Learning Platform
Learning Platform មានគោលបំណងក្លាយជាវិបផតថលចែករំលែកចំណេះដឹងមួយកន្លែងដោយឥតគិតថ្លៃ ប្រមូលផ្តុំការអនុវត្តល្អបំផុត និងការរៀនសូត្រនានានៃសមាជិកចង្កោមនៃគម្រោងគាំទ្រអង្គការសង្គមស៊ីវិល (CSS)។ វិបផតថលនឹងផ្សព្វផ្សាយទិន្នន័យ និងព័ត៌មានតាមរយៈខ្លឹមសារអន្តរកម្ម និងងាយស្រួលប្រើ កាន់តែទូលំទូលាយដល់បណ្តាអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលចាប់អារម្មណ៍នឹងគម្រោងនេះ អាចចូលទៅប្រើប្រាស់ជាសាធារណៈនិងឥតគិតថ្លៃដោយមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ខ្លឹមសារនៅលើ Learning Platform ត្រូវបានធ្វើចំណាត់ថ្នាក់តាមវិស័យដែលសមាជិកចង្កោមអង្គការសង្គមស៊ីវិលបានអនុវត្ត រួមមាន៖ នវានុវត្តន៍សង្គមឌីជីថល ការអប់រំ បរិស្ថាននិងធនធានធម្មជាតិ ជនជាតិដើមភាគតិច យេនឌ័រនិងបរិយាបន្នសង្គម សារព័ត៌មាន សង្គមស៊ីវិល ធនធានច្បាប់ និងសម្ភារៈបណ្តុះបណ្តាល។
Learning Platform ត្រូវបានបង្កើតឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID Cambodia) តាមរយៈអង្គការអេហ្វ អេច អាយ 360 (FHI 360) និង មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ច្បាប់មិនរកប្រាក់កម្រៃ (ICNL) សម្រាប់គម្រោងគាំទ្រអង្កការសង្គមស៊ីវិល (CSS)។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) គឺជាគេហទំព័រទិន្នន័យបើកទូលាយឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវទិន្នន័យ និងព័ត៌មានបច្ចុប្បន្នភាព និងគួរឱ្យទុកចិត្តអំពីសេដ្ឋកិច្ចសង្គម និងបរិស្ថាននៅក្នុងប្រទេសដែលមានជាសាធារណៈនៅក្នុង “មជ្ឈមណ្ឌលប្រមូលផ្តុំតែមួយ”។ អូឌីស៊ីលើកកម្ពស់ការប្រើប្រាស់ទិន្នន័យត្រឹមត្រូវសម្រាប់ដំណើរការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើភស្តុតាង និងតម្លាភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។
អស់រយៈពេលដប់ឆ្នាំកន្លងមកនេះ អូឌីស៊ីបានធ្វើការយ៉ាងសកម្មដើម្បីបង្កើនបរិមាណទិន្នន័យសាធារណៈ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធ។ អូឌីស៊ីប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងវិស័យទិន្នន័យ និងICT ការធ្វើផែនទី និងGIS សុវត្ថិភាពឌីជីថល និងជំនាញស្រាវជ្រាវដើម្បីចងក្រងទិន្នន័យ វិភាគ និងផ្សព្វផ្សាយព័ត៌មានដែលងាយស្រួលប្រើ និងអាចចូលប្រើបានជាទម្រង់ឌីជីថល។ សម្ភារៈដែលមាននៅលើវេទិកាអនឡាញរបស់អូឌីស៊ី រួមមានសំណុំទិន្នន័យ ទំព័រប្រធានបទ ព័ត៌មាន ផែនទីអន្តរកម្ម និងឯកសារច្បាប់នានា។ អូឌីស៊ីមិនលើកកម្ពស់ទស្សនៈ របៀបវារៈ ឬការលំអៀងណាមួយក្រៅពីការផ្តល់ព័ត៌មានជាសត្យានុម័ត និងការអភិវឌ្ឍអំពីប្រទេសកម្ពុជានោះឡើយ។
និរន្តរភាពនៃ Learning Platform
ដើម្បីធានាបាននូវដំណើរការរយៈពេលវែងនៃគេហទំព័រ និងនិរន្តរភាពនៃការចែករំលែកធនធានចំណេះដឹង សមាជិកចង្កោមអង្គការសង្គមស៊ីវិលទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើជាម្ចាស់នៃគេហទំព័រតាមរយៈការប្រើប្រាស់គណនីរបស់ខ្លួនដើម្បីចូលទៅធ្វើការបង្ហោះមាតិកានៅលើវេបសាយដោយផ្ទាល់។ អូឌីស៊ីក៏នឹងផ្តល់បន្ថែមនូវជំនាញឌីជីថលដែលទាក់ទងនឹងការកសាងសមត្ថភាព និងការបង្រៀនពីរបៀបដើម្បីបង្ហោះមាតិកាដល់សមាជិកចង្កោមអង្គការសង្គមស៊ីវិល។ មុខងារបច្ចេកទេសទាំងមូលនៃគេហទំព័រនឹងត្រូវបានថែទាំងយ៉ាងយកចិត្តទុកដាក់ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ។