​គ្រួសារ​។​ ភូមិ​ចំនួន​ពីរ​បាន​បញ្ចប់​ការ​ប្រកាស​ជា​សាធារណៈ​ ខណៈ​ភូមិ​មួយ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​។​ ការ​ប្រកាស​ជា​សាធារណៈ​ចំនួន​ពីរ​ដង​ស្តី​ពី​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​ត្រូវ​បាន​បញ្ចប់​ហើយ​ស្នើ​សុំ​ឱ្យ​មានការ​បែងចែក​ឡើង​វិញ​សម្រាប់​សហគមន៍​ចំនួន​បី​។​ សហគមន៍​ការពារ​មាន​ចំនួន​ ១១​ និង​សហគមន៍​ព្រៃឈើ​ចំនួន​ ៣៦​ ដែល​ក្នុង​នោះ​មាន​ ២២​សហគមន៍​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ សហគមន៍​នេសាទ​មាន​ចំនួន​ ១៤​ ហើយ​សុទ្ធតែ​ត្រូវ​បាន​ទទួលស្គាល់​ខណៈ​ដែល​មាន​សហគមន៍​ថ្មី​ចំនួន​ ២​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​។​ ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​ ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​។​ ដី​ដែល​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ ឬ​កំពុង​ដំណើរការ​មិន​ទាន់​មាន​ធានា​សុវត្ថិភាព​នៅឡើយ​ ខណៈ​ដែល​ដំណើរការ​មាន​ភាព​ស្មុគស្មាញ​ ត្រូវ​ចំណាយ​ពេលវេលា​ និង​លុយកាក់​ជាដើម​។​ ការ​ធ្វើ​អនុ​ប​យោគ​ដី​ដែល​បាន​អនុម័ត​មិន​ត្រូវ​គ្នា​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ ហើយ​ពេល​ខ្លះ​ត្រួត​លើ​គ្នា​ជាមួយ​តំបន់​ការពារ​ ពីព្រោះ​តំបន់​គ្រប់គ្រង​មិន​ត្រូវ​បាន​បែងចែក​ច្បាស់លាស់​។​ ទោះបីជា​ដី​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​ក៏​ដោយ​ ក៏​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​យក​ដី​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ យោង​ទៅ​តាម​សហគមន៍​ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មាន​កម្រិត​ និង​គ្មាន​ប្រសិទ្ធភាព​។​ សមត្ថភាព​ និង​ចំណេះដឹង​របស់​គណៈកម្មាធិការ​សហគមន៍​នៅ​មាន​កម្រិត​ ហើយ​ចាំបាច់​ត្រូវ​ពង្រីក​ចំណេះដឹង​ពួក​គេ​ទៅ​លើ​ផ្នែក​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​ ខណៈ​ដែល​ជីវភាព​រស់នៅ​របស់​សហគមន៍​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សហគមន៍​ចង់​ឃើញ​ការ​សហការ​គ្នា​រវាង​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​ និង​ខេត្ត​។​ បណ្តាញ​សហគមន៍​ព្រៃឈើ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​។​ ដំណើរការ​នៃ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​គួរតែ​ត្រូវ​បាន​កែ​លម្អ​ ហើយ​រដ្ឋាភិបាល​គួរតែ​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​សហគមន៍​នីមួយៗ​ដើម្បី​គ្រប់គ្រង​ដីធ្លី​ និង​ព្រៃឈើ​ រួម​ទាំង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួក​គេ​ផង​ដែរ​។​ ថវិកា​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រាក់​កម្ចី​សហគមន៍​សម្រាប់​សមាជិក​នីមួយៗ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ លទ្ធផល​នៃ​សំណើ​ទាំងនេះ​នៅ​មិន​អាច​បញ្ជាក់​បាន​ទេ​។​