Learning Platform Close
450

អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្រោម​មូលនិធិ​សម្រាប់​ចង្កោម​អង្គការ​សង្គម​ស៊ី​វិល​ ពី​គម្រោង​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ ដែល​គាំទ្រ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID)​ តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360) ​បាន​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ក្នុង​សន្និសីទ​ស្តី​ពី​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ដែល​បាន​រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ នៅ​ខេត្តរតនគិរី​ នា​ថ្ងៃ​ទី​១២-១៣​ ខែតុលា​ ឆ្នាំ​២០២២​។​ សន្និសីទ​នេះ​មាន​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ច្បាប់​ និង​គោលនយោបាយ​ទាក់ទង​នឹង​ដីធ្លី​ រួម​ទាំង​ធនធានធម្មជាតិ​ និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​សំដៅ​ការ​លើកកម្ពស់​អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ដោយ​ផ្តោត​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​សង្គម​ និង​ការ​ការពារ​ធនធានធម្មជាតិ​ និង​បរិស្ថាន​ ព្រមទាំង​ជីវភាព​រស់នៅ​ប្រកបដោយ​ចីរភាព​របស់​សហគមន៍​មូលដ្ឋាន​។​ ​កម្មវិធី​នៃ​សន្និសីទ​នេះ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ដោយ​ដំបូង​គឺ​មានការ​ចាប់ផ្ដើម​ប្រមូល​មតិយោបល់​ពី​សហគមន៍​មូលដ្ឋាន​ជាង​មួយ​រយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​តំបន់​ការពារ​ សហគមន៍​ព្រៃឈើ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។​ ធាតុ​ចូល​ដែល​ទទួល​បាន​គឺ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ខេត្តរតនគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ ព្រះ​វិហារ​ មណ្ឌលគិរី​ និង​កំពង់ធំ​ ក្រសួងមហាផ្ទៃ​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មន្ទីរ​បរិស្ថាន​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ មន្ទីរ​រ៉ែ​ និង​ថាមពល​ និង​វិស័យ​ឯកជន​។​ នៅ​ថ្ងៃ​ទី​ពីរ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២៥០​នាក់​ (​ស្រី​ ៦០​នាក់​)​។​ អភិបាលកិច្ច​ដីធ្លី​ និង​ធនធានធម្មជាតិ​ ក្នុង​ខេត្តរតនគិរី​ ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២៧​ ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​ ១០​ បាន​កែតម្រូវ​កិច្ចសន្យា​ និង​ក្រុមហ៊ុន​ចំនួន​ ០៦​ កំពុងធ្វើការ​កែសម្រួល​ ហើយ​ក្រុមហ៊ុន​ចំនួន​ ១១​ ផ្សេង​ទៀត​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅឡើយ​ទេ​។​ តំបន់​អាជីវកម្ម​គឺ​មាន​ទំហំ​ ៨៣.៧៨៥​ហិ​កតា​ ដែល​មាន​ផ្ទៃដី​វិនិយោគ​សរុប​ ១៨១.៨៩៦​ហិ​កតា​។​ ផ្ទៃដី​ដែល​ត្រូវ​បាន​ឈូស​ឆាយ​មាន​ចំនួន​ ៥៦.៧០២​ហិ​កតា​ និង​ផ្ទៃដី​ដាំ​ដុះ​មាន​ចំនួន​ ៥១.០៦៧​ហិ​កតា​។​ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៧៥​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ខណៈ​ដែល​សហគមន៍​ចំនួន​ ៨៥​ ត្រូវ​បាន​ទទួលស្គាល់​ជា​នីតិបុគ្គល​ដោយ​ក្រសួងមហាផ្ទៃ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤​ ប៉ុណ្ណោះ​ដែល​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​សហគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​សម្រេច​បាន​ ១៥.៦៩១​ប័ណ្ណ​ ដែល​ស្មើនឹង​ ១០.៧៤១​គ្រួសារ​។​ ភូមិ​ចំនួន​ពីរ​បាន​បញ្ចប់​ការ​ប្រកាស​ជា​សាធារណៈ​ ខណៈ​ភូមិ​មួយ​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​។​ ការ​ប្រកាស​ជា​សាធារណៈ​ចំនួន​ពីរ​ដង​ស្តី​ពី​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​ត្រូវ​បាន​បញ្ចប់​ហើយ​ស្នើ​សុំ​ឱ្យ​មានការ​បែងចែក​ឡើង​វិញ​សម្រាប់​សហគមន៍​ចំនួន​បី​។​ សហគមន៍​ការពារ​មាន​ចំនួន​ ១១​ និង​សហគមន៍​ព្រៃឈើ​ចំនួន​ ៣៦​ ដែល​ក្នុង​នោះ​មាន​ ២២​សហគមន៍​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ សហគមន៍​នេសាទ​មាន​ចំនួន​ ១៤​ ហើយ​សុទ្ធតែ​ត្រូវ​បាន​ទទួលស្គាល់​ខណៈ​ដែល​មាន​សហគមន៍​ថ្មី​ចំនួន​ ២​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​។​ ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​ ​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​ការ​ទទួលស្គាល់​ និង​ការ​ការពារ​សិទ្ធិ​កាន់កាប់​ដីធ្លី​តាម​ទំនៀមទម្លាប់​។​ ដី​ដែល​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ ឬ​កំពុង​ដំណើរការ​មិន​ទាន់​មាន​ធានា​សុវត្ថិភាព​នៅឡើយ​ ខណៈ​ដែល​ដំណើរការ​មាន​ភាព​ស្មុគស្មាញ​ ត្រូវ​ចំណាយ​ពេលវេលា​ និង​លុយកាក់​ជាដើម​។​ ការ​ធ្វើ​អនុ​ប​យោគ​ដី​ដែល​បាន​អនុម័ត​មិន​ត្រូវ​គ្នា​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​ ហើយ​ពេល​ខ្លះ​ត្រួត​លើ​គ្នា​ជាមួយ​តំបន់​ការពារ​ ពីព្រោះ​តំបន់​គ្រប់គ្រង​មិន​ត្រូវ​បាន​បែងចែក​ច្បាស់លាស់​។​ ទោះបីជា​ដី​ទាំងនេះ​ត្រូវ​បាន​ចុះបញ្ជី​ក៏​ដោយ​ ក៏​ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ប្រឈម​នឹង​ការ​រំលោភ​យក​ដី​ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ យោង​ទៅ​តាម​សហគមន៍​ ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​មាន​កម្រិត​ និង​គ្មាន​ប្រសិទ្ធភាព​។​ សមត្ថភាព​ និង​ចំណេះដឹង​របស់​គណៈកម្មាធិការ​សហគមន៍​នៅ​មាន​កម្រិត​ ហើយ​ចាំបាច់​ត្រូវ​ពង្រីក​ចំណេះដឹង​ពួក​គេ​ទៅ​លើ​ផ្នែក​ច្បាប់​ និង​បទបញ្ជាផ្ទៃក្នុង​ ខណៈ​ដែល​ជីវភាព​រស់នៅ​របស់​សហគមន៍​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សហគមន៍​ចង់​ឃើញ​ការ​សហការ​គ្នា​រវាង​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​ និង​ខេត្ត​។​ បណ្តាញ​សហគមន៍​ព្រៃឈើ​គួរតែ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ឃុំ​។​ ដំណើរការ​នៃ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សហគមន៍​គួរតែ​ត្រូវ​បាន​កែ​លម្អ​ ហើយ​រដ្ឋាភិបាល​គួរតែ​ផ្តល់​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​សហគមន៍​នីមួយៗ​ដើម្បី​គ្រប់គ្រង​ដីធ្លី​ និង​ព្រៃឈើ​ រួម​ទាំង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួក​គេ​ផង​ដែរ​។​ ថវិកា​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រាក់​កម្ចី​សហគមន៍​សម្រាប់​សមាជិក​នីមួយៗ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ លទ្ធផល​នៃ​សំណើ​ទាំងនេះ​នៅ​មិន​អាច​បញ្ជាក់​បាន​ទេ​។​