នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួម និងធ្វើជាវាគ្មិននៅក្នុងសិក្ខាសាលាដំបូងស្តីពីការអភិវឌ្ឍសមត្ថភាពលើការពង្រឹងដំណើរការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ជំហានទី២ ដែលជាកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៤០នាក់មកពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិទ្យាស្ថានកំណើនបៃតងសកល កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការមូលនិធិសត្វព្រៃពិភពលោក និងស្ថានទូតអូស្ត្រាលី។
សិក្ខាសាលានេះមានគោលបំណង (១) កំណត់ពីឱកាស និងបញ្ហាប្រឈមក្នុងការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា (២) បំផុសគំនិតពាក់ព័ន្ធនឹងការរៀបចំអនុក្រឹត្យស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិឆ្នាំ២០២៣ ដើម្បីគាំទ្រការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និង (៣) ពង្រីកឱកាសកសាងសមត្ថភាពលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ីបានសហការគ្នាដើម្បីបន្តគំនិតផ្តួចផ្តើមការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដោយចាប់ផ្តើមពីកិច្ចប្រជុំក្នុងចំណោមថ្នាក់គ្រប់គ្រង ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងជំរុញការអនុវត្តការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជាបន្ថែមទៀត។ កិច្ចការដំបូង គឺការបង្កើត និងជំរុញការរួមបញ្ចូលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនៅក្នុងសកម្មភាពរបស់វិស័យពាក់ព័ន្ធ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងចូលរួមចំណែកក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមបញ្ចូលបញ្ហាបរិស្ថានទៅក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនៅក្នុងសកម្មភាពរបស់វិស័យសំខាន់ៗដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា។ ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអនុវត្តសកម្មភាពសម្រាប់ដំណាក់កាលទី២នេះគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើការរៀបចំឯកសារសម្រាប់ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដែលគ្របដណ្តប់លើវិស័យអាទិភាពទាំង ៧ ដូចមានកំណត់ក្នុងឯកសារ NDC ៣.០ (Nationally Determined Contributions 3.0) ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើសរសរស្តម្ភទាំងបីរួមមាន៖ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការរៀបចំការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រសួង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រតាមវិស័យរបស់ខ្លួនក្នុងគោលដៅរួមគ្នាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវបរិស្ថានល្អដែលមានការគិតគូរដល់ភាពស្អាត។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមដោយឱ្យអង្គសិក្ខាសាលាគិតគូរលើការរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិដូចជា អនុក្រឹត្យ ឬគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រតាមវិស័យនីមួយៗ។ គួររំលឹកផងដែរថា កិច្ចសហការសម្រាប់ដំណាក់កាលទី១ បានសម្រេចលទ្ធផលជាវិជ្ជមាន រួមមានការបញ្ចប់ការសិក្សាពីវិសាលភាពនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជា ការកសាងសមត្ថភាពសម្រាប់មន្ត្រីរាជការ និងការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។
សិក្ខាសាលានេះបានបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ននៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅកម្ពុជារួមមាន សាវតារនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា បច្ចុប្បន្នភាព ព្រមទាំងផែនការបន្តសម្រាប់ឆ្នាំ២០២៥-២០២៧។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងតែរៀបចំគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជា។ នៅកំឡុងឆ្នាំ២០២៥-២០២៧ ក្រសួងបរិស្ថាននឹងរៀបចំអនុក្រឹត្យស្តីពីនីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ការវិភាគក្របខណ្ឌនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការបណ្តុះបណ្តាលគ្រូបង្គោល។
លោក ធី ទ្រី នាយកប្រតិបត្តិ និងនិពន្ធនាយក នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើបទបង្ហាញស្តីពីទិដ្ឋភាពទូទៅនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ក៏ដូចជារបាយការណ៍ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រដែលធ្លាប់មានកន្លងមក។ ស្របពេលគ្នានេះដែរ លោកក៏បានបង្ហាញពីការងារដែលអូឌីស៊ីធ្លាប់បានធ្វើទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជាដូចជា រគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្តល់យោបល់ សន្និសីទ និងការផ្តល់ធាតុចូលក្នុងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជា។ អូឌីស៊ីបានចាប់ផ្តើមធ្វើការលើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រតាំងពីឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ។ នៅអំឡុងឆ្នាំ២០២០ អូឌីស៊ី បានសហការជាមួយក្រសួងបរិស្ថាន និងអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ ដែលគាំទ្រដោយគណៈកម្មាធិការហូឡង់សម្រាប់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ រៀបចំវគ្គបណ្តុះបណ្តាលចំនួន ២លើក ដែលមានអ្នកចូលរួមប្រមាណ ៦១នាក់ មកពីមន្ទីរពាក់ព័ន្ធ និងសង្គមស៊ីវិល។ អូឌីស៊ី ក៏បានចូលរួមសន្និសីទចំនួន ២ដងនៅក្រៅប្រទេស និងធ្វើកិច្ចពិភាក្សាទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសក្នុងតំបន់មេគង្គផងដែរ។ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលាយ អូឌីស៊ី បានរៀបចំសិក្ខាសាលាចំនួន ៣ដង ដែលមានអ្នកចូលរួមសរុបប្រមាណ ១២០នាក់ ពីតំណាងក្រសួងពាក់ព័ន្ធ សង្គមស៊ីវិល អ្នកការសែត និងសហគមន៍ជនជាតិដើមភាគតិច ដែលគាំទ្រដោយមូលនិធិហេនរេចបូល និង FHI360-CSS។ អូឌីស៊ី បានធ្វើការសម្របសម្រួលជាមួយអ្នកជំនាញបរទេសក្នុងការផ្តល់ធាតុចូលដល់ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅក្នុងប្រទេសកម្ពុជា និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍធនធានរ៉ែខ្សាច់ទន្លេក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា អូឌីស៊ី ប្តេជ្ញាក្នុងការសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានាទាក់ទងនឹងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រនៅប្រទេសកម្ពុជា។