ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក មានសារៈសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចទាំងអស់នៅទូទាំងពិភពលោក ដើម្បីអបអរសាទរ និងគោរពថ្ងៃនោះ។ ថ្ងៃនេះអាចជាថ្ងៃដើម្បីឆ្លុះបញ្ចាំង ពីសិទ្ធិ និងសេរីភាពជនជាតិដើមភាគតិចក្នុងការសម្រេចចិត្តធ្វើអ្វីមួយនៅក្នុងសហគមន៍របស់ពួកគេ។ ពួកគេទទួលបានសិទ្ធិទទួលបានព័ត៌មាន កតិកាសញ្ញា ច្បាប់ និងគោលនយោបាយ។ ដូច្នេះហើយ សហគមន៍ជនជាតិដើមភាគតិចដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ ប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិលើកទី២៩ និងលើកទី១៩ នៅកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ប្រពៃណី ភាសា ជំនឿ ទំនៀមទម្លាប់ របាំ ឧបករណ៍ភ្លេង ភាពជាអ្នកដឹកនាំ និងសាមគ្គីភាពរបស់សហគមន៍។

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមជាផ្នែកមួយដើម្បីគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច តាមរយៈអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) ដើម្បីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២៩ និងលើកទី១៩ នៅកម្ពុជា នៅភូមិតាំងសេម្លូ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ១១១នាក់ (ស្រី ៣៥នាក់) ដែលភាគច្រើនជាជនជាតិដើមភាគតិច។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល រួមមានអង្គការថែរក្សាភាសាជនជាតិដើមភាគតិច សមាគមខ្មែរលើ (HA) អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO) និងអង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA)។ អ្នកចូលរួមភាគច្រើនបង្ហាញពីក្តីរំភើប និងសាទរចំពោះអ្វីដែលពួកគេបានប្រារព្ធ និងរៀននៅថ្ងៃនេះ។

កញ្ញា ក្លាន តែម យុវជនជនជាតិដើមភាគតិច បានអានប្រវត្តិនៃទិវាអន្តរជាតិជនជាតិដើមភាគតិច។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីជនជាតិដើមភាគតិចនៅលើពិភពលោក ជនជាតិដើមភាគតិចមានចំនួន ៤៧៦លាននាក់ រស់នៅក្នុង ៩០ប្រទេសដែលស្មើនឹង ៦,២ ភាគរយ នៃចំនួនប្រជាជនសរុបលើពិភពលោក។ យោងតាមជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៣ មានជនជាតិដើមភាគតិច ១៨៣.៨៣១នាក់ (២៤ក្រុម) រស់នៅក្នុងខេត្តចំនួន ១៥ របស់ប្រទេសកម្ពុជា។ ពួកគេផ្សារភ្ជាប់ជាមួយនឹងធនធានធម្មជាតិដូចជាព្រៃឈើ ទឹក និងដីជាដើម។ ភាគច្រើននៃពួកគេគឺជាកសិករដែលបរបាញ់សត្វ និងប្រមូលទឹកឃ្មុំ។ ពួកគេក៏ប្រមូលអនុផលព្រៃឈើដើម្បីបន្ថែមប្រាក់ចំណូលរបស់ពួកគេផងដែរ។
លោក អ៊ឹម ដៀ អាជ្ញាធរស្រុកអណ្តូងមាស បានលើកទឹកចិត្តសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ នៅភូមិតាំងសេម្លូ ឱ្យការពារវប្បធម៌ និងដីធ្លីរបស់ខ្លួន។ លោកក៏បានលើកឡើងអំពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
លោក ហៀម សំអន អាជ្ញាធរឃុំញ៉ាង បានចែករំលែកក្តីរីករាយរបស់គាត់សម្រាប់ព្រឹត្តិការណ៍នេះ។ គាត់មានមោទនភាពចំពោះសហគមន៍ដែលបានប្រមូលផ្តុំគ្នាប្រារព្ធពិធីនេះក្នុងសហគមន៍។ លោកសង្ឃឹមថា ជនជាតិដើមភាគតិចអាចការពារវប្បធម៌របស់ខ្លួន។
ជាចុងក្រោយ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច បានចាក់បញ្ចាំងវីដេអូស្តីពី “ផលប៉ះពាល់នៃទឹកជំនន់លើជនជាតិដើមភាគតិចនៅក្នុងភូមិតាំងសេម្លូ” ដែលផលិតដោយយុវជនជនជាតិដើមភាគតិច ដែលគាំទ្រដោយអង្គការថែរក្សាភាសាជនជាតិដើមភាគតិច និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ តាមរយៈគម្រោងគាំទ្រអង្គការសង្គមស៊ីវិល៖ មូលនិធិសម្រាប់ចង្កោមអង្គការសង្គមស៊ីវិល ដែលគាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ។